វិធីសាស្រ្តចំនួន ៤ ​ដែល​ជួយ​ឲ្យ​អ្នក​រៀន​អ្វី​ក៏​ឆាប់​ចងចាំ​បាន​លឿន ហើយ​យល់​ជាក់​ច្បាស់

ការ​រៀនសូត្រ​នៅ​អ្វី​ដែល​ថ្មី ជឿ​ថា​សម្រាប់​មនុស្ស​មួយ​ចំនួន​ គឺ​ពិត​ជា​ពិបាក​ខ្លាំង​ណាស់ ដោយ​ពួក​គេ​ឆាប់​ភ្លេច ហើយ​បើ​ចងចាំ គឺ​ចាំ​តែ​មួយ​ភ្លែត​ហ្នឹង​ឯង។ ភាព​ទន់ខ្សោយ​នៃ​ការ​ចងចាំ​មួយ​នេះ​ហើយ នាំ​ឲ្យ​ពួក​គេ​ដល់​ថ្នាក់​ពេល​ខ្លះ​ខ្ជិល​នឹង​ចង់​ចាប់​យក​អ្វី​ដែល​ថ្មី ព្រោះ​គិត​ថា​ខួរក្បាល​ខ្លួន​ឯង​មិន​ល្អ ហើយ​ក៏​នាំ​ឲ្យ​ឱកាស​ល្អៗ​បាត់បង់​ទៅ​ជា​រឿយៗ។

តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ​ជា​ច្រើន បាន​ណែនាំវិធីសាស្រ្តចំនួន៤ ​ដែល​ជួយ​ឲ្យ​អ្នករៀន​អ្វី​ក៏​ឆាប់​ចងចាំ​បាន​លឿន ហើយ​យល់​ជាក់​ច្បាស់៖

១. អនុវត្ត​នូវ​ទ្រឹស្តី​ដែល​បាន​រៀន

ការ​រៀន​ទ្រឹស្តី នាំ​ឲ្យ​យើង​ជោគជ័យ​បាន​តែ ៣០% ទេ ហើយ ៧០% ផ្សេង​ទៀត ​គឺ​លើ​ការ​អនុវត្ត។ ឧទាហរណ៍៖ អ្នក​រៀន​ភាសា​អង់គ្លេស​នៅ​ឃ្លា​ណា​មួយ ចូរ​អ្នក​យក​ឃ្លា​នោះ​ទៅ​អនុវត្ត​ក្នុង​ការ​ប្រើប្រាស់​ផ្ទាល់​ជាមួយ​ជនបរទេស​ ឬ ​មិត្តភ័ក្ដិ ប្រសិន​អ្នក​អាច​ប្រើ​វា​បាន វា​បន្ថែម​ទាំង​ការ​ចងចាំ ហើយ​ស្មើ​នឹង​អ្នក​បាន​យល់​ពី​វា​ថែម​ទៀត។ ត្រង់​ផ្នែក​ណា​ដែល​មិន​ច្បាស់ ​ឬ មិន​យល់​ត្រូវ​ត្រឡប់​ទៅ​រៀន​មើល​វា​ម្តង​ទៀត​ដើម្បី​យល់​ឲ្យ​កាន់​តែ​ច្បាស់ ចូរ​កុំ​រំលង ​ហើយ​ទុក​ចោល​ឲ្យ​សោះ។

