ហេតុអ្វីបានជាការគិតរបស់អ្នកនៅថ្ងៃនេះ នឹងប្រាប់ពីជោគវាសនារបស់អ្នកនៅអនាគត?
គិត ( កិ. ) ត្រិះរិះ, ពិចារណា, នឹក, នឹកដល់, រឭក : គិតហើយសឹមធ្វើ ។ នាមរបស់ គិត នេះជា គំនិត ។
សេចក្ដីទុក្ខរបស់មនុស្ស កើតចេញមកពីអ្វីៗមិនប្រព្រឹត្តទៅតាមការរំពឹងទុកចង់បានរបស់ខ្លួន។ ការគិតរបស់អ្នក ក៏មិនខុសគ្នាអ្វីពីមេដែកនោះដែរ ព្រោះគឺវានេះឯងដែលឆក់ទាញយកអ្វីៗមកចូលនៅក្នុងជីវិតអ្នក។ អ្វីៗនៅខាងក្រៅ គ្មានល្អ ឬអាក្រក់ដោយធម្មជាតិវាមកនោះទេ តែភាពល្អ ឬអាក្រក់របស់វា គឺជាការវិនិច្ឆ័យនិងការយល់ឃើញរបស់មនុស្សដែលមានទៅលើវាប៉ុណ្ណោះ។ ការគិតរបស់មនុស្ស គឺជាអ្វីដែលធ្វើឲ្យជោគវាសនារបស់មនុស្សម្នាក់ៗខុសដាច់ស្រឡះពីគ្នា។
តើការ “គិត” គឺជាអ្វី? ហើយមនុស្សជោគជ័យមានទម្លាប់នៃការគិតស៊ីជម្រៅអ្វីខ្លះ?
ហេតុអ្វីក៏ការគិតរបស់អ្នកប្រៀបបាននឹងមេដែកដែលឆក់ទាញយកអ្វីៗចូលមកក្នុងជីវិតអ្នក? បើអ្នកកំពុងតែមានអារម្មណ៍មួម៉ៅក្ដៅក្រហាយ នោះអ្នកនឹងសង្កេតឃើញថារឿងមួយចំនួនដែលតាមធម្មតាអ្នកមិនដែលចាប់អារម្មណ៍ខ្វល់ខ្វាយសោះ តែបែរជាធ្វើឲ្យអ្នកមានអារម្មណ៍ថាមួម៉ៅនៅពេលនេះដែរទៅវិញ។ ចង់ដឹងអនាគតយ៉ាងណា មើលបច្ចុប្បន្នទៅនឹងដឹងហើយ។ មិនខុសគ្នានោះទេដែលគ្រាប់ពូជដែលអ្នកដាំដុះបែបណា នោះវានឹងលូតលាស់ក្លាយជាបែបនោះដែរ។
ពិតណាស់ថារឿងរ៉ាវមួយចំនួនកើតឡើងហួសពីដែនកំណត់ដែលយើងអាចគ្រប់គ្រងបាន ដូច្នេះបើវាកើតហើយ ទោះអ្នកខំគិតខ្វាយខ្វល់ឬរអ៊ូរទាំវាយ៉ាងណាក៏ស្ថានការណ៍មិនផ្លាស់ប្ដូរទៅជាល្អប្រសើរដែរ។ យ៉ាងណាមិញ អ្នកសាកគិតបន្តិចទៅមើលថាតើអ្វីទៅដែលអ្នកអាចធ្វើបាន អ្វីទៅដែលស្ថិតនៅក្នុងដែនកំណត់ដែលអ្នកអាចគ្រប់គ្រងបាន។ អ្នកមិនអាចផ្លាស់ប្ដូររឿងខាងក្រៅដែលកើតឡើងរួចមកហើយបាន ប៉ុន្តែអ្នកអាចផ្លាស់ប្ដូរវិធីនៃការគិតរបស់អ្នក ពោលគឺវិធីដែលអ្នកឆ្លើយតបចំពោះស្ថានការណ៍ខាងក្រៅទាំងនោះបាន ពីព្រោះបើទោះជាខ្លួនប្រាណអ្នកត្រូវបានគេឃុំឃាំងនៅក្នុងគុកក៏ដោយ ប៉ុន្តែគ្មាននរណាម្នាក់អាចបំបិទសិទ្ធិសេរីភាពរបស់អ្នកក្នុងការគិតនោះឡើយ។
