១៧ ចំណុចសំខាន់ៗ ដើម្បីស្គាល់ខ្លួនឯងតាមរយៈទស្សនវិទូ
ទស្សនវិទូ បានចំណាយពេលអស់រាប់ពាន់ឆ្នាំមកហើយក្នុងការស្វែងរកការស្គាល់ខ្លួនឯង។ តើខ្ញុំជានរណា? ធ្វើយ៉ាងម៉េចទើបស្គាល់ខ្លួនឯង? ហេតុអ្វីចាំបាច់ត្រូវស្គាល់ខ្លួនឯង? ស្គាល់ខ្លួនឯងទៅបានប្រយោជន៍អ្វីខ្លះ? ហេតុផលក្នុងការស្គាល់ខ្លួនឯងគឺ ងាយស្រួលគ្រប់គ្រងខ្លួនឯង រកសុភមង្គលឲ្យខ្លួនឯង និងងាយផ្តល់នូវអត្ថន័យជីវិតដល់ខ្លួនឯង ព្រោះថាតម្លៃរបស់មនុស្សមិនស្ថិតនៅត្រឹមតែការរស់ដូចសត្វប៉ុណ្ណោះទេ ។ ទស្សនវិទូ អារីស្តូត យល់ថាការស្គាល់ខ្លួនឯង គឺជាចំណុចចាប់ផ្តើមនៃគតិបណ្ឌិត ។ ដូច្នេះដើម្បីស្គាល់ខ្លួនឯង អ្នកគួរពិចារណា១៧ចំណុចសំខាន់ៗដូចខាងក្រោមនេះ៖
១. ស្វែងយល់ពីតម្រូវការរបស់រាងកាយ
មនុស្សទាំងអស់អាចរស់នៅបានដោយសារ អាហារ ប៉ុន្តែដើម្បីឲ្យមានសុខភាពល្អ និងមានអាយុវែង ត្រឹមតែអាហារ មិនគ្រប់គ្រាន់នោះទេ មនុស្សចាំបាច់ត្រូវការអាហារមានជីវជាតិ មានអនាម័យ និងមានវីតាមីនគ្រប់គ្រាន់ ជាដើម។ ប៉ុន្តែ អ្វីដែលរឹតតែសំខាន់ទៀតនោះ គឺបរិមាណនៃការញ៉ាំអាហារនោះ ឲ្យបានត្រឹមត្រូវទៅតាមបរិមាណសមល្មមនៃសព៌ាង្គកាយរបស់មនុស្សម្នាក់ៗ ដូច្នេះដើម្បីស្គាល់ខ្លួនឯងអ្នកចាំបាច់ត្រូវស្គាល់ពីមុខងារនៃសរីរាង្គនីមួយៗ នៅក្នុងខ្លួនរបស់អ្នកជាមុនសិន។
២. ស្វែងយល់ពីចរិតខ្លួនឯង
ចរិត គឺជាការប្រព្រឹត្ត ជាកិរិយាមារយាទ ជាឫកពាជាបែបបទ។ ពាក្យសំខាន់ៗសម្រាប់ពណ៌នាអំពីចរិតរួមមាន សុភាពរាបសារ ទន់ភ្លន់ ហ្មត់ចត់ រឹងមាំ យកចិត្តទុកដាក់ ស្ងប់ស្ងាត់ ដាក់ខ្លួន ឆ្មើងឆ្មៃ ចិត្តទូលាយ ចិត្តចង្អៀត ស្មោះត្រង់ កោងកាច ខ្ជីខ្ជា ជាដើម ។ ក្នុងទស្សនវិជ្ជា ចរិត គឺជាទម្លាប់នៃទង្វើរបស់ មនុស្ស។ មនុស្សល្អឬមិនល្អ ជោគជ័យឬបរាជ័យអាស្រ័យលើចរិត រហូតដល់មាន ទស្សនវិទូម្នាក់ឈ្មោះ ហេរ៉ា លីទូស ពោលថា “វាសនារបស់អ្នក អាស្រ័យលើចរិតរបស់អ្នក” ។ ដូច្នេះអ្នកគប្បីស្វែងយល់ពីចរិតរបស់ខ្លួនឲ្យបានច្បាស់លាស់ ទើបអ្នកអាចស្គាល់ខ្លួនឯងកាន់តែច្បាស់។
៣. រកឲ្យឃើញនូវអ្វីដែលខ្លួនស្រឡាញ់
