មេរៀនសំខាន់ៗចំនួន ៤ ដកស្រង់ចេញពីសៀវភៅ តៅ តេ ជីង (Tao Te Ching) របស់ ឡៅសុឺ

ឡៅ ស៊ឺ (Lao Tzu) គឺជាកំពូលទស្សនវិទូបុរាណចិន និងជាស្ថាបនិកទ្រឹស្តីសាសនាតាវ ឬ លទ្ធិតាវ របស់ប្រទេសចិន។ អ្នកសរសេរប្រវត្តិសាស្រ្ត មិនបានចារឲ្យប្រាកដនូវឆ្នាំកំណើតរបស់លោកឡើយ គ្រាន់តែដឹងថា លោកបានកើតប្រហែលជាង ៥០០ឆ្នាំ មុនគ្រិស្ថសករាជ។ តៅ តេ ជីង (Tao Te Ching) គឺជាសៀវភៅបង្រៀនអំពីជីវិតដែលផ្តល់នូវប្រាជ្ញាល្អៗជាច្រើនទាក់ទងទៅនឹងការស្វែងរកសុភមង្គលពិតក្នុងជីវិត។ បុគ្គលដែលយល់ច្បាស់ពី “លិទ្ធិតៅ” តែងតែអភិវឌ្ឍខ្លួនឱ្យក្លាយជាមនុស្សស្ងប់ស្ងាត់ ដោយមិនលោភលន់ ហើយទីបំផុតពួកគេសប្បាយចិត្តនឹងអ្វីដែលខ្លួនមាន។ ខាងក្រោមនេះមានប្រធានបទធំៗចំនួន ៤ ដែលដែលដកស្រង់ចេញពីសៀវភៅ តៅ តេ ជីង របស់ ឡៅសុឺ ៖ 

១. ក្ដីស្រលាញ់ពិត

ទាក់ទងនឹងសេចក្តីស្នេហា ឡៅសុឺ បាននិយាយថា “ការស្រលាញ់ពីអ្នកដទៃ ផ្តល់កម្លាំងដល់អ្នក ការដែលអ្នកស្រលាញ់អ្នកដទៃ ផ្តល់ភាពក្លាហានដល់អ្នក”។ ការពិតដែលមិនអាចកាត់ថ្លៃបាន គឺគ្មានស្នេហា គ្មានជីវិត។ ស្នេហា កើតឡើងចំពោះមនុស្សរាល់គ្នា ហើយសេចក្តីស្រឡាញ់មានច្រើនប្រភេទ ដូចជា សេចក្តីស្រឡាញ់រវាងមិត្តភ័ក្រ រវាងឪពុកម្តាយនិងកូន រវាងគ្រូនិងសិស្ស រវាងមេនិងកូនចៅ ។ល។ ចេញពីអ្វីដែល ឡៅសុឺ បាននិយាយទាក់ទងនឹងសេចក្តីស្រឡាញ់ មនុស្សគួរតែស្រឡាញ់ឲ្យច្រើន ហើយគ្មានលក្ខខណ្ឌ។ ការស្រឡាញ់ ផ្តល់ឱ្យយើងនូវភាពក្លាហាន ចំណង់ចំណូលចិត្ត និងសុភមង្គល។

២. សុភមង្គលពិត

ដូច ឡៅសុឺ បានបញ្ជាក់ថា “ប្រសិនបើអ្នកមិនឈប់ផ្ដោតទៅលើកាំបិតដែលត្រូវបានសំលៀងហើយ អ្នកនឹងមានអារម្មណ៍ថា កាំបិតនោះត្រួវការសំលៀងបន្ថែម”។ នេះអាចបានពន្យល់បានថា សុភមង្គលពិត មិនមែនកើតឡើងពីអ្វីដែលយើងមាននោះទេ តែវាកើតពីអ្វីដែលយើងគិត។ ជាទូទៅ មនុស្សតែងតែមានតម្រូវការមិនចេះចប់មិនចេះហើយ។ នេះហើយជាមូលហេតុដែលធ្វើឲ្យពួកគេខិតខំធ្វើការសម្រាប់ប្រាក់ចំណូលច្រើនជាងមុន សម្ភារច្រើនជាងមុន និងទីបំផុត សុភមង្គលដែលមិនពិតប្រាកដ។ ពីព្រោះយោងទៅតាម ឡៅសុឺ “រក្សាជីវិតដែលអ្នកបាត់បង់របស់ រក្សារបស់ អ្នកបាត់បង់ជីវិត”។ គិតឱ្យស៊ីជម្រៅទៅ អ្វីដែល ឡៅសុឺ កំពុងព្យាយាមបង្រៀនមានអត្ថន័យខ្លាំងណាស់។ ឧទាហរណ៍៖ ការខំប្រឹងធ្វើការខ្លាំងពេក អាចបង្កបញ្ហាសុខភាព ទោះបីរកលុយបានច្រើនក៏ដោយ។ មិនតែប៉ុណ្ណោះអាហារដែលមានតម្លៃ ១ដុល្លារ ឬ អាហារមួយពេលដែលមានតម្លៃ ១០០ដុល្លារ គឺសុទ្ធតែជាអាហារដែលអាចធ្វើឲ្យយើងឆ្អែតដូចគ្នា។ វាអាចធ្វើឱ្យអ្នកសប្បាយចិត្តក្នុងរយៈពេលខ្លី ប៉ុន្តែសុភមង្គលពិតនៅតែចេញពីចិត្តរបស់អ្នក។ ដូច្នេះអ្វីដែលសំខាន់ គឺផ្តោតទៅលើអ្វីៗដែលមានតុល្យភាពនៅក្នុងជីវិត និងគប្បីប្រកាន់ខ្ជាប់នូចផ្នត់គំនិតវិជ្ជមានទើបមានសុភមង្គល។

