តិកនិចចំនួន ៧ ដើម្បីបង្កើនសមត្ថភាពស្ដាប់

ការស្តាប់ គឺជាសិល្បៈពេលដែលអ្នកធ្វើវានឹងផ្តល់មកវិញនូវផលប្រយោជន៍ដ៏ច្រើនសន្ធឹកសន្ធាបមិនអាចគណនាបាន។ គោលដៅនៃការស្តាប់ដ៏ល្អ គឺអាចធ្វើឲ្យសម្រេចបានការទំនាក់ទំនងតាមរបៀបឈ្នះ-ឈ្នះ។ ការសិក្សា​ស្រាវជ្រាវ​បង្ហាញថា​ មានតែ​មនុស្ស ១០​% ប៉ុណ្ណោះ​ ដែល​ចេះ​ស្តាប់​យ៉ាង​យកចិត្ត​ទុកដាក់​។ ជាទូទៅ​ មនុស្សយើង​ស្តាប់​អ្នកដទៃ​និយាយ​បណ្តើរ​គិត​រឿង​ផ្សេងទៀត​បណ្តើរ​។ លោក Stephen​ Covey​ បាន​សរសេរ​នៅក្នុង​សៀវភៅ​ The​ 7 Habits​ of​ Highly​ Effective​ People​ ថា​ មនុស្ស​ភាគច្រើន​មិន​ស្តាប់​ដើម្បី​យល់​ទេ​ គេ​ស្តាប់​ដើម្បី​ឆ្លើយតប​។

តើឆ្ងល់​ទេ​ថា អ្នក​ខ្លះ​ស្ដាប់​ច្រើន​នោះ​ច្រើន តែ​ហាក់​មិន​ចាប់​អ្វី​មិន​បាន​សោះ? ខាងក្រោមនេះ​ គឺជា​តិចនិក​ដើម្បី​ឲ្យ​ការ​ស្ដាប់​មាន​ប្រសិទ្ធភាព ដោយ​មិន​ចំណាយ​ពេល​ឥតប្រយោជន៍៖

១. បើកចំហចិត្ត

ក្លាយជាអ្នកស្តាប់ល្អដោយកុំវិនិច្ឆ័យអ្នកដទៃ ឬរិះគន់ផ្លូវចិត្តគេឲ្យសោះ។ ប្រសិនបើយើងនិយាយអ្វីដែលយើងមិនពេញចិត្តភ្លាមៗ វាអាចនាំឲ្យអ្នកនិយាយរំជួលចិត្ត ឬមានអារម្មណ៍តក់ស្លុត​ និងគ្មានសមាធិបន្តការនិយាយទៀត។ គួររៀនបើកចំហរចិត្តឲ្យទូលាយទទួលយកគំនិតពួកគេ ដោយកុំងាយវិនិច្ឆ័យលឿនពេក។

២. មើល​មុខ​ និង​សម្លឹង​ភ្នែក​ឲ្យ​ចំ

នៅ​ក្នុង​វប្បធម៌​លោក​ខាងលិច ការ​សម្លឹងភ្នែកចំត្រូវបានគេចាត់ទុកថាជាគ្រឿងផ្សំមូលដ្ឋានដ៏សំខាន់មួយនៃទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព។ ពេលនិយាយគ្នាពួកគេ ចាំបាច់ត្រូវតែមើលមុខគ្នា។ ដូចគ្នាដែរយើងគួរធ្វើបែបនេះ ព្រោះវាបញ្ជាក់ពីការយកចិត្តទុកដាក់និងភាពក្លាហានរបស់យើង។

៣. ព្យាយាមស្រមៃនូវអ្វីដែលអ្នកនិយាយកំពុងបង្ហាញ

បើកចិត្តទទួលព័ត៌មានដែលអ្នកនិយាយកំពុងបង្ហាញ តាមរយៈពាក្យរបស់ពួកគេដោយស្រមៃជារូបភាពផ្សេងៗតាមដែលអាចធ្វើបាន។ មិនថារូបភាពអ្វីទេ ឲ្យតែយើងយល់ថាទាក់ទងនឹងប្រធានបទដែលកំពុងស្ដាប់ នោះចូរឲ្យខួរក្បាលស្រមៃទាំងអស់ ដើម្បីឲ្យយើងចងចាំការនិយាយនោះបានល្អ។

៤. កុំរំខាន និងដាក់ដំណោះស្រាយ

ពេលកំពុងស្ដាប់ យើងគួរចៀសវាងកុំខ្សិបខ្សៀវលឹបល ជជែកគ្នា ឬសើចក្អាកក្អាយដែលបង្កបរិយាកាសមិនល្អដល់ជំនួប ឬអ្នកនិយាយ។ ក្រៅពីនោះការបដិសេធភ្លាមៗ និងដាក់ដំណោះសា្រយឲ្យគេភ្លាមៗក៏មិនគួរធ្វើដែរ ខណៈដែលពួកគេនិយាយមិនទាន់ចប់។

៥. ព្យាយាមដាក់អារម្មណ៍ជាមួយអ្នកនិយាយ

អ្នកនិយាយទូទៅតែងផ្លាស់ប្ដូររលកសំឡេងនៃការនិយាយ ក៏ដូចជាបង្ហាញអារម្មណ៍ពីក្នុងប្រធានបទរបស់ខ្លួនចំពោះអ្នកស្ដាប់។ ហេតុនេះពេលនិយាយពួកគេរមែងបញ្ចេញអារម្មណ៍ដូចជា រីករាយ តក់ស្លុត សោកសៅ យំយែកជាដើម។ ដូច្នេះយើងគួរបញ្ចូលខ្លួននិងអារម្មណ៍ទៅតាមសាច់រឿងទាំងនោះដែរ។

៦. រង់ចាំអ្នកនិយាយផ្អាកសិន ចាំសួរសំណួរ

នៅពេលដែលយើងមិនយល់អ្វីមួយ យើងគួរតែស្នើសុំឱ្យអ្នកនិយាយពន្យល់បន្ថែម។ ប៉ុន្តែជាជាងការរំខាននាំឲ្យកាត់ចង្វាក់អ្នកនិយាយ យើងគួររង់ចាំរហូតដល់អ្នកនិយាយឈប់ជាមុនសិន ចាំសួរពួកគេ។

៧. បញ្ចេញមតិយោបល់ទៅអ្នកនិយាយ

ចុងក្រោយ យើងអាចបង្ហាញអ្វីដែលយើងយល់លើប្រធានបទ ដោយឆ្លុះបញ្ចាំងពីអារម្មណ៍របស់យើងទៅកាន់អ្នកនិយាយដោយស្មោះក្នុងន័យកែលម្អ និងប្រាកដថាមិនរិះគន់ជាន់ពន្លិចគេ។ ការបញ្ចេញយោបល់ជាការល្អដើម្បីបញ្ជាក់ថា យើងស្ដាប់បានល្អនិងចង់ភាពល្អប្រើបន្ថែមទៀតនៅពេលក្រោយ។

ប្រភពយោង៖ Forbes


អត្ថបទទាក់ទង

តិចនិក ៦ យ៉ាង ដើម្បីបង្កើនទំនាក់ទំនងនៅកន្លែងធ្វើការឲ្យកាន់តែប្រសើរ

 

Leave a Reply

Your email address will not be published. Required fields are marked *