៥ ជំហាន ដើម្បីដោះស្រាយបញ្ហាភាពតានតឹងនៅកន្លែងធ្វើការ

តានតឹង [តាន-តឹង]

១) កិ. តឹងចង្អៀតណែនក្នុងចិត្ត, ទង្គឹះក្នុងចិត្ត, តឹងចិត្តខ្លាំងហាក់ដូចជាមានរោគតានរឹងក្ដាំងនៅក្នុងចិត្ត។

២) ធ្ងន់ធ្ងរ, ពិបាកដោះស្រាយ : ស្ថានភាពកាន់តែតានតឹង។

ភាពតានតឹង គឺជាពាក្យទូទៅដែលត្រូវបានគេប្រើជាញឹកញាប់នៅគ្រប់ទីកន្លែង។ វាជាបញ្ហា ឬស្ថានភាពណាដែលបុគ្គលម្នាក់មានការលំបាកក្នុងការប្រឈមមុខដោះស្រាយ ដែលអាចបណ្តាលឲ្យបុគ្គលនោះមានការតានតឹងចិត្ត។ វាជាប្រតិកម្មផ្លូវចិត្តដែលកើតមានឡើងនៅពេលដែលមនុស្សយើងប្រឈមមុខនឹងបញ្ហាអ្វីមួយ។ វាអាចជាការឆ្លើយតបមិនជាក់លាក់មួយនៃរាងកាយទៅនឹងតម្រូវការរបស់មនុស្ស។ វាក៏ជាប្រតិកម្មនៃរាងកាយដែលអាចកើតឡើងនៅក្នុងការឆ្លើយតប ដូចជាកត្តាខាងក្នុង កត្តាខាងក្រៅ (ពុទ្ធិ) និងវត្ថុភ្ញោចពីបរិស្ថាននៅជុំវិញខ្លួនយើងផងដែរ។​ លើសពីនេះ វាក៏អាចជាការភ្ញោចដោយបាតុភូត ព្រឹត្តិការណ៍ ឬ វត្ថុ ដែលនៅជុំវិញខ្លួនដែលធ្វើឲ្យមានការប៉ះពាល់ដល់ផ្លូវអារម្មណ៍។

ភាពតានតឹងនៅកន្លែងធ្វើការ គឺជារឿងដែលអាចកើតឡើងគ្រប់ពេល ប៉ុន្តែតាមរយៈការប្រើជំនាញដោះស្រាយបញ្ហា អ្នកអាចគ្រប់គ្រងបញ្ហានេះបានកាន់តែល្អប្រសើរជាងមុន។ សាកស្រមៃថា ភាពតានតឹង គឺជាល្បែងផ្គុំរូបដ៏ស្មុគស្មាញ ហើយបំណែកនីមួយៗតំណាងឱ្យបញ្ហាប្រឈម ដែលរួមចំណែកកម្រិតនៃភាពតានតឺងរបស់អ្នក។ តាមរយៈការកំណត់អត្តសញ្ញាណបំណែកទាំងនេះ និងរបៀបរៀបរូបផ្គុំបានច្បាស់ ធ្វើឱ្យអ្នកអាចកាត់បន្ថយអារម្មណ៍តានតឹងរបស់អ្នកបាន។ ខាងក្រោមនេះ​ ជាវិធីសាស្ត្រចំនួន ៦ ដែលអាចជួយអ្នកគ្រប់គ្រងភាពតានតឹងនៅកន្លែងធ្វើការបាន តាមរយៈការប្រើជំនាញដោះស្រាយបញ្ហា។

ជំហានទី១៖ កំណត់អត្តសញ្ញាណភាពតានតឹង

ជំហានទីមួយ គឺត្រូវចាប់ផ្ដើមដោយកំណត់ឬសគល់ ឬប្រភពនៃបញ្ហាដែលនាំឱ្យអ្នកមានភាពតានតឹង។ ប្រភពនៃបញ្ហាទាំងនោះ អាចជា៖

  • ថ្ងៃកំណត់នៃការងារបានមកដល់
  • ក្រុមការងារពិបាកធ្វើការជាមួយ
  • បន្ទុកការងារលើសលប់
  • ….. ។ល។

ការកំណត់បានច្បាស់នូវមូលហេតុដែលបណ្ដាលឱ្យអ្នកមានអារម្មណ៍តានតឹង អាចឲ្យអ្នកបង្កើតផែនការដើម្បីដោះស្រាយឬសគល់នៃបញ្ហាទាំងនោះបាន។

ជំហានទី២៖ វិភាគរកមូលហេតុ

បន្ទាប់ពីកំណត់អត្តសញ្ញាណភាពតានតឹងហើយ ជំហានបន្ទាប់ គឺស្វែងយល់ថាតើហេតុអ្វីបានជាបញ្ហាទាំងនោះមានឥទ្ធិពលមកលើអ្នក។ ការស្វែងយល់ពីមូលហេតុដើមនៃភាពតានតឹង អាចជួយអ្នកបង្កើតយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាព ដើម្បីគ្រប់គ្រងវា។

