៧ ចំណុច ដែលអ្នកគួរដឹង និងអនុវត្តនៅថ្ងៃដំបូងក្នុងកន្លែងការងាររបស់អ្នក

ការយល់​ច្បាស់​ពី​ស្ថាប័ន​ដែល​របស់​អ្នក​កំពុងតែធ្វើការ នោះ​នឹងធ្វើ​ឲ្យ​អ្នក​រីករាយ​ជាមួយនឹង​ការងារ ជាមួយនឹង​សហការី ហើយ​អាចជួយ​ឲ្យ​អ្នក​បំពេញការងារ​បាន​កាន់​តែមាន​ប្រិ​ស​ទ្ធ​ភាព។ ជាពិសេស អាចធ្វើ​ឲ្យ​អ្នកដឹង​ពី​ចំណុចខ្លាំង ចំណុចខ្សោយ​របស់ខ្លួន ​និង​ស្ថាប័ន​ទៀតផង។

បន្ទាប់ពីសម្ភាសការងារជាប់ យើងប្រាកដជាមានសំណួរជាច្រើនដែលផុសឡើង ដូចជា៖

  • តើគួរស្លៀកពាក់បែបណាទៅ?
  • តើគួរនិយាយជាមួយអ្នកណាខ្លះ?
  • តើគួរធ្វើអ្វីមុនទៅ? គួរទៅសួរគេដើម្បីបានការងារមកធ្វើ ឬអង្គុយចាំគេយកការងារមកឱ្យធ្វើ?

ការចាប់ផ្តើមធ្វើការងារថ្ងៃដំបូង គឺជាថ្ងៃដែលល្អបំផុតក្នុងជីវិតការងារ ដែលអ្នកត្រូវមានរឿងជាច្រើនរៀនសូត្រ និងមានរឿងជាច្រើនទៀតដែលអ្នកមិនធ្លាប់ដឹងពីមុន។ ទោះជាយ៉ាងណា ក៏មានការងារខ្លះដែលសំខាន់ខ្លាំងដែលអ្នកត្រូវតែធ្វើនៅថ្ងៃដែលអ្នកចូលធ្វើការថ្ងៃដំបូង ដែលវាពិតជាចាំបាច់ខ្លាំងណាស់។

ការរៀបចំខ្លួនឱ្យមានរបៀបរៀបរយ និងការដឹងជាមុននូវអ្វីដែលត្រូវធ្វើ និងអ្វីដែលមិនត្រូវធ្វើ ជារឿងសំខាន់។ មិនថាអ្នកជានិស្សិតទើបរៀនចប់ ឬបុគ្គលិកដែលធ្លាប់មានបទពិសោធន៍ការងារ អ្នកត្រូវបង្កើតភាពលេចធ្លោនៅថ្ងៃដំបូង នៅកន្លែងការងាររបស់អ្នក ជាមួយនឹងទំនុកចិត្តដែលមាននៅក្នុងខ្លួន។

របៀបនៃការបង្ហាញខ្លួននៅថ្ងៃដំបូង ស្តែងឱ្យឃើញនូវភាពខ្លាំងរបស់អ្នកចំពោះការងារនៅកន្លែងមួយនោះ។ ខាងក្រោមនេះជា ៧ ចំណុច ដែលអ្នកគួរដឹង និងអនុវត្តនៅថ្ងៃដំបូងក្នុងកន្លែងការងាររបស់អ្នក។

១. ស្តាប់ឱ្យច្រើនជាងនិយាយ

ធ្វើជាអ្នកស្តាប់ដ៏ពូកែ និងអាចឆ្លើយតបរាល់សំណួររបស់ប្រធានក្រុមហ៊ុន និងបុគ្គលិកផ្សេងៗទៀត។

អ្នកអាចនឹងមានចម្ងល់ច្រើន ប៉ុន្តែមិនគួរសួរគ្រប់សំណួរនោះទេ បើមិនអ៊ីចឹង គេនឹងវាយតម្លៃការងាររបស់អ្នកថា មិនព្រមមើលសិន សួរនោះសួរ…។ អ្នកគួរធ្វើបញ្ជីសំណួរដែលចាំបាច់ត្រឹម៣ ឬ៤ ទៅបានហើយ បន្ទាប់មកគិតថាគួរសួរទៅកាន់អ្នកណាដើម្បីទទួលបានប្រសិទ្ធភាពនៃចម្លើយតប។

