៣ ជំហ៊ាន ដើម្បីកែប្រែទស្សនវិស័យផ្ទាល់ខ្លួនឲ្យក្លាយជាការពិត
ការបង្កើតទស្សនវិស័យសម្រាប់ជីវិត ផ្តល់នូវទិសដៅ ដើម្បីធ្វើដំណើរទៅមុខ។ គោលដៅវែងឆ្ងាយដែលកើតចេញពីការបង្កើតទស្សនវិស័យជីវិត អាចផ្តល់ភាពច្បាស់លាស់ និងជួយលោកអ្នកឱ្យមើលឃើញកន្លែងដែលត្រូវទៅ។ ជាលទ្ធផល លោកអ្នកអាចងាយស្រួលគ្រប់គ្រងស្ថានការណ៍ដែលកើតឡើងក្នុងជីវិត។
តើមានរឿងអ្វីខ្លះទៅដែលអ្នកគិតថា ជារឿងដែលអស្ចារ្យបំផុត ហើយតែងតែចង់ធ្វើវា ប៉ុន្តែមិនដែលបានធ្វើសោះនោះ? ”ហេតុអ្វីបានជាអ្នកមិនព្រមចាប់ផ្ដើមធ្វើវាទៅ?”។ ប្រសិនបើអ្នកមានបំណងពិតប្រាកដ នៅក្នុងការកែប្រែសុបិន្ដរបស់ខ្លួនដែលធ្លាប់មានជាយូរនោះ ឲ្យក្លាយទៅជាការពិត ខាងក្រោមនេះជាចំណុចសំខាន់ៗ ៣ ដែលនឹងជួយឲ្យទស្សនៈវិស័យរបស់ខ្លួនក្លាយទៅជាសកម្មភាពបាន៖
១. ស្គាល់ច្បាស់ពីគោលដៅរបស់ខ្លួន
អ្វីៗត្រូវចាប់ផ្ដើមពីប្រយោគមួយឃ្លានេះឯងនោះគឺ៖ “អ្នកត្រូវតែជឿជាក់ និងមើលឃើញពីគោលដៅរបស់ខ្លួនឲ្យបានច្បាស់”។ ប្រសិនបើលទ្ធផលចុងក្រោយ ហាក់មានភាពស្រពិចស្រពិល សម្រាប់អ្នកដោយប្រការណាមួយក្ដី នោះអ្នកនឹងមានការលំបាកនៅក្នុងការសម្រេចគោលដៅទាំងនោះ។ មនុស្សភាគច្រើន ជារឿយៗ តែងតែគិតថា វាគ្មានសារៈសំខាន់ ហើយមិនបានចំណាយពេលវេលាឲ្យបានគ្រប់គ្រាន់ នៅក្នុងការកំណត់នូវគោលដៅ ក៏ដូចជាធ្វើការកំណត់និយមន័យនៃភាពជោគជ័យសម្រាប់ខ្លួនឯងនោះទេ។
មនុស្សម្នាក់ៗ គឺមានវិធីពីរយ៉ាងនៅក្នុងការរៀបចំផ្លូវចិត្តរបស់ខ្លួន ពេលដែលពួកគេជួបប្រទះនូវបញ្ហាណាមួយ។ ជាឧទាហរណ៍ ប្រសិនបើអ្នកមានបំណងចង់ឡើងទៅលើ កំពូលភ្នំដ៏សែនខ្ពស់មួយ អ្នកអាចគិត ហើយសួរខ្លួនឯងបាននូវចំណុចទាំងពីរខាងក្រោមនេះ៖
- ទីមួយ៖ អ្នកគិតថាខ្លួនឯងឈរនៅត្រឹមជើងភ្នំ ហើយសម្លឹងទៅកាន់កំពូលភ្នំ។ បែបនេះ អ្នកនឹងមិនអាចមើលឃើញកំពូលភ្នំបាននោះទេ ពីព្រោះនៅត្រឹមពាក់កណ្ដាលផ្លូវទៅកាន់កំពូលភ្នំ គឺមានអ័ព្ទ និងព្រៃឈើជាច្រើន ដែលនឹងធ្វើឲ្យអ្នកពិបាកក្នុងការស្វែងរកផ្លូវឡើងទៅខាងលើ។ ឬអ្នកអាចគិតម៉្យាងទៀត…
- ទីពីរ៖ អ្នកគិតថា ខ្លួនឯងបានឡើងមកដល់ ព្រមទាំងឈរនៅលើកំពូលភ្នំរួចទៅហើយ។ បែបនេះ អ្នកអាចសម្លឹងមើលទៅខាងក្រោម ហើយចាប់ផ្ដើមសួរខ្លួនឯងថា “តើអ្នកបានឆ្លងកាត់ឧបសគ្គ និងបានដើរប៉ុន្មានជំហានទើបអាចមកដល់ទីនេះបាន?”
