ហេតុ​ផល​ចំនួន ៥ ​ដែល​ធ្វើ​មិន​ឱ្យ​លោកអ្នក​សប្បាយចិត្ត​នឹង​អាជីព​ និង​ជីវិត

អាជីព –ជីប សំ. បា. ( ន. ) (អាជីវ, ខ្មែរ​ប្រើ​ផ្លាស់ វ ជា ព > អាជីព) ដំណើរ​នៅ​មាន​ជីវិត, ការ​នៅ​រស់; ការ​ចិញ្ចឹម​ជីវិត, ដំណើរ​ធ្វើ​ការ​របរ​ចិញ្ចឹម​ជីវិត : គាត់​មាន​ការ​លក់​ដូរ​ជា​អាជីព​របស់​គាត់, អ្នក​រក​ស៊ី​ដោយ​ការ​បំបាត់​ប្រវ័ញ្ចន៍ ឈ្មោះ​ថា​អ្នក​មាន​អាជីវៈ​មិន​បរិសុទ្ធ (មិច្ឆាជីវៈ) ។ អាជីវ​កម្ម ការ​ប្រកប​មុខ​របរ​ចិញ្ចឹម​ជីវិត; ការ​ចាត់ចែង​ធ្វើ​យក​ផល​ពី​ដំណាំ, ពី​ឈើ​ព្រៃ, ពី​ព្រះ​ធរណី​ជាដើម; ទី​ដី​ដែល​គេ​ប្រកប​ធ្វើ​ការ​យក​ផល​នោះ​ៗ : ប្រកប​អាជីវ​កម្ម​ខាង​ឈើ​ព្រៃ ។ អាជីវ​ករ ជន​អ្នក​ប្រកប​អាជីវ​កម្ម ។ អាជីវ​បារិសុទ្ធិ (–ប៉ា–) សេចក្ដី​បរិសុទ្ធ ព្រោះ​ការ​ចិញ្ចឹម​ជីវិត​ត្រឹម​ត្រូវ ។ អាជីវ​បារិសុទ្ធិ​សីល (–ប៉ា–) សីល​របស់​បព្វជិត​អ្នក​មាន​សេចក្ដី​បរិសុទ្ធ​ព្រោះ​ការ​ចិញ្ចឹម​ជីវិត​ត្រឹម​ត្រូវ (ម. ព. ចតុប្បារិសុទ្ធិ​សីល ផង)។ អាជីវប្បវុត្តិ (–វ័ប-ប៉ៈ–) ឬ អាជីវ​ប្រព្រឹត្តិ (សំ.)

ជីវិត សំ. បា. ( ន. ) ដំណើរ​រស់​នៅ, អាយុ : ចិញ្ចឹម​ជីវិត, រស់​នៅ​អស់​មួយ​ជីវិត ។

មនុស្សយើង​ងាយ​នឹង​ស្តី​បន្ទោស​កាល​ទេស​ខាងក្រៅ​ថា​ជា​កត្តា​ដែល​ធ្វើ​ឱ្យ​យើង​ជួប​បញ្ហា​ ឬមិន​សម្រេច​បាន​តាម​ការ​ប្រាថ្នា​ក្នុង​ជីវិត​។ យើង​ច្រើនតែ​មាន​ភាព​វៃឆ្លាត​ជ្រុល​ក្នុង​គំនិត​ ហើយ​ពេល​បរាជ័យ​ យើង​ក៏​ស្តី​បន្ទោស​អ្នកដទៃ​ ជាជាង​សម្លឹង​មើល​រក​មូលហេតុ​ពិតប្រាកដ​ក្នុង​ខ្លួន​។ ខាងក្រោម​នេះ​ ជាហេតុ​ផល​មួយចំនួន​ដែល​ធ្វើ​មិន​ឱ្យ​លោកអ្នក​សប្បាយចិត្ត​នឹង​អាជីព​ និង​ជីវិត​៖

