តិចនិកចំនួន ៦ ដើម្បីក្លាយជាមនុស្សមានសុជីវធម៌ក្នុងកន្លែងធ្វើការ

មនុស្សគ្រប់រូប សុទ្ធតែចង់រស់នៅក្នុងសិទ្ធិសេរីភាព សុភមង្គល និងសេចក្តីថ្លៃថ្នូរ។ ដើម្បីសម្រេចបំណងនេះបាន មនុស្សគ្រប់រូបត្រូវប្រព្រឹត្តិតាមច្បាប់ ប្រពៃណី ទំនៀមទម្លាប់ សុជីវធម៌របស់សង្គមឱ្យបានត្រឹមត្រូវ ព្រមទាំងចេះទទួលស្គាល់ចំណុចល្អ និងចំណុចមិនល្អរបស់ខ្លួន ដែលបានប្រព្រឹត្តកន្លងមក ហើយត្រូវព្យាយាមស្វែងយល់ និងកែលម្អរាល់ចំណុចខ្វះខាតទាំងនោះ ដើម្បីសម្អិតសម្អាងខ្លួនឱ្យក្លាយជាមនុស្សមានតម្លៃ មានសេចក្តីថ្លៃថ្នូរសម្រាប់ខ្លួនឯង គ្រួសារ និងចេះរស់នៅចុះសម្រុងក្នុងសង្គម។ មនុស្សម្នាក់ៗកើតមកហើយត្រូវតែរស់នៅជាមួយអ្នកដទៃ រស់នៅជាមួយសង្គមមនុស្ស ដែលត្រូវមានទំនាក់ទំនងគ្នាទៅវិញទៅមក។ ទំនាក់ទំនងរវាងមនុស្សនឹងមនុស្ស និងការរស់នៅរបស់មនុស្សនៅក្នុងសង្គម តែងតែមានភាពសុខដុមរមនាគ្មានការប៉ះទង្គិច ការសៅម្មងក្នុងចិត្តដោយសារគេយល់់ដឹង និងការប្រកាន់ភ្ជាប់សុជីវធម៌។

សុជីវធម៌ សម្គាល់ការរស់នៅល្អ មានរបៀបរៀបរយ ចេះគួរសមក្នុងការប្រាស្រ័យទាកទងជាមួយអ្នកដទៃ។ សុជីវធម៌ ពុំមែនជាបទបញ្ជា ឬជាច្បាប់ទេ ប៉ុន្តែវាគ្រាន់តែជាវិជ្ជាមួយសម្រាប់ឱ្យមនុស្សរៀនធ្វើខ្លួនឱ្យបានសមរម្យទៅតាមទំនៀមទម្លាប់ សុជីវធម៌សង្គម ជៀសវាងការប៉ះទង្គិចអារម្មណ៍រវាងមនុស្ស ដែលរស់នៅជាមួយគ្នានៅក្នុងសង្គម។ សុជីវធម៌ ជាសោភ័ណ និងវិធីសម្រាប់អប់រំមនុស្សឱ្យមានឬកពាថ្លៃថ្នូរ មានភាពស្លូតបូត មានសេចក្តីសុច្ចរិត ស្មោះត្រង់ មានសណ្តាប់ធ្នាប់ ចេះរៀបចំរបៀបរស់នៅឱ្យបានសមរម្យ ហើយមានតម្លៃនៅក្នុងសង្គម។ លក្ខណៈសម្បត្តិនៃសុជីវធម៌នេះហើយ ដែលបង្កើតឱ្យមានទំនាក់ទំនងរវាងមនុស្សនឹងមនុស្ស ហើយឱ្យមានការអភិវឌ្ឍទៅមុខជាលំដាប់ ដែលខុសពីទំនាក់ទំនងមនុស្សនឹងសត្វ។ សុជីវធម៌នៅក្នុងសង្គមនេះហើយ ដែលដឹកនាំសង្គមមនុស្សឱ្យចេះអប់រំគ្នាជារៀងរាល់ថ្ងៃ ដើម្បីសេចក្តីសុខ និងការអភិវឌ្ឍឡើង។