ហេតុផល គឺជាទាសកររបស់សេចក្តីស្រឡាញ់ នេះជាការលើកឡើងរបស់ទស្សនវិទូ ដេ វីឌយ៉ូម ។ ដូច្នេះសេចក្តីស្រឡាញ់ គឺពិតជាសំខាន់ណាស់ក្នុងការបញ្ជាខ្លួនរបស់អ្នក។ បើគិតមួយភ្លែតទៅ ដូចជាគ្មានអ្វីលំបាកនោះទេ គ្រាន់តែអ្វីដែលខ្លួនស្រឡាញ់ អ្នកណាមិនដឹងថាខ្លួនឯងស្រឡាញ់ពណ៌អ្វី ខ្លួនឯងស្រឡាញ់កីឡាអ្វី ខ្លួនឯងស្រឡាញ់បទចម្រៀងរបស់អ្នកណា ប៉ុន្តែការដឹងបែបនេះនៅមិនទាន់ពេញលេញនៅឡើយនោះទេ ព្រោះវាត្រឹមតែជាចំណង់ចំណូលចិត្តខ្លីៗប៉ុណ្ណោះ ប៉ុន្តែសេចក្តីស្រឡាញ់គឺលើសពីនេះ ។ សេចក្តីស្រឡាញ់ក្នុងទីនេះ សំដៅយកការស្រឡាញ់អ្វីមួយ ឬនរណាម្នាក់ដែលមិនប្រែប្រួល ឬមិនងាយនឹងប្រែប្រួល ។ ជាក់ស្តែងទស្សនវិទូ សូក្រាត ស្រឡាញ់សច្ចធម៌មិនប្រែប្រួលដោយប្រកាន់គោលជំហររបស់ខ្លួន ទោះបីជាត្រូវគេកាត់ទោសប្រហារជីវិតក៏ដោយ ។
៤. ស្វែងរកទស្សនវិទូមកធ្វើជាគំរូ
មុននឹងស្គាល់ខ្លួនឯងជានរណា អ្នកលំបាកនឹងឆ្លងផុតពីការជ្រើសរើសយក អ្នកមានគតិបណ្ឌិតមកសិក្សារៀនសូត្រអំពីជីវិតរបស់គាត់ ។ តើចរិតរបស់ពួកគាត់បែបណា? គាត់ចង់បានអ្វីពីជីវិត? គោលដៅនៃជីវិតរបស់គាត់មានអ្វីខ្លះ? តម្លៃជីវិតរបស់គាត់ជាអ្វី? គាត់សម្រេចបានសមទ្ធិផលអ្វីខ្លះនៅក្នុងជីវិត? ឧទាហរណ៍ មហាត្មៈគន្ធីឲ្យតម្លៃលើអហិង្សា ហេតុដូច្នេះបានជាលោកទាមទារឯករាជ្យពីចក្រភពអង់គ្លេសដោយអហិង្សា ។ ទស្សនវិទូ ផ្លាតូ បានបង្កើតសាកលវិទ្យាល័យដំបូងគេបង្អស់នៅលោកខាងលិច ។ ដូច្នេះអ្នកគប្បីស្វែងយល់ពីប្រវត្តិ និងទស្សនៈរបស់គាត់ម្នាក់ៗ ដើម្បីយកមកឆ្លុះបញ្ចាំងក្នុងការស្វែងរកខ្លួនឯង ។
៥. ស្វែងរកទេពកោសល្យរបស់អ្នកឲ្យឃើញ
ទេពកោសល្យ គឺជាសមត្ថភាពដ៏ប៉ិនប្រសព្វពីធម្មជាតិដោយមិនចាំបាច់បង្រៀន ។ ការស្វែងរកទេពកោសល្យក្នុងន័យនេះ សំដៅយកការស្វែងរកភាពខ្លាំងបំផុតនៅក្នុងខ្លួនរបស់អ្នក ។ អ្នកខ្លះពូកែវិភាគ អ្នកខ្លះពូកែយល់ពីអ្នកដទៃ អ្នកខ្លះពូកែស្រមើស្រមៃជារូបភាព អ្នកខ្លះពូកែដោះស្រាយបញ្ហាជាដើម ។ សូម្បីតែទស្សនវិទូក៏ត្រូវការទេពកោសល្យ ដើម្បីដឹកនាំជីវិតរបស់ខ្លួនដែរ ជាក់ស្តែង សូក្រាត ពោលថា “ទស្សនវិទូ ប្រើប្រាស់ ទេពកោសល្យពីកំណើតដើម្បីជាយុទ្ធសាស្ត្រសម្រេចគោលដៅ” ។ ទេពកោសល្យរបស់ សូក្រាត គឺពូកែចោទសួរ ទេពកោលស្យរបស់ ស៊ុនហ្សឺ គឺពូកែខាងយុទ្ធសាស្ត្រ ទេពកោសល្យរបស់ ផ្លាតូ គឺពូកែខាងបង្កើតអ្វីៗដែលថ្មី ទេពកោសល្យរបស់ព្រះមហោសថគឺពូកែដោះស្រាយ បញ្ហា ។ ចុះទេពកោសល្យរបស់អ្នកគឺជាអ្វី?
