តើធ្វើយ៉ាងណាដើម្បីក្លាយប្រធានផ្នែកទីផ្សារ?

ទីផ្សារ គឺជាការសិក្សាអំពីការគ្រប់គ្រងជំនួញដ៏សំខាន់ពាក់ព័ន្ធនឹងតំរូវការរបស់អ្នកប្រើប្រាស់ទៅលើផលិតផលនិងសេវាកម្មនិងយល់អំពីសមត្ថភាពរបស់អតិថិជនក្នុងការចំណាយដើម្បីបំពេញបំណងប្រាថ្នារបស់ពួកគេ។ការផ្តោតលើយុទ្ធសាស្ត្រផ្សេងៗដែលធ្លាប់មានទាក់ទាញនិងលើកទឹកចិត្តប្រជាជនឱ្យទិញឬជាវផលិតផលនិងសេវាកម្មណាមួយហើយក៏មានវិធីសាស្រ្តជាច្រើននៃការចែកចាយផងដែរ។ជំនាញក្នុងវិស័យនេះរួមមានការលក់ការផ្សព្វផ្សាយការគ្រប់គ្រងការលក់រាយការគ្រប់គ្រងម៉ាកនិងការស្រាវជ្រាវទីផ្សារ។

អាជីពខាងផ្នែកទីផ្សារជាអាជីពដែលកំពុងរីកចម្រើននិងទទួលបានការពេញនិយមយ៉ាងខ្លាំងក្នុងទីផ្សារការងារ ជាហេតុនាំឱ្យនិស្សិតដែលរៀនចប់ខាងពាណិជ្ជកម្មជាច្រើនកំពុងពិចារណាលើការបន្តការសិក្សា ឬចាប់យកអាជីពលើការគ្រប់គ្រងទីផ្សារនេះ ។ ប្រាកដណាស់ ភាពពេញនិយមមកព្រមជាមួយនឹងការប្រកួតប្រជែងខ្ពស់ ដូច្នេះវាជាការសំខាន់សម្រាប់អ្នកដែលចង់ចាប់យកអាជីពក្នុងការគ្រប់គ្រងទីផ្សារនេះត្រូវយល់ឱ្យបានច្បាស់ពីចំណុចពីរសំខាន់គឺ៖ អ្វីទៅជាការគ្រប់គ្រងទីផ្សារ និង មនុស្សប្រភេទណាដែលសាកសមធ្វើជាប្រធានផ្នែកទីផ្សារ ។

អាជីពជាអ្នកគ្រប់គ្រងទីផ្សារសាកសមនឹងមនុស្សដែលមានភាពពូកែខាងការប្រាស្រ័យទាក់ទងជាមួយអតិថិជននិងអ្នកជំនាញដទៃទៀតនៅក្នុងអង្គភាពរបស់ខ្លួន។ អាជីពនេះទាមទារឱ្យមានសមត្ថភាពក្នុងការសង្កេតដោយមានគោលដៅប្រាកដ ធ្វើការស្រាវជ្រាវយ៉ាងមានប្រសិទ្ធភាព ដោះស្រាយបញ្ហា និងវិភាគទិន្នន័យបានត្រឹមត្រូវ ដើម្បីធ្វើការសម្រេចចិត្តដ៏ល្អបំផុតសម្រាប់អនាគតអង្គភាព។ ដូច្នេះវាមិនត្រឹមតែទាមទារនូវសមត្ថភាពក្នុងការស្វែងរកនិងប្រើប្រាស់ទិន្នន័យប៉ុណ្ណោះទេ វាក៏តម្រូវឱ្យមានការធ្វើការជាមួយអ្នកដទៃយ៉ាងចុះសម្រុងផងដែរ។

ខាងក្រោមនេះជាលក្ខណៈសម្បត្តិសំខាន់ៗមួយចំនួនដែលអ្នកដែលចង់ក្លាយជាប្រធានផ្នែកទីផ្សារគួរមាន។

១. ជំនាញប្រាស្រ័យទាក់ទង

ពាក្យប្រចាំរបស់ផ្នែកទីផ្សារនោះគឺ “អតិថិជនតែងតែត្រូវ” ។ នេះមិនអាចជាបញ្ហាចោទឡើយ ប្រសិនបើប្រធានផ្នែកដឹងពីវិធីទំនាក់ទំនងជាមួយភ្ញៀវឱ្យការងារប្រព្រឹត្តទៅបានល្អ ហើយភ្ញៀវសប្បាយចិត្តនិងពេញចិត្តនឹងលទ្ធផល ។

