ការពិតចំនួន ៦ ក្នុងជីវិតរស់នៅប្រចាំថ្ងៃដែលមនុស្សច្រើនមើលរំលង
ជីវិតរបស់មនុស្សយើង តែងមានបញ្ហាជារឿយៗ បន្តិចរឿងនេះ បន្តិចរឿងនោះ គឺបញ្ហាតាមផ្លូវចិត្តហ្នឹងឯង បើយើងមិនមានធម៌សម្រាប់ដោះស្រាយទេ វារមែងមានការលំបាកតានតឹងក្នុងចិត្តជាពិតប្រាកដ ហើយវាអាចគ្របសង្កត់ចិត្តបានយូរទៀតផង។ ចំណុចជាការពិតខ្លះក្នុងជីវិតរស់នៅប្រចាំថ្ងៃ មនុស្សភាគច្រើនអាចមើលរំលង ឬភ្លេចមិនបានឱ្យតម្លៃ។ ដោយហេតុថាចំណុចខ្លះពុំមែនជាទំនោរ ឬ និន្នាការពីមនុស្សជាច្រើន ដូច្នេះការមើលរំលងច្រើនធ្វើទៅបាន។ ជាការពញ្ញាក់ស្មារតីលើរឿងខ្លះៗ ចំណុចមួយចំនួនត្រូវបានគេលើកបង្ហាញសម្រាប់ពិចារណាដូចខាងក្រោមនេះ៖
១. ដាស់អ្នកក្លាហានពីខ្លួនអ្នកចេញមក
ហេតុផលរួមមួយដែលមនុស្សមួយចំនួនភាគច្រើននៅតែមានកំហុសដដែលៗនោះ គឺពួកគេអនុញ្ញាតឱ្យភាពរុញរាមកបង្អាក់ជាទម្លាប់មិនឱ្យទទួលស្គាល់ការពិត មិនមកប្រឈម ឬ មកទទួលខុសត្រូវលើអ្វីដែលគេធ្វើ កំហុស ឬ ទង្វើដែលគេបានប្រព្រឹត្តឡើង។ ដូចនេះគួរដាស់អ្នកក្លាហានក្នុងខ្លួន ឱ្យចេញមករៀបចំអនាគតរបស់អ្នក ដើម្បីទទួលខុសត្រូវ និងកែតម្រូវ និងចេះរ៉ាប់រងក្នុងដំណើរការនាំអ្នកឱ្យរីកចម្រើនទៅមុខ។
២. បើសិនពួកគេចូលចិត្តពិតប្រាកដមែន ពួកគេនឹងធ្វើរឿងនោះ
ឧទាហរណ៍ អ្នកជាគ្រូបង្រៀនគំនូរ អ្នកនឹងអាចសង្កេតមើល បើអ្នកកំណត់កិច្ចការឱ្យកូនសិស្សគូរអ្វីមួយដែលអ្នកចង់បានពួកគេនឹងធ្វើតាមអ្នក។ បន្ទាប់ពីនោះ អ្នកដកកំណត់កិច្ចការចេញដោយឱ្យសេរីភាពពួកគេធ្វើកិច្ចការគូរដោយសេរី អ្នកនឹងបានឃើញប្រាកដថា កិច្ចការណាមួយដែលពួកគេពេញចិត្តគូរ។ ត្រឡប់មកវិញ គឺអ្វីដែលនរណាម្នាក់ចូលចិត្ត គឺយើងមិនអាចបង្ខំមនុស្សគ្រប់គ្នាបានឡើយ ព្រោះនោះជាធម្មជាតិរបស់មនុស្សម្នាក់ៗដែលមានខុសប្លែកពីគ្នា។
៣. ចង់បានអ្វីមួយតែខ្លាចមិនហ៊ានទទួលហានិភ័យ គឺជាហានិភ័យ
