វិធីសាស្ត្រទាំង ១២ ជួយឱ្យអ្នកមានក្ដីសុខសុភមង្គលច្រើនជាងមុន

កើតមកជាមនុស្ស មានសុខទុក្ខឡូកឡំគ្នា​ វាគឺជារឿងធម្មតានៃជីវិតទៅហើយ តែយ៉ាងណាក៏ដោយ យើងក៏មិនអាចនៅឱបក្រសោបសេចក្ដីទុក្ខគ្រប់ពេលវេលានោះដែរ។ មនុស្សខ្លះ គិតតែកើតទុក្ខ មិនព្រមផ្ដល់ឱកាសឱ្យខ្លួនឯងស្វែងរកក្ដីសុខឱ្យខ្លួនឯងទាល់តែសោះ។

ជាការពិត សុភមង្គល មិនមែនជាវត្ថុ ដែលអាចចាប់យកបាន ព្រោះវាគឺជាអារម្មណ៌ ឬជាសញ្ចេតញ្ញាណដែលកើតឡើងក្នុងចិត្តបុគ្គលម្នាក់ៗ។ វាគ្រាន់តែជាជាអារម្មណ៌ដែលអាចជំរុញសភាវៈឲ្យអាចទទួលយករឿងរ៉ាវផ្សេងៗតាមរយៈឥន្ទ្រីយ៌តែប៉ុណ្ណោះ។

បើវែកញែកពាក្យ សុភមង្គល គឺវាមកពីពាក្យផ្សំពីរគឺ សុភៈ + មង្គល ជាពាក្យបាលីសំស្រ្តឹត។ សុភៈ មានន័យថា ល្អ ភាពប្រសើរ ឯពាក្យ មង្គល មានន័យថា ភាពរុងរឿង ភាពមិនមានមន្ទិល។ បូកបញ្ចូលពាក្យទាំងពីរបានជា សុភមង្គល មានន័យថា ភាពសុខសាន្តរុងរឿង ដ៏ល្អប្រសើរ។

​យ៉ាងណាមិញ ខាងក្រោមនេះ គឺជាវិធីសាស្ត្រទាំង ១២ ជួយឱ្យអ្នកមានក្ដីសុខសុភមង្គលច្រើនជាងមុន។

១. ថែសុខភាពខ្លួនឯងឱ្យបានល្អ

សុខភាព គឺជារឿងសំខាន់នៅក្នុងជីវិត មិនថាអ្នកមានលុយច្រើនប៉ុនណាទេ មនុស្សដែលគ្មានសុខភាពល្អ រាងកាយមិនមាំទាំ ការរស់នៅក៏គ្មានក្ដីសុខដែរ ដូច្នេះហើយ ត្រូវតែថែរក្សាសុខភាពខ្លួនឯងឱ្យបានល្អ នៅពេលដែលយើងមានសុខភាពល្អ យើងក៏អាចរីករាយនឹងជីវិត អាចធ្វើរឿងដែលយើងចង់ធ្វើ អាចញុំាអ្វីដែលយើងចង់ញុំាបានដោយសប្បាយចិត្តមិនខាន។

២. ព្យាយាមញញឹមឱ្យបានច្រើន

ស្នាមញញឹម គឺជាឱសថទិព្វ ដែលអាចព្យាបាលអារម្មណ៍តានតឹង មិនថាចំពោះខ្លួនយើង ឬមនុស្សក្បែរខ្លួនឡើយ។ ញញឹមឱ្យច្រើនៗទៅ ស្នាមញញឹមមិនត្រូវការយកលុយទៅទិញនោះទេ វាជារបស់ Free តែអាចនាំមកនូវសេចក្ដីសុខ និងសំណាងមកឱ្យយើងវិញថែមទៀត។ ត្រូវចាំថា មានស្នាមញញឹម ទើបជីវិតមានហុងស៊ុយ មានពន្លឺរស្មី មើលតែអ្នករកស៊ីទៅដឹងហើយ មនុស្សចេះញញឹម ទើបមានម៉ូយច្រើន រកស៊ី លក់ដូរអីក៏ដាច់ដែរ មានតែអ្នកស្រឡាញ់ចូលចិត្ត។

