ជំនាញសំខាន់ៗចំនួន ៤ ដែលមនុស្សគ្រប់រូបត្រូវមាន
នៅក្នុងយុគសម័យព័ត៌មានវិទ្យានាសតវត្សទី ២១ នេះ មានចំណេះដឹង និងជំនាញជាច្រើនដែលសិស្ស និស្សិត បុគ្គលិកចាប់ថ្នាក់ទាប ដល់ ថ្នាក់ខ្ពស់ ក៏ដូចជាម្ចាស់អាជីវកម្មនានា ខិតខំប្រឹងប្រែងរៀនសូត្រ និងទន្ទេញរាប់សិបឆ្នាំដើម្បីអាចក្លាយទៅជាមនុស្សពូកែ ឬប៉ិនប្រសព្វនៅក្នុងការដឹកនាំជីវិតខ្លួនឯង ដឹកនាំគ្រួសារ និងសហគមន៍ និងដឹកនាំសង្គមជាតិ និងពិភពលោកទាំងមូល។ ចំណេះ និងជំនាញរាប់រយពាន់ទាំងនោះ ខ្លះមានប្រយោជន៍ ខ្លះលែងមានប្រយោជន៍ ត្រូវបានបង្កើតឡើងដើម្បីដោះស្រាយបញ្ញាជាច្រើននៅក្នុងសង្គមមនុស្ស។ ចំណេះវិជ្ជាខ្លះ ត្រូវបានកត់ត្រាទុកនៅក្នុងគម្ពីរ ឬសៀវភៅរាប់លានក្បាល សម្រាប់មនុស្សជំនាន់ក្រោយរៀនសូត្រ និងបន្តអនុវត្តបន្តទៀត។ ចំណេះវិជ្ជាខ្លះ មិនត្រូវបានមនុស្សកត់ត្រាទុកក្នុងសៀវភៅទេ ប៉ុន្តែត្រូវបានមនុស្សមួយចំនួនរក្សាទុកក្នុងខួរក្បាលក្រោមរូបភាពជាការចងចាំ និងបញ្ជូនបន្តទៅមនុស្សជំនាន់ក្រោយដោយការបង្រៀនដោយផ្ទាល់មាត់។
យ៉ាងណាមិញ នៅជុំវិញការសិក្សា ការងារ ក៏ដូចជាអាជីវកម្ម យើងបានឮហើយពាក្យថា Soft Skill (ជំនាញទន់) និង Hard Skill (ជំនាញរឹង) ប៉ុន្តែក្នុងវិស័យការងារ ពាក្យថា Career Skill ក៏បានប្រើ ស្របពេលពាក្យ Life Skill ត្រូវបានយកចិត្តទុកដាក់បំផុតចំពោះយុវជនដែលត្រូវការវា។ តើពាក្យទាំង ៤ នេះ មានអត្ថន័យខុសគ្នា ឬដូចគ្នាយ៉ាងណាខ្លះ?
១. ជំនាញរឹង (Hard Skill)
គឺជាជំនាញដែលមនុស្សទូទៅធ្លាប់និយាយថា ជាជំនាញដែលត្រូវបានបង្រៀននៅសាលា រឺសាកលវិទ្យាល័យ។ និយាយបែបនេះមិនខុសទេ ព្រោះជំនាញរឹងសំដៅលើជំនាញបច្ចេកទេស ដែលត្រូវការអនុវត្តន៍ សាកល្បង និងរៀនទ្រឹស្តីក្នុងថ្នាក់។ ជំនាញរឹង ក៏សំដៅលើជំនាញដែលជាតម្រូវការការងារបច្ចុប្បន្នផងដែរ តួយ៉ាងដូចជា សេដ្ឋកិច្ច ច្បាប់ ពត័មានវិទ្យា នយោបាយ ការទូត និងគណនេយ្យ ជាដើម។ ជំនាញនេះ ខុសពីជំនាញទន់ ត្រង់ថាវាត្រូវបានបង្រៀនក្នុងថ្នាក់រៀន និងត្រូវការរយៈពេលរៀនយូរ។ ភាពខុសគ្នាមួយទៀត គឺជំនាញរឹងមានការចែងនូវទ្រឹស្តីដើម្បីអនុវត្ត។ ឧទាហរណ៍ របៀងឆុងកាហ្វេ ត្រូវការដឹងអំពីលំដាប់លំដោយនៃការធ្វើ ដែលមនុស្សជាច្រើនរៀនទ្រឹស្តីនេះដូចគ្នាដើម្បីឆុងបានកាហ្វេឆ្ងាញ់។
២. ជំនាញទន់ (Soft Skill)