ពេលខ្លះ ពាក្យថាសុជីវធម៌ វាពិបាកពន្យល់ និងប្រើប្រាស់ឲ្យបានត្រឹមត្រូវណាស់ ហើយរឹតតែពិបាក បើវាពាក់ព័ន្ធនឹងទម្លាប់ ហើយគិតថា “វាមិនអីទេ!” “គេធ្វើអ៊ីចឹង ឬ​ និយាយគ្រប់គ្នាហ្នឹង” តែពេលខ្លះវាអាស្រ័យថា “អ្នកចង់ដូចគេ ឬ ចង់ប្លែកពីគេ?” បើឃើញគេឆ្គង យើងត្រូវឆ្គងដែរ ដើម្បីឲ្យសមនឹងពាក្យថា “ចូលស្ទឹងតាមបត់” ឬក៏ “ចង់ធ្វើខ្លួនជាមនុស្សចេះបត់បែន” សូមកុំចូលចិត្តកែប្រែអត្ថន័យនៃពាក្យតាមចិត្តដែលចង់ បើទោះជាអ្នកបានដឹងហើយថា “អ្វីគួរ អ្វីមិនគួរ”។ ប៉ុន្តែមនុស្សយើងភាគច្រើន គឺមានទម្លាប់ “កាន់ជើងខ្លួនឯង” ទម្លាប់នេះអាចត្រូវ ឬ​ អាចខុស វាអាស្រ័យថា យើងកាន់ជើងខ្លួនឯងជ្រុលពេករហូតលែងដឹងខុសត្រូវ លែងចង់កែប្រែបើដឹងថាខ្លួនខុសហើយនោះ។ ចង់ក្លាយជាបុគ្គលបែបណា វាអាស្រ័យលើខ្លួនយើងជាកំណត់។ នៅក្នុងកន្លែងធ្វើការក៏ដូចគ្នា តើយើងចង់ក្លាយជាបុគ្គលិកបែបណា? ជាថ្នាក់លើបែបណា? ជាមិត្តរួមការងារបែបណា? ជាថ្នាក់ក្រោមបែបណា?

អ្នកណាក៏ចង់ល្អដែរ អ្នកណាក៏ចង់ធ្វើជាមនុស្សដែលអ្នកគ្រប់គ្នាចូលចិត្ត តែបើធ្វើការជាមនុស្ស យើងពិបាកចៀសផុតពីបញ្ហាណាស់ តែយើងអាចកាត់បន្ថយបញ្ហាបាន។
តោះ! មកមើលតិចនិកចំនួន ៦ ដើម្បីក្លាយជាមនុស្សមានសុជីវធម៌ក្នុងកន្លែងធ្វើការម្នាក់ មើលរួចចាំឆ្លើយនូវសំណួរខាងលើ។ 

១. មិនពាក់ព័ន្ធក្នុងការនិយាយដើមគេ

មនុស្សយើងតែងចៀសមិនផុតពីការនិយាយដើមគ្នា យើងអាចឮគ្រប់កន្លែង និងគ្រប់ពេល។ មនុស្សភាគច្រើនចូលចិត្តនិយាយលេងជាមួយមិត្តភក្តិនូវរឿងដែលពួកគេចាប់អារម្មណ៍ នេះជាធម្មជាតិដែលមិនអាចប្រកែកបាន។ ប៉ុន្តែនេះអាចជាទម្លាប់មិនល្អមួយដែលយើងគួរចៀសវាងឲ្យបាននៅក្នុងការិយាល័យ។ អ្នកណាទៅដឹងថា ថ្ងៃណាមួយយើងក៏អាចក្លាយជាប្រធានបទដែលគេនឹងយកមកនិយាយដើមដែរ។ វិធីសាស្រ្តល្អក្នុងស្ថានភាពនេះ គឺធ្វើមិនដឹងមិនឮ។ កុំពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាម បើទោះជាអ្នកត្រូវបានគេទាក់ទាញយ៉ាងណាក៏ដោយ។ បើសិនជាយើងអាចនៅឆ្ងាយពីការនិយាយដើមគ្នា ការចែកចាយពាក្យខ្សឹបខ្សៀវចចាមអារ៉ាមបានយើងនឹងមានអារម្មណ៍ថាខ្លួនយើង ជាអ្នកធ្វើការប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ម្នាក់។

