ច្បាប់ល្បើកថ្មី

ច្បាប់ល្បើកថ្មី ជា​បទ​កាកគតិ ​ត្រូវបាននិពន្ធដោយកវី ក្រមង៉ុយ​ នៅឆ្នាំ​១៩២២ច្បាប់ល្បើកថ្មី មានខ្លឹមសារទាំងស្រុងដូចតទៅ៖

អ្នកព្រះភិរម្យ ភាសាអ៊ូខ្ញុំ បង្គំនឹកគុណ
ព្រះពុទ្ធព្រះធម៌ ព្រះសង្ឃជាមុន គុណគាប់មហាធ្ងន់
  មាតាបិតា ។  
ឧបជ្ឈាយ៍ជាធំ កាលចាប់ដៃខ្ញុំ ឲ្យធម៌កេសា
អនុសាវន ព្រះកម្មវាចា គុណតួអក្ខរា
  ទាំងសាមសិបបី ។  
ខែចែត្រឆ្នាំច ចត្វាស័កក កគិតកាព្យថ្មី
លើកច្បាប់ប្រដៅ កូនចៅប្រុសស្រី តូចក្ដីធំក្ដី
  ចូរស្ដាប់គ្រប់គ្នា ។  
ដ្បិតមនុស្សឥឡូវ យកខុសជាត្រូវ យកឆ្កួតធ្វើជា
អំពើអាក្រក់ ឡិកឡក់លីលា ព្រហើនពានពារ
  អាងមាសអាងប្រាក់ ។  
៥-អាងព្រើលអាងប្រាជ្ញ អាងកោងអាងកាច អាងកាប់អាងចាក់
អាងជើងអាងដៃ អាងវាយអាងធាក់ អាងគុកច្រវាក់
  អាងម៉ាស៊ីនកាត់ក ។  
អាងសុទ្ធតែខុស កូនអើយចាំចុះ អាងនោះមិនល្អ
អ្នកគិតឲ្យល្អិត ដ្បិតស្រុកលោកក្រ ប្រមាណតំណ
  តទៀតទៅមុខ ។  
សាសនានៅឆ្ងាយ លែងបានសប្បាយ មានតែកើតទុក្ខ
កើតទាន់លោកីយ៍ ឮតែទំនុក ដំណែលអាពុក
  ចូរចាំគ្រប់គ្នា ។  
អ្នកជឿពាក្យចាស់ ជឿចាំឲ្យណាស់ កុំធ្វើបំពារ
អ្នកហ៊ានស្បែកដាច អ្នកខ្លាចស្បែកជា មនុស្សចោរប៉ោបៀ
  កុំយកខ្លួនបៀត ។  
ឃើញឫកគេល្អ ទោះបីមានក្រ យកគេជាញាតិ
គួររាប់អ្នកក្រៅ ផៅអ្នកឯទៀត រាប់រើសមារយាទ
  សុចរិតត្រឹមត្រូវ ។  
១០-រៀនបទរៀនបាទ កុំកោងហួសខ្នាត កុំភ្លាត់ខុសផ្លូវ
កុំភ្លើនភ្លេចម៉ែ កុំប្រែហួសឪ ឃើញចាស់សក់ស្កូវ
  កុំសូវមើលងាយ ។  
បន្ទន់អាត្មា ខ្លាចមេខ្លាចបា ខ្លាចតាខ្លាចយាយ
បំរើមហាក្សត្រ ប្រយ័ត្នស្ដេចទាយ ពាក្យពិតទំនាយ
  រលាយកេរ្ដិ៍ឈ្មោះ ។  
ពាក្យស្ដេចពាក្យគ្រូ មានប្រៃមានជូរ កម្រពីរោះ
ជួនទាយឲ្យទាប ជួនទាយឲ្យខ្ពស់ ទាយឲ្យសក្ដិយស
  ទាញចុះកុំខឹង ។  
បំរើមើលភេទ ចំណាំព្រះនេត្រ ហេតុខ្លួនឲ្យដឹង
ខ្លួនខ្ជិលហៃព្រើល លោកមើលសំលឹង សំលក់ឲ្យប្រឹង
  ខំប្រិតសូត្ររៀន ។  
បំរើមើលពុត ប្រាជ្ញាឲ្យមុត ស្មារតីឲ្យមាន
បើខ្លៅឲ្យប្រាជ្ញ បើខ្លាចឲ្យហ៊ាន ចង់បានរបៀន
  កុំអៀនកុំខ្មាស ។  
១៥-ពុតលោកថាធំ ជ្រងោប៉ុនភ្នំ ឯងមើលមិនច្បាស់
បំរើលោកណា លោកហ្នឹងជាម្ចាស់ លោកស្អប់អ្វីណាស់
  ប្រាសចោលឲ្យឆ្ងាយ ។  
កុំឈមឈរជិត កុំយកធ្វើមិត្រ ភ្លាត់ខ្លួនអន្ដរាយ
បើប្រពន្ធកូន បងប្អូនចៅហ្វាយ អាពុកឬម្ដាយ
  ឱនកាយប្រតិបត្ដិ ។  
អ្នកកុំមើលងាយ ឃើញគេរីករាយ ព្រួយខ្លួនប្រយ័ត្ន
ត្រកូលញាតិផៅ កូនចៅមហាក្សត្រ ស្មើថ្លើមប្រមាត់
  ប្រមាថមិនបាន ។  
ទោះអ្នកដទៃ អ្នកព្រៀងអ្នកព្រៃ ដែលលោករាប់អាន
កុំថាតែមនុស្ស ទោះសត្វតិរិច្ឆាន ឯងស្អប់ប៉ុន្មាន
  កុំហ៊ានប្រមាថ ។  
របស់រឺទ្រព្យ ដែលជាសំអប់ កុំបាច់សំអាត
ទ្រព្យណាស្រលាញ់ អស់អញឱហាត ចូរចៅសង្វាត
  ជួយថែរក្សា ។  
២០-កុំជិះកុំជាន់ ស្មៅផ្ទីអាចម៍មាន់ ពាក្យចាស់ឧបមា
បុរាណហៅផ្ទី ពីរបីប្រការ កុំស៊ីត្រង់ណា
  ជុះដាក់ត្រង់ហ្នឹង ។  
សាច់សាលោហិត កុំផ្ដួលផ្ដេកផ្ដិត ផ្ដួចទោសកើតប្ដឹង
អាពុកផ្ដែផ្ដាំ ចូរចាំចេះថ្លឹង សាច់ថ្លើមសួតឆ្អឹង
  និងស្បែកខាងក្រៅ ។  
សាច់សួតក្នុងខ្លួន ទុកស្មើបងប្អួន ប្រពន្ធកូនចៅ
សរសៃនិងស្បែក ចែកជាញាតិផៅ ខ្ញុំស្រីខាងក្រៅ
  ជាស្មៅអាចម៍មាន់ ។  
ស្រីខ្ញុំកំដរ បើឃើញរូបល្អ កុំលលូកលាន់
កុំលួចលបលេង ក្រែងម្ចាស់គេទាន់ កុំភប់កុំភាន់
  អាប់អន់អាត្មា ។  
បើអ្នកមានយស មានសក្ដិខ្ពង់ខ្ពស់ គាប់នឹងរាជការ
ធ្វើធំធ្វើថី មន្រ្ដីមានត្រា ព្រះហ្លួងឧកញ៉ា
  សាលាកុង្សីយ៍ ។  
២៥ – ចេះច្បាប់បារាំង កុំភ្លេចសច្ចំ កតញ្ញូខន្ដី
កុំឆ្មើងហួសមាឌ ភ្លេចញាតិប្រុសស្រី ជំនុំកាត់ក្ដី
  យកឧបេក្ខា ។  
កុំកាន់សីហលោ កុំកាន់លោភោ ទោសោមោហោ
កុំជក់អាភៀន កុំឃ្លានផឹកស្រា កុំស្អប់ត្រង់ណា
