គន្លឹះសំខាន់ៗចំនួន ១០ ដើម្បី​​និយាយ​ជា​សាធារណៈ​​ឲ្យបាន​ល្អ​ និង​មាន​គេ​ចាប់​អារម្មណ៍​ច្រើន​​

ការនិយាយជាសាធារណៈ គឺជាមធ្យោបាយដ៏ល្អមួយក្នុងការកសាងការអភិវឌ្ឍផ្ទាល់ខ្លួនលើកម្រិតជាច្រើន ពីព្រោះការកែលម្អជំនាញទំនាក់ទំនងមានប្រយោជន៍ស្ទើរតែគ្រប់វិស័យនៃជីវិត។

  • បង្កើនការនិយាយឲ្យកាន់តែប្រសើរ
  • បង្កើនទំនុកចិត្តក្នុងការនិយាយ
  • បង្កើនការ​ត្រិះរិះ​ពិចារណាស៊ីជម្រៅ
  • បង្កើនការអភិវឌ្ឍផ្ទាល់ខ្លួន
  • បង្កើនបន្ថែមនូវជំនាញទំនាក់ទំនង
  • បង្កើនការទំនាក់ទំនងសង្គមថ្មី
  • បង្កើនការពេញចិត្តផ្ទាល់ខ្លួន
  • បង្កើនពង្រីកបណ្តាញជំនាញវោហារស័ព្ទរបស់អ្នក
  • បង្កើនជំនាញភាពជាអ្នកដឹកនាំ
  • បង្កើនភាពរឹងមាំផ្លូវចិត្តក្នុងការនិយាយជាសាធារណ:

អត្ថប្រយោជន៍នៃការនិយាយជាសាធារណៈទាំងនេះ ធ្វើឱ្យអ្នកចេញពីតំបន់សុខស្រួលរបស់អ្នក និងផ្តល់នូវសុន្ទរកថាពិតជាមានតម្លៃ។ អ្នកនឹងមានការភ័យខ្លាចពីរបីដងដំបូងដែលអ្នកនិយាយ ទោះបីជាយ៉ាងណាក៏ដោយអ្នកនឹងរៀនរីករាយនឹងបទពិសោធន៍។

ទោះជាយ៉ាង ការ​និយាយ​ជា​សាធារណៈ​ គឺ​ជា​​បញ្ហា​មួយ​ដែល​យុវជន​ភាគ​ច្រើន​បាន​ជួប​ប្រទះ​ ហើយ​អ្នក​ខ្លះ​មិន​ទាំង​ហ៊ាន​ឈរ​លើ​ឆាក​នៅ​ចំពោះ​មុខ​​អ្នក​ស្ដាប់​​ជា​ច្រើន​នាក់​​ទៀត​ផង​។​ ​​ដើម្បី​កែ​លម្អនូវ​ចំណុច​ខ្វះ​ខាត​ទាំង​នេះ​​​​ អ្នក​អាច​សាក​ល្បង​​អនុវត្ត​​​វិធីសាស្ត្រ​មួយ​ចំនួន​ដូច​ខាង​ក្រោម​៖​

១.​ ​ត្រៀម​ខ្លួន​​​ និងអនុវត្ត​ជា​ប្រចាំ​ ​​

​ពិត​ណាស់​ ​គ្មាន​អ្វី​ដែល​ល្អ​ជាង​ការ​ត្រៀម​​ខ្លួន​​​ជា​មុន​ឲ្យ​បាន​ល្អ​នោះ​ទេ​។​ ​ការ​កត់​ត្រា​នូវ​ពាក្យ​ ឬឃ្លា​សំខាន់ៗ​ នឹង​ជួយ​ដល់​អ្នក​ក្នុង​ការ​និយាយ​ជា​សាធារណៈ​ប្រកប​ដោយ​​ភាព​ត្រឹម​ត្រូវ និងច្បាស់​លាស់​​​។​ បន្ទាប់​មក​​ អ្នក​អាច​អនុវត្ត​ការ​និយាយ​ម្នាក់​ឯង​នៅ​ពី​មុខ​​កញ្ចក់​ ​ពី​មុខ​កាមេរ៉ា​ ឬឲ្យ​មិត្ត​ភក្តិ​ជួយ​ស្ដាប់​ ដើម្បី​ឲ្យយោបល់​ជា​ដើម​​។​