២. យកបញ្ហា ឬការងារពិភាក្សាជាមួយអ្នកដែលពាក់ព័ន្ធ

យើងនឹងពិបាកក្នុងការដែលអាចស៊ីចង្វាក់នឹងមនុស្សគ្រប់គ្នាណាស់ ហើយក៏មិនមែនគ្រប់គ្នាដែលយើងជួបសុទ្ធតែមានទស្សនៈដូចយើងនោះទេ។ ក្នុងករណីខ្លះ បុគ្គលិកលក្ខណៈរបស់យើងនឹងអ្នកដទៃអាចមិនត្រូវគ្នាខ្លាំង។ ប៉ុន្តែវារឹតតែសំខាន់ដែលត្រូវតែរក្សាភាពជាអ្នកជំនាញនៅកន្លែងការងារ បានន័យថារឿង និងអារម្មណ៍ផ្ទាល់ខ្លួនត្រូវទុកដោយឡែក។ ត្រូវតែគ្រប់គ្រងនូវអារម្មណ៍អវិជ្ជមានឲ្យបាន យើងត្រូវតាំងខ្លួយើងឲ្យខ្ពស់ជាងអារម្មណ៍អវិជ្ជមានទាំងនោះ។ ហើយកុំព្យាយាមសងសឹកចំពោះរឿងណាមួយ។ ប្រសិនបើមានបញ្ហាណាមិនស្រួលគួរផ្តល់ព័ត៌មានជូនអ្នកដែលមានឋានៈខ្ពស់ជាង ដើម្បីឲ្យគាត់បានដឹងជាមុន។ វាមិនមែនជាការរាយការណ៍ចាក់ចុចនោះទេ បើសិនជាងយើងប្រាប់អំពីផលលំបាកដែលយើងជួប ឬ បញ្ហាដែលអាចកើតមានឡើង ឬក៏បញ្ហាការយល់ច្រលំណាមួយ។ គួរចងចាំដែរថា យើងនឹងមិនអាចចូលចិត្ត និងចុះសម្រុងបានគ្រប់មនុស្សនោះទេ។ វាអាស្រ័យលើឧបនិស្ស័យដែរ តែកុំតែយើងបូករឿងផ្ទាល់ខ្លួន ចូលជាមួយរឿងការងារគឺបានហើយ។

៣. ជួយនៅពេលណាដែលអ្នកអាចជួយបាន

ការធ្វើការងារជាក្រុមគឺជារឿងដ៏ល្អមួយបើការងារត្រូវបានបែងចែកច្បាស់លាស់។ កុំប្រមូលការងារមកគរធ្វើតែឯងបើសិនជាយើងមិនអាចធ្វើអស់ទេនោះ ប៉ុន្តែគួរតែផ្តល់ជំនួយបើសិនជាយើងអាចធ្វើបាន។យើងអាចនឹងត្រូវបានគេបដិសេធ ប៉ុន្តែយើងអាចនឹងត្រូវបានគេមើលឃើញ។ ពេលខ្លះយើងអាចចាប់ផ្តើមដោយសារថា “មិនអីទេមែនទេ?” “មានអីឲ្យខ្ញុំជួយទេ?” ឃ្លាទាំងនេះមិនមែនប្រើបានតែក្នុងរឿង ឬ ក្នុងភាសាអង់គ្លេសទេ ប្រើជាភាសាខ្មែរក៏ពិរោះដែរ ហើយមានប្រយោជន៍ទៀតផង។ បើយើងឃើញមិត្តរួមការងារកាន់របស់ធ្ងន់ យើងអាចជួយបានភ្លាម ឬ ក៏ជួយបើកទ្វារ និងទប់ទ្វារឲ្យបើសិនជាដៃរបស់គាត់កំពុងរវល់។ទង្វើរតិចតួច តែធ្វើជាប្រចាំ នឹងក្លាយជាទម្លាប់ល្អ។