ឆ្លងតាមឧទាហរណ៍ខាងលើនេះ អាចឲ្យយើងមើលឃើញបានថា ប្រសិនបើយើងជ្រើសរើសគិតតាមរបៀបទីមួយ នោះយើងនឹងមិនអាចមើលឃើញពីគោលដៅរបស់យើងបានច្បាស់លាស់នោះទេ មិនតែប៉ុណ្ណោះវាថែមទាំងធ្វើឲ្យយើងបែរជាមើលឃើញពីឧបសគ្គយ៉ាងច្រើនទៅវិញ។ ក៏ប៉ុន្តែប្រសិនបើយើងជ្រើសរើសគិតតាមរបៀបទីពីរវិញ (ហើយគិតថាខ្លួនឯង បានទទួលជោគជ័យដែលខ្លួនចង់បានរួចទៅហើយ) នោះនឹងធ្វើឲ្យយើងកាន់តែជឿជាក់ កាន់តែមើលឃើញពីគោលដៅរបស់ខ្លួនបានយ៉ាងច្បាស់ ហើយអាចធ្វើឲ្យយើងមានលទ្ធភាពរៀបចំខ្លួន ក៏ដូចជាមើលឃើញពីគម្រោងការ ឬសកម្មភាពនានាដែលយើងត្រូវធ្វើ ដើម្បីសម្រេចគោលដៅនោះឲ្យបាន វាប្រៀបបីដូចជាសំណួរដែលយើងបានសួរខ្លួនឯង ពីចំនួនជំហានដែលយើងបានដើរឡើងលើកំពូលភ្នំយ៉ាងដូច្នោះដែរ។
២. ជឿជាក់លើគោលដៅ និងក្ដីសុបិន្ដរបស់ខ្លួនយ៉ាងងប់ងល់
ការជឿជាក់យ៉ាងងប់ងល់ និងខ្លាំងក្លា ទៅលើក្ដីសុបិន្ដ ព្រមទាំងគោលដៅរបស់ខ្លួន នឹងធ្វើឲ្យអ្នកទទួលបាននូវគោលបំណងពិតប្រាកដ មានការលះបង់ ទទួលបាននូវទិសដៅច្បាស់លាស់ និងភាពអំណត់អត់ធ្មត់ ដើម្បីសម្រេចវាឲ្យទាល់តែបាន។
៣. ដេញតាមគោលដៅទាំងនោះយ៉ាងក្លៀវក្លា
ទស្សនៈវិស័យ នឹងផ្ដល់ជារូបភាពស្រមើស្រមៃ ហើយមហិច្ឆតា ជាអ្នកបញ្ឆេះនូវគោលបំណង ប៉ុន្តែមានតែសកម្មភាពតែមួយមុខប៉ុណ្ណោះ ដែលអាចធ្វើឲ្យអ្នកសម្រេចបាននូវគោលដៅដែលស្ថិតនៅក្នុងក្ដីស្រមៃរបស់អ្នកបាន។
ដំណឹងល្អនោះគឺ៖ នៅពេលដែលអ្នកមានទស្សនៈវិស័យច្បាស់លាស់ ហើយអ្នកមានការជឿជាក់ទៅលើវា នៅពេលនោះសកម្មភាពដែលអ្នកធ្វើ នឹងក្លាយទៅជាចំណង់ចំណូលចិត្ត និងការកំសាន្ដទៅវិញ ហើយមិនមែនជាការបំពេញការងារនោះទេ។
សម្រាប់ចុងបញ្ចប់នេះ យើងមានសំណួរមួយចំនួនដែលចង់សួរអ្នក៖
- តើអ្នកមានទស្សនៈវិស័យ ឬក្ដីសុបិន្ដបែបណា?
- ហើយអ្វីដែលជាមូលហេតុដែលមិនអាចធ្វើឲ្យអ្នកសម្រេចចិត្តធ្វើវា?
- ហើយប្រសិនបើអ្នកអាចធ្វើវាបាន តើអ្នកនឹងទទួលបានអ្វី?
សូមឆ្លើយសំណួរទាំងអស់នេះឲ្យចេញ ពេលនោះអ្នកពិតជាអាចស្គាល់ និងកាន់តែមានជំនឿចិត្តចំពោះខ្លួនឯងថែមទៀត ហើយមិនត្រឹមតែប៉ុណ្ណោះ វាគឺពិតជាអាច កែប្រែក្ដីសុបិន្តរបស់ប្រិយមិត្ត អោយក្លាយមកជាការពិត បានយ៉ាងពិតប្រាកដ។
អត្ថបទទាក់ទង
ហេតុផលសំខាន់ៗចំនួន ៣ ដែលបញ្ជាក់អំពីសារៈសំខាន់នៃទស្សនវិស័យក្នុងជីវិត