២. ឆ្លៀត​ពេល​រំឭក​នូវ​អ្វី​ដែល​បាន​រៀន

នេះ​មាន​ន័យ​ថា អាច​ថា​ពេល​ទំនេរ​នៅ​កន្លែង​ស្ងប់ស្ងាត់​ណា​មួយ ឬ​ មុន​ពេល​ចូល​គេង ចូរ​អ្នក​រំឭក​ឡើង​វិញ​ក្នុង​ខួរក្បាល ថា​តើ​អ្នក​បាន​រៀនសូត្រ​អ្វី​ខ្លះ អ្នក​ទទួល​បាន​ចំណេះដឹង​ថ្មី​អ្វី​ខ្លះ? តាម​ការ​ណែនាំ​ពី​សាស្រ្តាចារ្យ​នៅ​សកលវិទ្យាល័យ ហាវើដ (Havard University) លោក ហ្វ្រែនសេស្កា ហ្គីណូ (Francesca Gino) បាន​ឲ្យ​ដឹង​ថា បុគ្គលិក​របស់​លោក​ភាគ​ច្រើន​ក្រោយ​ពី​ទម្លាប់​ធ្វើ​បែប ១៥ នាទី​មុន​ចូល​គេង គឺ​ពួក​គេ​មាន​ការ​ចងចាំ​ល្អ​ជាង​អ្នក​ដែល​មិន​បាន​ធ្វើ​សោះ។

៣. អនុវត្ត​អ្វី​ដែល​បាន​រៀន​សារ​ឡើង​វិញ

វា​ជា​ចំណុច​សាមញ្ញ​មួយដែល​អ្នក​មិន​គួរ​រំលង កុំ​ឲ្យ​រៀន​ហើយ​គិត​ថា​ខ្លួន​ឯង​ចាំ និង​យក​វា​ទៅ​ទុក​ចោល​នោះ។ ដើម្បី​ឲ្យ​ប្រព័ន្ធ​សរសៃ​ប្រសាទ​ចងចាំ​បាន​ល្អ យើង​ត្រូវ​យក​វា​មក​អនុវត្ត​ ឬ ​ទន្ទេញ​វា​ម្តង​ទៀត ជាប់​គ្នា​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ក្រោយ​ពី​បាន​រៀន មិន​ថា​តែ​រៀន​មុខ​ជំនាញ ឬ ​វគ្គ​ខ្លី​អ្វី​នោះ​ទេ។

៤. ក្បាច់ Learning Transfer របស់ Elon Musk

មហាសេដ្ឋី​អាមេរិក អ៊ីឡុន ម៉ាសក៍ (Elon Musk) គឺ​រៀន​មិន​ចេះ​ឈប់​នោះ​ទេ ហើយ​ក្បាច់​មួយ​ដែល​នាំ​ឲ្យ​លោក​រៀន​ឆាប់​យល់ ឆាប់​ចាំ ឆាប់​ចេះ គឺ​ឲ្យ​ឈ្មោះ​ថា Learning Transfer។

មិន​និយាយ​អ្វី​ស៊ី​ជម្រៅ​នោះ​ទេ ត្រឹម​ឧទាហរណ៍​សាមញ្ញ​មួយ ដូច​អ្នក​កំពុង​រៀន​ភាសា​អង់គ្លេស ហើយ​អ្នក​ចង់​ចេះ​ភាសា​អង់គ្លេស​ហ្នឹង​ឲ្យ​កាន់​តែ​ច្បាស់ និង​ចង់​ដឹង​ថា​ខ្លួន​ឯង​អនុវត្ត​បាន​ដល់​កម្រិត​ណា អ៊ីចឹង​ទៅ​ចាប់​ថ្នាក់​សិក្សា​ជំនាញ​មួយ​ផ្សេង​ទៀត​ដែល​អ្នក​ស្រលាញ់ អាច​ថាថ្នាក់​រៀន​ធ្វើ​ម្ហូប ប៉ុន្តែ​រៀន​ជាមួយ​គ្រូ​ជនជាតិ​បរទេស ដែល​ប្រើប្រាស់​ភាសា​អង់គ្លេស ហើយ​នៅ​ពេល​តែ​មួយ​នោះ ភាសា​អង់គ្លេស​របស់​អ្នក​ក៏​ទទួល​បាន​ការ​ពង្រឹង ហើយ​ជំនាញ​បន្ទាប់បន្សំ​នៃ​ការ​ធ្វើ​ម្ហូប​ក៏​កាន់​តែ​ចេះ​ច្រើន​ជាង​មុន​ថែម​ទៀត។


អត្ថបទទាក់ទង

តើបុគ្គលដែលរវល់ច្រើន​ និង​បុគ្គលដែលមានផលិតភាពខ្ពស់ខុសគ្នាដូចម្តេច?

 

Leave a Reply

Your email address will not be published. Required fields are marked *