វិធីសាស្រ្ត ៥ យ៉ាង ដែលអាចធ្វើឲ្យអ្នករីករាយនៅកន្លែងធ្វើការ
មិនថាអ្នកកំពុងធ្វើជាមេ ឬទើបតែចាប់ផ្តើមអាជីពរបស់អ្នកនោះទេ ភាពតានតឹង ស្ត្រេស មួរម៉ៅ និងការថប់បារម្ភ សុទ្ធតែអាចកើតមានឡើងចំពោះមនុស្សគ្រប់ៗគ្នានៅកន្លែងធ្វើការ។ ប៉ុន្តែដើម្បីភាពជោគជ័យផ្ទាល់ខ្លួន និងវិជ្ជាជីវៈ នោះភាពរីករាយនៅកន្លែងធ្វើការ និងការស្រឡាញ់អ្វីដែលខ្លួនកំពុងធ្វើ គឺជាកត្តាជំរុញដ៏សំខាន់។ យើងម្នាក់ៗបាន និងកំពុងចំណាយពេលមួយភាគបីនៃរយៈពេលពេញមួយថ្ងៃរបស់យើងបំពេញការងារនៅកន្លែងធ្វើការ។ និយាយទៅ វាមានរយៈពេលយូរគួរសម ប៉ុន្តែអ្នកនឹងមានអារម្មណ៍ថាពេលវេលាដើរលឿន ប្រសិនបើយើងរីករាយនឹងធ្វើការងារនោះ។ ដូច្នេះតើអ្នកអាចសប្បាយចិត្តជាងមុននៅកន្លែងធ្វើការរបស់អ្នកដោយរបៀបណាទៅ?
១. កសាងទំនាក់ទំនងវិជ្ជមាននៅកន្លែងធ្វើការ
អ្នកមិនចាំបាច់ធ្វើជាមិត្តល្អបំផុតជាមួយមនុស្សគ្រប់គ្នានោះទេ ប៉ុន្តែការមានមនុស្សពីរបីនាក់ដែលអ្នកទុកចិត្ត និងនិយាយពិភាក្សាជាមួយ គឺជាអត្ថប្រយោជន៍មួយដ៏ល្អ។
២. ហ៊ានទទួលយកភាពសប្បាយរីករាយ
មនុស្សជាច្រើនតែងតែគិតថា កន្លែងធ្វើការ គឺសម្រាប់តែខំប្រឹងធ្វើការ និងភាពហ្មត់ចត់តែប៉ុណ្ណោះ។ ប៉ុន្តែអ្នកត្រូវចាំថា អ្នកចំណាយពេល ៨ម៉ោង រៀងរាល់ថ្ងៃនៅកន្លែងធ្វើការ ប្រសិនបើអ្នកពោរពេញទៅដោយភាពតានតឹង នោះអ្នកនឹងមិនអាចទ្រាំនឹងការងារនោះបានយូរនោះទេ ហើយអ្នកក៏មិនអាចធ្វើការងារបានល្អដែរ។ សូមព្យាយាមទទួលយកភាពរីករាយ ធ្វើការដោយពេញចិត្ត នោះសមិទ្ធផលការងាររបស់អ្នកនឹងប្រសើរជាង។
៣. ថែរក្សាសុខភាពរបស់អ្នក
សុខុមាលភាពផ្ទាល់ខ្លួនរបស់អ្នក គឺសំខាន់ខ្លាំងណាស់។ ប្រសិនបើអ្នកមិនស្រួលនៅក្នុងខ្លួននោះទេ អ្នកក៏គ្មានអារម្មណ៍អាចរីករាយនៅកន្លែងធ្វើការបានដែរ។ សូមព្យាយាមហាត់ប្រាណ បរិភោគឱ្យបានល្អទៀងទាត់ និងធានាថាអ្នកគេងបានគ្រប់គ្រាន់។
៤. កុំទម្លាប់ធ្វើការបន្ទាប់ពីចង់ម៉ោងការងារ
អ្នកប្រហែលជាមានទម្លាប់ចង់បង្ហើយការងារឲ្យចប់ ឬក៏អ្នកចង់បង្ហាញភាពលេចធ្លោរបស់អ្នក ប៉ុន្តែការបន្តនៅធ្វើការ ទោះបីជាចប់ម៉ោងរបស់ខ្លួន អាចបណ្តាលឲ្យអ្នកហត់នឿយខ្លាំង និងឆាប់អស់អារម្មណ៍ជាមួយការងាររបស់អ្នក។ ប្រសិនបើម៉ោងធ្វើការរបស់អ្នក គឺ៨ម៉ោង សូមព្យាយាមធ្វើគ្រប់យ៉ាងឲ្យសកម្មក្នុងរយៈពេលនោះ បន្ទាប់ពីនោះអ្នកអាចចំណាយពេលលម្ហែកាយ ក៏ដូចជាចំណាយពេលជាមួយមនុស្សដែលអ្នកស្រឡាញ់។
៥. ផ្តោតលើចំណុចខ្លាំងរបស់អ្នក
មនុស្សជាច្រើន ចូលចិត្តផ្តោតលើចំណុចខ្សោយរបស់ខ្លួន រួចប្រៀបធៀបខ្លួនទៅនឹងបុគ្គលិកដទៃ។ ការធ្វើបែបនេះ បានតែធ្វើឲ្យអ្នកបាក់ទឹកចិត្តប៉ុណ្ណោះ ដូច្នេះគួរព្យាយាមផ្តោតលើចំណុចខ្លាំងរបស់ខ្លួន និងរកវិធីដែលអ្នកអាចប្រើវាឱ្យបានញឹកញាប់វិញប្រសើរជាង។
សង្ឃឹមថាគន្លឹះខាងលើនេះ នឹងអាចជួយអ្នកឲ្យមានអារម្មណ៍ល្អជាងមុននៅកន្លែងធ្វើការរបស់អ្នក។