ហេតុអ្វី​ការ​ស្រលាញ់​ និងការឲ្យ​តម្លៃ​ខ្លួន​ឯង​ជា​រឿង​ចាំ​បាច់​​សម្រាប់យើង​គ្រប់​គ្នា?

យើង​រាល់​គ្នា​កើត​មក​ តែ​ង​តែ​មាន​សេចក្ដី​ស្រលាញ់​ មិន​ថា​ក្ដី​ស្រលាញ់​​ចំពោះ​ឪពុក​ម្តាយ​ បងប្អូន​ មិត្ត​ភក្តិ​ ឬ​ដៃគូ​ស្នេហា​នោះ​ទេ​។ ប៉ុន្តែ​ មាន​អ្នក​ខ្លះ​ភ្លេច​គិត​ថា​ មាន​មនុស្ស​ម្នាក់​ទៀត​ ដែល​​ត្រូវ​​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ​​ នោះ​គឺ​ខ្លួន​យើង​តែម្ដង​​។

នៅ​ពេល​ដែល​​យើង​រៀន​ចេះ​ស្រលាញ់​ខ្លួន​ឯង យើង​នឹង​មើល​ឃើញ​​ពិភព​លោក​ក្នុង​ផ្លូវ​ល្អ​​​ ​មាន​ថាមពល​​ផ្លូវ​ចិត្ត​ និង​ផ្លូវ​កាយ​ក្លៀវក្លា​ ព្រម​ទាំង​​មាន​គំនិត​សុទិដ្ឋិនិយម​​ថែមទៀត​ផង។​ ផ្ទុយ​ទៅ​វិញ​ ការ​មិន​ពេញ​ចិត្ត​នឹង​ខ្លួន​ឯង​ ​តែងតែ​ធ្វើ​ឲ្យ​យើង​គិត​ច្រើន​អសកម្ម​ ព្រមទាំង​អាច​កើត​​បញ្ហា​ផ្លូវ​ចិត្ត​ផង​ដែរ​។​​

តាមពិតទៅ នៅ​ទី​បំផុត មានតែ​ខ្លួន​យើង​នេះ​ហើយ ដែល​អាច​យល់​ច្បាស់ថា ត្រូវចេះ​លើក​ទឹក​ចិត្ត​ អត់​ឱន​ និង​មិន​បោះបង់​ខ្លួន​​ឯង​ចោលនោះទេ ព្រោះការឲ្យតម្លៃខ្លួនឯងធ្វើឲ្យមានទំនួលខុសត្រូវ​។

នៅ​ពេលដែលយើងកើត​មាន​អារម្មណ៍​មិន​ល្អ ចូលកុំ​ឃុំ​ខ្លួន​ឯង​នៅតែ​មួយ​កន្លែងឲ្យសោះ៖

  • ត្រូវ​ចេញ​​ទៅ​ក្រៅ​ដើម្បីស្រូប​យក​​ខ្យល់​អាកាស​បរិសុទ្ធនិងគយគន់​ទេសភាព​ធម្មជាតិ នោះយើង​បាន​ដឹង​ថា​តាម​ការ​ពិត​ ពិភពលោក​ពិត​ជា​ស្រស់​ស្អាត​ និង​មាន​រឿង​រ៉ាវ​ជា​ច្រើន​​ដែល​យើងពុំ​ទាន់​បាន​ដឹងនៅឡើយ​។
  • ត្រូវដឹងថាមាន​ឱកាស​​ល្អ​ៗ​ច្រើន​ណាស់​កំពុង​តែ​រង់​ចាំ​យើង គ្រាន់​តែ​ពេល​ខ្លះ​យើងមិន​ទាន់​ដើរ​ដល់​ចំណុចទាំងនោះ​ប៉ុណ្ណោះ​។
  • ត្រូវដឹងថាជីវិត​ខ្លី​ណាស់ កុំ​រវល់​តែ​កើត​ទុក្ខ​ឥតល្ហែល ត្រូវ​​រៀន​រស់​ដោយសេចក្តី​​សប្បាយ​រីករាយ។
  • កុំ​ខ្វល់​ពី​មនុស្ស​ដែល​ចូល​ចិត្ត​ទើស ឬ​មិន​ស្រលាញ់យើង សំខាន់​យើង​​ស្រលាញ់​ខ្លួន​ឯង​គ្មាន​ថ្ងៃ​ផ្លាស់​ប្តូរ។
  • កុំ​ព្យាយាម​ពន្យល់​ឬ​ទាម​ទារ​ឲ្យ​មនុស្ស​គ្រប់​គ្នា​យល់​ពីយើងអី តែ​គួរ​យល់​ពី​ខ្លួន​ឯង​ឲ្យ​បាន​ច្បាស់​វិញ​ជាការប្រសើរ​ជាង​។
  • បើ​មាន​នរណា​ធ្លាប់​ធ្វើ​ឲ្យ​ឈឺចាប់ ព្យាយាម​ព្យាបាល​របួស​ឲ្យ​ទាន់​ពេល​វេលា​ កុំ​ទុក​វាយូរ​ពេកនាំឲ្យរាំរ៉ៃ។
  • ទោះ​គ្មាន​នរណាម្នាក់​​គាំ​ទ្រ​លើក​ទឹក​ចិត្ត​ ក៏​គួរ​តែ​បន្ត​ភាព​​រឹង​មាំ និង​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​គ្រប់​កាលៈទេសៈ។
  • ត្រូវ​ជឿជាក់​លើ​ខ្លួន​ឯងជានិច្ច ទោះ​មាន​គេ​ខំ​ប្រឹង​​រារាំង​បំបាក់​ទឹក​ចិត្ត​ក៏​ដោយត្រូវជឿថាខ្លួនយើងធ្វើបាន​។
  • បើ​ជួប​ស្នេហា​ធ្វើ​ឲ្យ​អ្នក​គ្រាំគ្រានោះ គួរ​ដក​ថយ​ឲ្យ​ទាន់​ពេល ទើប​គ្មាន​វិប្បដិសារី​ក្នុងជីវិតគូ។​

រឿងហេតុទាំងអស់នៅ​ទី​បញ្ចប់​ គឺមាន​តែ​ខ្លួន​យើងទេ ដែល​អាច​នៅ​ជាមួយ​រូប​កាយរបស់យើង​មួយ​នេះ​ពេញ​មួយ​ជីវិត ដូចនេះចូរ​មើល​​ថែរក្សាផ្លូវកាយ ផ្លូវចិត្ត ហើយចេះស្រលាញ់ និងឲ្យ​តម្លៃ​ខ្លួន​ឯង​ជា​រៀង​ដរាប ទើបជីវិតយើងមួយនេះមានសេចក្តីសុខ។


អត្ថបទទាក់ទង

ហេតុ​ផល​ចំនួន ៥ ​ដែល​ធ្វើ​មិន​ឱ្យ​លោកអ្នក​សប្បាយចិត្ត​នឹង​អាជីព​ និង​ជីវិត

 

Leave a Reply

Your email address will not be published.