ជំនាញផ្លូវចិត្តចំនួន ៤ ដែលលោកអ្នកអាចបង្កើតតាមរយៈការអភិវឌ្ឍខ្លួន
មនុស្សម្នាក់ៗពិបាកនឹងគេចចេញពីជំងឺផ្លូវចិត្តណាស់។ ហេតុនេះបុគ្គលម្នាក់ៗទាមទារត្រូវចេះគ្រប់គ្រងចិត្ត និងថែរក្សាសុខភាពផ្លូវចិត្តឱ្យបានល្អប្រសើរ ចៀសវាងការកើតមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ។
ការទទួលបានជោគជ័យក្នុងពាណិជ្ជកម្ម ត្រូវពឹងអាស្រ័យច្រើនលើផ្លូវចិត្តជាជាងការស្វែងរកកង្វះចន្លោះក្នុងបច្ចេកទេសេ ឬផ្លូវកាត់ទៅរកទីផ្សារ។ ការគ្រប់គ្រង និងការរក្សាផ្នត់គំនិត និងសុខភាពផ្លូវចិត្ត ជាកត្តាសំខាន់បំផុតចំពោះសហគ្រិន និងមេដឹកនាំពាណិជ្ជកម្មជោគជ័យ។ បើលោកអ្នកសួរមនុស្សដែលកើតក្រោយឆ្នាំ១៩៩០ ឱ្យរៀបរាប់មធ្យោបាយបង្កើនប្រសិទ្ធភាពក្នុងការប្រាស្រ័យក្នុងកន្លែងធ្វើការ គេនឹងអាចគិតឃើញបានយ៉ាងច្រើនក្នុងពេលដ៏ខ្លី (Slack, Skype, Facebook, Telegram…)។ ប៉ុន្តែបើលោកអ្នកសួរមនុស្សដដែលនោះអំពីរបៀបប្រាស្រ្រ័យប្រកបដោយប្រសិទ្ធភាពជាមួយអ្នកសម្រេចចិត្ត ដើម្បីបង្កើតឥទ្ធិពលលើការសម្រេចចិត្តទិញរបស់អតិថិជន លទ្ធផលប្រហែលមិនបានរហ័ស និងច្រើនទេ។
អាយុមិនមែនជាបញ្ហា ឬឧបសគ្គក្នុងការបង្កើត និងគ្រប់គ្រងពាណិជ្ជកម្មដោយជោគជ័យទេ ប៉ុន្តែកង្វះខាតជំនាញមនុស្សទើបជារឿងសំខាន់។ មូលដ្ឋានគ្រឹះសម្រាប់ជំនាញមនុស្ស គឺជំនាញផ្លូវចិត្ត ដែលលោកអ្នកអាចបង្កើតតាមរយៈការអភិវឌ្ឍខ្លួន៖
១. វិនិយោគលើទំនាក់ទំនងមូលដ្ឋានជានិច្ច
បើទោះជាដំណើរពាណិជ្ជកម្ម ឬគម្រោងរបស់លោកអ្នកជួបឧបសគ្គឬបញ្ហាអ្វីខ្លះក៏ដោយ ក៏លោកអ្នកត្រូវបន្តថែរក្សានិងវិនិយោគលើមនុស្សនិងទំនាក់ទំនងជានិច្ចដែរ។ ទោះជាទំនាក់ទំនងគ្រួសារ មិត្តភក្តិ ឬទំនាក់ទំនងពាណិជ្ជកម្មក៏ដោយ ក៏លោកអ្នកត្រូវយកចិត្តទុកដាក់និងផ្តល់តម្លៃឱ្យបានសក្តិសមដែរ។ កុំគិតងាយៗចំពោះមនុស្សក្នុងទំនាក់ទំនងរបស់លោកអ្នក។ ពេលណាមួយលោកអ្នកនឹងត្រូវការទំនាក់ទំនងនេះដើម្បីគាំទ្រឬផ្តល់កម្លាំងចិត្ត ទោះជាពេលជួបបញ្ហា ឬពេលបានទទួលជោគជ័យក៏ដោយ។
២. កំណត់ពេលវេលាសម្រាប់អភិវឌ្ឍខ្លួន និងសុខភាព
