ទ្រឹស្តីហិរញ្ញវត្ថុមូលដ្ឋានទាំង ៧ ដែលមនុស្សពេញវ័យត្រូវដឹង

ប្រសិនបើអ្នកចង់គ្រប់គ្រងចំណូលចំណាយរបស់អ្នកឲ្យបានល្អ ឬក៏អ្នកចង់ចេះអំពីទ្រឹស្តីហិរញ្ញវត្ថុខ្លះ ដើម្បីអនុវត្តអាជីវកម្មរបស់អ្នកឲ្យបានកាន់តែល្អ នោះល្អបំផុតអ្នកត្រូវតែយល់ដឹងអំពីទ្រឹស្តីហិរញ្ញវត្ថុមូលដ្ឋានទាំង៧នេះ។

១. ទ្រព្យសម្បត្តិ (Net worth)

ទ្រព្យសម្បត្តិសុទ្ធ គឺជារង្វាស់នៃសុខភាពហិរញ្ញវត្ថុរបស់អ្នក។ វាជាលទ្ធផលនៃទ្រព្យសរុបរបស់អ្នក ដកនឹងចំនួនសរុបនៃអ្វីដែលអ្នកកំពុងជំពាក់។

សុខភាពហិរញ្ញវត្ថុរបស់អ្នកល្អ ប្រសិនបើទ្រព្យសម្បត្តិសុទ្ធរបស់អ្នកគឺវិជ្ជមានបន្ទាប់ពីដកបំណុលរបស់អ្នកចេញ។

២. អតិផរណា (Inflation)

អតិផរណាសំដៅទៅលើការកើនឡើងនូវតម្លៃទំនិញនិងសេវាកម្ម។ អ្វីដែលសំខាន់បំផុតនោះគឺថាតើប្រាក់ចំណូលរបស់អ្នកកំពុងកើនឡើងក្នុងអត្រាដូចគ្នានឹងអតិផរណាដែរឬទេ។ ប្រសិនបើប្រាក់ខែរបស់អ្នកមិនត្រូវបានតម្លើងតាមអតិផរណាទេ នោះលទ្ធភាពចំណាយរបស់អ្នកនៅថ្ងៃអនាគតគឺកាន់តែតិចទៅៗហើយ។

៣. លទ្ធភាពបម្លែងទៅជាសាច់ប្រាក់ (Liquidity)

Liquidity គឺជាភាពងាយស្រួលដែលអ្នកអាចបម្លែងទ្រព្យរបស់អ្នកទៅជាលុយ។ សាច់ប្រាក់ គឺងាយបម្លែងជាងគេបំផុត ព្រោះអ្នកអាចចាយវាបានភ្លាមៗតែម្តង។ ដូចជាការវិនិយោគទៅលើផ្ទះ គឺជាការវិនិយោគល្អ និងឆាប់ឡើងតម្លៃ ប៉ុន្តែលទ្ធភាពបម្លែងវាទៅជាលុយ គឺជាទូទៅយូរខ្លាំង ព្រោះក្នុងការលក់ផ្ទះនីមួយៗ មិនអាចលឿនបានត្រឹម១ថ្ងៃ ២ថ្ងៃនោះទេ។

៤. ភាពអត់ធ្មត់នឹងហានិភ័យ (Risk Tolerance)

ភាពអត់ធ្មត់នឹងហានិភ័យ សំដៅទៅលើថាតើអ្នកហ៊ានទទួលនូវហានិភ័យក្នុងកម្រិតណាមួយ។ មនុស្សម្នាក់ៗមានកម្រិតរៀងៗខ្លួន ដែលនេះនឹងជួយកំណត់ប្រភេទនៃការវិនិយោគដែលត្រូវបំផុតសម្រាប់អ្នក។ ឧទាហរណ៍ មនុស្សដែលមិនសូវខ្លាចហានិភ័យ ហ៊ានខ្លាំង អាចវិនិយោគលើការជួញដូរភាគហ៊ុន ខណៈដែលអ្នកបារម្ភ និងអាចស្ត្រេសខ្លាំង អាចវិនិយោគលើការដាក់លុយក្នុងធនាគារ ឬអចលន​ទ្រព្យជាដើម។

៥. ការបែងចែកទ្រព្យសម្បត្តិ និងការធ្វើពិពិធកម្ម (Asset Diversification)

ការបែងចែកទ្រព្យសម្បត្តិគឺការគ្រប់គ្រងហានិភ័យមួយប្រភេទ។ ដូចទៅនឹងពាក្យស្លោកដ៏ល្បីមួយបានលើកឡើងថា “កុំដាក់ពងទាំងអស់នៅក្នុងកន្ត្រកតែមួយ” នេះដោយសារតែប្រសិនបើកន្ត្រកនោះធ្លាក់ នោះពងទាំងអស់នឹងបែក។ ដូចគ្នានោះដែរ កុំវិនិយោគទៅលើអ្វីតែមួយមុខ បើវិស័យនោះមានបញ្ហា ទ្រព្យរបស់អ្នកទាំងអស់នឹងមានបញ្ហាដែរ។

៦. ការប្រាក់ (Interest)

ការប្រាក់អាចជាមិត្រ ឬក៏ជាសត្រូវរបស់អ្នក។ ប្រសិនបើអ្នកដាក់លុយនៅក្នុងធនាគារ នោះលុយនោះកំពុងតែធ្វើការឲ្យអ្នក ហើយអ្នកនឹងទទួលបានការប្រាក់បន្ថែមសម្រាប់អ្នក។ ប៉ុន្តែប្រសិនបើអ្នកទៅខ្ចីលុយធនាគារវិញ នោះវាគឺជាសត្រូវរបស់អ្នក ព្រោះអ្នកតម្រូវឲ្យបង់វាទៅធនាគារវិញជាប្រចាំ។​

៧. ការប្រាក់សមាស (Compound Interest)

ប្រសិនបើអ្នកវិនិយោគ $១០០ នឹងការប្រាក់ ៧% ក្នុងមួយឆ្នាំ នោះឆ្នាំដំបូងអ្នកនឹងបាន $១០៧។ ឆ្នាំក្រោយអ្នកនឹងទទួលបានការប្រាក់ ៧% លើលុយ $១០៧ (មិនមែន $១០០ ដដែលនោះទ) ដូច្នេះការប្រាក់ដែលទទួលបានគឺ $៧,៤៩ ជំនួសឲ្យ $៧។ វាមិនគួរឱ្យចាប់អារម្មណ៍ខ្លាំងទេនៅពេលដែលយើងគិតលុយចំនួន $៧ ប៉ុន្តែប្រសិនបើអ្នកគិតក្នុងរយៈពេលវែងរួមជាមួយនឹងការវិនិយោគបន្ថែមរហូត នោះចំនួនលុយនោះគឺអាចរីកធំទៅៗកាន់តែខ្លាំងជាមិនខាន។

ទាំងអស់នេះ គឺគ្រាន់តែជាចំណុចត្រួសៗតែប៉ុណ្ណោះ ប្រសិនបើអ្នកទាំងអស់ចង់ឲ្យពួកយើងបកស្រាយនៅចំណុចណាលម្អិតបន្ថែម ចូរខមមិនចំណុចនោះនៅខាងក្រោម។


អត្ថបទទាក់ទង

ម៉ូដែល 4Ds ដែលអាចធ្វើឲ្យអ្នកទទួលបានជោគជ័យ

 

Leave a Reply

Your email address will not be published. Required fields are marked *