៣. ស្រឡាញ់ខ្លួនឯងឱ្យបានច្រើន

ច្បាស់ណាស់ ​មនុស្សយើងម្នាក់ៗ ត្រូវតែចេះស្រឡាញ់ខ្លួនឯង មើលថែខ្លួនឯងឱ្យបានល្អ ការស្រឡាញ់ខ្លួនឯង មិនមែនជាភាពអាត្មានិយមនោះឡើយ តែនៅពេលដែលយើងចេះស្រឡាញ់ខ្លួនឯង យើងនឹងមើលឃើញពីតម្លៃរបស់ខ្លួនឯង ដូច្នេះមិនខ្វល់ថា អ្នកណាមិនស្រឡាញ់យើងនោះឡើយ សំខាន់ យើងអាចស្រឡាញ់ និងមើលថែខ្លួនឯងបានល្អ។

៤. ដឹងអ្វីដែលគួរដឹង

ការយល់ ការដឹង គឺជារឿងល្អ តែយ៉ាងណាក៏ដោយ មានរឿងខ្លះដែលយើងដឹងហើយ មានតែនាំទុក្ខឱ្យខ្លួនឯងតែប៉ុណ្ណោះ ដូច្នោះហើយ កុំដឹងអីល្អជាង មានរឿងជាច្រើន យើងមិនសមនឹងដឹង រឹតតែមិនសមនឹងយកខ្លួនឯងទៅពាក់ព័ន្ធនោះឡើយ ​ត្រូវចាំថា ​​ការដឹងច្រើនឮច្រើន ជាពិសេសរឿងអ្នកដទៃ គឺមានផលអ្វីល្អសម្រាប់ខ្លួនឯងទេ ដឹងរឿងគេច្រើនពេក ខាតទាំងពេល ​​​​​​ថែមទាំងធ្វើឱ្យខ្លួនឯងបាត់បង់ក្ដីសុខថែមទៀផង។

៥. និយាយអ្វី ដែលគួរនិយាយ

ច្បាស់ណាស់ថា មនុស្សម្នាក់ៗ ត្រូវតែចេះកំណត់នូវការនិយាយស្ដីរបស់ខ្លួ​នឯងឱ្យបានល្អ និយាយអ្វីដែលគួរនិយាយ ព្រោះមនុស្សភាគច្រើន រមែងមានបញ្ហា ខាតបង់ព្រោះតែមិនចេះគ្រប់គ្រងមាត់របស់ខ្លួនឯង។ ត្រូវដឹងថា គ្រោះកើតព្រោះតែមាត់ មនុស្សដែលមិនចេះទប់ពាក្យសម្ដី មនុស្សដែលនិយាយស្ដីតាមតែអំពើចិត្ត រមែងបង្កើតបញ្ហា ភាពក្ដៅក្រហាយដល់ខ្លួនឯង និងអ្នកដទៃ។

៦. កាត់បន្ថយការគិតច្រើនផ្ដេសផ្ដាស

មិនមែនយើងត្រូវគិតខ្វល់គ្រប់រឿងនោះឡើយ ដូច្នេះហើយ កុំចេះតែគិតច្រើនផ្ដេសផ្ដាសតែម្នាក់ឯងអី រឿងខ្លះ កាន់តែគិតរឹតតែខ្វល់ខ្វាយ គ្មានដំណោះស្រាយហើយ មានតែបន្ថែមទុក្ខលំបាកឱ្យខ្លួនឯងតែប៉ុណ្ណោះ។

៧. រៀនបដិសេធខ្លះ

យើងមិនមែនជាអាទិទេព ដែលអាចជួយគេគ្រប់គ្នាបាននោះឡើយ ដូច្នេះហើយ ក្នុងស្ថានភាពខ្លះ ជាមួយនឹងមនុស្សខ្លះ រៀនបដិសេធខ្លះទៅក៏ល្អដែរ ព្រោះយើងមិនអាចជួយគេបានគ្រប់យ៉ាងទេ យើងក៏ត្រូវក្រឡេកមើលខ្លួនឯងវិញខ្លះដែរ យើងត្រូវខ្វល់ពីខ្លួនឯងខ្លះ ដូច្នេះ ការបដិសេធគេយើងមិនខុសឡើយ។ ម្យ៉ាងវិញទៀត មិនមែនរាល់ការបដិសេធ ស្មើមនឹងយើងអស់ចិត្តនោះទេ ពេលខ្លះ ដូចពេលដែលគេបបួលយើងទៅណាមកណា តែយើងមិនអាចទៅបាន យើងក៏គួរតែបដិសេធខ្លះ ​​កុំចេះតែខ្លាចអ្នកនេះខឹង ខ្លាចអ្នកនោះអន់ចិត្ត ព្រោះយើងក៏ត្រូវគិតពីខ្លួនឯងដូចគ្នា។