ជំហានទី៣៖ បង្កើតដំណោះស្រាយ

ជំហានទីបី គឺជាពេលដែលត្រូវគិតប្រកបដោយភាពច្នៃប្រតិដ្ឋ ដើម្បីបង្កើតដំណោះស្រាយដែលមានសក្តានុពល។ ប្រសិនបើថ្ងៃកំណត់នៃការងារបានមកដល់គឺជាបញ្ហា ដូច្នេះតើការគ្រប់គ្រងពេលវេលាបានល្អប្រសើរជាងមុន និងការរំលែកការងារឱ្យអ្នកដទៃអាចជាជម្រើសល្អដែរឬទេ? ចុះប្រសិនបើបញ្ហានោះបណ្ដាលមកពីមិត្តរួមការងារ តើការសន្ទនា ឬការសម្រុះសម្រួលគ្នាអាចជាជម្រើសល្អដែរឬទេ? នៅក្នុងជំហាននេះ អ្នកត្រូវបំបែកគំនិត និងពិចារណាអំពីជ្រុងដែលអ្នកអាចបង្កើតដំណោះស្រាយ ហើយជ្រើសរើសជ្រុង ឬគំនិតណាមួយដែលល្អបំផុតដើម្បីអនុវត្ត។

ជំហានទី៤៖ ចាត់វិធានការ ឬធ្វើសកម្មភាព

ក្រោយពីមានដំណោះស្រាយក្នុងដៃហើយ ជំហានបន្ទាប់ គឺត្រូវធ្វើសកម្មភាព។ ការអនុវត្តយុទ្ធសាស្ត្រដែលមានក្នុងដៃ ដើម្បីដោះស្រាយភាពតានតឹងដែលកំពុងប្រឈមមុខ គឺជាដំណើរការនៃការសាកល្បង ឬសិក្សា។ ដូច្នេះ ប្រសិនបើមិនអាចដោះស្រាយបានជោគជ័យទាំងស្រុង ឬ ១០០ភាគរយទេ វាក៏មិនមែនជាបញ្ហាដែរ។ អ្វីដែលសំខាន់ ត្រូវមានសកម្មភាពខ្ជាប់ខ្ជួនលើការអនុវត្ត ព្រោះនៅពេលដែលមានសកម្មភាព នោះអ្នកនឹងអាចកាត់បន្ថយភាពតានតឹងបាន។

ជំហានទី៥៖ វាយតម្លៃលទ្ធផល

បន្ទាប់ពីធ្វើសកម្មភាពហើយ ការឆ្លុះបញ្ចាំង និងសិក្សាអំពីយុទ្ធសាស្ត្រដែលអ្នកបានអនុវត្ត គឺជារឿងសំខាន់។ អ្វី​ដែល​អ្នកត្រូវសួរខ្លួនឯង គឺថាតើដំណោះស្រាយរបស់អ្នកមានប្រសិទ្ធភាពដែរឬទេ? តើមានសកម្មភាពអ្វីខ្លះដែលត្រូវកែប្រែ? ការវាយតម្លៃនេះ មានសារសំខាន់សម្រាប់ការគ្រប់គ្រងភាពតានតឹងរយៈពេលវែង។ ការសិក្សា និងឆ្លុះបញ្ចាំងពីលទ្ធផលជាប្រចាំ អាចជួយឱ្យអ្នកអាចរកឃើញដំណោះស្រាយដែលមានប្រសិទ្ធភាពបំផុត ដើម្បីគ្រប់គ្រងភាពតានតឹងនៅកន្លែងធ្វើការ។

សូមរម្លឹកថា ឬសគល់ដែលបណ្តាលឲ្យមានការតានតឹងចិត្ត អាចការពារ ឬកាត់បន្ថយបាន។ ការការពារ ឬកាត់បន្ថយការតានតឹងចិត្ត អាចជួយធ្វើឲ្យមនុស្សយើងមានសុខភាព ផ្លូវចិត្ត និងសុខភាពផ្លូវកាយល្អប្រសើរ។ អ្នកស្រាវជ្រាវជាច្រើន បានធ្វើការសិក្សាជាច្រើនទៅលើព្រឹត្តការណ៍នៃជីវិតដូចជាការលែងលះ​ ឬការបាត់បង់ការងារ ក៏បានជះឥទ្ធិពលដល់មនុស្សដែរ។ លើសពីនេះ យោងតាមការស្រាវជ្រាវមួយចំនួនបានរកឃើញថា មិនត្រឹមតែការលែងលះទេដែលជះឥទ្ធិពលដល់មនុស្ស តែសូម្បីតែការរៀបការក៏ជះឥទ្ធិពលដែរ។ ហើយមិនត្រឹមតែបាត់បង់ការងារទេ តែសូម្បីតែរកបានការងារធ្វើក៏អាចមានភាពតានតឹងផ្លូវអារម្មណ៍ដែរ។

យើងសង្ឃឹមថា វិធីសាស្រ្តខាងលើ នឹងអាចជួយអ្នកក្នុងការដោះស្រាយបញ្ហាភាពតានតឹងរបស់អ្នក។

One thought on “៥ ជំហាន ដើម្បីដោះស្រាយបញ្ហាភាពតានតឹងនៅកន្លែងធ្វើការ

Leave a Reply

Your email address will not be published. Required fields are marked *