សម្រាប់មនុស្សជាច្រើន ការថែទាំសុខភាពមានន័យថាជាការព្យាបាល។ ប៉ុន្តែលោកអ្នកមិនចាំបាច់ត្រូវធ្វើដូចមនុស្សទូទៅដែលរង់ចាំដល់ពេលមានបញ្ហាទើបទៅដោះស្រាយនោះទេ។ ការព្យាបាលមិនដែលប្រសើរជាងការការពារទេ។ ដូច្នេះលោកអ្នកត្រូវមានគំនិតផ្តល់អាទិភាពចម្បងដល់ខ្លួនឯង តាមរយៈការរៀនស្គាល់ខ្លួនឯងឱ្យកាន់តែច្បាស់ និងស្គាល់កត្តាផ្សេងៗដែលធ្វើឱ្យលោកអ្នកជួបញ្ហាសម្ពាធអារម្មណ៍ឬបញ្ហាសុខភាពផ្សេងៗទៀត។ រៀនឱ្យស្គាល់កាលទេសៈ មនុស្ស និងបញ្ហាដែលអាចនឹងធ្វើឱ្យបាត់បង់តុល្យភាពរបស់លោកអ្នក ហើយក៏រៀនសម្គាល់កត្តាដែលធ្វើឱ្យលោកអ្នករីកចម្រើនដែរ។
៣. កំណត់ឱ្យដឹង និងបង្កើនចំណុចខ្លាំងរបស់ខ្លួនឯង
ចំណុចចាប់ផ្តើមគឺត្រូវដឹងឱ្យច្បាស់ថាជំនាញមនុស្សរបស់លោកអ្នកខ្លាំងត្រង់ចំណុចណាខ្លះ ហើយប្រឹងប្រែងពង្រីកចំណុចខ្លាំងនោះឱ្យកាន់តែច្រើនបន្ថែមទៀត។ បើការបង្កើតបណ្តាញទំនាក់ទំនងជាសកម្មភាពដែលោកអ្នកចូលចិត្តធ្វើ សូមបង្កើតឱកាសដើម្បីបន្តធ្វើបែបនេះឱ្យបានច្រើន។ បង្កើនសមត្ថភាពក្នុងការរាប់អានមនុស្សថ្មីៗឱ្យបានកាន់តែច្រើន។ ចំណុចខ្លាំងក្នុងផ្នែកខ្លះរបស់លោកអ្នកអាចជួយបំពេញចន្លោះខ្វះខាតនៅត្រង់ចំណុចផ្សេងទៀត។ ការមានសមត្ថភាពនៅក្នុងចំណុចមួយក៏ជាកត្តាជំរុញចិត្តឱ្យលោកអ្នកចង់អភិវឌ្ឍចំណុចផ្សេងទៀតដែរ។
៤. បង្កើនប្រាជ្ញាអារម្មណ៍ និងសណ្តានចិត្តចំពោះអ្នកដទៃ
ចាប់ផ្តើមជាមួយនឹងទំនាក់ទំនងដែលលោកអ្នកមានស្រាប់ និងវាយតម្លៃគុណភាពនៃទំនាក់ទំនងទាំងអស់នោះ។ តើលោកអ្នកចូលរួមវិភាគទានដោយរបៀបណាទៅក្នុងទំនាក់ទំនងនោះ? តើកត្តាអ្វីខ្លះដែលទាក់ទងនិងរក្សាទំនាក់ទំនងនោះឱ្យរស់រវើក? តើទំនាក់ទំនងនោះផ្តល់ប្រយោជន៍ទៅវិញទៅមកសម្រាប់ភាគីទាំងសងខាង ឬជាទំនាក់ទំនងដែលកេងប្រវ័ញ្ចគ្នា? តើលោកអ្នកអាចធ្វើអ្វីបានខ្លះដើម្បីជួយឱ្យទំនាក់ទំនងនោះកាន់តែប្រសើរឡើង?
នៅក្នុងសៀវភៅ Working with Emotional Intelligence លោកDaniel Goleman ;បានសរសេរថាការផ្លាស់ប្តូរឥរិយាបថ ការបង្ហាញសណ្តានចិត្ត និងការយល់ចិត្តអ្នកដទៃ ពិតជាមានឥទ្ធិពលខ្លាំងណាស់លើគុណភាពនៃទំនាក់ទំនង។ ពេលលោកអ្នកចាប់ផ្តើមផ្លាស់ប្តូរឥរិយាបថ អ្នកដទៃនឹងមិនមានជម្រើសអ្វីផ្សេងក្រៅពីការឆ្លើយតបក្នុងរបៀបសមស្របទៅនឹងឥរិយាបថរបស់លោកអ្នកទេ។
ប្រភព៖ Entrepreneur
អត្ថបទទាក់ទង
ជំនាញទន់ទាំង ៥ ដែលអ្នកត្រូវដុសខាត់ ដើម្បីទទួលបានជោគជ័យនៅកន្លែងធ្វើការ