ប្រសិនបើភ្ញៀវមានគំនិតសម្រាប់យុទ្ធនាការទីផ្សារលើទំនិញរបស់ខ្លួនរួចជាស្រេចហើយនោះ អ្វីដែលប្រធានផ្នែកគួរធ្វើនោះគឺឱ្យតម្លៃគំនិតរបស់ភ្ញៀវ ហើយផ្ដល់ជាយោបល់លើការអភិវឌ្ឍគំនិតនោះបន្ត ឬអាចនឹងលើកឡើងពីយុទ្ធនាការផ្សេងដែលសាកសមជាង ឬផ្ដល់លទ្ធផលប្រសើរជាង ។ ចំណុចនេះអាស្រ័យទៅលើវិធីសាស្រ្តក្នុងការនិយាយបកស្រាយយ៉ាងណាឱ្យភ្ញៀវយល់ពីចេតនាល្អរបស់អ្នក និងចៀសវាងការយល់ច្រលំថាអ្នកបដិសេធគំនិតរបស់គេ ។ ពេលប្រឈមនឹងបញ្ហាបែបនេះ វាក៏ត្រូវការផងដែរនូវសមត្ថភាពក្នុងការយល់ពីតម្រូវការរបស់អ្នកដទៃ និងការឆ្លើយតបប្រកបដោយភាពអត់ធ្មត់ ។

ប្រធានផ្នែកទីផ្សារក៏ត្រូវធ្វើជាអ្នកដឹកនាំល្អម្នាក់របស់បុគ្គលិកផងដែរ ។ អ្វីដែលកើតឡើងនៅក្នុងទីផ្សារនិងការផ្សាយពាណិជ្ជកម្មសព្វថ្ងៃភាគច្រើនទាមទារការប្រើប្រាស់បច្ចេកវិទ្យាទំនើប។ អ្នកគ្រប់គ្រងម្នាក់ត្រូវទាក់ទងការងារជាមួយបុគ្គលិកផ្នែកព័ត៌មានវិទ្យា ក្រុមការងារផ្នែកផលិតកម្ម និងប្រធានបណ្តាញសង្គម ដើម្បីសម្រេចការងារមួយបាន។ អ្នកបច្ចេកទេសទាំងនេះក៏ទាមទារការប្រាស្រ័យទាក់ទងល្អផងដែរ ដើម្បីអាចនាំយកគំនិតទីផ្សារនោះមករំលេចឡើងជារូបភាពបាន ។ អ្នកដែលមានជំនាញខាងការប្រាស្រ័យទាក់ទងយ៉ាងពិតប្រាកដនោះមិនមែនត្រឹមតែដឹងថាខ្លួនគួរនិយាយអ្វីខ្លះនោះទេ តែក៏ដឹងថាពេលណាខ្លួនឯងគួរស្ដាប់អ្នកដទៃច្រើនជាងនិយាយផងដែរ។

២. ការសម្របខ្លួន និងភាពបត់បែនតាមកាលៈទេសៈ

អ្វីដែលសំខាន់ស្មើនឹងការបង្កើតផែនការនោះគឺការចាប់ផ្ដើមគម្រោង សមត្ថភាពក្នុងការសម្របខ្លួនទៅនឹងបញ្ហានិងដោះស្រាយបញ្ហានៅដំណើរយុទ្ធនាការទីផ្សារទាំងមូលមានតម្លៃណាស់នៅក្នុងការគ្រប់គ្រងទីផ្សារ។ មានមនុស្សតិចណាស់ដែលមើលឃើញពីហានិភ័យនៃការដឹកនាំក្រុមតាមវិធីតឹងរឹង ប៉ុន្តែបញ្ហាច្រើនតែកើតឡើងនៅពេលដែលក្រុមខ្វះសមត្ថភាពក្នុងការទទួលស្គាល់បញ្ហា ប្រមាណមើលស្ថានភាព និងធ្វើការកែតម្រូវ ដើម្បីឱ្យគម្រោងដំណើរការទៅមុខបាន។ នេះគឺជាពេលដែលប្រធានផ្នែកទីផ្សារត្រូវពឹងលើការគិតប្រកបដោយភាពច្នៃប្រឌិតនិងជំនាញដោះស្រាយបញ្ហារបស់ខ្លួន ដើម្បីរកដំណោះស្រាយដែលចំណេញទាំងពេលវេលានិងថវិកា។

៣. គំនិតជាអ្នកលក់

គ្រប់យ៉ាងគឺជាការធ្វើជំនួញ អ្នកទីផ្សារប្រាកដណាស់ត្រូវតែយល់ពីផ្នែកលក់។ នៅក្នុងទីផ្សារ ការលក់មាននៅគ្រប់ទីកន្លែង។ បុគ្គលិកផ្នែកលក់ ដាក់ទំនិញលក់លើធ្នើ ព្រោះវាជាបញ្ជាពីខាងផ្នែកទីផ្សារ ប្រធានផ្នែកទីផ្សារត្រូវពូកែខាងទំនាក់ទំនង ហើយដឹងថាធ្វើយ៉ាងណាឱ្យអតិថិជនយល់ថាហេតុអ្វីគេត្រូវការទំនិញ ឬសេវាកម្មមួយនោះ ហើយចុងក្រោយសម្រេចចិត្តទិញ។

៤. ការចង់ដឹងចង់ឃើញពីគំនិតថ្មីៗ

ប្រធានផ្នែកទីផ្សារ គួរតែបើកចិត្តឱ្យទូលាយទទួលយកគំនិតថ្មីៗ ហើយមានបំណងចង់ស្វែងយល់ពីគំនិតថ្មីមួយដែលមនុស្សទូទៅមិនអាចយល់បានក្នុងពេលមួយរំពេច។ វាប្រៀបដូចទៅនឹងវិស្វករម្នាក់សង្កេតមើលបច្ចេកវិទ្យាសាងសង់ស្ពានថ្មី ហើយទៅសិក្សាពីវាដើម្បីយល់ដឹងអំពីដំណើរការរបស់បច្ចេកវិទ្យានោះ ប្រធានផ្នែកទីផ្សារក៏ដូចគ្នាដែរ គឺគួរតែបំផុសគំនិតខ្លួនឯងឱ្យស្រាវជ្រាវអំពីទិដ្ឋភាពទីផ្សារមួយ ដែលថ្មីប្លែកពីអ្វីដែលខ្លួនធ្លាប់ជួបក្នុងបទពិសោធន៍ការងារកន្លងមក ។

ការចង់ដឹងចង់ឃើញបែបនេះ នឹងផ្តល់នូវការផ្លាស់ប្តូរទស្សនៈរបស់អ្នកគ្រប់គ្រង ហើយអាចនាំទៅរកការជោគជ័យឈានមុខគេក្នុងពេលអនាគត។ ប្រធានផ្នែកទីផ្សារ មិនអាចបង្ហាញ ឬអនុវត្តយុទ្ធនាការទីផ្សារមួយ ដោយគ្រាន់តែលើកមូលហេតុថាវាធ្លាប់ជោគជ័យកាលពីអតីតកាលនោះទេ។

៥. ភាពច្នៃប្រតិដ្ឋ

ការធ្វើទីផ្សារ តែងតែទទួលបានភាពជោគជ័យ ដោយសារអ្នកមានគំនិតច្នៃប្រតិដ្ឋប្រើប្រាស់ទេពកោសល្យរបស់ពួកគេក្នុងការបង្កើតយុទ្ធនាការ និងពាក្យស្លោកដែលធ្វើឱ្យមហាជនសើច យំ គិត ចងចាំ ហើយសំខាន់បំផុតនោះគឺទិញទំនិញ ឬសេវាកម្ម។ ដូចនឹងអ្នកនិពន្ធបទចម្រៀងម្នាក់អាចរៀបរៀងពាក្យដែលសាធារណជនអាចសម្គាល់ និងចងចាំបាន អ្នកគ្រប់គ្រងទីផ្សារដែលជោគជ័យត្រូវចេះធ្វើឱ្យសាធារណជនចងចាំ និងចាប់អារម្មណ៍ពីផលិតផលដែលខ្លួនព្យាយាមផ្សព្វផ្សាយ។

ការងារចម្បងរបស់ប្រធានផ្នែកទីផ្សារ គឺការធ្វើការ និងប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ដូចជាភ្ញៀវជាដើម ប៉ុន្តែប្រធានផ្នែកទីផ្សារត្រូវប្រាកដខ្លួនឯងដែរថា ខ្លួនអាចធ្វើការជាមួយក្រុមការងារបានយ៉ាងស៊ីសង្វាក់គ្នា ពោលគឺរួមគ្នាបង្កើតអ្វីមួយដែលពោរពេញទៅដោយភាពច្នៃប្រតិដ្ឋ។


អត្ថបទទាក់ទង

តើត្រូវធ្វើដូចម្ដេចដើម្បីបានឡើងតំណែង?

 

Leave a Reply

Your email address will not be published. Required fields are marked *