  សច្ចាយកត្រង់ ។  
លួងលោមពិសោធ កុំឆបញ្ឆោត បញ្ចូលឲ្យបង់
ឲ្យបែកឲ្យបាក់ ពាក្យសត្យពាក្យសង្ឃ កូនអើយផ្ចិតផ្ចង់
  តំរង់ស្មារតី ។  
កុំភ្លើនឃើញប្រាក់ កុំភ្លើភ្លាត់សក្ដិ ធ្លាក់ទៅអវចី
កាន់ធម៌ទសពិធ រឹតឡើងរាសី គាប់ពីលោកិយ៍
  ដល់បរលោកនាយ ។  
អ្នកក្ដីជាភ្លើង កុំកាត់ជាន់ជើង អ្នកម្ខាងមើលងាយ
ចៅក្រមជាទឹក រលឹករំលាយ កុំជេរកុំវាយ
  បង្ខំនាំខុស ។  
៣០ – ចោរលួចចោរប្លន់ រឺចោរស្ម័គ្រស្មន់ តណ្ហាស្រីប្រុស
កុំស្អប់ខាងណេះ បញ្ឆេះខាងណោះ លួងលោមបញ្ចុះ
  បញ្ចូលចិត្ដក្ដី ។  
កុំដុតឲ្យក្ដៅ បើឃើញអ្នកខ្លៅ ប្រាជ្ញាគ្នាខ្លី
កុំឃើញប្រាក់ប្រុស បន្ដុះខាងស្រី បើកាន់ច្បាប់ថ្មី
  កុំចោលច្បាប់ចាស់ ។  
កុំដៀលអ្នកស្រែ ត្រកូលឯងខ្មែរ កុំប្រែក្រលាស់
ក្រលេកឃើញគុណ ទន់ខ្លួនសំពះ កុំធ្វើអ្នកណាស់
  កុំត្មះអ្នកក្រ ។  
អ្នកកុំភ្លេចគុណ គ្រូលេខនព្វន្ដ គ្រូសូត្រអក្សរ
កុំចាប់ដៃទាញ គំនាប់ងក់ក កុំជជែកត
  ស្មើមិត្ដសំលាញ់ ។  
រាស្រ្ដរត់ចូលជ្រក សាកសួរទៅមក កុំអើឯងអញ
ពាក្យពុំពិរោះ គេកើតមួរក្មាញ់ គេដៀលផ្ចាលផ្ចាញ់
  អន្ដរាយកេរ្ដិ៍ឈ្មោះ ។  
កុំឆ្មើងអាងបុណ្យ ស្រដីឲ្យទន់ ពោលពាក្យពិរោះ
ខ្លួនអ្នកនឹងថ្កើង នឹងឡើងសក្ដិយស កុំឆ្លៀតនាំឈ្លាះ
  ញុះញង់អ្នកធំ ។  
កុំស្អប់អ្នកតូច បើឃើញគ្នាខូច គួរគិតប្រមុំ
ទោសគ្នាតិចតួច ផ្ដួចឡើងជាធំ ផ្សែងពួតជាដុំ
  ផ្លុំឆេះជាភ្លើង ។  
កុំភ្លើនភ្លេចខ្លួន ចេះសាសន៍ចិនយួន កុំចោលខ្មែរយើង
កុំធ្វើក្រអើត កុំពើតកុំពើង កុំពាក់ស្បែកជើង
  ចូលវត្ដលោកសង្ឃ ។  
ដោះមួកដាក់ឆ័ត្រ ឱនកាយប្រតិបត្ដិ លំអុតឱនអង្គ
កុំស៊ីតាមឃ្លាន កុំហ៊ានតាមចង់ កាន់ច្បាប់ស្រុកហ្វ្រង់
  កុំបង់សាសនា ។  
កុំចង់ថ្កើងពេក កុំលើកដំណេក ហួសមេហួសបា
តែងខ្លួនឲ្យល្មម មើលពូជពង្សា សង្ខេបនិដ្ឋិតា
  រឿងផ្គប់បុណ្យសក្ដិ ។  
៤០ – បើទៅជារាស្រ្ដ ប្រាជ្ញាវៃឈ្លាស គូសវាសឆ្លកឆ្លាក់
ឲ្យឆ្លៀតរែកពុន បើធ្ងន់សឹមដាក់ ខំរកមាសប្រាក់
  ឲ្យគ្រាន់ទាន់ចាយ ។  
រាជ្យបារាំងសែស កូនកុំប្រហែស កុំថ្នមរូបកាយ
ដើរគិតដេកគិត ជួញជិតជួញឆ្ងាយ បើចង់សប្បាយ
  ស្រេចនៅមានទ្រព្យ ។  
រាជ្យហ្លូងពីមុន រកស៊ីរែកពុន មានក្រតាមភ័ព្វ
រាជ្យលោកឥឡូវ ត្រូវខំឲ្យញាប់ តែខ្ជិលច្រើនជាប់
  ខ្នោះជើងខ្នោះដៃ ។  
តាំងពីឆ្នាំច ចាំជាដំណ ទំនិញឡើងថ្លៃ
ចងក្បិនឲ្យតឹង ប្រឹងកុំសំចៃ សញ្ជឹងយប់ថ្ងៃ
  កុំឲ្យក្រខ្សត់ ។  
បើចង់ស្រាលខ្លួន រៀនសូត្រឲ្យមួន ឲ្យមាំឲ្យស្ទាត់
កុំចេះស្ទាក់ស្ទើ ល្ងីល្ងើឥតបទ បើចេះប្រាកដ
  ប្រាក់រត់តាមហៅ ។  
៤៥ – កុំថ្នមកំលាំង កាប់ជីកចូកចាំង កុំថារងាក្ដៅ
រៀនអ្វីឲ្យឆ្អិន កុំឲ្យខ្លោចឆៅ កុំដេកតែខ្លៅ
  ក្រក្រៅសណ្ដាប់ ។  
បើល្ងង់ឲ្យចេះ រករៀនតំរិះ រិះរកតំរាប់
ឥន្រ្ទីឆ្វេងស្ដាំ កុំចាំគេប្រាប់ រៀនស្ដីរៀនស្ដាប់
  រៀនមើលឲ្យស្ដែង ។  
កើតមកជាមនុស្ស ទាំងស្រីទាំងប្រុស មិនដែលចេះឯង
បើក្រឲ្យមាន វិញ្ញាណចេះក្រែង គិតគ្រប់កន្លែង
  កុំដេកតែក្រ ។  
កុំប្លន់កុំលួច កុំខ្ជិលកុំខូច កុហកឆូវឆ
បោកប្រាសយកប្រាក់ ច្រវាក់ជាប់ក កាន់មារយាទល្អ
  សុចរិតត្រឹមត្រូវ ។  
កូនអើយរកស៊ី កកាយធរណី ធ្វើស្រែយកស្រូវ
កុំតាមអ្នកណា បាតាមតែឪ លើកភ្លឺជិតផ្លូវ
  កុំស្រាស់បន្លា ។  
៥០ – គេដើរយប់ថ្ងៃ មុតជើងមុតដៃ ដឹងចៀសទៅណា
ចៀសចុះជាន់ស្រូវ ហើយជេរផ្ដាសា កូនម្ដាយអាណា
  ស្រាស់ដើរមិនរួច ។  
កុំយកគល់ឈើ ទៅដាក់ពីលើ ទោះធំទោះតូច
ជំពប់ជើងគេ គេថាឯងខូច ជេរដៀលដល់ពូជ
  ប្រដូចមេបា ។  
លើកភ្លឺឲ្យធំ បង្ហាប់ឲ្យមាំ គាប់ភ្នែកទេវតា
ស្មើបានសង់ស្ពាន នឹងមិនផលា កើតសាធុការ
  អាយុយឺនវែង ។  
កូនអើយធរណី បើតាមគម្ពីរ ដែលលោកសំដែង
កុំចង់បានធំ ក្រមុំឆ្វេលឆ្វែង កុំលើកដីឯង