១. មិនដឹង​ថា​កិច្ចការ​ខ្លះ​ត្រូវ​ប្រើ​ពេល​យូរ​

គ្មាន​រូបមន្ត​កំណត់​ណាមួយ​ថា​កិច្ចការ​ដែល​លោកអ្នក​ធ្វើ​ត្រូវការ​ពេល​ប៉ុន្មាន​ឆ្នាំ​ដើម្បី​ទទួល​បាន​លទ្ធផល​ទេ​។ ប៉ុន្តែ​លោកអ្នក​មិន​អាច​សប្បាយចិត្ត​នឹង​អាជីព​របស់​លោកអ្នក​បានទេ​ ដោយសារ​លោកអ្នក​ចង់បាន​លទ្ធផល​ឆាប់​ពេក​។ បើ​កូន​របស់​លោកអ្នក​ដើរ​ដួល​ក្នុង​ពេល​ដែលគេ​រៀន​ដើរ​ជាលើកដំបូង​ តើ​លោកអ្នក​នឹង​ហាមឃាត់​គេ​មិន​ឱ្យ​រៀន​ដើរទេ​? ពិតជា​មិន​ដូច្នេះ​ទេ​ លោកអ្នក​នឹង​បន្ត​លើកទឹកចិត្ត​គេ​រហូតដល់​គេ​ចេះ​ដើរ​ស្ទាត់​។ តើ​ហេតុអ្វីបានជា​អាជីព​របស់​លោកអ្នក​ត្រូវ​ខុសពី​រឿង​នេះ​? ការ​ចង់បាន​លទ្ធផល​ឆាប់​ពេក​នឹង​ធ្វើ​ឱ្យ​លោកអ្នក​មិន​សប្បាយចិត្ត​ទេ​។

២. មិន​ប្រឹងប្រែង​ឱ្យ​ដល់កម្រិត​

ការ​សប្បាយចិត្ត​ក្នុង​អាជីព​ជា​រឿង​លំបាក​ណាស់​។ នៅក្នុង​ជីវិត​លោកអ្នក​ទទួល​បានការ​បដិសេធ​ច្រើនជាង​ការយល់ព្រម​។ ការ​ធ្វើ​ឱ្យ​អ្ន​កដ​ទៃយ​លព្រ​មតា​មគំនិត​របស់​លោកអ្នក​ជា​រឿង​លំបាក​ ហើយ​លោកអ្នក​ត្រូវ​ប្រឹងប្រែង​ឱ្យ​ខ្លាំង​ជាង​គូប្រជែង​។ នៅពេល​លោកអ្នក​ព្យាយាម​មិនទាន់​ដល់កម្រិត​ លោកអ្នក​នឹង​ទទួល​បានតែ​លទ្ធផល​តិចតួច​ប៉ុណ្ណោះ​។ លទ្ធផល​តិចតួច​នាំទៅរក​ការ​មិន​សប្បាយចិត្ត​ ដោយសារ​លោកអ្នក​មិន​ពេញចិត្ត​ចំពោះ​អ្វី​ដែល​ទទួល​បាន​។

៣. នៅ​អង្គុយ​មើល​អ៊ី​នធឺ​ណេ​តជាជាង​ទៅ​បង្កើត​បណ្តាញ​ទំនាក់ទំនង​

អាជីព​របស់​លោកអ្នក​នឹង​មិន​រីកចម្រើន​ទៅដល់​កម្រិត​ដែល​លោកអ្នក​ចង់បាន​ទេ​បើ​គ្មាន​បណ្តាញ​ទំនាក់ទំនង​គ្រប់គ្រាន់​នៅ​ជុំវិញ​។ លោកអ្នក​ត្រូវ​ប្រើ​ពេលវេលា​ ហើយ​ផ្នែក​មួយ​នៃ​ដំណើរការ​ដើម្បី​បង្កើត​បណ្តាញ​ទំនាក់ទំនង​គឺ​ត្រូវ​ចេញទៅ​ក្រៅ​ផ្ទះ​និង​ចូលរួម​ក្នុង​ព្រឹត្តិ​ការណ៍​សង្គម​ផ្សេង​ៗជា​កន្លែង​ដែល​ជួប​មនុស្សដទៃ​។ មនុស្ស​ដែល​នៅ​អង្គុយតែ​ក្នុង​ផ្ទះ​មិនបាន​បន្ថែម​គុណ​តម្លៃ​អ្វី​ដែល​អាជីព​របស់​គេ​ទេ​។

