សាកល្បងវិធីសាស្រ្តទាំង ២ នេះដើម្បីធ្វើឱ្យការងារអភិវឌ្ឍបានលឿន

ផលិតភាពការងារ ​គឺ​ជា​លទ្ធផល​ដែល​អ្នក​ទទួល​បាន​ពី​អ្វី​ដែល​អ្នក​ធ្វើ និងជាអ្វីដែលមនុស្សទូទៅចង់បាន ដូច្នេះហើយផលិតភាព​ ពិត​ជា​សំខាន់​ណាស់​ក្នុង​ជីវិត​រស់នៅសព្វថ្ងៃ។ ប៉ុន្តែបញ្ហាប្រឈមដែលធ្វើឱ្យពួកគេមិនអាចសម្រេចបាននូវ​សម្មិទ្ធិផលច្រើននោះ គឺវិធីសាស្រ្តសំខាន់ៗក្នុងការអនុវត្ត។

ដើម្បីធ្វើឱ្យការងារទទួលបានប្រសិទ្ធភាពខ្ពស់ និងអភិវឌ្ឍបានលឿន អ្នកអាចសាកល្បងវិធីសាស្រ្ត ២ ខាងក្រោមនេះ ៖

១. សរសេរគម្រោងការងារឱ្យបានច្បាស់លាស់

ការធ្វើការងារដោយគ្មានគម្រោងច្បាស់លាស់ គឺប្រៀបបានទៅនឹងការធ្វើដំណើរដោយមិនបានជ្រើសរើសផ្លូវជាមុន។ ការធ្វើបែបនេះ គឺមានភាពផុយស្រួយ និងប្រឈមជាមួយឧបសគ្គបំផុត ព្រោះយើងគ្មានគោលជំហរច្បាស់លាស់មួយ ក្នុងការសម្រេចសកម្មភាពនានា។ នៅពេលដែលយើងគ្មាន​ផែនការច្បាស់លាស់ យើងនឹងបណ្តែតបណ្តោយឱ្យខ្លួនឯង រេរាទៅតាម​ការអូសទាញនៃមជ្ឈដ្ឋានខាងក្រៅ ជាពិសេស​ឱកាស​នានាដែលយើងគិតថា វាធ្វើឱ្យជីវិតរបស់យើង​កាន់តែប្រសើរខណៈស្ថានភាពជាក់ស្តែង វាគឺជាកត្តារំខានមួយដល់គោលដៅយូរអង្វែងរបស់យើងក៏ថាបាន។

ហេតុនេះ ប្រសិនបើយើងចេះរៀបចំផែនការរយៈពេលវែង និងរយៈពេលខ្លីបានច្បាស់លាស់ យើងនឹងអាចធ្វើការងារដោយបុព្វហេតុច្បាស់លាស់មួយ ​ដើម្បីសម្រេចគោលដៅប្រកបដោយគុណតម្លៃ។

២. ធ្វើការងារស្របនឹងទេពកោសល្យ

គ្រប់មនុស្សទាំងអស់ មិនមែនសុទ្ធតែ​ធ្វើការងារត្រូវនឹងទេពកោសល្យរបស់ខ្លួននោះទេ ព្រោះមានមនុស្សខ្លះធ្វើការងារទៅតាម​ឱកាស ការអូសទាញ ឬដើម្បីតែបំពេញតម្រូវការផ្នែកជីវភាពជាដើម។ ការធ្វើបែបនេះ មិនអាចជម្រុញឱ្យគេក្លាយជា​មនុស្សដែលធ្វើការងារបានល្អនោះទេ ដោយសារតែគ្រប់សកម្មភាពទាំងអស់ គ្មាន​កម្លាំងជម្រុញពីខាងក្នុង។

ហេតុនេះ​ ផ្នែកមួយក្នុងចំណោម​ផ្នែកសំខាន់ៗ ដើម្បីឱ្យ​ការងារអាចអភិវឌ្ឍទៅបានប្រកបដោយ​ថាមពល និងវិជ្ជមាន មនុស្សម្នាក់ៗចាំបាច់​ស្វែងរកអ្វីដែលខ្លួនស្រឡាញ់ពេញចិត្តបំផុតដើម្បីធ្វើ។ ជាក់ស្តែង មនុស្សយើងម្នាក់ៗមានទេពកោសល្យខុសៗគ្នា ហេតុនេះប្រសិនបើយើង​ធ្វើការងារត្រូវនឹងទេពកោសល្យ យើងនឹងមានអារម្មណ៍ថារីករាយ ហើយធ្វើការងារទាំងអស់នោះដោយមិនចេះធុញទ្រាន់។

ជារួមមកវិញ ស្ថានភាព​ និងសង្គមរបស់មនុស្ស មិនមែនជាកត្តាសំខាន់ក្នុងការកំណត់ពី​ផលិតភាពការងារនោះទេ ប៉ុន្តែផ្នត់គំនិត និងវិធីសាស្រ្តអនុវត្តន៍ ទើបជាច្រកមិនអាចខ្វះបានសម្រាប់ជំរុញឱ្យមនុស្សម្នាក់ៗអភិវឌ្ឍបានលឿន។

សម្រួលពី៖ Psychology Today


អត្ថបទទាក់ទង 

បង្កើនផលិតភាពការងាររបស់អ្នក ជាមួយនឹងគន្លឹះសំខាន់ៗទាំង៣នេះ

Leave a Reply

Your email address will not be published. Required fields are marked *