គន្លឺះសំខាន់ៗចំនួន ៥ ដើម្បីគ្រប់គ្រងការថប់បារម្ភនៅតាមទីសាធារណៈ
អ្នកមានជំងឺថប់បារម្ភ ពិបាកគ្រប់គ្រងខ្លួនឯង ហើយជាទូទៅ វាប៉ះពាល់ជីវិតក្នុងផ្លូវអវិជ្ជមាន។ តើអ្នកធ្លាប់មានអារម្មណ៍ថា ខ្លួនឯងទទួលរងការថប់បារម្ភនៅតាមទីសាធារណៈដែរទេ? នៅសុខៗ ក៏ស្រាប់តែរងការវាយប្រហារ ភ័យស្លន់ស្លោ នៅចំកណ្ដាលផ្សារទំនើប ឬក៏យំយ៉ែកដោយមិនអាចគ្រប់គ្រងបាន នៅពេលឃើញរឿងណាមួយ ដែលស្រដៀងនឹងហេតុការណ៍របស់ខ្លួនពីមុន។
នេះគឺជាអ្វីដែលជួយអ្នកបាន ក្នុងការគ្រប់គ្រងការថប់បារម្ភនៅតាមទីសាធារណៈ៖
១. និយាយជាមួយមនុស្សវិជ្ជមាន
នៅពេលដែលមានអារម្មណ៍ថាធ្លាក់ចុះ អន់ខ្លាំងជាងធម្មតា នឹងមានរឿងពីរប្រភេទចូលមកក្នុងជីវិតរបស់យើង។
ទីមួយ គឺជាការបិទខ្លួនឯងទាំងស្រុងនៃការប្រាស្រ័យទាក់ទងណាមួយ ដោយសារយើងអាចខ្មាសអៀនចំពោះអ្វីដែលយើងកំពុងមាន។
ទីពីរ គឺថា យើងឃ្លាតឆ្ងាយទាំងស្រុងជាមួយមនុស្សគ្រប់គ្នា ដើម្បីឲ្យអារម្មណ៍របស់យើងត្រលប់មកដូចដើមវិញ។
ដូច្នេះវិធីល្អបំផុត គឺនិយាយជាមួយមិត្តល្អម្នាក់ ហើយមិត្តល្អប្រៀបដូចជាវត្ថុទិព្វដែលធ្លាក់ចុះមក ក្នុងពេលដែលយើងមានកង្វល់។ មិត្តល្អ គឺពិបាករកណាស់ ក្នុងសម័យកាលមួយនេះ ដូច្នេះបើមានបញ្ហាក្នុងចិត្ត គួរស្វែងរកអ្នកដែលនៅជិតបំផុត ដើម្បីនិយាយរឿងក្នុងចិត្តប្រាប់គេ។
២. ដកដង្ហើមចេញចូលមួយៗ
លំហាត់ដកដង្ហើម បានក្លាយជារឿងទាន់សម័យមួយ ដែលមនុស្សគ្រប់គ្នាបានយកចិត្តទុកដាក់។ ការដកដង្ហើមវែងៗចូលទៅក្នុងខ្លួន ក្នុងពេលដ៏គួរឲ្យខ្លាចនេះ វាបានជួយសង្គ្រោះអ្នកបានច្រើនជាអ្វីទៅទៀត។
៣. ជ្រើសរើសបទចម្រៀងមកស្ដាប់បន្លប់
តន្ត្រីគឺជាអំណោយដ៏អស្ចារ្យ ហើយទំនុកច្រៀងអាចធ្វើឲ្យយើងមានអំណាចទៅក្នុងដួងចិត្ត និងគំនិតរបស់យើង។ បើសិនសុខៗអ្នកស្រាប់តែថប់បារម្ភនៅតាមទីសាធារណៈ សូមដាក់កាសក្នុងត្រចៀក ហើយបើកចម្រៀងលឺៗ ពីចម្រៀងដែលអាចជួយលួងលោមក្ដីសង្ឃឹមរបស់យើងមកវិញ។
នេះគឺជាវិធីដ៏អស្ចារ្យ ដើម្បីគ្រប់គ្រងការថប់បារម្ភរបស់អ្នក ព្រោះគ្មាននរណាម្នាក់ដឹងថាអ្នកកំពុងធ្វើអ្វីទេ។
៤. រំឮកខ្លួនឯងពីរឿងបច្ចុប្បន្ននេះវិញ
នៅពេលដែលយើងឃើញថា ខ្លួនយើងកំពុងឆ្លងកាត់រដូវកាលលំបាកៗ ហើយទម្ងន់នៃបញ្ហាទាំងនោះគឺស្ថិតលើទ្រូងដ៏សែនធ្ងន់របស់យើង។ ការពិតគឺថាការថប់បារម្ភ អាចជារឿងមួយដែលយើងត្រូវឆ្លងកាត់ជានិច្ច ប៉ុន្តែវានឹងមិនមានភាពតានតឹងខ្លាំងរហូតដល់ថ្នាក់ធ្វើរឿងមិនល្អឡើយ។
នៅពេលជួបការវាយប្រហារ ភ័យស្លន់ស្លោ ឬអារម្មណ៍ភ័យខ្លាច សូមព្យាយាមរំលឹកខ្លួនឯងគ្រប់រឿង ដែលបានកើតឡើង ពីមុន និងអំពើល្អរបស់យើង។
៥. ចូលទៅកន្លែងណាមួយដែលស្ងប់សុខ
ការស្នាក់នៅក្នុងផ្ទះម្នាក់ឯង ហើយស្ដាប់ធម៌ ក៏ជាវិធីមួយដែលល្អមួយដែលយើងគួរធ្វើ។ ឬការលើកទឹកចិត្តខ្លួនឯងឲ្យទៅខាងក្រៅតែម្នាក់ឯង យ៉ាងហោចណាស់ម្ដងក្នុងមួយថ្ងៃ កន្លែងណាក៏បាន ឲ្យតែជាទីស្ងប់សុខរបស់យើង។ សូម្បីតែការបណ្ដើរសត្វចិញ្ចឹមនៅតាមទីសាធារណៈ ក៏អាចឲ្យអារម្មណ៍អ្នកធូរស្បើយបានដែរ។
មិនថាប្រើវិធីណាដើម្បីបញ្ឈប់ការថប់បារម្ភ (វិធីដែលល្អមិនប៉ះពាល់ដល់អ្នកដទៃ) យើងអាចប្រើបានទាំងអស់ ឲ្យតែអារម្មណ៍របស់យើងត្រឡប់មកដូចដើមវិញ។
អត្ថបទទាក់ទង