៦. ជ្រើសរើសជំនាញសិក្សាដែលស័ក្តិសមនឹងអ្នក
ជំនាញសិក្សាពិតជាផ្នែកដ៏សំខាន់បំផុតមួយនៃជីវិត ព្រោះវានឹងបង្ហាញនូវរូបភាពរបស់អ្នកនៅថ្ងៃអនាគត អ្នកនឹងរស់នៅ ជាមួយវាស្ទើរពេញមួយជីវិត ។ បើអ្នកចង់ជ្រើសរើសជំនាញទស្សនវិជ្ជា ចូរសួរខ្លួនឯងដូចខាងក្រោមនេះ៖
- ហេតុអ្វីបានជាអ្នកចង់សិក្សាទស្សនវិជ្ជា?
- តើទស្សនវិជ្ជាសិក្សាពីអ្វីខ្លះ?
- តើធម្មជាតិនៃទស្សនវិជ្ជាស័ក្តិសមនឹងចរិតរបស់អ្នកឬអត់?
- តើទស្សនវិជ្ជារៀនចប់ទៅអាចធ្វើការងារអ្វីបានខ្លះ?
ជំនាញខ្លះដែលអ្នកគួរពិចារណាដើម្បីស្វែងរកខ្លួនឯងមានដូចជា ទស្សនវិជ្ជា ចិត្តវិទ្យា សង្គមវិទ្យា ច្បាប់ គ្រប់គ្រងជាដើម។
៧. ស្វែងរកអាជីព-ការងារដ៏ស័ក្តិសម
ក្រោយពេលមានជំនាញណាមួយ ការងារពិតជាដើរតួនាទីសំខាន់ជាងជំនាញសិក្សាទៅទៀត ព្រោះវាគឺជាមុខងារដ៏ចម្បងរបស់មនុស្ស ដូច្នេះមុននឹងជ្រើសរើសការងារណាមួយ អ្នកគប្បីសួរសំណួរខ្លះៗជាមុនសិន៖
- តើការងារនោះត្រូវការលក្ខណសម្បត្តិអ្វីខ្លះ?
- តើការងារនោះមានការទទួលខុសត្រូវអ្វីខ្លះ?
- តើលទ្ធភាពនិងសមត្ថភាពរបស់អ្នកស័ក្តិសមនឹងការងារនោះឬអត់?
- តើចរិតរបស់អ្នកស្របជាមួយនឹងធម្មជាតិនៃការងារនោះឬអត់?
បើអ្នកកំពុងតែធ្វើការងារអ្នកគួរគប្បីពិនិត្យឡើងវិញថា៖
- តើអ្នកសប្បាយចិត្តជាមួយនឹងការងាររបស់អ្នកឬអត់?
- តើអ្នកកំពុងធ្វើការងារនេះដើម្បីអ្វី?
- តើការងារដែលអ្នកកំពុងតែធ្វើនេះស្របជាមួយនឹងគោលដៅនៃជីវិតឬអត់?
