មេរៀនជីវិតទាំង ១០ ដែលយើងអាចរៀនពីដើមឈើ

តើដើមឈើបង្រៀនយើងអ្វីខ្លះអំពីជីវិត? ចាស់ៗខ្មែរបានអប់រំទូន្មានក្មេងៗជំនាន់ក្រោយថា៖

  • ដើមឈើ​ គឺជា​ជម្រក​យ៉ាង​ត្រជាក់ត្រជំ​សម្រាប់​មនុស្ស និង​សត្វ​ ដូច​ជាដើមឈើ​នៅ​តាម​ព្រៃ​ភ្នំ​ជា​ជម្រក​របស់​សត្វព្រៃ​ទាំងឡាយ​ជ្រក​អាស្រ័យ​។ ចំណែក​រុក្ខជាតិ​ដែល​ដុះ​ក្នុងស្រុក ជា​ជម្រក​របស់​សត្វស្រុក​ទាំងឡាយ និង​ជា​ជម្រក​របស់​មនុស្ស​ផង​។ ឯ​ដើមឈើ​ណា​ដុះ​នៅ​តាម​ដងផ្លូវ គឺជា​ទីពឹង​របស់​អ្នកដំណើរ​ចូល​ទៅ​ជ្រក​សម្រាកកាយ បរិភោគ​អាហារ​ដោយ​ក្តី​រីករាយ​នៅ​ក្រោម​ម្លប់ឈើ​នោះ។
  • ដោយឡែក​ដើមឈើ​ណា​ដែល​ព្រះសង្ឃ ឬ​ពុទ្ធបរិស័ទ​បាន​ដាំ​នៅ​ក្នុង​ទី​អារាម គឺជា​ដើមឈើ​ដែល​មាន​ប្រយោជន៍​សម្រាប់​ព្រះសង្ឃ​ផង ពុទ្ធបរិស័ទ​ទាំង​ ៨​ទិស ​ផង​ចូល​មក​ជ្រក​ក្រោម​ម្លប់ឈើ​ដ៏​ត្រជាក់ រីករាយ​នឹង​ការ​បំពេញ​បុណ្យ​កុសល​ផ្សេង​ៗ។
  • ឈើ​ខ្លះ​មាន​ផ្កា មាន​ផ្លែ និង​ស្លឹក​ជា​អាហារ​របស់​មនុស្ស​សត្វ​ទាំងឡាយ​ដូច​ជា ដើម​ដូង ដើម​ត្នោត ដើម​មៀន ដើម​ស្វាយ ដើម​អង្គាដី ម្រុម​ជាដើម រុក្ខជាតិ​ទាំងនេះ​មាន​ប្រយោជន៍​ណាស់​សម្រាប់​មនុស្ស​សត្វ​ទាំងឡាយ និង​ជា​អាហារ​យ៉ាង​ពិសេស​ផង។
  • បើ​បុគ្គល​ណា​បាន​ដាំ​ដើមឈើ​ទោះជា​នៅ​ទីណា​ក្តី​រមែង​បាន​ប្រ​យោ​ជ​ន៏​ដល់​មនុស្ស​សត្វ​ទូទៅ និង​បាន​ជាទី​រាប់អាន​នៃ​អ្នកផង​ទាំងពួង​តែង​និយាយ​ថា អ្នក​ដាំ​ដើមឈើ​នេះ​គឺជា​អ្នកមាន​មេត្តា មាន​ករុណា និង​មាន​បញ្ញា​វាងវៃ ទើបបាន​ថែរក្សា​ដើមឈើ​ទាំងនេះ​ទុក​ឲ្យ​ជា​ប្រយោជន៍​ដល់​មនុស្ស​សត្វ​ទូទៅ​។ អ្នក​ដាំ​ដើមឈើ​ជា​ទាន​ទៅ​ក្នុង​បរលោក រមែង​បាន​នូវ​សម្បត្តិ​មនុស្ស​ និង​សម្បត្តិ​ទេវតា និង​រួច​ផុត​ចាក​ទុក្ខ​ទាំងពួង។
  • បុគ្គល​យល់​ពី​អត្ថប្រយោជន៍​នៃ​ដើមឈើ​ហើយ គប្បី​នាំ​គ្នា​ដាំ​ដើមឈើ និង​ជួយ​ថែរក្សា​ព្រៃឈើ​ឲ្យ​បាន​គង់វង្ស ដើម្បី​ជា​ប្រយោជន៍​សម្រាប់​យើង​ទាំងអស់​គ្នា ព្រោះ​ដាំ​ដើមឈើ​មួយ​ដើម ដូច​បាន​ធ្វើ​ផ្ទះ​មួយ​ខ្នង​ឲ្យ​ទៅ​ជា​ទាន​អ៊ីចឹង​ដែរ។