២.​ ស្គាល់​ពី​អ្នក​ស្ដាប់ ​

អំឡុង​ពេល​នៃ​ការ​និយាយ​ ​អ្នក​ត្រូវ​​​ផ្ដោត​អារម្មណ៍​​សំខាន់​​ទៅ​កាន់​អ្នក​ស្ដាប់​ជា​ជាង​ខ្លួន​ឯង​។​ ​ស្គាល់​ពី​កម្រិត​នៃ​ការ​ចេះ​ដឹង​របស់​ពួក​គេ​ ដូច​នេះ​​​អ្នក​នឹង​​មាន​ភាព​​ងាយ​ស្រួល​ក្នុង​ការ​​ជ្រើស​រើស​​ពាក្យ​​ និងភាសា​នៃ​ការ​និយាយ​ ដើម្បី​ឲ្យ​​មាន​លក្ខណៈ​ស៊ី​គ្នា​​​​។​

៣.​ ​លើក​ឡើង​ពី​គោល​បំណង ​​

​អ្នក​គួរ​ព្រាង​ទុក​​នូវ​ប្រធាន​បទ​ដែល​អ្នក​​នឹង​​ត្រូវ​និយាយ​ ប្រាប់​ពី​គោល​បំណង​ទូទៅ​ គោល​បំណង​ជាក់​លាក់​ និងចំណុច​សំខាន់​ៗ​​មួយ​ចំនួន​ដែល​ត្រូវ​លើក​ឡើង​​។​ ជា​ពិសេស​​ ត្រូវ​​ធ្វើ​យ៉ាង​ណា​ឲ្យ​អ្នក​ស្ដាប់​​អាច​ចាប់​អារម្មណ៍​ទៅ​លើ​អ្នក​បាន​​​ក្នុង​ពេល​​​ ៣០​វិនាទី ​ដំបូង​នៃ​ការ​ថ្លែង​​។​

៤​. ​ស្ដាប់​​ការ​ឲ្យ​យោបល់​ពី​អ្នក​ដទៃ

​​អ្នក​ត្រូវ​ចេះ​​​ស្ដាប់​យោបល់​​ពី​អ្នក​ដទៃ​ ​ហើយ​ព្យាយាម​​កែ​លម្អ​ខ្លួន​​ឲ្យមាន​ភាព​ប្រសើរ​ឡើង​។ ត្រូវចេះ​បត់​បែន​តាម​ស្ថាន​ការ​តាម​រយៈ​ការ​វាស់​ស្ទង់​ពី​ទឹក​ចិត្ត​របស់​អ្នក​ស្ដាប់​ចំពោះ​ខ្លួន​អ្នក​។​​​​

៥.​ ធ្វើ​តាម​​ធម្មជាតិ​របស់​ខ្លួន ​​

អ្នក​ត្រូវ​និយាយ​តាម​របៀប​ខ្លួន​ឯង​ ស្ទីល​ខ្លួន​ឯង​ ដោយ​មាន​​​ទំនុក​ចិត្ត​។​ ការ​ធ្វើ​បែប​នេះ​ នឹង​​នាំ​​ឲ្យ​​អ្នក​ស្ដាប់​​អាច​ជឿ​​ជាក់​ ហើយ​ផ្ដល់​តម្លៃ​ដល់​រូប​អ្នក​ជា​មិន​ខាន​។