២. ទៅធ្វើការមុនម៉ោង

ក្រោកពីព្រឹកទៅធ្វើការ បើទោះអ្នកជាមនុស្សមានទម្លាប់បែបណាក៏ដោយ។ ថ្ងៃដំបូងនៅកន្លែងការងារ ជាការបង្ហាញចំណុចទាក់ទាញរបស់អ្នក យ៉ាងហោចណាស់អ្នកគួរបង្ហាញឱ្យបុគ្គលិក ឬមេរបស់អ្នកឃើញថា អ្នកមិនមែនជាបុគ្គលិកដែលមកធ្វើការក្រោយមេ ឬមកធ្វើការមិនទាន់ម៉ោង ជាមួយពាក្យដោះសារនោះទេ។

៣. បង្កើតទំនាក់ទំនងជាមួយក្រុមការងារ

បង្កើតមិត្តជាមួយមនុស្សគ្រប់គ្នានៅកន្លែងការងារ។ បង្កើតភាពស្និទ្ធស្នាលជាមួយក្រុមការងាររបស់អ្នក​ ព្រោះពួកគេនឹងធ្វើការជាមួយអ្នកច្រើនជាងបុគ្គលិកផ្សេងៗទៀត។

ការរើសក្រុមការងារត្រូវនឹងជួយជំរុញសមិទ្ធផលការងាររបស់អ្នកឱ្យកាន់តែល្អ និងមានភាពរីកចម្រើន។

៤. ​អត់ធ្មត់

អ្នកប្រហែលជាចង់ដឹង ចង់ចេះពីការងារដែលត្រូវធ្វើ ប៉ុន្តែមិនអាចទេដែល១ថ្ងៃ អ្នករៀនចេះគ្រប់យ៉ាងនោះ។ រឿងដែលចាំបាច់ អ្នកគួរធ្វើនោះគឺ មកធ្វើការឱ្យបានមុនម៉ោង និងត្រៀមខ្លួនជាស្រេចជាមួយការងារដែលត្រូវធ្វើ។

៥. រក្សាវិជ្ជាជីវៈនៅក្នុងការងារ

អ្នកមិនគួរដើរពេញកន្លែងការងារនោះទេ ហើយក៏មិនគួរកាន់កែវកាហ្វេដើរសួរនាំគ្រប់តុរបស់បុគ្គលិកទេ។ មិនថាជាថ្ងៃដំបូង ឬថ្ងៃទីប៉ុន្មានក៏ដោយ នៅកន្លងការងារ អ្នកគួរតែរក្សាតម្លៃខ្លួនឱ្យបានខ្ពស់ តាមរយៈសកម្មភាព ឬការនិយាយស្តីមកខាងក្រៅ។

៦. មិនគួរផ្តាច់ខ្លួននោះទេ

នៅកន្លែងការងារថ្ងៃដំបូង អ្នកប្រាកដជាទទួលស្វាគមន៍តាមរយៈការសួរនាំ ឬការហៅទៅហូបអាហារជាមួយបុគ្គលិកចាស់ៗនៅទីនោះ។

អ្នកមិនគួរបដិសេធ ឬបោះបង់ឱកាសនោះចោលទេ។ ចូលរួមជាមួយពួកគេ មិនថាជាក្រុមតូច ឬក្រុមធំ នេះជាការបង្ហាញបានថា អ្នកជាមនុស្សងាយចុះសម្រុងជាមួយជុំវិញខ្លួន។

៧. យកចិត្តទុកដាក់លើដំណើរការសម្រេចចិត្ត

ប្រសិនបើអ្នកអាចសម្រេចចិត្តក្នុងកិច្ចការណាមួយដែលមេ ឬក្រុមការងារដាក់ឱ្យបានយ៉ាងល្អនៅក្នុងថ្ងៃដំបូង អ្នកកំពុងបង្ហាញពួកគេថា អ្នកមានសមត្ថភាពគ្រប់គ្រាន់ក្នុងកិច្ចការងារមួយនេះ។


អត្ថបទទាក់ទង

តិចនិក ៦ យ៉ាង ដើម្បីបង្កើនទំនាក់ទំនងនៅកន្លែងធ្វើការឲ្យកាន់តែប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *