វិធីសាស្រ្តសាមញ្ញចំនួន ៥ ដែលលោកអ្នកអាចរៀនពីកំហុស និងបរាជ័យដើម្បីក្រោកដើរលើផ្លូវទៅរកជោគជ័យ
កំហុស នាមសព្ទ សេចក្តីខុស។
បរាជ័យ (ប៉ៈរ៉ាជៃ) នាមសព្ទ ( សំ. បា. បរាជយ ) ការចាញ់, ដំណើរចាញ់គេ។ ពាក្យនេះខ្មែរយើងប្រើជា កិ. ក៏មាន។ ខាងពួកយើងមានជ័យ ខាងពួកបច្ចាមិត្តបរាជ័យទៅហើយ ។ ព. ផ្ទ. ជ័យ
កំហុស និងបរាជ័យ ពិតជាបានជួយកែប្រែគុណភាពជីវិតបានពិតមែន ប្រសិនបើគេបានសិក្សារៀនសូត្រពីវាឲ្យបានត្រឹមត្រូវ។ សូមកុំបាក់ស្បាតដោយសារវាអី ព្រោះមនុស្សជោគជ័យក៏សុទ្ធតែមានពិសោធន៍ក្នុងរឿងនេះទាំងអស់។ ពេលវេលាដែលល្អបំផុត គឺការបង្កើតភាពខ្លាំងពីការលំបាក ស្វែងរកហេតុផលដើម្បីញញឹម ប្រសើរជាងស្វែងរកហេតុផលដើម្បីសម្រក់ទឹកភ្នែក!
បរាជ័យ ជាផ្នែកមួយនៃជីវិត។ ការចាត់ទុកបរាជ័យជាជំហានទៅរកផ្លូវជោគជ័យ នឹងជួយលោកអ្នកទទួលបានប្រយោជន៍បំផុតពីបទពិសោធន៍ដ៏ឈឺចាប់នេះ។ មុនពេលលោកស្រី អារៀនណា ហាហ្វហ្វីងតុន (Arianna Huffington) បង្កើតក្រុមហ៊ុន Huffington Post ស្ថាប័នបោះពុម្ព ៣៦ កន្លែង បានបដិសេធមិនព្រមទទួលយកស្នាដៃរបស់លោកស្រីទៅបោះពុម្ពនោះទេ។ មុនពេលលោក វ៉លត៍ ឌីសនី (Walt Disney) បង្កើតអាណាចក្រ Disneyland មានគេប្រាប់លោកថាជាមនុស្សដែលខ្វះគំនិតច្នៃប្រតិដ្ឋ។ ក្រុមហ៊ុនទីមួយរបស់លោក ប៊ីល ហ្គេត (Bill Gates) មិនមានមនុស្សស្គាល់ច្រើនទេ។
គ្មាននរណាចង់បរាជ័យទេ ប៉ុន្តែសូម្បីតែមនុស្សវៃឆ្លាត និងជោគជ័យបំផុត ក៏ត្រូវប្រឈមនឹងបញ្ហានៅក្នុងដំណាក់កាលខ្លះនៃជីវិតដែរ។ ជីវិតនេះ ឡើងចុះមិនឈប់ទេ។ កំហុសខ្លះធំ កំហុសខ្លះតូច។ បរាជ័យរបស់លោកអ្នកគំរាមកំហែងបំផ្លាញអ្វីៗទាំងអស់ដែលលោកអ្នកប្រឹងប្រែងបង្កើតឡើង។ ប៉ុន្តែ ទោះជាជួបបញ្ហាអ្វីក៏ដោយ មិនត្រូវចាក់សោខ្លួនឯងទុកក្នុងការសោកស្តាយទេ។ វិញ្ញាសាក្នុងជីវិតរបស់លោកអ្នក គឺរបៀបដែលលោកអ្នកដោះស្រាយរឿងបរាជ័យ។ ខាងក្រោមនេះ ជាយុទ្ធសាស្រ្តសាមញ្ញដែលលោកអ្នកអាចរៀនពីកំហុស និងបរាជ័យដើម្បីក្រោកដើរលើផ្លូវទៅរកជោគជ័យ៖
១. ទទួលស្គាល់ថាការអន់ចិត្តជារឿងធម្មតា
ទោះបីលោកអ្នកធ្លាក់ដល់បាតជម្រៅនៃបញ្ហា ឬជួបឧបសគ្គជាបន្តបន្ទាប់ ក៏ការពិតមួយដែលលោកអ្នកពិបាកប្រកែកបានគឺលោកអ្នកមានអារម្មណ៍អន់ចិត្ត។ បណ្តោយឱ្យខ្លួនលោកអ្នកទទួលយកអារម្មណ៍មិនសប្បាយចិត្តទាំងនោះ ហើយស្វែងរកមធ្យោបាយផ្សេងៗដើម្បីជម្រុះអារម្មណ៍អវិជ្ជមានទាំងអស់ចេញ ដូចជាស្រែក ហក់លោត រត់ ដើរក្នុងព្រៃ ឬធ្វើយ៉ាងណាឱ្យចិត្តលោកអ្នកស្រឡះ។ បន្ទាប់មកត្រូវបោះជំហានទៅមុខទៀត។
២. ពិចារណាមេរៀន
លោកអ្នកត្រូវតែស្មោះត្រង់បំផុតចំពោះខ្លួនឯង។ តើមានរឿងអ្វីខ្លះដែលបានកើតឡើង? តើលោកអ្នកធ្វើខុសត្រង់ចំណុចណាខ្លះ? ហេតុអ្វី? រៀនពីកំហុសដើម្បីជៀសវាងបញ្ហាកាន់តែធំនៅថ្ងៃខាងមុខ គឺការបង្កើតកំហុសដដែលៗ។ សូមសួរសំណួរខ្លួនឯងក្រោយពេលជួបបរាជ័យ៖
- តើខ្ញុំបានទទួលមេរៀនអ្វីខ្លះពីស្ថានភាពនេះ?
- តើមានលទ្ធផលវិជ្ជមានអ្វីខ្លះពីស្ថានភាពនេះ?
- តើបទពិសោធន៍នេះបានជួយអ្វីខ្លះឱ្យខ្ញុំរីកចម្រើន?
លំហាត់នៃការពិចារណានេះ នឹងជួយលោកអ្នកឱ្យមើលឃើញឱកាសថ្មីៗដែលនឹងកើតចេញពីបរាជ័យ។
៣. ទទួលយកបរាជ័យជាផ្នែកមួយនៃជីវិត
ឱបក្រសោបបរាជ័យរបស់លោកអ្នក។ កុំព្យាយាមលាក់បាំងវា។ បរាជ័យមិនអាចរកដំណោះស្រាយដោយខ្លួនឯងបានទេ វាត្រូវការឱ្យលោកអ្នកដោះស្រាយ។ ដូច្នេះការព្រងើយកន្តើយចំពោះបញ្ហាបានត្រឹមតែរុញច្រានលោកអ្នកឱ្យធ្លាក់កាន់តែជ្រៅទៅក្នុងរណ្តៅប៉ុណ្ណោះ។ សូមចងចាំថា កំហុសជាផ្នែកចាំបាច់មួយនៃការរស់នៅរបស់មនុស្ស។ កំហុសខ្លះជារឿងជៀសមិនរួចទេនៅពេលលោកអ្នកក្រោកចេញពីកន្លែងសំងំសុខ។ មនុស្សអស្ចារ្យភាគច្រើននៅក្នុងប្រវត្តិសាស្រ្តសុទ្ធតែឆ្លងកាត់បរាជ័យយ៉ាងច្រើនមិនចាញ់ជោគជ័យដែលគេទទួលបានទេ។
៤. ធ្វើជាម្ចាស់ការលើកំហុស
បើលោកអ្នកពិតជាបានបង្ហាញភាពស្មោះត្រង់ចំពោះកំហុសនិងបានរៀនពីបទពិសោធន៍មែន ក៏នៅមានភាពចាំបាច់មួយទៀតគឺលោកអ្នកត្រូវធ្វើជាម្ចាស់ការនៃស្ថានការណ៍ដែលបានកើតឡើង។ ការធ្វើជាម្ចាស់ការចំពោះកំហុសជាគន្លឹះដើម្បីបង្ហាញអ្នកដទៃឱ្យឃើញថាលោកអ្នកជាមនុស្សដែលមានទំនួលខុសត្រូវនិងរស់នៅដោយភាពសុចរិត។ ស្តាប់ទៅដូចជាខុសទំនងបន្តិច ប៉ុន្តែការដាក់កំហុសនៅខាងមុខអាជីពនឹងធ្វើឱ្យមនុស្សដទៃមានទំនុកចិត្តកាន់តែច្រើនលើលោកអ្នក។ មនុស្សដទៃងាយនឹងទុកចិត្តលោកអ្នកនៅពេលត្រូវការឱ្យគេជួយម្តងទៀត។
៥. កំណត់និយមន័យថ្មីនៃបរាជ័យ
ការកំណត់និយមន័យថ្មីនៃបរាជ័យរបស់លោកអ្នកអាចជាឱកាសដើម្បីផ្លាស់ប្តូរគោលដៅនិងជាការពិចារណាឡើងវិញចំពោះមហិច្ឆតាដែលលោកអ្នកបានទុកចោលយូរមកហើយ។ លោកអ្នកប្រហែលនឹងឃើញថាខ្លួនឯងកំពុងតែដើរលើផ្លូវថ្មីដែលកាន់តែរីករាយជាងមុនទៅទៀត។ ពិចារណាស្ថានភាពអវិជ្ជមានឡើងវិញដោយការចាត់ទុកថាបរាជ័យជាមេរៀនធំមួយនៃជីវិត ឬជាបទពិសោធន៍យ៉ាងមានតម្លៃដែលលោកអ្នកមិនអាចទទួលបាននៅក្នុងរបៀបផ្សេងទៀត។ បរាជ័យបង្រៀនលោកអ្នកឱ្យដឹងថាវិធីសាស្រ្តមួយចំនួនប្រហែលមិនល្អទេសម្រាប់ស្ថានភាពខ្លះ ប៉ុន្តែប្រហែលមានវិធីសាស្រ្តដែលប្រសើរជាងនេះ។ គ្រប់ពេលដែលលោកអ្នកបរាជ័យ អារម្មណ៍ខ្លាចបរាជ័យរបស់លោកអ្នកនឹងបាត់បង់ទៅ ហើយបទពិសោធន៍នេះអនុញ្ញាតឱ្យលោកអ្នកកាន់តែហ៊ានប្រឈមនឹងការប្រថុយដែលធំជាងនេះទៀត។ ទោះជាលោកអ្នកបរាជ័យញឹកញាប់កម្រិតណាក៏ដោយ ក៏លោកអ្នកនៅតែមិនមែនជាមនុស្សបរាជ័យដែរ ដរាបណាលោកអ្នកមិនព្រមបោះបង់ចោលការព្យាយាម។
ប្រភពយោង៖
- វចនាក្រមខ្មែរ
- Entrepreneur
-
- អត្ថបទទាក់ទង