លក្ខណៈសម្បត្តិ ៥យ៉ាង ដែលអ្នកត្រូវមានដើម្បីសម្រេចគោលដៅ
គោលដៅ គឺជាទីបញ្ចប់ ឬជាកម្មវត្ថុនៃជោគជ័យដែលយើងចង់បាន។ បានជាយើងចាំបាច់ត្រូវកំណត់គោលដៅនៃជីវិតរបស់ខ្លួនពីព្រោះ៖
- ដើម្បីរៀបចំអនាគតឱ្យបានល្អប្រសើរ -ដើម្បីចំណេញពេលវេលា ប្រាក់កាស់ កម្លាំងកាយ និងចិត្ត
- ដើម្បីអភិវឌ្ឍន៍ចំណេះដឹង និងជំនាញឱ្យកាន់តែប្រសើរឡើង ដើម្បីត្រួសត្រាយផ្លួវសម្រាប់ដើរឱ្យបានស្រួល
- មានគម្រោងផែនការជាមុនដើម្បីទប់ទល់ និងឧបសគ្គ និងបញ្ហានានាចំពោះមុខ
- ដើម្បីជាត្រីវិស័យសម្រាប់ចង្អុលទិស កុំឱ្យងាកផ្តេសផ្តាស់នាំឱ្យ ខាតប្រយោជន៍ ខាតកម្លាំង និងខាតពេលវេលា
- ដើម្បីទុកជាម៉ូទ័រ ឬជាថ្នោលសម្រាប់ជំរុញឆន្ទៈឱ្យហ៊ានពុះពារ ហ៊ានតស៊ូជំនះការលំបាកផ្សេងៗ
គោលដៅតូច គឺប្រើការខិតខំតូចល្មមក៏អាចសម្រេច ហើយគោលដៅធំ គឺត្រូវតែមានការខិតខំប្រឹងប្រែងខ្លាំងទើបអាចទៅរួច។ ទន្ទឹមគ្នានេះ ប្រសិនបើចង់សម្រេចគោលដៅធំៗក្នុងជីវិត អ្នកត្រូវតែសាងលក្ខណៈសម្បត្តិសំខាន់ៗ ដើម្បីជួយឲ្យអ្នកមានលទ្ធភាពដើរឆាប់ដល់គោលដៅដែលបានកំណត់។
ខាងក្រោមនេះ ជា លក្ខណៈសម្បត្តិ៥យ៉ាងដែលអ្នកត្រូវមាន៖
១. មានផែនការច្បាស់លាស់
ចង់ធ្វើការងាដែលឆាប់ជោគជ័យ និង មិនច្របូកច្របល់នោះ លុះត្រាតែអ្នកចេះរៀបចំ និង បង្កើតផែនការល្អមួយសិន បើមិនដូច្នោះទេ មិនដឹងត្រូវធ្វើមួយណាមុន មួយណាក្រោយនោះឡើយ។
២. មានជំនាញ និង បទពិសោធន៍ច្បាស់លាស់
វាមិនមែនជារឿងងាយឡើយ ប្រសិនបើអ្នកចង់សម្រេចកិច្ចការងាធំ ខណៈខ្លួនគ្មានសមត្ថភាពអ្វីសោះក្នុងខ្លួន ដោយខ្វះទាំងជំនាញ និង បទពិសោធន៍។ ដូច្នេះហើយ អ្នកត្រូវតែព្យាយាមពង្រឹងសមត្ថភាពរបស់ខ្លួនជាប្រចាំ ដើម្បីអាចសាងភាពអស្ចារ្យនៅពេលខាងមុខ។
៣. ចេះបត់បែន
ត្រូវចាំថា ផ្លូវទៅកាន់គោលដៅរបស់អ្នកគឺមិនមែនមានតែមួយនោះទេ ដូច្នេះកុំងាប់ក្រឡាឲ្យសោះ។ មានន័យថា បើអ្នកអនុវត្ត ឬ ដើរតាមផ្លូវមួយនេះមិនស្រួល គឺគួរតែបង្កើតវិធី ឬ យុទ្ធសាស្ត្រផ្សេងទៀត ដើម្បីដើរឲ្យដល់គោលដៅ។ ដូច្នេះហើយ ត្រូវតែដើរឲ្យទាន់ស្ថានការណ៍ជាក់ស្ដែង ទើបជាមនុស្សដែលមានភាពឆ្លាតវៃ។
៤. អត់ធ្មត់
ការអត់ធ្មត់ជារឿងសំខាន់ខ្លាំងណាស់ ព្រោះថា រឿងអស្ចារ្យ ឬ គោលដៅធំៗមិនងាយនឹងសម្រេចដោយស្រួលឡើយ ពោលគឺវាទាមទាររយៈពេលសមស្រប បូករួមជាមួយនឹងការខិតខំប្រឹងប្រែងខ្លាំង ទើបអាចចេញជារូបរាងបាន។
៥. មានគំនិតវិជ្ជមាន
មុនដំបូងបំផុត បើចង់សម្រេចគោលដៅធំរបស់អ្នក គឺត្រូវតែមានគំនិតវិជ្ជមានជាមុនសិន។ ការគិតវិជ្ជមាន វាការលើកទឹកចិត្តសំខាន់ខ្លាំងណាស់សម្រាប់ខ្លួនឯង។ បើអ្នកគិតថា ទៅមិនរួច ឬ គិតអាក្រក់មុនទៅហើយនោះ មានន័យថា អ្នកនឹងចាញ់ដោយស្វ័យប្រវត្តិ។
អត្ថបទទាក់ទង