“ទស្សនវិទូ ខុង ជឺ បានពោលថា ការជ្រើសរើសការងារណាដែលខ្លួនស្រឡាញ់ អ្នកនឹងគ្មានអារម្មណ៍ថា នឿយហត់ឡើយ។” ដូច្នេះ ដើម្បីស្វែងរកការងារដ៏ល្អមួយ អ្នកគប្បីស្វែងរកទិញសៀវភៅអំពីការជ្រើសរើសជំនាញសិក្សា ឬអាជីព-ការងារ ឬក៏ទៅប្រឹក្សាយោបល់ជាមួយអ្នកជំនាញក៏បាន។
៨. ស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយរបស់អ្នកឲ្យបានជាប្រចាំ
មនុស្សរស់នៅ ជាមួយនឹងខ្លួនឯង បើមិនស្វែងយល់ពីខ្លួនឯង មិនយល់ពីខ្លួនឯង តើឲ្យអ្នកណាមកស្គាល់ពីខ្លួនឯង? ស៊ុន ហ្សឺ ពោលថា ស្គាល់ខ្លួនឯង ស្គាល់សត្រូវ បើអ្នកច្បាំង ១០០ដង អ្នកនឹងទទួលបាននូវជ័យជម្នះ ១០០ដង។ ចំណុចខ្លាំងរបស់ទស្សនវិទូ សូក្រាត គឺពូកែវោហាសាស្ត្រ និងពូកែចោទសួរ ចំណុចខ្សោយរបស់គាត់គឺមិនសូវមាន ទ្រព្យធន។ ជាក់ស្តែងមុនពេលគាត់ស្លាប់ គាត់បានយកមាន់ដែលគាត់ចិញ្ចឹមទៅសងបំណុលដែលគាត់ជំពាក់គេ។ ដូច្នេះយើងគប្បីដឹងនូវចំណុចខ្លាំង និងចំណុចខ្សោយ របស់ខ្លួនឯងឲ្យបានច្បាស់ទើបឈ្មោះថា ស្គាល់ខ្លួនឯង។
នៅថ្ងៃអនាគត អ្នកនឹងរស់នៅ ជាមួយវាស្ទើរពេញមួយជីវិត។ បើអ្នកចង់ជ្រើសរើសជំនាញទស្សនវិជ្ជា ចូរសួរខ្លួនឯងដូចខាងក្រោមនេះ៖
- ហេតុអ្វីបានជាអ្នកចង់សិក្សាទស្សនវិជ្ជា?
- តើទស្សនវិជ្ជាសិក្សាពីអ្វីខ្លះ?
- តើធម្មជាតិនៃទស្សនវិជ្ជាស័ក្តិសមនឹងចរិតរបស់អ្នកឬអត់?
- តើទស្សនវិជ្ជារៀនចប់ទៅអាចធ្វើការងារអ្វីបានខ្លះ?
ជំនាញខ្លះដែលអ្នកគួរពិចារណាដើម្បីស្វែងរកខ្លួនឯងមានដូចជា ទស្សនវិជ្ជា ចិត្តវិទ្យា សង្គមវិទ្យា ច្បាប់ គ្រប់គ្រងជាដើម ។
៩. រៀនស្វែងយល់ពីគុណធម៌ និងប្រើប្រាស់ឲ្យបានត្រឹមត្រូវតាមមុខងារ
គុណធម៌ ជាពាក្យដែលគេងាយនិយាយ ប៉ុន្តែមិនងាយយល់ ព្រោះគុណធម៌ មានន័យស៊ីម្រៅ និងមានអត្ថន័យច្រើនយ៉ាង ។ ជាក់ស្តែង គុណធម៌តាមបែប អារីស្តូត រួមមាន ភាពក្លាហាន ការដឹងប្រមាណ យុត្តិធម៌ ជាដើម។ ចំណែកគុណធម៌របស់ទស្សនវិទូ ខុង ជឺ វិញរួមមាន កតញ្ញូ ភាពស្មោះត្រង់ ការជួយគ្នាទៅវិញទៅមក ជាដើម ។ ឧទាហរណ៍ មុខងាររបស់ភាពក្លាហាន គឺទប់ទល់ជាមួយនឹងឧបសគ្គ និងភាពភ័យខ្លាច ប៉ុន្តែភាពក្លាហាន ជ្រុលពេកក៏អាចបំផ្លាញអ្នកបានដែរ។ មនុស្សរស់បានព្រោះអាហារ ប៉ុន្តែយើងមិនអាចបរិភោគអាហារមួយពេលចំនូន១០ចានបាននោះទេ ព្រោះវាអាចធ្វើឲ្យអ្នកស្លាប់បាន នេះគឺជាមុខងាររបស់ការដឹងប្រមាណ ។ ដូច្នេះដើម្បីយល់ពីខ្លួនឯងឲ្យកាន់តែច្បាស់លាស់ អ្នកគប្បីស្វែងយល់ពីអត្ថន័យគុណធម៌នីមួយៗឲ្យបានច្បាស់ និងប្រើប្រាស់គុណធម៌ទាំងនោះឲ្យបានត្រឹមត្រូវតាមកាលៈទេសៈ ទើបអាចឲ្យអ្នកកំណត់ពីជម្រៅដួងចិត្តរបស់អ្នកបាន ។
១០. កំណត់គោលដៅជីវិតរបស់អ្នកឲ្យបានច្បាស់លាស់
ការកំណត់គោលដៅជីវិត មានន័យថា ជាការជ្រើសរើសអ្វីដែលល្អបំផុត និងចុងក្រោយបំផុតក្នុងជីវិត។ ជីវិតដ៏មានន័យ គឺជាជីវិតដែលអាចសម្រេចគោលដៅបាន ហើយគោលដៅធំផុតក្នុងជីវិតរបស់មនុស្សម្នាក់ៗគឺដើម្បីសុភមង្គល នេះគឺជាការលើកឡើងរបស់ទស្សនវិទូ អារីស្តូត ។ គោលដៅនៃជីវិតរបស់អ្នកជំនួញគឺដើម្បីទ្រព្យសម្បត្តិ គោលដៅនៃជីវិតរបស់អ្នកកាន់សាសនាគឺដើម្បីគោរពព្រះ គោលដៅនៃជីវិតរបស់អ្នកមានសីលធម៌គឺដើម្បីគុណធម៌ គោលដៅនៃជីវិតរបស់អ្នកចង់ល្បីល្បាញគឺដើម្បីកិត្តិយស គោលដៅនៃជីវិតរបស់អ្នកដឹកនាំប្រទេសគឺដើម្បីសុភមង្គលរបស់រាស្ត្រ ។
១១. ស្វែងយល់ពីគោលបំណងពិតក្នុងជីវិតរបស់អ្នក
គោលបំណង ជាអ្វីដែលមនុស្ស ចង់បាន និងជាហេតុផលដែលជំរុញឲ្យមនុស្សធ្វើអ្វីមួយដោយមានន័យ។ ជាក់ស្តែង ព្រះសិទ្ធត្ថ មានបំណងចង់ឲ្យឆ្លងផុតពី ការកើត ចាស់ ឈឺ ស្លាប់ ហេតុដូច្នេះបានជាព្រះអង្គ ទ្រង់ចេញសាងផ្នួសដើម្បីឲ្យបានត្រាស់ដឹងជាព្រះពុទ្ធ។ ប្រសិនបើអ្នកមិនអាចស្វែងរកគោលបំណងពិតក្នុងជីវិតរបស់អ្នកឲ្យឃើញនោះទេ មិនឈ្មោះថាអ្នកស្គាល់ខ្លួនឯងនោះឡើយ។
១២. ស្វែងរកតម្លៃជីវិតរបស់អ្នកឱ្យឃើញ
ទស្សនវិទូ សូក្រាត ពោលថា មនុស្សឥតប្រយោជន៍ គឺជាមនុស្សដែលមិនស្គាល់ពីតម្លៃជីវិតខ្លួនឯង ហើយមនុស្សគ្មានតម្លៃរស់នៅដើម្បីតែផឹកស៊ី ប៉ុន្តែមនុស្សដែលមានតម្លៃវិញ ស៊ីផឹកដើម្បីគ្រាន់តែរស់ប៉ុណ្ណោះ។ បើតម្លៃពិតជាសំខាន់បែបនេះមែន តើតម្លៃមានអត្ថន័យយ៉ាងដូចម្តេច? តម្លៃគឺជាជំនឿដែលមនុស្សជឿជាពិសេសជឿលើអ្វីមួយខុស អ្វីមួយត្រូវ និងជឿលើអ្វីមួយដែលមានសារៈសំខាន់បំផុតនៅក្នុងជីវិត ហើយតម្លៃគឺជាអ្វីដែលគ្រប់គ្រងទង្វើរបស់មនុស្ស ។ អ្នកដែលមិនស្គាល់តម្លៃជីវិតរបស់ខ្លួននឹងរស់នៅក្នុងភាពរញេរញៃ ចិត្តគ្មានសណ្តាប់ធ្នាប់ និងជួបនូវភាពបរាជ័យដ៏ធ្ងន់ធ្ងរក្នុងជីវិត ប្រៀបបាននឹងទូកគ្មាន ច្រវា ។ ឧទាហរណ៍ តម្លៃជីវិតរបស់ទស្សនវិទូគឺ សេរីភាព ឯករាជ្យភាព សច្ចធម៌ គតិបណ្ឌិត យុត្តិធម៌ សុភមង្គល ភាពក្លាហាន ភាពស្មោះត្រង់ គិតពិភពលោកជាធំជាដើម ។ ដោយសារទស្សនវិទូស្គាល់នូវតម្លៃរបស់ខ្លួនច្បាស់បែបនេះទើបឈ្មោះថា ស្គាល់ខ្លួនឯង ។
១៣. ស្វែងយល់ពីប្រព័ន្ធវិនិច្ឆ័យរបស់ខ្លួនឱ្យបានច្បាស់
យុត្តិធម៌ គឺជាគុណធម៌ទីមួយសម្រាប់ស្ថាប័ន នេះជាការលើកឡើង របស់ទស្សនវិទូ ចន រ៉ល ។ គោលដៅនៃការ វិនិច្ឆ័យគឺដើម្បីបាននូវភាពត្រឹមត្រូវ ឬដើម្បីស្វែងរកនូវយុត្តិធម៌។ ជីវិតគឺជាជម្រើស ជីវិតតែងតែគេចមិនផុតពីជម្លោះ ដូច្នេះការវិនិច្ឆ័យរឿងរ៉ាវទាំងក្នុងខ្លួន ទាំងក្រៅខ្លួន គឺពិតជាសំខាន់រហូតដល់មិនអាចធ្វេសប្រហែសសូម្បីតែមួយនាទី ព្រោះអ្នកអាចក្លាយជាមនុស្សល្អ ឬមនុស្សអាក្រក់ ជាមនុស្សកតញ្ញូ ឬមនុស្សរមិលគុណគឺអាស្រ័យលើការវិនិច្ឆ័យរបស់អ្នកចំពោះរឿងជុំវិញខ្លួនរបស់អ្នក ។ ដើម្បីវាយតម្លៃ ឬវិនិច្ឆ័យអ្វីមួយឲ្យបានត្រឹមត្រូវ អ្នកចាំបាច់ត្រូវមានគតិបណ្ឌិត និងគោលការណ៍ផ្ទាល់ខ្លួនដ៏រឹងមាំ ទើបអាចស្គាល់ថាខ្លួនឯងជានរណា ។
១៤. ស្វែងរកកត្តាជំរុញកម្លាំងចិត្តរបស់អ្នកឱ្យឃើញ
យានយន្តទៅមុខរួចអាស្រ័យលើប្រេងឥន្ធនៈ យ៉ាងណាមិញមនុស្សធ្វើការបានដោយសារកម្លាំងចិត្ត ។ មនុស្សជាទូទៅគិតថា ឳពុកម្តាយគឺជាកត្តាជំរុញកម្លាំងចិត្ត កូនជាកត្តាជំរុញកម្លាំងចិត្ត ប៉ុន្តែសម្រាប់ទស្សនវិទូវិញ មិនសូវជាឲ្យតម្លៃលើកត្តាជំរុញកម្លាំងចិត្តតាមរូបភាពនេះប៉ុន្មានទេ ព្រោះនេះគឺជាកាតព្វកិច្ចរបស់អ្នកក្នុងការដឹងគុណឳពុកម្តាយ ជាកាតព្វកិច្ចរបស់អ្នកក្នុងការចិញ្ចឹមកូនប៉ុណ្ណោះ។ ទស្សនវិទូខ្លះយល់ថា នេះគឺជាការជាប់ជំពាក់ទៅវិញនោះទេ។ ដូច្នេះតើកត្តាជំរុញកម្លាំងចិត្តរបស់ទស្សនវិទូមានអ្វីខ្លះ? កត្តាជំរុញកម្លាំងចិត្តសំខាន់ៗរបស់មនុស្សរួមមាន តម្លៃជីវិត សច្ចធម៌ គោលបំណង សមិទ្ធផលដែលខ្លួនសម្រេចបាន។
១៥. ចំណេះដឹង និងគតិបណ្ឌិត