៤. ផ្តល់ការយកចិត្តទុកដាក់

នៅពេលដែលមានអ្នកណាម្នាក់ដើរមកជិតតុរបស់យើង ឬក៏ និយាយជាមួយយើង ហើយបើទោះជាយើងមានការងារគរដូចភ្នំក៏ដោយ ក៏យើងគួរតែអាចមើលគេបន្តិច ហើយងក់ក្បាលដើម្បីទទួលដឹងនូវវត្តមានរបស់គេដែរ។ ព្យាយាមផ្តល់ការចាប់អារម្មណ៍ និងយកចិត្តទុកដាក់ដល់អ្នកដែលមករកយើង បើសិនជាយើងមិនមានពេលផ្តល់ឲ្យគាត់ទេនោះ យើងអាចសុំឲ្យគាត់មកម្តងទៀតនៅពេលដែលយើងទំនេរ។

៥. បង្កើតបរិយាកាសវិជ្ជមាន

គ្រប់គ្នាសុទ្ធតែមានថ្ងៃស៊យ ឬ ថ្ងៃដែលមានអារម្មណ៍មិនល្អ! បើសិនជាយើងសង្កេតឃើញថា អ្នករួមការងាររបស់យើងអារម្មណ៍មិនល្អទេនោះ យើងគួរតែធ្វើខ្លួនយើងឲ្យអារម្មណ៍ល្អ។ អាចប្រាប់គាត់ថា “បើមានអីឲ្យ យើងជួយ អាចប្រាប់យើងបាន” ព្រោះពេលដែលយើងស៊យ ឬ​មានអារម្មណ៍មិនល្អ ពួកគេក៏អាចជួយយើងបានវិញដូចគ្នា។ បង្កើតភាពរីករាយ និងស្រស់ស្រាយក្នុងក្រុមការងារ។

៦. ស្វាគមន៍សិស្សប្អូន

ជាទូទៅ អាចនឹងមានអ្នកចំណូលថ្មី ឬ សិស្សប្អូន ក្នុងការិយាល័យ។ បើទោះយើងនឹងមិនធ្វើការជិតស្និទ្ធនឹងគាត់ក៏ដោយ បើសិនជាអាចគួរតែស្វាគមន៍គាត់ឲ្យគាត់មានអារម្មណ៍កក់ក្តៅឲ្យគាត់មានអារម្មណ៍ថាគ្នាឯង។ ចាប់ផ្តើមដោយសួរនាំពីគាត់ខ្លះ បបួលគាត់ញ៉ាំអាហារថ្ងៃត្រង់ជាមួយគ្នា ឬ ក៏ឆុងកាហ្វេឲ្យដើម្បីស្វាគមន៍ យ៉ាងហោចណាស់ក៏សម្រាប់ពេលពីរបីថ្ងៃដំបូងដែរ។ ស្រម៉ៃមើលទៅ បើយើងចូលទៅកន្លែងថ្មី ហើយមិនសូវមានគេខ្វល់នឹងយើង តើយើងនឹងមានអារម្មណ៍បែបណា? ហើយបើមានអ្នកណាផ្តើមនិយាយជាមួយយើងដោយរាក់ទាក់ និងកក់ក្តៅនោះ យើងអាចនឹងគ្មានថ្ងៃភ្លេចម្នាក់នោះទេ។


អត្ថបទទាក់ទង

វិធីសាស្រ្តទាំង ៦ ដើម្បីពង្រឹងវប្បធម៌ក្រុមហ៊ុនរបស់អ្នក

Leave a Reply

Your email address will not be published.