ត្រូវជួបហានិភ័យបរាជ័យខ្លះមុននឹងអាចជួបជោគជ័យ។ ត្រូវជួបហានិភ័យបដិសេធ មុននឹងជួបពាក្យថាយល់ព្រម ឬ ទទួលស្គាល់។ ជួបរឿងស្នេហាខកបំណងខ្លះៗផងដែរ មុននឹងបានមកជួបស្នេហ៍ពិត។ បកមកវិញ បើយើងគេចមិនហ៊ានជួបហានិភ័យ គឺនឹងជួបហានិភ័យមួយ គឺមិនបានជួបអ្វីពិតប្រាកដដែលអ្នកប្រាថ្នាចង់បាន។
៤. សុភមង្គលនៅក្បែរៗខ្លួន តែយើងភ្លេចឱ្យតម្លៃ
វាពុំមែនពឹងផ្អែកតែលើទំនាក់ទំនងស្នេហាថ្មី ការងារថ្មី របស់របរប្រើប្រាស់ថ្មី ឬ មួយបំពេញគោលដៅជាទីប្រាថ្នាបានគ្រប់សព្វទាំងស្រុងនោះទេ។ ដរាបណា អ្នកមិនផ្តល់តម្លៃលើសុភមង្គល និងភាពរីករាយតាំងពីចំណុចតូច សកម្មភាពនៅក្បែរអ្នកប្រចាំថ្ងៃនោះ ពោលគឺអត្ថន័យនៃសុភមង្គល គឺនៅតែឆ្ងាយពីអ្នក។
៥. ការបោះបង់មិនមែនសុទ្ធតែមានឈ្មោះជាអ្នកចាញ់ទេ
ផ្ទុយពីគំនិតភាគច្រើនដែលថា ការបោះបង់ គឺសុទ្ធតែជាអ្នកចាញ់ ប៉ុន្តែការដឹងថាពេលណាត្រូវចាញ់ កាលៈទេសៈណាត្រូវចាញ់ ត្រូវប្តូរទិសដៅចេញពីស្ថានភាពធ្វើឱ្យអ្នកអាប់អួរ បោះបង់នៅអ្វីដែលផ្ទុយពីភាពពិត (មិនអាចទៅរួច) ក៏មានផងដែរនៅក្នុងជីវិតបុគ្គលល្បីៗជាច្រើន។ ប៉ុន្តែក៏ចាំផងដែរថា មិនមែនបោះបង់ដោយខ្លាចភាពលំបាក មិនអាចជម្នះបាននោះទេ ប៉ុន្តែគឺដោយផ្អែកលើហេតុផលថា វាមិននាំអ្នកបានប្រសើរ ឬ កាន់តែយ៉ាប់យើនទៅ។
៦. បើរីករាយចេញពីខ្លួនឯង គឺកាន់តែជារឿងល្អ
គ្មានឯករាជ្យភាពណាដែលនៅក្នុងការពឹងផ្អែក ឬ ទោរទន់លើអ្វីមួយទាំងស្រុងនោះទេ។
គ្មានភាពរឹងប៉ឹងណាដែលនៅប្រកាន់ជាប់អ្នកដែលមានជំហររឹងមាំមកតាមជួយគ្រប់ពេលនោះទេ។
ហើយក៏គ្មានភាពរីករាយណាដែលល្អជាងឬផ្អែកលើរឿងខាងក្រៅជារឿងប្រសើរជាងការរីករាយពីខ្លួនឯងនោះដែរ។ ដូច្នេះការចេះរីករាយពីអ្វីដែលអ្នកមាន នឹងកាន់តែជារឿងល្អ ព្រោះនេះជាសញ្ញាណសម្គាល់ថា អ្នកជាមនុស្សរឹងប៉ឹងម្នាក់ ហើយអាចជួយអ្នកនៅក្បែរបានទៀតផង។
អត្ថបទទាក់ទង
ទម្លាប់អាក្រក់ទាំង ១០ ដែលអ្នកត្រូវតែដកចេញពីទម្លាប់ប្រចាំថ្ងៃ