រូបមន្តសំខាន់ៗចំនួន ៥ ដើម្បីបង្កើនភាពក្លាហាន

យោង​តាម​ការ​អង្កេត​​​តាម​ល្ខណៈ​វិទ្យាសាស្ដ្របាន​ឲ្យដឹង​ថា បុគ្គល​ក្លាហាន​ជា​ច្រើន​ គឺជា​បុគ្គល​ដែល​អាច​គ្រប់គ្រង​ គំនិត អារម្មណ៍ និង​អាកប្បកិរិយា​របស់​ខ្លួន​បាន។ ដូច្នេះ ដើម្បី​ក្លាយ​ជា​បុគ្គល​ក្លាហាន អ្នក​ត្រូវ​តែ​ជា​មនុស្ស​ដែល​អាច​គ្រប់គ្រង​រាល់ គំនិត អារម្មណ៍ និង​អាកប្បកិរិយារបស់អ្នក​បាន។ បន្ទាប់​ពី​អ្នក​អាច​ធ្វើ​រឿង​​ទាំង​នេះបាន ភាព​ជោគជ័យ​ នឹង​កើតមាន​ចំពោះ​អ្នក​ជាក់​ជា​មិន​ខាន។

ក្លាហាន គឺជាទម្លាប់។ បើយើងចង់ក្លាហានរហូត យើងត្រូវបង្កើតទម្លាប់ដោយអនុវត្តវាជាប្រចាំរហូតទាល់តែក្លាយជាអត្តចរិតរបស់យើង។ នោះយើងនឹងមានអត្តចរិតដែលមិនខ្លាច គឺអត្តចរិតក្លាហាន។ ខាងក្រោមនេះជារូបមន្ត៖

រូបមន្តទី១៖ តែងតែត្រៀមខ្លួនជានិច្ច

មូលហេតុដ៏សំខាន់បំផុតដែលបណ្ដាលឲ្យយើងខ្លាច ព្រោះយើងខ្វះការត្រៀមខ្លួន។ មិនថាយើងពូកែប៉ុនណាក៏ដោយ បើយើងមិនបានត្រៀមខ្លួន ឬមិនមានបទពិសោធន៍ពីមុន យើងនឹងខ្លាច ហើយខ្វះភាពក្លាហាន។ ពេលខ្លះ ការត្រៀមខ្លួន មិនដូចអ្វីដែលយើងរំពឹងទុកនោះទេ។ ចំពោះស្ថានភាពជាក់ស្ដែង វានឹងខុស ប៉ុន្តែបើយើងបានត្រៀមខ្លួន យ៉ាងហោចណាស់ក៏ប្រសើរជាងមិនបានត្រៀមខ្លួនដែរ។ អញ្ចឹងហើយ រូបមន្តទីមួយ យើងត្រូវតែត្រៀមខ្លួន។

រូបមន្តទី២៖ កុំខ្លាចបរាជ័យ

កំហុសនឹងកើតមានឡើង ព្រោះមនុស្សយើងគ្មានអ្វីឥតខ្ជោះនោះទេ។ បើយើងខ្លាចការបរាជ័យ យើងនឹងកាន់តែបរាជ័យ ប៉ុន្តែបើយើងហ៊ានប្រថុយ យ៉ាងហោចណាស់ យើងរៀនបានមេរៀនដ៏សំខាន់សម្រាប់ជីវិត។ ដូច្នេះកុំភ័យ ដោយខ្លាចការបរាជ័យ ព្រោះគ្មានក្មេងណាចេះដើរដោយមិនដែរដួលនោះទេ។

រូបមន្តទី៣៖ ធ្វើវាដោយមានកម្លាំង

នៅពេលដែលយើងនិយាយ ឬធ្វើអ្វីមួយបែបខ្សោយៗ ឬគ្មានកម្លាំង យើងនឹងធ្វើឲ្យអ្វីដែលយើងនិយាយ ឬអ្វីដែលយើងធ្វើនោះខ្សោយទៅតាមហ្នឹងដែរ។ ចូររៀនប្រើកម្លាំងឲ្យអស់ពីចិត្ត អស់ពីបេះដួង នោះអ្នកកើតចិត្តក្លាហានជាមិនខាន។ រៀនពីសត្វតោ ដែលក្លាហានមិនចុះញមនឹងសត្រូវ។​

រូបមន្តទី៤៖ អនុវត្តទាល់តែវាក្លាយជាទម្លាប់

ភាពក្លាហាន មិនមែនកើតឡើងក្នុងមួយថ្ងៃនោះទេ គឺវាត្រូវការឲ្យយើងអនុវត្តច្រើនដង ហើយច្រើនសារ រហូតទាល់តែវាក្លាយជាទម្លាប់។ នៅពេលដែលទម្លាប់នេះបន្តយូរៗទៅ វានឹងក្លាយជាអត្តចរិតរបស់យើង នោះគឺក្លាហាន។​

រូបមន្តទី៥៖ រាប់អានជាមួយមនុស្សក្លាហាន

មនុស្សដែលយើងរាប់អាន គឺពិតជាសំខាន់ ព្រោះវាជាខ័ណ្ឌដែលធ្វើឲ្យមានភាពខុសគ្នារវាងមនុស្សក្លាហាន និងមនុស្សទន់ខ្សោយ។ គេថា បើយើងចង់មានប្រាជ្ញា យើងត្រូវដើរជាមួយមនុស្សមានប្រាជ្ញាដូចគ្នា យើងមិនអាចក្លាហានដូចសត្វតោ ដោយដើរជាមួយកូនស្វានោះទេ។


អត្ថបទទាក់ទង

មេរៀនជីវិតទាំង ១០ ដែលយើងអាចរៀនពីដើមឈើ

Leave a Reply

Your email address will not be published.