  លបដាក់ស្រែគេ ។  
អំពើអាក្រក់ មួយចំរៀកសក់ ធ្លាក់ទៅនិរយេ
បច្ចុប្បន្នលោកិយ៍ កើតក្ដីវាយជេរ មិនដែលសុខទេ
  ព្រោះដីមួយហត្ថ ។  
៥៥ – កុំជួញចង់ទាស់ ខូចខាតរបស់ អស់ទ្រព្យសម្បត្ដិ
ចង់គង់ប្រយោជន៍ ឲ្យចេះប្រយ័ត្ន ពាក្យឪមួយមាត់
  ឲ្យគិតមួយម៉ោង ។  
សំអាតផ្ចិតផ្ចង់ លើកភ្លឺឲ្យត្រង់ កុំលើកឲ្យកោង
អ្នកកុំប្រហែស ក្រែងមានប្រហោង លើកមើលទំនង
  ទំនាបទឹកហូរ ។  
ចំនួនទឹកស្ទឹង ទឹកព្រែកទឹកបឹង ទឹកវាលទឹកអូរ
អ្នកលើលិចស្រូវ ត្រូវបើកបង្ហូរ អ្នកក្រោមកុំថ្ងូរ
  បន្ធូរហួសទៅ ។  
រាំងរឹងថ្ងៃយប់ កុំឲ្យបាក់ជ្រៅ ឆាប់លើកឆាប់ទប់
កត្ដឹកចេញខ្យល់ តំកល់ទឹកនៅ បើចង់បានស្រូវ
  ស្រេចនៅត្រឹមថែ ។  
កុំយកគ្រាប់ត្នោត ទៅដាំទៅដោត ពីលើភ្លឺស្រែ
ចិត្ដគិតប្រមាណ ចង់បានផ្កាផ្លែ ដាំដុះដង្ហែ
  បង្ហិនខ្លួនឯង ។  
៦០ – ដល់ត្នោតឡើងគល់ ឡើងកើតនាំខ្វល់ ធាងលូតឡើងវែង
ភ្ជួររាស់ជាប់នឹម ក្របីជាប់ស្នែង ទទើសទទែង
  ភ្ជួរឆ្វេងមិនត្រូវ ។  
ដល់ត្នោតវាធំ មានស្លឹកវាទុំ វាជ្រុះក្នុងស្រូវ
ស្រែឆ្ងាយពីផ្ទះ ឃ្លាតណាស់ពីផ្លូវ ទម្រាំតែទៅ
  រលួយស្រូវអស់ ។  
កូនអើយកុំឆោត បើចង់បានត្នោត ដាំដោយកៀនកោះ
ដីទួលចំការ ឯណាចន្លោះ ដាំជារបស់  
  ជាយជួររបង ។  
របៀបចំការ ថែទាំរក្សា យូរៗស្រាស់ម្ដង
ស្រាស់ឲ្យត្រូវជួរ មើលគួរសមផង កុំបើកមុជឆ្លង
  ទៅស្រាស់ខាងក្រៅ ។  
មិនគាប់ប្រសើរ របងវាដើរ អ្នកម្ខាងវាក្ដៅ
កើតក្ដីកើតក្ដាំ អស់ខោអស់អាវ ខឹងអស់ញាតិផៅ
  ពីព្រោះចំការ ។  
៦៥ – មួយទៀតរបង ជិតផ្លូវអ្នកផង គេទៅណាៗ
ធ្វើឲ្យទូលាយ កុំរាយបន្លា កាប់ឆ្កេះទាត់ឆ្ការ
  ឲ្យឆ្ងាយពីផ្លូវ ។  
កុំធ្វើចង្អៀត ក្រែងយប់អាធ្រាត្រ ខ្លះមកខ្លះទៅ
ចៀសគ្នាមិនរួច បើកបរកាត់ស្រូវ ជេរម្ដាយតាមផ្លូវ
  រហូតដល់ផ្ទះ ។  
កូនអើយអ្នកចាំ អ្នកកុំចងកម្ម មានពៀរច្រើនណាស់
ជាតិក្រោយខ្វក់ខ្វិន កខ្វេះកខ្វាស សូវចោលដីខ្លះ
  មិនខាតប៉ុន្មាន ។  
កុំខ្លាចតែក្រ ធ្វើឫកមិនល្អ ច្រើនកើតរឱស្ថាន
រអែករអោក បាត់ញាតិសន្ដាន ឥតគេរាប់អាន
  មានតែគេស្អប់ ។  
កាន់ឫកឲ្យខ្ពស់ ឲ្យខ្ពើមពាក្យឈ្លោះ ទើបបានជាគាប់
យកឆោតដាក់ខ្លួន ច្រើនមានគេរាប់ បើខ្លួនឥតទ្រព្យ
  កុំធ្លាប់ហ៊ានខ្ចី ។  
៧០ – គ្រប់ការសារពើ ចង្អេរកញ្ជើ កន្ដាំងតៅល្អី
រនាស់រទេះ គោសេះក្របី បើបានជាខ្ចី
  ខ្ចីប្រាក់គេទិញ ។  
យកមករកស៊ី ខែមួយខែពីរ សងប្រាក់គេវិញ
របស់បានយើង ជាជើងជួញចេញ ឯទ្រព្យនោះមិញ
  ពេញជាទ្រព្យឯង ។  
កុំខ្ចីគេប្រើ តែមួយដំណើរ មិនយូរអង្វែង
ជួនជាបាក់បែក ជជែកទាស់ទែង សងគេមិនលែង
  ចាស់ផ្លាស់ជាថ្មី ។  
កើតមកជាប្រុស គិតឲ្យសព្វសុស កុំឲ្យសល់អ្វី
បួសរៀនធម៌អាថិ សាស្រ្ដាបាលី បរលោកលោកិយ
  កុំបីចន្លោះ ។  
សឹកមករកស៊ី កកាយធរណី ធ្វើជាគ្រហស្ថ
កុហកជឿបុល បំណុលរុំកោះ ច្រើនគេដាក់ខ្នោះ
  អស់ស្រែចំការ ។  
៧៥ – ធ្វើរាស្រ្ដរកស៊ី ចិញ្ចឹមគោញី ថែទាំព្យាបាល
ក្រហេតុពីខ្ជិល មានត្បិតឧស្សាហ៍ អ្នកមានប្រាជ្ញា
  មិនស្មើគំនិត ។  
កំណើតសំណាង សំណូមសូមសាង កកើតពីគិត
ពីកាលជាតិមុន បុណ្យព្រេងអតិត កើតរូបគំនិត
  ទើបកើតសំណាង ។  
ឯមនុស្សសំណល់ ល្ងង់ល្ងើងឿងឆ្ងល់ ទាស់ទែងក្អេងក្អាង
ដប់ឆ្នាំនេះហើយ ប្រកាន់ម្យ៉ាងៗ ខ្លះអួតសំណាង
  ខ្លះអាងគំនិត ។  
កូនចៅប្រុសស្រី រកប្រពន្ធប្ដី ឲ្យរកស្រុកជិត
បើរកស្រុកឆ្ងាយ ឲ្យម្ដាយពិនិត្យ ឲ្យត្រឹមត្រូវពិត
  ពូជពង្សាវតារ ។  
កូនអើយអ្នកចាំ កុំជឿខែឆ្នាំ កុំជឿតំរា
ពាក្យក្បួនទាំងឡាយ កើតពីមនុស្សចារ ពីដូនពីតា
  ចារតាមសំគាល់ ។  
៨០ – អ្នកជឿតែពូជ អំបូរធ្លាប់ខូច វាខូចរាងរាល់
ពូជមានវាមាន ពូជទាល់វាទល់ កុសលអកុសល
  យើងមើលមិនជាក់ ។  
ប្រពន្ធនិងប្ដី អាយុវែងខ្លី យើងមើលមិនច្បាស់
កុំយកពូជល្បែង ពូជភ្លេងអារក្ខ បើម្ង៉ៃបង់ប្រាក់
  រកអាយុវែង ។  
អំបូរពង្សពូជ ត្រកូលធ្លាប់ខូច វាខូចមិនលែង
ពូជចោរស្រីៗ យកប្ដីចិត្ដឯង មិនគិតកោតក្រែង
  ខ្លាចចិត្ដមេបា ។  
កូនចៅស្រីៗ បើនឹងយកប្ដី ឲ្យមើលកិរិយា
មួយភ្លេងអារក្ខ មួយអ្នកបាណា មួយអ្នកផឹកស្រា
  មួយអ្នកចង់ស្រី ។  
មួយអ្នកក្រមាច់ លេងផោមលេងអាច់ ច្រើនអាយុខ្លី
ប្រកាច់ដាច់លក្ខណ៍ ជាន់អារក្ខព្រៃ មួយគឺមន្រ្ដី
  ធ្វើក្រមជំទប់ ។  
៨៥ – ជំទយតែដើរ មេស្រុកគេប្រើ ទាំងថ្ងៃទាំងយប់
មានមួកខ្វះឆ័ត្រ កំរមានគ្រប់ មួយទៀតកុំភប់
  ជួញប្រាំប្រការ ។  
ប្រាកដជាខុស លក់សត្វទាំងរស់ មិនចេះអនិច្ចា
សព្វសត្វអ្វីៗ បក្សីបក្សា ព្រាត់មេព្រាត់បា
  ទេវតាលោកលក់ ។  
លោកិយនេះខ្សត់ យម្ភបាលគេកត់ នៅស្ថានរក
មួយហួយអាប៉ោង ប៉ោបៀគ្រប់មុខ កូនអើយចាំទុក
  ក្រគ្រប់ប្រាំបី ។  
ឯអ្នកទាំងអស់ រកស៊ីម៉េះម៉ស់ ច្រើនជាងស្រីៗ
ប្រាជ្ញានោះវែង គំនិតនោះខ្លី ប្រពន្ធជេរស្ដី
  អាងឈ្លោះបំពាន ។  
នេះពូជអ្នកក្រ រស់ទាំងត្រដរ ទាំងអត់ទាំងឃ្លាន
ធ្វើគុណនឹងគេ រកគេសងគ្មាន ហេតុនេះកុំរៀន
  ទាំងប្រាំបីផ្លូវ ។  
៩០ – យ៉ាងអ្នកនេសាទ មិនដែលសង្វាត ធ្វើស្រែបានស្រូវ
ប្រព្រឹត្ដសាងកម្ម ប្រចាំរដូវ វង្វេងខុសត្រូវ
  ព្យាយាមសម្លាប់ ។  
អន្ទាក់ជង់កុក អង្រុតឈ្នាងឈ្នក់ គ្រប់គ្រឿងប្រដាប់
ថ្លុកបៀត្រពាំង ទប់បាំងបាចចាប់ ចោលស្រូវកណ្ដាប់
  កណ្ដុរកាត់អស់ ។  
កំពប់ខ្ចាត់ខ្ចាយ ខូចខាតអន្ដរាយ មិនស្ដាយស្រណោះ
យប់រវល់ប្របក់ ចង់បានត្រីរ៉ស់ ខែភ្លឺរវល់ឆ្លុះ
  ដើរដេញសំពោច ។  
វក់តែសប្បាយ ដើរដេញទន្សាយ ដើរចងសន្ទូច
អំពើអស់នោះ ច្រើនខ្វះស្រូវពូជ ធ្វើបានតិចតួច
  អាងជឿគេស៊ី ។  
កូនអើយបំណុល ចងការជឿបុល មួយឡើងជាពីរ
អ្នកភ្លេងអារក្ខ ច្រើនទឹមគោញី ធ្វើស្រែមួយពីរ
  ធ្វើសោះតែខាន ។  
៩៥ – ថ្ងៃដេកក្រភ្ញាក់ យប់លៀងអារក្ខ ឈឺឆ្អាលសន្ដាន
គេស្ដីគេពឹង នឹងឈប់មិនបាន គេរករាប់អាន
  កាលមានធុរៈ ។  
ផ្លុំប៉ីកូតទ្រ ស្រែកច្រៀងវាយស្គរ មិនបានលុយកាក់
ឯងពឹងគេវិញ គេគ្មានជំពាក់ ពឹងបានម្នាក់ៗ
  ដោយសារឲ្យថ្លៃ ។  
ឡើងត្នោតភ្ជួរស្រែ កំរទាន់គេ ដ្បិតដេកដល់ថ្ងៃ
ច្រូតកាត់ចង់ឆាប់ ជួលគេពេញថ្លៃ ចំណេះចង្រៃ
  នាំខាតធ្វើការ ។  
ឯខ្មោចអារក្ខ ស្លាប់ដប់រស់ម្នាក់ ថ្វាយចេកថ្វាយស្រា
សំពះនឹកគុណ ខ្មោចប្រេតដូនតា មិនដែលអ្នកណា
  នឹកគុណអ្នកភ្លេង ។  
ឯអ្នកប្រមឹក ប្រមូលកនផឹក ធ្វើភឿននឹងក្មេង
សំដីច្រើនតឹង ស្រវឹងវង្វេង ចំហរអួតក្អេង
  មិនចេះក្រខ្សត់ ។  
១០០ – អួតទាំងបំពាន ផឹកម្ង៉ៃលុយមាន ផឹកម្ង៉ៃលុយអត់
ឯងចេះតែកិន ចិនគិតតែកត់ ផឹកដល់កំណត់
  យកស្រែបញ្ចាំ ។  
សល់ថ្នាលមួយពីរ វាយគោស្ងោរស៊ី មិនគិតខ្លាចកម្ម
ផឹកជ្រុលហួសល្បត់ អត់បាយរាប់ឆ្នាំ អស់ស្រែបញ្ចាំ
  បញ្ចាំកូនទៀត ។  
កំណើតផឹកស្រា ផឹកផុតមេត្ដា ផឹកជ្រុលហួសមាឌ
អ្នកមួយផឹកស្ទើរ ល្ងីល្ងើចេះឆ្លៀត ម្យ៉ាងផឹកផុតមារយាទ
  ច្រើននៅខ្ញុំចិន ។  
រែកទឹកពុះឧស វាទុញវាតុះ ចាក់កែវផឹកសិន
ស៊ូរែកខំអត់ សំពត់ខើចក្បិន ទម្រាំបាយឆ្អិន
  ចិនដួសហៅស៊ី ។  
ឆ្ងាញ់តែម្នាក់ឯង ឆ្អែតហើយខំស្វែង ខំលើកខំលី
ដងទឹកស្រោចគ្រប់ ស្រោចខ្ទឹមម្ទេសជី ខ្ញុំចិនម្ង៉ៃពីរ
  វិលទៅរវាំងផ្ទះ ។  
១០៥ – ឯអ្នកចង់ស្រី ប្រពន្ធពីរបី ថាឯងអ្នកណាស់
គន់ឯសំពត់ តែមួយបន្លាស់ ពាក់អាវបំណាស់
  កំរមានថ្មី ។  
ផ្ទះលេចវាលល្វឹង ជញ្ជាំងចងហ៊ឹង ស្លាធ័របាយសី
ខួចប្រេងក្រមួន ម្លូស្លាបារី កំលោះពីរបី
  ចោមរោមរៀនស្នែហ៍ ។  
រៀនស្នាលរៀនស្និទ្ធ កើតក្ដីពីក្ដិត ព្រួយចិត្ដម៉ែឪ
កូនអើយប្រពន្ធ អាងមន្ដពូកែ ត្រូវគុករាប់ខែ
  អស់ស្រែត្រពាំង ។  
ធម្មតាប្រពន្ធ បានដោយសីលមន្ដ ដោយស្ងាត់កំបាំង
រកស៊ីលៀនភ្នែក បានវែកខ្វះឆ្នាំង បានល្អីកន្ដាំង
  នៅខ្លះចង្អេរ ។  
បាននេះខ្វះនោះ ក្រហេតុពីព្រោះ អាពុកម្ដាយជេរ
បើចូលជំនុំ មិនរម្យដូចគេ អង្គុយវេះវេរ
  មិនហ៊ានហាលមុខ ។  
១១០ – នេះពុតអ្នកក្រ ចាំជាតំណ តជាទំនុក
ប្រយ័ត្នដំនៀល គេដៀលអាពុក កូនអើយចាំទុក
  ចាំតកូនចៅ ។  
រក្សាពូជពង្ស បើខ្លួនល្ងឹតល្ងង់ ស្ដាប់ចាស់ប្រដៅ
កុំស្អប់អ្នកប្រាជ្ញ កុំខ្លាចអ្នកខ្លៅ បើមនុស្សឆោតឆៅ
  កូនឯងកុំភប់ ។  
កុំភ័យខ្លាចអត់ មើលឲ្យប្រាកដ គួរយកគួរឈប់
គួរឈានគួរឈោង តោងមើលឲ្យគ្រប់ កុំចេះតែងប់
  មិនស្ដាប់ឪម៉ែ ។  
រកប្ដីប្រពន្ធ ឲ្យគិតឲ្យគន់ ឲ្យមើលថួនថែ
ត្រកូលក្រខ្សត់ ប្រាកដតាមខ្សែ បីដូចឈើផ្លែ
  មិនដែលចេះក្លាយ ។  
ជូរផ្អែមធំតូច ដើមក្រូចផ្លែក្រូច ដើមស្វាយផ្លែស្វាយ
ពូជស្រីចោរក្បត់ មិនអត់សាហាយ ពូជស្រីមេម៉ាយ
  ពីម្ដាយដល់កូន ។  
១១៥ – រើសពូជមិនខុស ពូជសាំងនិងប្រុស ទាំងអស់បងប្អួន
ពូជសែនមេបា ពីតាដល់ដូន ពូជល្អសុទ្ធសូន្យ
  ពីដូនដល់ចៅ ។  
រករូបមិនក្រ អាក្រក់ហើយស មារយាទល្អហើយខ្មៅ
ស្រីក្មេងមានខ្មាស ប្រដូចតាមផៅ ចាស់ចង់ប្រដៅ
  មិនសូវខុសខាន ។  
ពាក្យចាស់លោកថា ធ្វើស្រែចំការ ស្ដាប់មហាសង្រ្កាន្ដ
ធ្វើម្ដងខុសខាត ធ្វើម្ដងទៀតបាន ធ្វើតាមប្រមាណ
  ប្រមើលទឹកភ្លៀង ។  
រកប្ដីប្រពន្ធ ឲ្យគយឲ្យគន់ រើសរករូបរាង
ពូជថ្លៃល្មមយក ពូជថោកល្មមវាង រូបល្អឫកល្អៀង
  នាងកុំប្រសព្វ ។  
ជាតិស្រីនិងប្រុស បើបានជាខុស ខុសទាល់ថ្ងៃងាប់
បើបានរូបល្អ កំរមានភ័ព្វ មានខុសមានគាប់
  ដូចស្រែចំការ ។  
១២០ – មួយទៀតអ្នកចាំ អាពុកចំណាំ ទុកជាតំរា
កុំយកតំរាប់ កុំស្ដាប់អាចារ្យ បើនឹងរៀបការ
  កុំការប្រធួន ។  
ប្រជែងវេលា ឮស្គរឆ្លើយគ្នា ប្រទប់ប្រទួន
ស្រុកជិតភូមិផង របងដោយខ្លួន អាចារ្យអាងក្បួន
  ថាសុខសប្បាយ ។  
កូនអើយអ្នកចាំ យូរណាស់៤ឆ្នាំ ព្រាត់ប្រាស់អន្ដរាយ
ច្រើនស្លាប់បីនាក់ រស់ម្នាក់មេម៉ាយ កូនឃើញតែម្ដាយ
  មិនឃើញអាពុក ។  
មានកាលស្លាប់ស្រី ស្លាប់ចោលកូនខ្ចី ប្ដីនៅរងទុក្ខ
យកប្រពន្ធទៀត កំរពេញមុខ កូននិងអាពុក
  បែកគ្នាខ្ចាត់ខ្ចាយ ។  
កូនចៅស្រីៗ បើនឹងយកប្ដី កុំយកពោះម៉ាយ
សូវនៅម្នាក់ឯង បន្លែងនឹងម្ដាយ អាណិតរូបកាយ
  ស្ដាយខ្លួនក្រមុំ ។  
១២៥ – ហៅប្រុសអភ័ព្វ ប្រពន្ធដើមស្លាប់ មានកូនតូចធំ
យកឯងជាចុង បំរុងតែយំ ច្រើនឈ្លោះជំនុំ
  ព្រួយចិត្ដម៉ែឪ ។  
ហៅប្រុសចិត្ដពីរ ពិបាករកស៊ី រញាំរញ៉ូវ
ឯងនឿយស្ទើរស្លាប់ ផ្គាប់ចិត្ដមិនត្រូវ បីបួនរដូវ
  ខ្លួនឯងស្លាប់ទៀត ។  
ចង្រៃខាងប្រុស កូនអើយចាំចុះ កុំយកខ្លួនបៀត
ស្រីណាខំយក ស្រីនោះបង់មារយាទ ប្រុសព្រួយខ្ចប់ធាតុ
  ខ្ចប់គ្រប់ជាបី ។  
យកទៀតជាបួន គ្រោះដល់ស្លាប់ខ្លួន មេម៉ាយខាងស្រី
ប្រាកដមិនខុស ប្រុសក្នុងលោកិយ ស៊ូនៅអត់ប្ដី
  ស្លាប់រស់រូបមួយ ។  
បើខ្លួនកំព្រា រំពឹងមីងមា រកស៊ីមិនព្រួយ
កាន់មារយាទល្អ មិនក្រគេជួយ បងប្អូនកូនក្មួយ
  រត់ចូលឲ្យប្រើ ។  
១៣០ – ពោះម៉ាយមានបី កុំយកធ្វើប្ដី មិនគាប់ប្រសើរ
អាមួយស្រីលែង ស្រីគេគ្រាន់បើ ពោះម៉ាយក្លាយដើរ
  អាងលែងប្រពន្ធ ។  
ពោះម៉ាយទាំងអស់ កុំយកឲ្យសោះ ហៅប្រុសទូរជន
ទូរជាតិអប្រិយ ស្រីកើតទុក្ខធ្ងន់ ហៅមួយជំនាន់
  ចំណាំមិនខុស ។  
កំលោះចាស់យូរ ចាស់ទុំគេប្ដូរ ល្មមព្រមយកចុះ
រកស៊ីមានបាន សុខសាន្ដឥតឈ្លោះ ចំរើនរូបរស់
  អាយុយឺនយូរ ។  
កុំយកប្ដីប្អូន ថោករាសីខ្លួន រកស៊ីមិនធូរ
គេហៅឯងធំ សមហៅគេពូ ច្រើនខ្ជិលមូទូ
  ម៉េះម៉ស់នឹងល្បែង ។  
វាច្រើនមើលងាយ ហៅស្ដីនិយាយ ហៅហងហៅឯង
ខ្លួនយើងជាស្រី ស្រដីឥតក្រែង យល់គេប្អូនឯង
  ឯងមើលងាយជេរ ។  
១៣៥ – ពាក្យចាស់លោកចង ប្ដីទុកស្មើបង ប្រពន្ធស្មើម៉ែ
មើលងាយរាល់ថ្ងៃ ចង្រៃរាល់ខែ រកស៊ីធ្វើស្រែ
  ច្រើនខាតគ្រាប់ស្រូវ ។  