​៦.​ ប្រើ​ភាសា​ដែល​មាន​ឥទ្ធិពល​ ​​

អំឡុង​​ពេល​នៃ​ការ​និយាយ​ ​អ្នក​អាច​​​លាយ​បញ្ចូល​នូវ​ពាក្យ​កំប្លែង​មួយ​ចំនួន​ដើម្បី​បង្ក​ភាព​រីក​រាយ​ កុំ​ឲ្យ​ធុញ​។​ មិន​តែ​​ប៉ុណ្ណោះ​​ អ្នក​អាច​​និទាន​រឿង​ផ្ទាល់​ខ្លួន​​​ល្អ​ៗ​ ​ដើម្បី​ជា​ការ​​អូស​ទាញ​អារម្មណ៍​​របស់​អ្នក​ស្ដាប់​ឲ្យ​​ស្លុង​​តាម​អ្នក​ជានិច្ច​។​​

៧.​ កុំ​និយាយ​តាម​របៀប​អាន

អ្នក​គួរ​ចេះ​​កត់​ទុក​នូវ​ចំណុច​សំខាន់​ៗ​ដែល​អ្នក​នឹង​​ត្រូវ​និយាយ​​​ ប៉ុន្តែ​មិន​ត្រូវ​អាន​នោះ​ឡើយ​។​ ជា​ការ​ប្រសើរ​ គឺ​ត្រូវ​ព្យាយាម​ប្រើ​ក្រសែ​ភ្នែក​​ជាប់​ជាមួយ​នឹង​អ្នក​ស្ដាប់​​​នៅ​​ពី​ខាង​មុខ​របស់​អ្នក​​។​​​ ​តែ​បើ​ក្នុង​ករណី​ដែល​ខាន​មិន​បាន​ អ្នក​អាច​អាន​បាន​ខ្លះ​ៗ​ ប៉ុន្តែ​កុំ​ពឹង​លើ​វា​​ទាំង​ស្រុង​ពេក​។​

៨.​ ប្រើ​ការ​លើក​ដាក់​សំឡេង​ និងកាយ​វិការ​

ការ​លើក​ដាក់​សំឡេង និង​​​ប្រើ​កាយ​វិការ​​ជំនួយ​​ គឺ​ជា​សារ​ដ៏​មាន​ឥទ្ធិពល​មួយ​ ​សម្រាប់​​ឲ្យ​អ្នក​ស្ដាប់​ងាយ​តាម​ដាន​នូវ​​​​ចំណុច​សំខាន់​ៗ​ដែល​អ្នក​ចង់​ប្រាប់​ទៅ​កាន់​ពួក​គេ។​​​​

៩​. បញ្ចប់​​​ការ​និយាយ​សង្ខេប​អត្ថន័យ​

មុន​នឹង​​បញ្ចប់​ការ​និយាយ​ជា​សាធារណ​របស់​អ្នក​ អ្វី​ដែល​ល្អ​ គឺ​​អ្នក​គួរ​តែ​សង្ខេប​នូវ​អត្ថន័យ​ជា​រួម​មួយ និង​​សម្រង់​ពាក្យ​ល្អ​ៗ​របស់​អ្នក​ ​សម្រាប់​ផ្ដល់​​ឱកាស​ឲ្យ​អ្នក​ស្ដាប់​​អាច​ចង​ចាំ​​នៅ​នាទី​ចុង​ក្រោយ​។

១០.​ ​ប្រើ​ឧបករណ៍​បញ្ចាំង​

ការ​ប្រើ​ប្រាស់​ឧបករណ៍​ជំនួយ​​ដើម្បី​បញ្ចាំង​នូវ​ព័ត៌មាន​មួយ​ចំនួន​បន្ថែម​ក៏​មាន​​​សារប្រយោជន៍​​ផង​​ដែរ​​។​ ឧបករណ៍​ទាំង​នោះ​មាន​ដូច​ជា​ LCD Projector, Smart TV, Computer, VCD Player ជា​ដើម​។


អត្ថបទទាក់ទង

អ្នកដឹកនាំដ៏អស្ចារ្យ គឺជាអ្នកស្តាប់ដ៏ពូកែ!

 

Leave a Reply

Your email address will not be published. Required fields are marked *