៤. មិន​ធ្វើ​កិច្ចការ​ដែល​មានតម្លៃ​

ការ​ធ្វើការ​ធម្មតា​មិន​ដូចគ្នានឹង​ការដែល​មានតម្លៃ​ទេ​។ មាន​មនុស្ស​ច្រើន​នាក់​ណាស់​ដែល​អង្គុយ​នៅ​ខាងមុខ​កុំព្យូទ័រ​រាល់ថ្ងៃ​និង​ធ្វើខ្លួន​រវល់​គ្រប់ពេល​។ មនុស្ស​ប្រភេទ​នេះ​ច្រើនតែ​រវល់​ក្នុង​កិច្ចការ​ដែល​អ្នកដទៃ​ប្រាប់​ឱ្យ​គេ​ធ្វើ​។ ការ​មានតម្លៃ​ជា​ការងារ​ច្នៃប្រឌិត​ ការ​ប្រឹងប្រែង​ចេញពី​ក្នុងចិត្ត​ ជា​ការងារ​ដែល​ធ្វើ​ដើម្បី​ផ្លាស់​ប្តូរ​ស្ថានភាព​។ ការងារ​មានតម្លៃ​អាច​នឹង​ស៊ីពេល​ច្រើន​ដើម្បី​ធ្វើ​ប៉ុន្តែ​ជា​ការងារ​ដែល​ធ្វើ​ហើយ​នាំ​ក្រុមហ៊ុន​ទៅ​រក​ភាព​រីកចម្រើន​ខ្ពស់។

៥. មិនសូវ​មាន​មនុស្ស​ចូលចិត្ត​លោកអ្នក​

ការ​ទទួល​បាន​មុខតំណែង​ខ្ពស់​ ឬការបង្កើត​ក្រុមហ៊ុន​ថ្មី​មួយ​ដោយខ្លួនឯង​មិនមែន​ត្រឹមតែ​ជា​ការ​ចាប់ផ្តើម​សកម្មភាព​ទេ​។មនុស្ស​ត្រូវ​ស្រឡាញ់​លោកអ្នក​ និង​ចង់​ធ្វើការ​ជាមួយ​លោកអ្នក​។ មានន័យថា​លោកអ្នក​ត្រូវ​ធ្វើ​យ៉ាងណា​ឱ្យ​មាន​មនុស្ស​ចូលចិត្ត​បាន​ច្រើន​។ បើ​លោកអ្នក​គិតតែ​ជេរស្តី​ឱ្យ​គេឯង​គ្រប់គ្នា​ និង​ចំណាយពេល​ច្រើន​ផ្តោត​តែ​លើ​រឿង​អវិជ្ជមាន​ មនុស្ស​ទាំងអស់​នឹង​រំដោះខ្លួន​ចេញ​ឆ្ងាយ​ពី​លោកអ្នក​បន្តិច​ម្តង​ៗ។ តើមាន​មនុស្ស​ណាខ្លះ​ដែល​ចង់​ធ្វើការ​ជាមួយ​មនុស្ស​មិន​សប្បាយចិត្ត​ និង​គិតតែ​អវិជ្ជមាន​?

ប្រភព​៖

  • វចនានុក្រមខ្មែរ
  • Addicted2success​

អត្ថបទទាក់ទង

ហេតុ​ផល ៤ យ៉ាង ដែល​លោកអ្នក​ខ្វះខាត​ឆន្ទៈ​ក្នុង​កិច្ច​ការដែល​ខ្លួនឯង​ធ្វើ

Leave a Reply

Your email address will not be published.