គួរយកប្ដីបង ពាក្យចាស់លោកចង ទុកប្ដីស្មើឪ
ខ្លួនឯងប្រមាថ ប្រតិបត្ដិឲ្យត្រូវ រាសីគង់នៅ
  ទេព្រិក្សរក្សា ។  
ប្រពន្ធនិងប្ដី ធំស្រេចនឹងស្រី គត់គង់ភរិយា
ឈ្លោះហើយច្រើនខ្សត់ ស្រីអត់លក្ខិណា ប្ដីខ្ជិលឧស្សាហ៍
  ព្រោះឫកប្រពន្ធ ។  
ជាតិស្រីមានលក្ខណ៍ ទេវតាពុំនាក់ កបកើតទ្រព្យធន
ប្រទេចជេរវាយ ចង្រៃទូរជន ជួរជាតិលើសលន់
  លើសលុបលើប្រុស ។  
ហៅកាឡកិណី វាយកូនជេរស្ដី មិនដឹងត្រូវខុស
បើមានភ្ញៀវមក រឹតរករឿងឈ្លោះ អសោចសាយសុស
  រង្គោះធនធាន ។  
១៤០ – រកស្រីមារយាទខ្ពស់ ចេះខ្ពើមពាក្យឈ្លោះ ចេះទ្រាំអត់ឃ្លាន
ចេះស្លូតចេះកាច ចេះខ្លាចចេះហ៊ាន ចេះខ្មាសចេះអៀន
  កាចមានប្រាជ្ញា ។  
កូនចៅស្រីប្រុស ចំណាំទុកចុះ ទុកជាតំរា
គួរយកតំរាប់ គួរស្ដាប់ពុទ្ធដិកា ព្រះអង្គទេសនា
  គាថាបួនបទ ។  
រៀនត្រាប់អ្នកប្រាជ្ញ បើចង់ឈ្នះកាច យកស្លូតសង្កត់
ចង់ឈ្នះមនុស្សខឹង ឲ្យប្រឹងខំអត់ វាជេរវាហត់
  វាស្បថលែងខឹង ។  
ចង់ឈ្នះអសុរោះ ស្ដីលេងឡេះឡោះ កុំធ្វើជាដឹង
យើងស្ដីត្រង់ណា ឲ្យចំត្រង់ហ្នឹង ឃើញឫកយើងរឹង
  ខ្លាចយើងខាងក្រោយ ។  
ចង់ឈ្នះកំណាញ់ ក្រដេក្រដាញ់ សុំអ្វីមិនឲ្យ
បើបានចំណី ហុចវាញយៗ តិចដោយច្រើនដោយ
  ក្នុងតែវាដឹង ។  
១៤៥ – នេះមន្ដព្រះពុទ្ធ ប្រាជ្ញាឲ្យមុត ឲ្យគិតថ្លែងថ្លឹង
កុំកាចខុសខ្នាត កើតខាតដ្បិតខឹង កូនអើយខំប្រឹង
  កាន់ច្បាប់ទាំងបួន ។  
កុំជួញរវល់ កុំតបតទល់ កើតទាស់គុំគួន
កូនណាកាន់បាន កូននោះសុខខ្លួន ទោសទាស់លែងជួន
  លែងជួបមួយជាតិ ។  
បើមនុស្សរែកទូល មកនៅចំណូល ញ៉េះញ៉ាស់ធ្វើញាតិ
ឲ្យមើលលៃលក កុំយកខ្លួនបៀត វាទូលទៅទៀត
  អសារឥតការ ។  
ចំណីចំណុក បើឲ្យស៊ីចុក ឲ្យដោយមេត្ដា
កុំឲ្យជឿខ្ចី ក្រែងខុសសន្យា កើតទាស់កាលណា
  រើរែករត់បាត់ ។  
មនុស្សគ្មានកន្លែង ខុសពីមារយាទឯង មិនប្រុងប្រយ័ត្ន
តាមទាន់តឹងទារ វាខឹងក្ដៅក្ដាត់ គុំគួនដោយស្ងាត់
  បំភ្លាត់ឯងបាន ។  
១៥០ – ហេតុនេះគួរគិត គួរកូនពិនិត្យ ច្បាស់សុំរាប់អាន
គួរឲ្យសុំឲ្យ គួរខានឲ្យខាន ត្បិតពាក្យបុរាណ
  មានពីរចំណែក ។  
ចងទុកជាក្បួន ចិត្ដល្អក្រខ្លួន នេះពាក្យមួយប៉ែក
មួយទៀតចិត្ដល្អ មិនក្រយូរពេក ឆ្នាំនេះឆ្នាំ(ស្អែក?)
  ក្នុងតែនឹងមាន ។  
ចិត្ដល្អក្រខ្លួន ចាំទុកជាក្បួន ជាក្បាលនិទាន
ឃើញអ្នកទុរគត កំសត់អត់ឃ្លាន មិនស្គាល់ពោះវៀន
  ហ៊ានឲ្យជឿខ្ចី ។  
ទៅទារមិនឲ្យ តឹងតឿនញយៗ ខឹងប្ដឹងកើតក្ដី
ខាតទាំងទ្រព្យចាស់ អស់ទាំងទ្រព្យថ្មី ស្គមគោក្របី
  រវល់ក្ដីខាន់ថែ ។  
ចិត្ដល្អមួយទៀត មេត្រីជាញាតិ សំដីខ្ចីស្រែ
បានស្រូវស៊ីស្កប់ ត្រលប់កាច់កែ រំលងឆ្នាំខែ
  ដកហូតមិនបាន ។  
១៥៥ – ឯងប្ដឹងវា ត ក្ដីទាល់តែក្រ អស់ឆ្នាំងអស់ចាន
របស់ក៏ខាត របរក៏ខាន ដឹងអស់ប៉ុន្មាន
  ទម្រាំចាញ់ឈ្នះ ។  
ទ្រព្យធនអ្វីៗ ចងការជឿខ្ចី មើលមុខឲ្យច្បាស់
កុំចោលច្បាប់ខ្មែរ កុំភ្លេចច្បាប់ព្រះ តាមតែប្រទះ
  ប្រទាញសងខាង ។  
ចាំចិត្ដកណ្ដាល បើនឹងឈឺឆ្អាល សប្បុរសមើលយ៉ាង
រៀនស្លូតរៀនប្រាជ្ញ កាចកុំក្អេងក្អាង ក្រែងគ្រោះសំណាង
  ខ្មោចខាងវាស្អប់ ។  
ល្អមិនក្រយូរ ស្វែងរៀនរកគ្រូ ស៊ូកុំស្ដាយទ្រព្យ
គ្រូវាយកុំខឹង ឲ្យប្រឹងខំផ្គាប់ ចេះមន្ដសាយសព្វ
  ត្រលប់ជាមាន ។  
ធម្មតាអ្នកចេះ អ្នកស្វែងចំណេះ ចេះដ្បិតខំរៀន
ឆ្លាក់គូរក្បូរក្បាច់ សាច់សិល្ប៍របៀន អ្នកខ្សត់អត់ឃ្លាន
  ព្រោះចិត្ដអាក្រក់ ។  
១៦០ – ខូចខិលល្ងង់ខ្លៅ គ្រូជេរប្រដៅ ខឹងលបសំលក់
របេញរបុញ ភូតភរកុហក ស៊ូប្លន់លួចឆក់
  មិនខំធ្វើស្រែ ។  
អ្នកប្លន់អ្នកលួច ឆក់បានតិចតួច បានគ្រាន់បើដែរ
ដល់គេឃើញមុខ ត្រូវគុកច្រើនខែ អាក្រក់ដល់ម៉ែ
  ខូចកេរ្ដិ៍ដល់ឪ ។  
ចង់ខ្ពស់បានទាប ចចើងចង់លាភ រែងបាត់ធនទៅ
ពាក្យពីបូរាណ លោកអានតំរូវ ឫកមនុស្សឥឡូវ