ចំណេះដឹង គឺជាការដឹងអ្វីមួយច្បាស់លាស់ ការយល់ពីអ្វីមួយត្រឹមត្រូវ ឬជាជំនាញច្បាស់លាស់លើអ្វីមួយដែលបានមកតាមរយៈបទពិសោធ ឬការសិក្សា។ ឧទាហរណ៍ ចំណេះដឹងផ្នែកច្បាប់ ចំណេះដឹងផ្នែកនយោបាយ ចំណេះដឹងផ្នែកសេដ្ឋកិច្ច ចំណេះដឹងផ្នែកព្រះពុទ្ធសាសនាជាដើម។ ដើម្បីស្គាល់ខ្លួនឯង មនុស្សម្នាក់ៗចាំបាច់ត្រូវមានចំណេះដឹងអំពីជីវិតដែលចំណេះដឹងនេះអាចស្វែងរកតាមរយៈទស្សនវិទូនៅក្នុងទស្សនវិជ្ជា។ ដើម្បីមានគតិបណ្ឌិត អ្នកចាំបាច់ត្រូវប្រើប្រាស់ចំណេះដឹងឲ្យបានត្រឹមត្រូវ។ គតិបណ្ឌិតមិនមែនគ្រាន់តែជាកម្រងនៃចំណេះដឹងនោះទេ ប៉ុន្តែគតិបណ្ឌិតគឺជាការប្រើប្រាស់ចំណេះដឹងឲ្យបានត្រឹមត្រូវនៅក្នុងសង្គមដែលខ្លួនកំពុងរស់នៅ ដើម្បីដឹកនាំជីវិតរបស់ខ្លួនឲ្យបានល្អ និងអាចបង្ហាញមាគ៌ាដ៏ល្អដល់អ្នកដទៃផងដែរ ។ ម្យ៉ាងទៀតគតិបណ្ឌិត គឺជាការវិនិច្ឆ័យដោយភាពត្រឹមត្រូវនៅក្នុងជីវិត ជាដំបូន្មានដ៏ល្អដើម្បីដោះស្រាយរឿងមិនច្បាស់លាស់ទាំងឡាយដែលមាននៅក្នុងជីវិត។ ក្នុងន័យខ្លះគតិបណ្ឌិត មានន័យថាជាអាវុធសម្រាប់យកទៅប្រយុទ្ធជាមួយនឹងសត្រូវ ពោលគឺឧបសគ្គទាំងឡាយនៅក្នុងជីវិត ហើយវាគឺជាស្ពានសម្រាប់នាំមនុស្សទៅរកសុភមង្គលប្រកបដោយគុណធម៌។
១៦. កំណត់ធាតុផ្សំសំខាន់ៗនៃជីវិតដ៏ល្អរបស់អ្នក
ធាតុផ្សំនៃជីវិតដ៏ល្អមួយរបស់មនុស្សម្នាក់ៗ គឺមិនដូចគ្នានោះទេ ប៉ុន្តែទស្សនវិទូអាចផ្តល់ជាស្តង់ដាររួមមួយសម្រាប់មនុស្ស ទាំងអស់ ដើម្បីឲ្យយើងយកទៅប្រើប្រាស់ក្នុងជីវិតរៀងៗខ្លួន ។ ទស្សនវិទូ ផ្លាតូ យល់ថា ជីវិតដ៏ល្អប្រសើរមួយត្រូវការ សេរីភាព ឯករាជ្យ ហេតុផល ភាពសាមញ្ញ ចំណេះដឹង ការចេះគ្រប់គ្រងអារម្មណ៍ ការងារសុច្ចរិត និងការរស់នៅឲ្យស្របតាមច្បាប់ធម្មជាតិជាដើម ។ ដូច្នេះយើងគប្បីកំណត់ធាតុផ្សំនៃជីវិតរបស់អ្នកឲ្យបានច្បាស់លាស់ ទើបឈ្មោះថាស្គាល់ខ្លួនឯង ។
១៧. បង្កើតទស្សនវិជ្ជាផ្ទាល់ខ្លួន
ជាចុងក្រោយ ដើម្បីស្គាល់ខ្លួនឯងកាន់តែច្បាស់ អ្នកចាំបាច់ត្រូវមានទស្សនវិជ្ជាផ្ទាល់ខ្លួន។ កំពូលមនុស្សអច្ឆរិយប្រចាំសតវត្សរ៍ទី២០ គឺ អាល់បឺត អេនស្តេញ។
អត្ថបទដោយ ឈុន សំណាង អ្នករៀបរៀងសៀវភៅ ប្រជុំទ្រឹស្តីទស្សនវិទូល្បីៗ
អត្ថបទទាក់ទង