ខុសពីជំនាញរឹង ព្រោះជំនាញទន់មិនមានក្បួនប្រាប់ត្រង់ៗនោះទេ។ វាត្រូវការការចេះអង្កេត បទពិសោធន៍ ការសាកល្បង និងទេព្យកោសលពីធម្មជាតិរបស់បុគ្គល។ ហេតុដូចនេះហើយ វាមិនត្រូវបានបង្រៀនក្នុងថ្នាក់រៀនឡើយ។ ទោះជាសព្វថ្ងៃមានការបើកវគ្គខ្លីៗបង្រៀនជំនាញនេះ អ្នកបង្ហាត់ទាំងនោះប្រើប្រាស់បទពិសោធន៍ជោគជ័យ និងទ្រឹស្តីផ្ទាល់ខ្លួនដើម្បីបង្រៀនតែប៉ុណ្ណោះ។ ជំនាញនេះ មានដូចជា ការដោះស្រាយបញ្ហា ការសម្រេចចិត្ត ត្រិះរិះពិចារណា គ្រប់គ្រងពេលវេលា និយាយជាសាធារណៈ និងធ្វើការជាក្រុម ជាដើម។
៣. ជំនាញជីវិត (Life Skill)
ត្រូវបានគេនិយាយថាវាជាជំនាញទន់ តាមពិតគ្រាន់តែត្រូវបានហៅពាក្យខុសគ្នាប៉ុណ្ណោះ។ និយាយបែបនេះក៏ត្រូវ ប៉ុន្តែតាមពិតជំនាញនេះ អាចមានទាំងជំនាញរឹង និងជំនាញទន់ ក្នុងនោះដែរ។ និយាយរួម ជំនាញជីវិត សំដៅលើជំនាញទាំងឡាយណា ដែលត្រូវអនុវត្តដើម្បីគាំទ្រជីវិតរស់នៅបច្ចុប្បន្ន។ ឧទាហរណ៍ ជំនាញជីវិតដូចជា ការពាក់ស្បែកជើង ការដុសធ្មេញ ការបង្កើតសន្ទនាជាមួយមនុស្សដទៃ អាចចាត់ទុកថាជាជំនាញរឹងដែរ។ រីឯជំនាញចេះនិយាយជាមួយមនុស្សចាស់ ការបង្កើតទំនាក់ទំនងល្អជាមួយអ្នកដទៃ ការសម្រេចចិត្ត ការដោះស្រាយបញ្ហាប្រចាំថ្ងៃ ក៏ចូលក្នុងជំនាញទន់ដែរ។ ប៉ុន្តែទាំងអស់នេះគឺជាជំនាញជីវិតដែលចាំបាច់សម្រាប់មនុស្សទូទៅ ជាពិសេសវាត្រូវបានប្រើប្រាស់ផ្តោតសំខាន់លើមនុស្សវ័យក្មេង រឺជំទង់ ដើម្បីអោយពួកគេចេះរស់នៅបានសុខស្រួលក្នុងសង្គម។ ជំនាញនេះ ភាគច្រើនលឺនៅពេលនិយាយអំពីក្មេង ដែលខ្វះសមត្ថភាព ក្មេងអ្នកដទៃ ក្នុងការអភិវឌ្ឍជីវិតរស់នៅប្រចាំថ្ងៃ។
៤. ជំនាញអាជីព (Career Skill)
ខុសពីគេ ព្រោះជំនាញនេះសំដៅលើសមត្ថភាពនៃការស្វែងរកការងារធ្វើ សមត្ថភាពធ្វើការងារបានល្អ បានយូរអង្វែង និងឆាប់ឡើងតំណែង។ នៅពេលរកការងារធ្វើ បុគ្គលត្រូវមានជំនាញស្វែងរកព័តមានការងារ បន្ទាប់មកត្រូវចេះជំនាញសរសេរប្រវត្តិរូបនិងលិខិតអម ក៏ដូចជាការឆ្លើយសំណួរសម្ភាសន៍ផងដែរ។ បន្ទាប់ពីបានការងារធ្វើរួចហើយ ជំនាញអាជីព ក៏បញ្ចូលទាំងការគ្រប់គ្រងពេលវេលា ដឹកនាំ និងបង្កើតបណ្តាញជាមួយអ្នកដទៃជាដើម។ អាចនិយាយបានថាជំនាញអាជីព ជាន់ជាមួយជំនាញទន់ខ្លះៗ ប៉ុន្តែជំនាញនេះត្រូវបានប្រើយ៉ាងជាក់លាក់ចាប់ពីពេលស្វែងរកការងារធ្វើ រហូតដល់ក្លាយជាអ្នកអាជីពលើជំនាញអ្វីមួយ។
អត្ថបទទាក់ទង
ជំនាញទន់សំខាន់ៗ ចំនួន១០ ដែលនយោជកពិចារណានៅពេលជ្រើសរើសបុគ្គលិកមកធ្វើការក្នុងក្រុមហ៊ុនរបស់ពួកគេ