  ត្រូវតាមតំរាយ ។  
អ្នកលួចអ្នកប្លន់ ចង់បានប្រពន្ធ ចេញជួញស្រុកឆ្ងាយ
ទិញងារមេស្រុក សូកធ្វើចៅហ្វាយ ចង់ថ្កើងសប្បាយ
  ចាយប្រាក់រាជការ ។  
ឆបាំងបំបាត់ លួចបានដោយស្ងាត់ អាងមានប្រាជ្ញា
ក្រលេកថ្នាំងដៃ កាលៃបោះត្រា ទាស់ភ្នែកទេវតា
  រក្សាផែនដី ។  
១៦៥ – មួយទៀតទូរជន ធ្វើបាបបានបុណ្យ គឺបុណ្យមន្រ្ដី
ទោសទៅចងចាប់ កាប់ឥតប្រណី បានបុណ្យមន្រ្ដី
  ព្រោះបុណ្យធ្វើបាប ។  
អំពើទាំងអស់ កុំសាងឲ្យសោះ ចៀសវាងដរាប
កាន់សីលព្រះពុទ្ធ ឱនលុតឱនក្រាប បើក្រដុនដាប
  មានទេវតាជួយ ។  
កូនអើយទេវតា ស្ថិតសព្វព្រឹក្សា រងោករងួយ
មនុស្សទ្រូស្ដឫ្យា ឯណានិមួយ ទេវតាពុំជួយ
  ចំណាំស្គាល់មុន ។  
មិនដែលកំបាំង រាជការបារាំង គេចាប់ដាក់គុក
ដល់ខ្លួនស្លាប់ទៅ នៅរងសោយទុក្ខ សោយទោសនរក
  ទាំងពីរកន្លែង ។  
នរកបារាំង មានខ្សោយមានខ្លាំង មានខ្លីមានវែង
នរកយម្ភបាល គេផ្ចាលឥតក្រែង ព្រះអង្គសំដែង
  ថាលានកោដិឆ្នាំ ។  
១៧០ – ហេតុនេះគួរវាង គួរចាលគួររាង គួរចងគួរចាំ
គួរកុំធ្វើបាប ដរាបខ្លាចកម្ម គួរកាន់សីលប្រាំ
  បណ្ដាំសាសនា ។  
ហៃកូនចៅអើយ ក្រលាប់អស់ហើយ មិនដូចដូនតា
ភ្លៀងជនខែប្រាំង រាំងខែវស្សា ឆ្នាំវករកា
  ត្រីស័កនេះឯង ។  
រនោចផល្គុន រកាពីមុន ឯកស័កជាក់ស្ដែង
ក្នុងខ្នើតផល្គុន ជនគ្រប់កន្លែង ទាំងគេទាំងឯង
  ធ្វើស្រែមិនបានផល ។  
ឆ្នាំរោងឆស័ក វិសាខភ្លៀងធ្លាក់ ពីររោចសំគាល់
យប់ថ្ងៃអាទិត្យ ងងឹតព្យុះខ្យល់ ភ្លៀងជន់ពេញថ្នល់
  ពេញវាលតូចធំ ។  
ពេញអូរពេញជ្រោះ ដើមឈើទាបខ្ពស់ រលុះរលំ
ឫ្សីស្រុកយើង រលើងទាំងគុម្ព ទើបគ្រាប់វាផ្ដុំ
  ផ្ដួចដុះជាថ្មី ។  
១៧៥ – ឆ្នាំចកុរជូត រាំងរីងរហូត គ្រប់ឆ្នំាទាំងបី
កើតទាំងជំងឺ ស្លាប់មនុស្សប្រុសស្រី ខាលថោះអស់ភ័យ
  ធ្វើស្រែស្រូវបាន ។  
ភ្លៀងឆ្នាំម្សាញ់ រលីងក្បាលក្រាញ់ ត្រូវតាមបុរាណ
កត្ដឹកជន់វាល រាលសព្វស្មសាន អ្នកស្ទឹងប៉ុន្មាន
  រលួយស្រូវអស់ ។  
ដាច់ថ្នល់ខានដើរ រាជការគេប្រើ ទាំងចាស់កំលោះ
មមែរងកម្ម បញ្ចាំកេរ្ដិ៍កោះ គ្មានអ្វីស៊ីសោះ
  ដាច់ពោះក្សិណក្ស័យ ។  
ខែចែត្រឆ្នាំវក ស្រលះពពក កើតមានសម័យ
ជាហេតុអស្ចារ្យ សុរិយាល្ងាចថ្ងៃ ឧត្បាតង្រៃ
  ឃើញសត្វអ្វីហោះ ។  
ពីជើងទៅត្បូង ចាស់ក្មេងមើលច្រូង បានឃើញទាំងអស់
មើលមិនស្គាល់ជាក់ ធ្លាក់ចំចន្លោះ បាត់ឈឹងសូន្យសោះ
  មិនដឹងទៅណា ។  
១៨០ – កាលមុននោះមក ខែបុស្សឆ្នាំវក លែងមានប្រាជ្ញា
មានតែមេស្រុក វាស់បែងក្រឡា ដីមួយហិតា
  ត្រូវសែសឹបថាំង ។  
រង្វាន់មេស្រុក ត្រូវហូតមួយទុក ដប់ជូនបារាំង
ទៅដល់ប៊ុយរ៉ូ បង្ហូរដាក់ឃ្លាំង ពូជពីរកន្ដាំង
  ក៏ជាប់ពន្ធដែរ ។  
គ្មានធូរគ្មានតឹង កូនអើយខំប្រឹង ជាតិឯងជាខ្មែរ
ក្មេងប្រុសជំទង់ នៅក្នុងឪម៉ែ រាជការប្រិតប្រែ
  ថាឲ្យបង់ប្រាក់ ។  
កូនចៅប្រុសស្រី កើតមកលើដី ខំរកលុយកាក់
បានហើយប្រឹងខំ ផ្សំគ្នាទុកដាក់ គ្រាន់ទិញស្លៀកពាក់
  បង់ថ្លៃរាជការ ។  
ភទ្របទឆ្នាំច ចាប់គោខ្មៅស ដុតដែកបោះត្រា
ដល់កុរជូតឆ្លូវ តំរូវយ៉ាងណា នឹងកើតអស្ចារ្យ
  រហូតរាល់ឆ្នាំ ។  
១៨៥ – នគរថ្កើងប្លែក សប្បាយតែភ្នែក ក្នុងចិត្ដរងកម្ម
កូនប្រុសបណ្ដាច់ កុំភ្លេចបណ្ដាំ កប្បាសសូត្រថ្នាំ
  ត្រីម៉ាំលែងថោក ។  
ដូងស្លាអំពៅ អំបិលស្ករស្រូវ មានទៅមានមក
មានចុះមានឡើង រាស្រ្ដយើងល្មមយក ល្មមរេលៃលក
  គួរយកគួរខាន ។  
កប្បាសនិងថ្នាំ គួរដាស់ដីដាំ ធ្វើដៃឯងបាន
កុំអាងខ្ជិលពេក កុំដេកឈប់ខាន កុំចោលបុរាណ
  ម៉ែឪដូនតា ។  
ដីកេរគរគោក កុំអាងខ្ជិលជោក ទៅឈ្ងោកចិនផ្សារ
កូនចៅស្រីៗ ខំរៀនធ្វើការ បើគ្មានប្រាជ្ញា
  មានមាត់ចេះស្ដី ។  
ឲ្យសួរចាស់ៗ រៀនបោះកប្បាស ថ្ពេចមូរសំលី
រៀនកូតរៀនការ ត្រសារពាត់រវៃ ហូលគោមគាតក្ដី
  កុំបីចន្លោះ ។  