សម្រាប់ខ្ញុំ ខ្ញុំចូលចិត្តចំណាយពេលជាមួយដើមឈើ ព្រោះដើមឈើប្រាប់ខ្ញុំអំពីអ្វីដែលសំខាន់ក្នុងជីវិតមនុស្សដូចខាងក្រោម៖

១. ដើម្បីរឹងមាំ ត្រូវមានឬសចាក់ចូលជ្រៅ

ដើមឈើដែលរឹងមាំ ព្រោះឬសរបស់វាចាក់ចូលជ្រៅ ឬបែកស្ញែងច្រើន ជាពិសេសនៅពេលមានខ្យល់ ដោយឬសរបស់វាព្យាយាមទប់ដោយចាក់កាន់តែជ្រៅ។ ដូចគ្នាមនុស្សដែលរឹងមាំ កើតឡើងនៅពេលគាត់មានមូលដ្ឋានគ្រឹះច្បាស់លាស់ ហើយរឹងមាំ។

២. ដើមឈើរីកធំឡើង ត្រូវការពេលវេលាច្រើន

គ្មានដើមឈើដែលរឹងមាំខ្លាំង ធំលឿនក្នុងរយៈពេលខ្លីនោះទេ វាត្រូវការពេលវេលា ត្រូវការភាពអត់ធ្មត់។ វាបង្រៀនយើងថា បើយើងចង់រីកចម្រើន យើងត្រូវស៊ូទ្រាំអត់ធ្មត់ កុំបោះបង់ចោល។

៣. ដើមឈើកាន់តែរឹងមាំ នៅពេលវាផ្ដុំគ្នាជាក្រុម

វាបង្រៀនយើងកុំឲ្យអួតខ្លួន ដោយព្យាយាមរស់នៅតែម្នាក់ឯង។ បើយើងរួបរួមគ្នាជាមនុស្ស ឬជាក្រុមការងារ យើងនឹងជួយគ្នាឲ្យកាន់តែរឹងមាំដូចដើមឈើដែលវារស់នៅជាក្រុមអញ្ចឹងដែរ។​

៤. ដើមឈើបង្កើតផលផ្លែបានច្រើន ហើយរីកធំជាងមុននៅពេលវានៅជាប់ទឹក

វាបង្រៀនមនុស្សយើងឲ្យនៅជាប់នឹងប្រភពទឹក។ តើអ្វីជាប្រភពរបស់អ្នក? វាអាចជាសៀវភៅ សាលារៀន មិត្តភ័ក្រ្តដែលតែងតែជួយគាំទ្រអ្នកដើម្បីឲ្យអ្នកជោគជ័យ ហើយបង្កើតផ្លែផ្កា។ ដូច្នេះនៅឲ្យជាប់នឹងប្រភព ដោយរាប់អានជាមួយមនុស្សមានប្រាជ្ញា ព្រោះរាប់អានជាមួយមនុស្សមានប្រាជ្ញានាំឲ្យខ្លួនយើងមានប្រាជ្ញាដែរ។

៥. ដើមឈើបង្កើតផលផ្លែច្រើន នៅពេលយើងលួសមែកខ្លះចោល

ការលួសមែកបណ្ដាលឲ្យមានការឈឺចាប់ ប៉ុន្តែបន្ទាប់ពីការឈឺចាប់ គឺការបង្កើតផលផ្លែ។ វាបង្រៀនយើងថា បើយើងចង់បង្កើតផលផ្លែក្នុងជីវិត យើងត្រូវកាត់អ្វីមួយចំនួនក្នុងជីវិតរបស់យើងចោល ដូចជាភាពខ្ជិលច្រអូស ទម្លាប់ចាំសិន ជាដើម។ វាប្រហែលជាធ្វើឲ្យយើងឈឹចាប់បន្តិច ប៉ុន្តែបន្ទាប់មកទើបយើងអាចបង្កើតផ្លែបាន។

