មនុស្ស ៧ ប្រភេទដែលអ្នកមើលរំលងនៅក្នុងជីវិត
មនុស្ស
មៈនុស បា. ឬ សំ. ( ន. ) (មនុឞ្យ) ជនអ្នកដឹងការខុសត្រូវ, សត្វវិសេសមួយប្រភេទជាពូជវង្សនៃមនុ, នរៈ ។
ពាក្យថា មនុស្ស មកពី (មន + ឧស្ស) មន ប្រែថា គំនិត ឬការគិត ឧស្ស ប្រែថា ខ្ពស់ ឬប្រសើរ រួមគ្នាទាំងពីរសព្ទ័ប្រែថា អ្នកមានគំនិតខ្ពស់ ឬជនអ្នកដឹងខុសត្រូវ ។
ដំណើរជីវិតរបស់មនុស្សម្នាក់ៗ ចួបរឿងរ៉ាវខុសៗជាច្រើន ចំណែកឯវ័យក៏កាន់តែវិត្តន៍ទៅមុខឥតឈប់ឈរ ហើយគ្រប់យ៉ាងក៏ផ្លាស់ប្ដូរឥតការព្រៀងទុកឡើយ។ ដើម្បីឱ្យជីវិតមានគុណភាព មានសេចក្ដីសុខ ព្រមទាំងទទួលបានភាពកក់ក្តៅក្នុងរស់នៅ អ្នកមិនគួរមើលរំលងមនុស្សទាំងប្រាំពីរប្រភេទខាងក្រោមនេះទេ៖
១. មនុស្សមានគំនិតសុទិដ្ឋិនិយម
ពួកគេតែងតែគិតថា អ្នកអាចធ្វើបានគ្រប់ពេលវេលាទាំងអស់។ ពួកគេព្យាយាមនាំមកបទពិសោធន៍ល្អៗ ដើម្បីឱ្យអ្នកមានភាពក្លាហាននៅក្នុងការចាប់ផ្ដើមធ្វើអ្វីមួយ ហើយមនុស្សប្រភេទនេះតែងតែបង្ហាញឱ្យអ្នកឃើញផ្លូវវិជ្ជមាន មិនថានៅក្នុងកាលៈទេសៈបែបណានោះទេ។
ការសិក្សាបានរកឃើញថា ការមានផ្នត់គំនិតសុទិដ្ឋិនិយមច្រើន អាចទប់ទល់នឹងអារម្មណ៍អវិជ្ជមាន និងបង្កើនសុភមង្គលផ្លូវចិត្ត។ ការគិតអំពីរឿងល្អៗ និងចំណុចវិជ្ជមានដែលអ្នកមាន ធ្វើឱ្យមនុស្សគិតវិជ្ជមាន និងមានអារម្មណ៍រីករាយជាងមុន។
២. មនុស្សលើកទឹកចិត្ត
គេតែងតែលើកទឹកចិត្តអ្នក រួមទាំងជួយដោះស្រាយបញ្ហានៅពេលអ្នកពិបាកចិត្ត ហើយមនុស្សប្រភេទនេះអាចធ្វើឱ្យអ្នកមានភាពរីករាយប្រកបដោយសេចក្ដីសុខបាន។
ការលើកទឹកចិត្តជាឱសថសំខាន់ និងមានអំណាចបំផុត ដើម្បីឱ្យមនុស្សសម្រេចគោលដៅ ពិសេសការសាងអំពើល្អនៅក្នុងសង្គម និងឲ្យមនុស្សចាកចេញពីភាពហ្មងសៅទាំងឡាយក្នុងជីវិត។
៣. មនុស្សផ្ដល់កម្លាំងចិត្ត
មនុស្សប្រភេទនេះ ក្លាយជាអ្នកផ្ដល់កម្លាំងចិត្តឱ្យអ្នក និងនៅក្បែរអ្នកជានិច្ច ហើយពួកគេជឿជាក់ទៅលើអ្នក តែងគិតថាអ្នកអាចធ្វើរឿងគ្រប់យ៉ាងបានទាំងអស់។ កម្លាំងចិត្តនេះ ពិតជាមានឥទ្ធិពលល្អបំផុតសម្រាប់អ្នកនៅក្នុងដំណើរដ៏វែងឆ្ងាយទៅមុខ។
៤. មនុស្សយល់ចិត្ត
គេជាមនុស្សដតែងតែស្ដាប់រឿងរ៉ាវក្នុងចិត្តរបស់អ្នក និងអាចដឹងឮអ្វីគ្រប់យ៉ាងដែលក្នុងចិត្តរបស់អ្នកយ៉ាងពិតប្រាកដ។ មនុស្សប្រភេទនេះ អ្នកអាចមានទំនាក់ទំនងល្អ និងកសាងទំនុកចិត្តដោយគ្មានការភ័យខ្លាច។
ការយល់ចិត្ត គឺមានន័យថាមនុស្សអាចស្រមៃយល់ពីអារម្មណ៍របស់អ្នកដទៃបាន ថាគេកំពុងមានអារម្មណ៍បែបណា មិនថាសប្បាយចិត្ត កើតទុក្ខ ព្រួយបារម្ភ ឬកំពុកគិតអ្វីនោះទេ។ ជាការពិតណាស់សមត្ថភាពនេះមានសារសំខាន់ចំពោះទំនាក់ទំនងគ្រប់ប្រភេទ ព្រោះវាជួយមនុស្សឱ្យយល់គ្នាទៅវិញទៅមក និងបង្កើតចំណងមិត្តភាពកាន់តែស៊ីជម្រៅ។
៥. មនុស្សមានភាពស្មោះត្រង់
មនុស្សប្រភេទនេះ ជាអ្នកដែលអាចផ្ដល់មតិយោបល់មកកាន់អ្នក ហើយហ៊ាននិយាយការពិតទៅកាន់អ្នកដោយឥតខ្វល់ខ្វាយឡើយ ពីព្រោះគេចង់ឱ្យអ្នកទទួលការកែលម្អដើម្បីឱ្យអ្នកមានភាពរីកចម្រើន។
ភាពស្មោះត្រង់ គឺជារបស់មួយដែលគ្មានរូបរាង គ្មានពណ៌ គ្មានក្លិន ប៉ុន្តែវាមានតម្លៃណាស់សម្រាប់មនុស្សម្នាក់ៗក្នុងទំនាក់ទំនងណាមួយ។
៦. មនុស្សមានការប្រកួតប្រជែង
គេជាមនុស្សដែលតែងតែជំរុញឱ្យអ្នកនៅក្នុងការធ្វើអ្វីមួយឱ្យបានល្អ ហើយអ្នកទាំងនេះបានជំរុញឱ្យអ្នកបង្កើតគំនិតថ្មីៗ ពួកគេធ្វើឱ្យអ្នកមានការសម្រេចចិត្តនៅក្នុងរឿងអ្វីមួយប្របកដោយភាពល្អប្រសើរ។
៧. ដៃគូល្អដ៏ស័ក្ដិសម
ពួកគេព្យាយាមជំរុញឱ្យអ្នករក្សាការខិតខំប្រឹងប្រែងនៅក្នុងការសម្រេចបានរឿងល្អមួយ ហើយគេតែងតែយល់អំពីគោលបំណង និងក្ដីស្រមៃរបស់អ្នកថាចង់បានអ្វី ពីព្រោះពួកចង់ឃើញអ្នកមានការអភិវឌ្ឍប្រកបដោយភាពជោគជ័យ។
អត្ថបទទាក់ទង