អរុណោទ័យនៃជីវិតចំនួន ៧ ដ៏មានគុណតម្លៃ

ជីវិត (សំ. បា.) ( ន. ) ដំណើរ​រស់​នៅ, អាយុ : ចិញ្ចឹម​ជីវិត, រស់​នៅ​អស់​មួយ​ជីវិត ។

នៅក្នុងវប្បធម៌របស់មនុស្សជាតិយើង មនុស្សមើលមិនឃើញពីអត្ថន័យនៃជីវិត។ ពួកគេដេញតាមរឿងរ៉ាវជាច្រើន ដោយគិតថា នៅក្នុងរឿងរ៉ាវទាំងនោះ ពួកគេអាចរកបានអត្ថន័យ និងគោលបំណងនៃជីវិត។ ការដេញតាមទាំងនេ រួមមានការជោគជ័យផ្នែកជំនួញ ទ្រព្យសម្បត្តិ ទំនាក់ទំនងល្អ ផ្លូវភេទ ការកម្សាន្ត និងការធ្វើការល្អដល់អ្នកផ្សេងៗទៀត។ មនុស្សស្កប់ស្កល់នឹងរឿងរ៉ាវនោះ នៅពេលពួកគេបានសម្រេចគោលបំណងនៃទ្រព្យសម្បត្តិ ទំនាក់ទំនង និងភាពរីករាយ ប៉ុន្តែនៅតែមានសំឡេងយ៉ាងជ្រៅនៃអារម្មណ៍ទទេនៅខាងក្នុង ដែលហាក់បីដូចជាគ្មានអ្វីអាចបំពេញបានទេ។

តើជីវិតនេះកើតមកដើម្បីអ្វី? គុណតម្លៃនៃជីវិតដ៏ពិតប្រាកដនោះនៅត្រង់ណា? ជីវិតនេះគប្បីដើរទៅតាមមាគ៌ាមួយណា ដើម្បីឲ្យប្រសព្វបាននូវផលសម្រេចដ៏ពិតប្រាកដ?”

អរុណោទ័យនៃជីវិតដ៏មានគុណតម្លៃនោះ ក្នុងព្រះពុទ្ធសាសនាបានសម្ដែងទុកមាន ៧ យ៉ាង សូមលើកយកមកដោយសង្ខេបក្នុងទីនេះគឺ៖

១. ជីវិតល្អ ព្រោះមានឥទ្ធិពលពីបរិស្ថានខាងក្រៅ មានការសេពគប់ជាដើមល្អ ហៅថា មិត្តសម្បទា

២. ជីវិតល្អ ព្រោះខ្លួនមានសីលាចារវត្តល្អ និងរស់នៅក្នុងសង្គមដែលមានច្បាប់ទម្លាប់ល្អ ហៅថា សីលសម្បទា

៣. ជីវិតល្អ ព្រោះមានឆ័ន្ទៈមនសិការមោះមុតច្បាស់លាស់ ក្នុងការកសាងអភិវឌ្ឍក្នុងផ្នែកផ្សេងៗល្អ ហៅថា ឆន្ទសម្បទា

៤. ជីវិតល្អ ព្រោះអភិវឌ្ឍខ្លួនឯងឲ្យទៅជាមនុស្សមួយដែលមានសមត្ថភាព មានគុណភាពល្អ ហៅថា អត្តសម្បទា

៥. ជីវិតល្អ ព្រោះមានឧត្តមគតិ មានវិចារណញាណល្អ មានគោលការណ៍ល្អ ហៅថា ទិដ្ឋិសម្បទា

៦. ជីវិតល្អ ព្រោះមានសតិសម្បជញ្ញៈខ្ជាប់ខ្ជួនគ្រប់គ្រងខ្លួនបានល្អ ហៅថា អប្បមាទសម្បទា

៧. ជីវិតល្អ ព្រោះមានមនសិការ មានបញ្ញា មានហេតុមានផលល្អ ហៅថា យោនិសោមនសិការសម្បទា

នរណាៗក៏តែងតែចង់បានជីវិតដ៏ប្រសើរមួយដែរ ប៉ុន្តែមានមនុស្សមួយចំនួនបែរជាមិនព្យាយាមក្នុងការធ្វើឱ្យខ្លួនពួកគេទទួលបានភាពល្អប្រសើរទៅវិញ។ ហេតុនេះហើយដើម្បីឱ្យជីវិតមានភាពល្អប្រសើរ គឺត្រូវតែមានការព្យាយាមក្នុងការធ្វើអ្វីមួយ ដើម្បីធ្វើឱ្យខ្លួនឯងមានភាពល្អប្រសើរ។ កត្តាសំខាន់បំផុត ដែលជំរុញឲ្យគុណភាពជីវិតធ្លាក់ចុះនោះ គឺភាពល្ងង់ខ្លៅ ដែលក្នុងទ្រឹស្ដីព្រះពុទ្ធសាសនាហៅថា អវិជ្ជា (Ignorance) គឺជាស្បៃអន្ធការម្យ៉ាង ដែលគ្របដណ្ដប់ផ្ទាំងជីវិតនៃមនុស្សគ្រប់គ្នាឲ្យដើរខុសភ្លាត់ចេញពីការពិត។ ការជួយសង្គ្រោះ ជួយស្រោចស្រង់អ្នកដទៃ សត្វដទៃដែលមានសេចក្ដីទុក្ខ (Suffering) គឺជាពន្លឺដ៏ត្រចះត្រចង់មួយ ដែលឆ្លុះបង្ហាញឲ្យយើងឃើញដល់តម្រូវការ និងភាពចាំបាច់នៃស្រទាប់មនុស្សក្នុងសង្គម ដែលទន្ទឹងរង់ចាំអំណោយទាន ចង់បាននូវតម្លាភាពភាពយុត្តិធម៌ សេរីភាព ឥស្សរភាព សម្រាប់ខ្លួនពួកគេគ្រប់គ្នាក្នុងសង្គម។ 


អត្ថបទទាក់ទង

មេរៀនជីវិត ៩ ចំណុច ដែលយើងគួរស្វែងយល់

Leave a Reply

Your email address will not be published. Required fields are marked *