៦. អ្វីដែលយើងមើលឃើញ មានជីវិតដោយសារអ្វីដែលយើងមើលមិនឃើញ

ដូចដើមឈើ វាមានជីវិតដោយសារឬសដែលនៅខាងក្នុង ហើយយើងមើលមិនឃើញ។ វាប្រៀបបីដូចជាការគិតរបស់មនុស្សម្នាក់ដែលយើងមើលមិនឃើញ ប៉ុន្តែវាបង្កើតផលផ្លែដែលយើងមើលឃើញ។ ការគិតរបស់យើង គឺពិតជាសំខាន់ខ្លាំងណាស់ បើយើងរៀនអភិឌ្ឍន៍ការគិតរបស់យើង ជីវិតរបស់យើង ក៏រីកចម្រើនដែរ។

៧. ដើមឈើផ្ដល់ផ្លែ ជាកន្លែងជ្រកកោនរបស់សត្វ និងជាម្លប់ដល់មនុស្ស

ដើមឈើចេះមានផលផ្លែរបស់វា ចុះមនុស្សវិញ? នេះជាសំណួរដែលយើងត្រូវសួរខ្លួនយើង ថាតើយើងចង់បានផលផ្លែឬទេ? តើយើងបានធ្វើអ្វីខ្លះ ដើម្បីជួយសង្គម? ជួយមនុស្សដែលនៅជុំវិញយើង? វាបង្រៀនយើងឲ្យចេះបម្រើ និងបង្កើតផលផ្លែសម្រាប់មនុស្សជំនាន់ក្រោយបន្តវេន។​

៨. ស្លឹកឈើជ្រុះមិនឆ្ងាយពីគុល

វាបង្រៀនមនុស្សឲ្យយល់អំពីការប្រុងប្រយ័ត្នក្នុងការបង្ហាញគំរូមិនល្អដល់កូនចៅជំនាន់ក្រោយរបស់យើង។ បើយើងរីកចម្រើន កូនរបស់យើងក៏រីកចម្រើន បើយើងបង្ហាញគំរូល្អ កូនចៅរបស់យើងក៏ល្អដែរ បើយើងអានសៀវភៅ ខ្ញុំជឿថា កូនចៅរបស់យើង ក៏អាចរៀនអានសៀវភៅពីយើងដែរ។

៩. ដើមឈើមិនរីកចម្រើន ហើយមិនបង្កើតផលផ្លែដោយសារមេរោគ និងសត្វចង្រៃ

បើយើងមិនបំផ្លាញមេរោគ និងសត្វចង្រៃក្នុងដើមរបស់យើងទេ​ នោះពួកវានឹងព្យាយាមបំផ្លាញយើង បំផ្លាញផលផ្លែរបស់យើង។ វាបង្រៀនឲ្យចេះសួរខ្លួនឯង ថាតើមេរោគ ឬសត្វចង្រៃដែលកំពុងតែទុំដើមរបស់យើង។ វាអាចជាមិត្តភ័ក្រ្តដែលនាំយើងទៅប្រព្រឹត្តអំពើអាក្រក់ ឬបរិយាកាសដែលនាំឲ្យមិនរីកចម្រើន ឬទម្លាប់អាក្រក់របស់យើងជាដើម។ បើអ្នកស្វែងរកឃើញនូវមេរោគ និងសត្វចង្រៃ ចូរបំផ្លាញវាទៅ មុនពេលវាបំផ្លាញជីវិតរបស់អ្នក។

១០. ដើមឈើវាដើរតាមរដូវកាលរបស់វា

យើងមិនអាចបង្ខំដើមឈើនោះទេ គឺវាមានវដ្តរបស់វា។ មានរដូវកាលខ្លះ​ ដែលគេហៅថារដូវស្លឹកឈើជ្រុះ រដូវបង្កើតផល រដូវស្ងួតហួតហែង រដូវនៃការរង់ចាំ រដូវនៃការសម្បូរសប្បាយជាដើម។ មនុស្សក៏ដូចគ្នា យើងនឹងមានពេលដែលយើងធ្លាក់ចុះ មានពេលដែលយើងរីកចម្រើន មានពេលដែលយើងកើត ហើយមានពេលដែលយើងស្លាប់។ វាបង្រៀនយើងឲ្យរស់នៅសម្រាប់ឥឡូវ កុំខ្វល់ខ្វាយច្រើន កុំព្រួយបារម្ភច្រើនពេក ព្រោះយើងដឹងថាវាគ្រាន់តែជារដូវកាលមួយរយៈប៉ុណ្ណោះ។


អត្ថបទទាក់ទង

មេរៀនសំខាន់ៗចំនួន ៤ ដកស្រង់ចេញពីសៀវភៅ តៅ តេ ជីង (Tao Te Ching) របស់ ឡៅសុឺ

Leave a Reply

Your email address will not be published. Required fields are marked *