៨. រៀនចិត្តដាច់តាមកាលៈទេសៈ

ចិត្តដាច់ មិនមែនជាភាពអាត្មានិយម ក៏មិនអាក្រក់ទាំងស្រុងដែរ ក្នុងស្ថានភាពខ្លះ កាលៈទេសៈខ្លះ បើយើងចិត្តមិនដាច់ មិនអាចកាត់ផ្ដាច់អ្វីបានទេ គឺខ្លួនយើងជាអ្នករងគ្រោះ មានបញ្ហា រ៉ាប់រងការលំបាកដោយសារតែមនុស្សខ្លះ និងហេតុផលមិនសមស្របមិនខាន។ ដូច្នេះហើយ ត្រូវរៀនមើលកាលៈទេសៈ ពេលវេលា អាចចិត្តដាច់បាន ក៏ចិត្តដាច់ទៅ ចង់សម្រេចកិច្ចការធំ កុំខ្លាចនឹងដើរចិត្ត មនុស្សចិត្តដាច់ ទើបរឹងមាំ។

៩. រៀនបើកចិត្តឱ្យទូលាយ

មនុស្សចិត្តទូលាយ ទើបមានញាតិមានមិត្តច្រើន ទៅណាមកណាក៏មិនឯកាដែរ លើសពីនេះ មនុស្សចិត្តទូលាយ នឹងមិនចេះប្រកាន់ទោស អូសដំណើរ គុំកួននឹងអ្នកណាឡើយ ដូច្នេះហើយ ក៏អាចឱ្យជី​វិតគេមានក្ដីសុខកាន់តែច្រើន ​ព្រោះថាមនុស្សប្រភេទនេះ សេចក្ដីល្អ គឺជាគុណភាពជីវិតរបស់គេ ដែលអាចជួយឱ្យគេមានសុភមង្គលបំផុត។

១០. គិតរឿងល្អៗឱ្យបានច្រើន

ជីវិត គឺអាស្រ័យលើការគិត មនុស្សចេះគិតល្អ ធ្វើល្អ ទើបអាចជួបមនុស្សល្អៗ និងមានរឿងល្អៗចូលមក វាដូចជាច្បាប់ស្រូបទាញ រាល់រឿងរ៉ាវដែលកើតឡើង វាអាស្រ័យលើអ្វីដែលយើងគិត ដូច្នេះហើយ ត្រូវគិតរឿងល្អៗឱ្យបានច្រើន ទើបផ្លូវចិត្តយើងបានស្រស់ថ្លា អារម្មណ៍រីករាយ ជីវិតក៏សប្បាយតាមហ្នឹងដែរ។

១១. កាត់បន្ថយការគិតរឿងអត់ប្រយោជន៍

មនុស្សខ្លះ ត្អូញត្អែរតែរឿងទុក្ខសោក គិតតែរឿងអត់ប្រយោជន៍ ហើយរអ៊ូថា ជីវិតគ្មានក្ដីសុខ គ្មានសំណាង តែធាតុពិតគ្រប់យ៉ាង គឺកើតដោយសារតែការគិតរបស់ខ្លួនឯង។ ក៏មានមនុស្សខ្លះ ចូលចិត្តតែយករឿងដែលគ្មានបានការ មកខ្វល់ យករឿងអត់ប្រយោជន៍​ឆ្ងល់ គ្មានបានការអ្វីសោះ។ ការគិតបែបនេះ មិនត្រឹមតែធ្វើឱ្យខ្លួនឯងបាត់បង់ក្ដីសុខនោះទេ ថែមទៀតធ្វើឱ្យខ្លួនឯង ខាតពេលវេលា ធ្វើរឿងល្អៗទៀតផង។

១២. ព្យាយាមគិតរឿងវិជ្ជមានឱ្យបានច្រើន

មនុស្សចេះគិតរឿងវិជ្ជមាន ទើបក្នុងចិត្តគ្មានទុក្ខទោស គ្មានសម្ពាធ ក៏គ្មានរឿងណាមកលងបន្លាចបានដែរ។ ភាពវិជ្ជមាន គឺជាថាមពលដ៏ល្អប្រសើរ ដែលអាចឱ្យយើងកាន់តែមានភាពរីករាយ និងសេចក្ដីស្ងប់សុខ គ្មានទុក្ខបៀតបៀនបានឡើយ។


អត្ថបទទាក់ទង

មនុស្ស ៣ ប្រភេទ ដែលនាំឱ្យក្នុងផ្ទះមានតែលាភសំណាង ជោគជ័យ ក្ដីសុខ និងត្រជាក់ត្រជុំ

 

Leave a Reply

Your email address will not be published. Required fields are marked *