៣. សេចក្ដីលោភលន់

ផ្នត់គំនិតសំខាន់មួយទៀតរបស់ “លិទ្ធិតៅ” គឺមិនត្រូវមានភាពលោភលន់ជ្រុលពេកក្នុងជីវិតនោះទេ។ ឡៅសុឺ បាននិយាយថា “អ្នកណាដែលប្រកាន់ខ្ជាប់នូវកិត្តិនាម បដិសេធអ្វីដែលមានតម្លៃជាង។ អ្នកដែលចូលចិត្តហាងធំៗ បោះបង់ចោលរដ្ឋដែលមានទ្រព្យសម្បត្តិច្រើនជាង”។ មនុស្សយើងតែងតែមានចិត្ដលោភលន់។ ដោយហេតុនេះ ពួកយើងតែងមានទំនោរមិនសមហេតុផល។ ឧទាហរណ៍៖ មនុស្សតែងតែទៅរកទិញ ឬ យ៉ាងហោចណាស់ចង់បានទូរស័ព្ទស៊េរីថ្មីនៅពេលដែលមានលក់នៅលើទីផ្សារ។ នោះគ្រាន់តែជាផ្នែកតូចមួយនៃការលោភលន់ប៉ុណ្ណោះ ហើយពេលខ្លះការលោភលន់ ឬ ការចង់បាន វាមិនខុសទេ តែវាគួរតែសមស្របទៅនឹងលទ្ធភាពអ្នកផងដែរ។ ទីបំផុត ការលោភលន់ នាំឱ្យមានភាពល្ងង់ខ្លៅដែលបណ្តាលឱ្យមានផលវិបាកអវិជ្ជមានបាន។ លុយអេឡិចត្រូនិច ដូចជា Bitcoin គឺជាឧទាហរណ៍ដ៏ល្អមួយនៃការលោភលន់ ដែលបណ្តាលឱ្យមនុស្សជាច្រើនបាត់បង់ប្រាក់យ៉ាងច្រើន។ ដូច្នេះអ្វីដែល ឡៅសុឺ បានណែនាំនោះ គឺថាប្រជាជនគួរតែមានការគិតរយៈពេលវែង និងវិភាគលទ្ធផលដែលអាចកើតមានមុនពេលធ្វើការសម្រេចចិត្តផ្សេងៗ។

៤. ភាពទន់ភ្លន់

ឡៅសុឺ បានមានប្រសាសន៍ថា “វត្ថុដែលទន់បំផុតនៅលើពិភពលោក អាចយកឈ្នះវត្ថុដែលរឹងបំផុតនៅលើពិភពលោកនេះបាន”។

“នៅលើពិភពលោកគ្មានអ្វីដែលទន់ជាងទឹកឡើយ ប៉ុន្តែគ្មានអ្វីទម្លុះថ្មបានខ្លាំងជាងទឹកនោះឡើយ”។ ពាក្យស្លោកនេះពន្យល់បានថា នៅក្នុងជីវិតពិត វាតម្រូវឱ្យមានភាពត្រជាក់ដើម្បីបញ្ឈប់ភាពក្តៅ។ ឧទាហរណ៍៖ វាត្រូវការទឹកដើម្បីពន្លត់ភ្លើង ចិត្តត្រជាក់ដើម្បីបញ្ឈប់ចិត្តក្ដៅ និងស្ត្រីស្រស់ស្អាតដើម្បីឈ្នះបេះដូងមេទ័ព។ យ៉ាងណាមិញ គ្មានពាក្យស្លោកណាមួយនៅលើពិភពលោក គឺជាច្បាប់នៃមេដៃឡើយ។ ដូចគ្នាទៅនឹងពាក្យស្លោកដែលបានបង្ហាញខាងលើផងដែរ ព្រោះស្ថានភាពខុសគ្នានាំឱ្យមានការឆ្លើយតបខុសគ្នា។ យ៉ាងណាក៏ដោយ អ្វីដែលអាចរៀនពី តៅ តេ ជីង ទាក់ទងនឹងភាពទន់ភ្លន់ គឺមនុស្សយើងគួរប្រកាន់ខ្ជាប់នូវភាពអហិង្សា និងដោះស្រាយបញ្ហាផ្សេងៗដោយសន្តិវិធី។


អត្ថបទទាក់ទង

កត្តាទាំង ៥ ដើម្បីទទួលបានជោគជ័យក្នុង​​ជីវិត

 

Leave a Reply

Your email address will not be published. Required fields are marked *