សេចក្ដីទុក្ខរបស់មនុស្សកើតចេញមកពីអ្វីៗនៅខាងក្រៅមិនកើតឡើងតាមការរំពឹងទុករបស់ខ្លួន នេះមានន័យថាសេចក្ដីសុខរបស់ពួកគេខ្លួនឯងគឺអាស្រ័យទៅលើរឿងខាងក្រៅមកកំណត់ មិនមែនអាស្រ័យទៅលើម្ចាស់ខ្លួនជាអ្នកកំណត់នោះទេ។ សម្ដីមួយឃ្លារបស់ ម៉ាកូស អូរ៉េលីស (Marcus Aurelius) បានលើកឡើងថា៖ “សេចក្ដីសុខរបស់អ្នកគឺអាស្រ័យទៅលើគុណភាពនៃការគិតរបស់អ្នក”។
បើអ្នកកំពុងព្យាយាមស្វែងរកអ្វីមួយនៅផ្លូវខុសហើយ នោះអ្នកប្រាកដជាមិនអាចរកវាឃើញហើយ។ សេចក្ដីសុខពិតប្រាកដគឺសាមញ្ញណាស់ ហើយវាមិនដែលនៅឆ្ងាយពីអ្នកដូចដែលអ្នកគិតនោះទេ ព្រោះសេចក្ដីសុខកើតចេញមកពីខាងក្នុង កើតចេញពីចិត្តខាងក្នុងដែលស្ងប់ ចិត្តដែលគិតត្រឹមត្រូវនិងមើលឃើញអ្វីៗនៅក្នុងផ្លូវវិជ្ជមាន មិនថាស្ថានការណ៍យ៉ាងណាក៏ដោយ។ តាមពិតទៅជ័យជម្នះដែលពិបាកយកឈ្នះបំផុត ពុំមែនជាសង្គ្រាមចម្បាំងជាមួយអ្នកខ្លាំងឯណានោះទេ ប៉ុន្តែជាសង្គ្រាមជាមួយនឹងការគិតរបស់អ្នកនេះឯង។
មានមនុស្សជាច្រើន បានយកឈ្នះទៅលើការប្រកួតប្រជែងជាមួយអ្នកដទៃ ប៉ុន្តែក្នុងចំណោមពួកគេមានតិចតួចណាស់ដែលអាចយកឈ្នះលើខ្លួនឯងបាន។ ដេនីស វេតលេយ៍ (Denis Waitley) បានពោលថា៖ “ជ័យជម្នះដ៏អស្ចារ្យបំផុតគឺជាជ័យជម្នះដែលបានយកឈ្នះលើខ្លួនឯង”។ មានតែបុគ្គលដែលអាចយកឈ្នះលើខ្លួនឯងប៉ុណ្ណោះ ទើបបុគ្គលនោះមានសេរីភាពពិតប្រាកដលើជីវិតរបស់ខ្លួន។ ចូរប្រុងប្រយ័ត្នគ្រប់ពេលជានិច្ចជាមួយនឹងអ្វីដែលអ្នកកំពុងតែគិត ព្រោះការគិតរបស់អ្នកនឹងបង្កើតការពិតរបស់ជីវិតអ្នកឡើង ហើយអ្នកក៏ត្រូវចាំថា សត្រូវដ៏ធំបំផុតនៅក្នុងជីវិតរបស់អ្នកគឺជាការគិតរបស់អ្នកនេះឯង។
ប្រភព៖ addicted2success
អត្ថបទទាក់ទង
ធាតុផ្សំទាំង ៥ មានវត្តមាននៅក្នុងការឈ្នះក្នុងគ្រប់វិស័យនៃជីវិត