នរណាខ្លះជាមនុស្សល្អ?

មនុស្សភាគច្រើន ចង់ធ្វើជាមនុស្សល្អ។ គេបានឲ្យនិយមន័យខុសៗគ្នា សម្រាប់ពាក្យ “មនុស្សល្អ” ដោយផ្អែកទៅលើច្បាប់ ក្រមសីលធម៌ ប្រពៃណី និងការយល់ដឹងខុសៗគ្នា។ តើធ្វើដូចម្តេចឲ្យយើងដឹងច្បាស់ថានរណាម្នាក់គឺជាមនុស្សល្អពិតប្រាកដ? តើមានខ្នាត ឬស្តង់ដាអ្វី ដែលគេអាចប្រើនៅគ្រប់សម័យកាល និងគ្រប់ទីកន្លែង ដើម្បីវាស់ឲ្យដឹងថា នរណាជាមនុស្សល្អ?

មនុស្សល្អ គឺបុគ្គលណាដែលប្រព្រឹត្តអំពើល្អដោយកាយ វាចា ចិត្ត មានសីលធម៌ មានគុណធម៌ខ្ពងខ្ពស់។ ឃ្មុំតែងហើរទៅក្រេបផ្កា ប្រៀបដូចជាអ្នកប្រាថ្នាចង់បានសេចក្ដីចម្រើន តែងចួបប្រាស្រ័យនឹងមនុស្សល្អដូច្នោះឯង។ នរណាក៏ដោយ ឲ្យតែធ្លាប់ជួយយើង ដោយហោចទៅសូម្បីឲ្យទឹកមួយកែវ ឲ្យបាយមួយវែក ក៏ចាត់ទុកថាជាមនុស្សល្អចំពោះយើងដែរ។

ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​សរសើរ​ចំពោះ​បុគ្គល​ដែល​បាន​បម្រើមាតាបិតា ធ្វើ​ទាន​ដល់​អ្នក​ក្រីក្រ ជន​ទុរគត អ្នកតូច​ទាប រួម​នឹង​ចេះ​រៀបចំ​ឫកពា ចរិយា រួម​ទាំង​សម្តីសំដៅ​សមរម្យ ទាំង​ទឹកចិត្ត​ល្អជា​ដើម ឈ្មោះ​ថា​ជា​មនុស្ស​ដែល​គួរ​រាប់អានគួរ​ឱ្យ​សរសើរ។

តើ​មនុស្ស​ល្អ​មាន​លក្ខណៈ​ប៉ុន្មាន​យ៉ាង? ខាងក្រោម​នេះ​ជា​បុ​គ្គ​លិ​លក្ខណៈ​នៃ​មនុស្ស​ល្អ៖

  • ជា​អ្នក​ដែល​បាន​ធ្វើ​នូវ​ប្រយោជន៍​ដល់​ខ្លួនឯង​ផង និង​ប្រយោជន៍​អ្នក​ដទៃ​ផង ស័ក្ដិ​សមជា​មនុស្ស​ដែល​មានចិត្ត​ប្រសើរ​ខ្ពង់ខ្ពស់​។
  • ជា​អ្នក​ឆ្លាត​ក្នុង​ការ​និយាយ​ស្តី គឺ​និយាយ​ចេញ​ទៅ​មិន​ឲ្យ​ទាស់​ត្រចៀក​នៃ​អ្នក​ស្ដាប់ និយាយ​ឲ្យ​គេ​សប្បាយចិត្ត មាន​សេចក្ដីសុខ​នៅ​ពេល​ដែល​គេ​បាន​ស្ដាប់​ពាក្យ​សម្តី​នោះ មិន​និយាយ​លើកតម្កើង​ខ្លួនឯង ហើយ​បន្តុះបង្អាប់​អ្នក​ដទៃ​ឱ្យ​គេ​អាប់យស។
  • ​ជា​មនុស្ស​ចេះ​អត់ធន់​ចំពោះ​ពាក្យ​សម្ដី​អ្នក​ដទៃ គឺជា​មនុស្ស​អប់រំ​ចិត្តបាន​ល្អ​ហើយ ទោះជា​គេ​និយាយ​ពា​ក្យ​អសុរោះ ពាក្យ​ទ្រគោះបោះបោក​ក៏​មិន​ក្តៅក្រហាយ មិន​ក្រោធ តប​នៅ​តែ​ជា​ចិត្ត​ត្រជាក់ ចិត្តនឹង​ជា​ធម្មតា​។

អ្នកដែលតែងមានបំណងល្អចំពោះយើង មានដូចខាងក្រោម៖

  • មាតាបិតា
  • ចាស់ព្រឹទ្ធាចារ្យ រៀមច្បងក្នុងគ្រួសារ
  • គ្រូឧបជ្ឈាចារ្យ លោកគ្រូ អ្នកគ្រូ
  • ព្រះសង្ឃដែលបានសង្រួមកាយវាចាល្អត្រឹមត្រូវ
  • ព្រះពុទ្ធ

បុគ្គលខាងលើនេះ សុទ្ធតែមានបំណងចង់ឲ្យយើងបានសេចក្ដីចម្រើន ទោះបីពេលខ្លះគាត់ស្ដីបន្ទោស ឬមានពាក្យសម្ដីធ្ងន់ស្រាលលើយើងក៏ដោយ ក៏យើងមិនត្រូវខឹងស្អប់គាត់ឡើយ។


អត្ថបទទាក់ទង

ស្រីហិតោបទេស សៀវភៅភាគ១ – ភាគ៤ (មួយចប់)

 

Leave a Reply

Your email address will not be published. Required fields are marked *