របៀបនិយាយដើម្បីសេចក្ដីល្អ

“សម្ដី​សរជាតិ មារយាទ​សរ​ពូជ​” 

សម្ដី (សំ-ដី) ( ន. ) ពាក្យ​ដែល​ស្ដី, ដែល​និយាយ, ភាសា: សម្ដី​ពីរោះ, សម្ដី​ទន់; ចេះ​សម្ដី ។ សម្ដី​សំដៅ (ម. ព. សំដៅ ប.) ។ ព. ទ. បុ. សម្ដី​ជា​ឯក​លេខ​ជា​ទោ អក្សរ​ជា​ត្រី ចេះ​សម្ដី​ទុក​ជា​ទី ១ ចេះ​វិជ្ជា​លេខ​ទុក​ជា​ទី ២ ចេះ​សរសេរ​អក្សរ​ល្អ​ជា​ទី ៣ គឺ​ការ​ពូកែ​សម្ដី​ប្រសើរ​ជាង​ការ​ពូកែ​វិជ្ជា​លេខ​និង​ការ​ពូកែ​សរសេរ​អក្សរ​ល្អ ។ សម្ដី-ស​ជាតិ មារយាទ​ស​ត្រកូល (ម. ព. ស ២ កិ.) ។ សរសេរ​ជា សំដី ក៏​បាន។

សម្ដី​សរជាតិ​ មានន័យថា គេ​អាច​ស្គាល់​ជាតិ​មួយ សាសន៍​មួយ ឬ​សញ្ជាតិ​មួយ​ដោយសារ​សម្ដី ពាក្យ ឬ​ភាសា​ដែល​ប្រជាជាតិ​នោះ​និយាយ​។ ក្នុងន័យនេះ គេ​អាច​ដឹងថា​ប្រជាជាតិ​មួយ​ថ្លៃថ្នូរ​ ឬ​មិន​ថ្លៃថ្នូរ ទន់ភ្លន់ ​ឬ​មិន​ទន់ភ្លន់ ស្លូត​ ឬ​កាច មានគុណ​ធម៌ ​ឬ​អត់​គុណធម៌ មាន​សីលធម៌​ ឬ​អសីលធម៌ មានចំណេះដឹង ​ឬ​អវិជ្ជា មានការ​គិត​សម​ហេតុផល​ ឬ​មិន​សម​ហេតុផល ជាដើម តាមរយៈ​ពាក្យសម្ដី ឬ​ភាសា​ដែល​ប្រជាជាតិ​នោះ​និយាយ​ទាក់ទង​គ្នា​នៅក្នុង​គ្រួសារ កន្លែងធ្វើការ ទីសាធារណៈ ក្នុងការ​ថ្លែង​សុន្ទរកថា ការសរសេរ​អត្ថបទ​នៅក្នុង​សៀវភៅ ឬ​ឯកសារ​ផ្សេងៗ និង​ក្នុង​ការជជែក​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ណាមួយ ជាដើម​។​

មារយាទ​សរ​ពូជ​ មានន័យថា គេ​អាច​ស្គាល់​ពូជ អម្បូរ ឬ​វង្ស​ត្រកូល​ណាមួយ​តាមរយៈ​ការពិនិត្យ​ចរិតលក្ខណៈ មារយាទ សណ្ដាប់ធ្នាប់ របៀបរបប ឫកពា ឬ​ការប្រព្រឹត្តិ​របស់​ពូជ អម្បូរ ឬ​វង្ស​ត្រកូល​នោះ​។

ដូច្នេះ ក្នុងការនិយាយស្ដី យើងគប្បីយល់ថា៖

  • ពាក្យសម្ដី អាច​ផ្លាស់​ដូរ​ផ្លាស់​មនុស្ស​ដែល​កំពុង​មាន​កង្វល់ ឲ្យ​ជា​មនុស្ស​ស្ងប់​បាន។
  • ពាក្យសម្ដី អាច​ដូរ​ផ្លាស់​មនុស្ស​ចចេស​រឹង​រូស​ឲ្យ​ត្រឡប់​មក​ជា​មនុស្ស​ប្រដៅ​ងាយ​បាន។
  • ពាក្យសម្ដី អាច​ដូរ​ផ្លាស់ មនុស្ស​ដែល​ខូច​សតិ​ឲ្យ​មាន​សតិ​វិញ​បាន។
  • ពាក្យសម្ដី ​អាច​ធ្វើ​ឲ្យ​មនុស្ស​ឈ្លោះ​គ្នា ទៅ​ជា​ល្អ​នឹង​គ្នា​បាន។
  • ពាក្យសម្ដី​ អាច​ដូរ​ផ្លាស់​ហេតុ​អាក្រក់ ឲ្យ​ក្លាយ​មក​ជា​ហេតុ​ល្អ​បាន។
  • ពាក្យសម្ដី​ អាច​ដូរ​ផ្លាស់​មនុស្ស​ដែល​មាន​ទុក្ខ​ឲ្យ​ភ្លេច​ទុក្ខ​បាន។
  • ពាក្យសម្ដី អាច​ដូរ​ផ្លាស់​មនុស្ស​ខ្ជិល ឲ្យ​មក​ជា​អ្នក​មាន​ព្យាយាម​បាន។

ចំពោះ​ពាក្យ​និយាយ​នេះ រមែង​មាន​អំណាច​ដូច​គ្នា​ដែរ គឺ​អាច​និយាយ​ឲ្យ​មនុស្ស​ខូច​ប្រយោជន៍ និយាយ​ទម្លាយ​នូវ​សេចក្តី​សុខ​ចម្រើន​របស់​អ្នក​ដទៃ​បាន​គ្រប់​យ៉ាង​ ដូច្នេះត្រូវនិយាយ​ឲ្យ​បាន​ហ្មត់​ចត់ ដោយហាត់​និយាយ​នៅ​ក្នុង​វា​ចា​ល្អ​ ៥ ​យ៉ាង៖

  • និយាយ​ត្រឹម​ត្រូវ​តាម​កាលៈ​ទេសៈ
  • និយាយ​ឲ្យ​បាន​ប្រយោជន៍​ដល់​អ្នក​ស្តាប់
  • និយាយ​ពាក្យ​ពិត មិន​និយាយ​ឡេះ​ឡោះ
  • និយាយ​ពាក្យ​ពិរោះ មិន​និយាយ​ញុះ​ញង់
  • និយាយ​ដោយ​ចិត្ត​មេត្តា ប្រាថ្នា​ឲ្យ​អ្នក​ដទៃ​បាន​នូវ​សេចក្តី​សុខ ឬ​និយាយ​ដោយ​ចិត្ត​សប្បុរស​ ស្មោះ​ត្រង់​មិន​និយាយ​របៀប​ព្រួស​ពិស​ដាក់​អ្នក​ដទៃ​ឡើយ។

យើងសូមណែនាំសៀវភៅ ជំនាញបង្វឹកសម្រាប់អ្នកដឹកនាំនៅកន្លែងធ្វើការ

សម្រាប់ការជាវ ឬព័ត៌មានបន្ថែម៖ ០៩៦ ២៧០ ៦៥៦៥ (តេលេក្រាម)

 

Leave a Reply

Your email address will not be published. Required fields are marked *