៦ ជំហាន នៃជីវិត និងការងារដែលអ្នកត្រូវដឹង
ជារឿងងាយស្រួលណាស់ ក្នុងការឆ្លងកាត់ជីវិតដោយមិនមានគោលដៅ ប៉ុន្តែបើគ្មានគោលដៅណាមួយទេ នោះជីវិតរបស់យើងនឹងរសាត់ ហើយថែមទាំងខ្វះគោលបំណង និងអត្ថន័យក្នុងជីវិតថែមទៀត។ តើគោលដៅជីវិត ឬមហិច្ឆតារបស់អ្នកជាអ្វី? តើពេលនេះអ្នកដើរដល់ជំហានទីប៉ុន្មានហើយ?
ជំហានទី១ ការសិក្សា
ការសិក្សាបានចប់ចុងចប់ដើម យ៉ាងហោចណាស់ ចប់មហាវិទ្យាល័យ ឈ្មោះថាជាភាពជោគជ័យ នៅក្នុងជំហានទី១។ តែមិនទាន់មានន័យថា អ្នកជោគជ័យក្នុងជីវិតនៅឡើយទេ។ ចំណែកអ្នកដែល បរាជ័យក្នុងជំហានទី១ ក៏មិនមានន័យថា នឹងបរាជ័យក្នុងជីវិតដែរ។
ជំហានទី២ ការងារដំបូង
ការងារដែលយើងស្វែងរក ដើម្បីសន្សំបទពិសោធន៍ និងដោះស្រាយបញ្ហាជីវភាពបណ្តោះអាសន្ន។ មនុស្សភាគច្រើន តែងតែបរាជ័យ ឬបោះបង់ចោលការងារដំបូងនេះ។ អ្នកខ្លះទៀត ក៏ជោគជ័យ ហើយចាប់យកជាអាជីពតែម្តង។
ជំហានទី៣ ការងារអាជីព ឬរបរ
បន្ទាប់ពីធ្វើការងារមួយរយ: អ្នកក៏សន្សំបាននូវបទពិសោធន៍ ធនធាន ចំណេះដឹង និង ជំនាញ ដែលជាដើមទុនដ៏ចាំបាច់ សម្រាប់ចាប់ផ្ដើមរបររកស៊ីដោយខ្លួនឯង ឬចាប់យកជាអាជីព ស្របទៅតាម ទេពកោសល្យ ចំណូលចិត្ត និងក្តីសុបិនរបស់ខ្លួន។
ជំហានទី៤ ការរៀបអាពាហ៍ពិពាហ៍
វាជាក្តីសុបិន របស់មនុស្សគ្រប់រូប ឲ្យតែមានវ័យគ្រប់ការ តែងតែប្រាថ្នាចង់រៀបការ និងរួមរស់ជាមួយមនុស្សដែលខ្លួនស្រលាញ់ និងកសាងគ្រួសារ១ រួមគ្នា ប្រកបដោយសុភមង្គល។
ជំហានទី៥ ការកសាងគ្រួសារ
នៅក្នុងខ្សែភាពយន្ត តែងតែបញ្ចប់រឿងនៅពេលដែលតួអង្គឯកបានរៀបការនឹងគ្នា។ ប៉ុន្តែនៅក្នុងជីវិតពិត អាពាហ៍ពិពាហ៍ ទើបតែជាសេចក្តីផ្តើមតែប៉ុណ្ណោះ។ ពេលវេលាដែលផុយស្រួយបំផុត ដែលងាយធ្វើឲ្យបែកបាក់គ្នាបំផុត គឺនៅក្នុងអំឡុងពេល៣ឆ្នាំដំបូង។ ប្រសិនបើពួកគេអាចឆ្លងផុត អាត្រានៃភាពជោគជ័យក្នុងការកសាងគ្រួសារ មានភាគរយខ្ពស់។
ជំហានទី៦ កិត្តិសព្ទ
វាជាសេចក្តីប្រាថ្នាខ្ពស់បំផុត ឬហៅថា មហិច្ឆតារបស់មនុស្សម្នាក់ៗ។ កិត្តិយស កេរ្តិ៍ឈ្មោះ ឬភាពល្បីល្បាញរបស់មនុស្ស គឺខុសៗគ្នាទៅតាមគុណវុឌ្ឍិផ្សេងៗគ្នា។ បុគ្គលខ្លះល្បីល្បាញដោយសារទ្រព្យសម្បត្តិ។ បុគ្គលខ្លះល្បីល្បាញដោយសារអំណាច។ បុគ្គលខ្លះល្បីល្បាញដោយសារចំណេះដឹង សមត្ថភាព ជំនាញ គតិបណ្ឌិត ទេពកោសល្យ និងបុគ្គលខ្លះទៀតល្បីល្បាញដោយសារគុណធម៌ ជាដើម។
ដើម្បីឈានទៅសម្រេចបាននូវគោលដៅជីវិត ឬមហិច្ឆតា អ្នកគួរកំណត់នូវផែនការអនុវត្តដ៏ជាក់លាក់មួយ រួមជាមួយនឹងចំណុចត្រួតពិនិត្យ (checklist) ដើម្បីវាស់វែងនូវជំហាន នៃភាពជោគជ័យ ឬដំណើរការអនុវត្ត។ ប្រសិនបើវាមិនផ្តល់ផលវិជ្ជមានទេ អ្នកអាចត្រួតពិនិត្យ វាយតម្លៃ កែតម្រូវ ឬផ្លាស់ប្តូរ ការប្រព្រឹត្តរបស់អ្នកឡើងវិញ។
សម្រាប់ជំហានទី១ ទី២ ទី៣ និងទី៤ អាចត្រឡប់មុនក្រោយគ្នាបាន។
អត្ថបទទាក់ទង
មេរៀនចំនួន ១៥ ដែលអ្នកធ្វើការគួរប្រើនៅកន្លែងធ្វើការ ដើម្បីអាចរក្សាការងារបានយូរអង្វែង