១៩០ – រៀនថ្កររៀនត្បាញ ឲ្យចាស់បង្ហាញ បង្ហាត់ទាំងអស់
សំពត់បែបងាយ លាយសូត្រអំបោះ កុំទិញគេសោះ
  ឈ្មោះការជាស្រី ។  
ទិញដូរតែលាក់ អញ្ជុលចេសចាក់ ព្រហូតជាបី
ធ្មេញឈើឈ្នាន់ផ្សំ ក្ដារមូរក្ដារកី ត្រល់ខ្នារឫ្សី
  មុខប្ដីជាប្រុស ។  
តាំងពីឆ្នាំច ការអ្វីក្រៗ ខំរៀនទៅចុះ
ទាន់មានចាស់នៅ ស្គាល់ត្រូវស្គាល់ខុស ចាស់ស្លាប់រលស់
  គ្មានមនុស្សចេះដឹង ។  
រកស៊ីឲ្យញឹក ដេកយប់រលឹក រឹតក្បិនឲ្យតឹង
បើភ្ញាក់កាលណា កាន់ការកាលនឹង កូនអើយខំប្រឹង
  ទាំងប្រុសទាំងស្រី ។  
រមៀតស្លឹកគ្រៃ ជីរម្ទេសខ្ទឹមខ្ញី មានដីដាំចុះ
ដាំដើមអ្វីៗ ចំណីគ្រប់ឈ្មោះ គ្រឿងស៊ីឆ្អែតពោះ
  ជុះចោលទទេ ។  
១៩៥ – ជុះទិសខាងជើង ជុះដាក់ដីយើង កុំជុះដីគេ
កុំជុះដាក់ផ្លូវ ត្រូវមាត់ក្មេងជេរ ដីសល់ទំនេរ
  ល្មមមាត់ជុះទៅ ។  
សក់មួយជាដប់ ជ្រៀតសិតឲ្យសព្វ កុំឲ្យសល់នៅ
បើប្រាជ្ញារាក់ ចាក់ចិត្ដឲ្យជ្រៅ ដាំចេកអំពៅ
  ដូរស្រូវអង្ករ ។  
កើតមកជាមនុស្ស មួយព្រួយចង់រស់ មួយព្រួយចង់ល្អ
ពីនេះជាធំ វានាំឲ្យក្រ ចាំជាតំណ
  តជាទំនុក ។  
មនុស្សមារយាទមិនប៉ិន កូននៅខ្ញុំចិន ព្រោះម្ដាយឪពុក
ធ្វើស្រែមិនត្រូវ គ្មានស្រូវជង្រុក កូនអើយចាំទុក
  នេះមុខមេក្រ ។  
មេ១ជាធំ កំលោះក្រមុំ ស្លៀកពាក់ចង់ល្អ
បើបានបែបខ្មៅ ថានៅបែបស ទើបគ្រាន់អន់ក្រ
  ត្រដរចង់ថ្កើង ។  
២០០ – ក្រលាប់នគរ រឹងរឹតកើតចោរ ច្រើនឡើងច្រើនឡើង
ពាលរឹងក្រអើត ចើតម៉ើតចើតម៉ើង ក្រដាស់យ៉ាងស្ដើង
  ចាយរហែកនៅដៃ ។  
ប្រាក់ចាយអស់ទៅ ព្រោះមនុស្សឥឡូវ ឧត្បាតចង្រៃ
ជាតិខ្មែរប្រែភេទ ក្រលែតក្រលៃ ក្រលាស់សាសន៍សៃយ
  សព្វសត្វនានា ។  
ជាតិខ្មែរប្រែខុស ស្រីក្លែងធ្វើប្រុស ប្រុសក្លែងធ្វើជ្វា
យកប្ដីប្រពន្ធ មិនស្គាល់មីងមា បុណ្យទានការងារ
  កាប់គ្នាឥតក្រែង ។  
ល្ងង់ឫកធ្វើចេះ គោចងត្រដោកសេះ ប្រុសៗដុះស្នែង
ស្រីពាក់អាវខ្លី ប្រុសពាក់អាវវែង សារុងហៀរកែង
  ធ្វើឯងអ្នកគ្រាន់ ។  
កាន់ចិត្ដសីហលោ សេះទឹមនឹងគោ ចាក់ហ៊ោលាន់ៗ
រកស៊ីមួយថ្ងៃ ចង់បានមួយពាន់ បរគោជល់មាន់
  ចាក់កាប់ជាប់គុក ។  
២០៥ – រីល្បែងបៀប៉ោ ច្រើនទៅជាចោរ ប្រកាសហាមទុក
ចូរកូនប្រយ័ត្ន ប្រយោជន៍ទៅមុខ ចាំជាទំនុក
  ដំណកូនចៅ ។  
អ្នកកុំប្រហែស រាជការនិរទេស កំចាត់ចេញទៅ
រាជការអាណិត ខំប្រិតប្រដៅ កុំលោភល្ងង់ខ្លៅ
  ថោកផៅត្រកូល ។  
ប្រយ័ត្នក្រែងក្រ ផ្លូវច្បាប់ល្អៗ អ្នកខំប្រមូល
ផ្លូវវៀចអាក្រក់ អ្នកកុំដើរចូល ហៅផ្លូវមិនស្រួល
  លង់ផុតគំនិត ។  
ដើរផ្លូវកណ្ដាល ស្រលាញ់ស្និតស្នាល ឈឺឆ្អាលដោយពិត
មគ្គផលសីលទាន ឈានចូលឲ្យជិត យកធម៌ជាមិត្រ
  មិនឥតអំពើ ។  
មនុស្សម្នាក់ច្រើនឆោត ច្រើនគ្មានគេកោត ឈឺគ្មានគេមើល
ស្លាប់ឥតគេព្រួយ គេជួយទាំងស្ទើរ មិនដែលឡើងលើ
  ច្រមុះចុះក្រោម ។  
២១០ – កូនចៅស្រីៗ ក្រមុំសាវខ្ចី រៀនឆោតឲ្យល្មម
ប្រុសស្មើម៉ែឪ ឆូវឆប្រលោម មើលរូបមើលឆោម
  កុំព្រមដោយងាយ ។  
កុំក្និចក្នក់ក្នាញ់ បើចិត្ដស្រលាញ់ កុំចេញនិយាយ
បើស្អប់កុំប្ដឹង បើខឹងកុំធ្លាយ កុំរោះកុំរាយ
  កុំងាយធ្វើស្និទ្ធ ។  
កុំដើរប្រាប់គេ កុំអាងអួតជេរ ក្រែងប្រុសឈឺចិត្ដ
នៅឲ្យតែនឹង កុំរវល់ធ្វើស្និទ្ធ ប្រុសនឹងអាណិត
  គិតចូលដណ្ដឹង ។  
បើម៉ែឪឲ្យ មើលមុខមើលក្រោយ អាក្រក់ខ្មៅឆ្អឹង
ប្រកែកដោយស្ងាត់ កុំខ្លាចម្ដាយខឹង កើតកូនមកតឹង
  ពិបាកចាយណាស់ ។  
កុំឃ្លានចំណី កុំខ្លាចអត់ប្ដី កុំភ័យខ្លាចចាស់
មើលមុខឯងផង កុំរើសឥតខ្មាស ខ្លួនល្អស្រលះ
  មិនខ្វះគេស្ដី ។  
២១៥ – បើបានជាខូច ទាន់ផើមនៅតូច ខែពីរខែបី
រវៀសឆ្លើយប្រញាប់ ប្រាប់គ្នាស្រីៗ កុំលាក់ធ្វើអី
  ក្នុងតែគេដឹង ។  
កុំមាយាបេះក្រូច មារយាទចេះតែខូច មាត់ចេះតែខឹង
គេថាត្រង់ណា ជេរគេត្រង់ហ្នឹង ជេរហើយខំប្រឹង
  យកថ្មសង្កត់ ។  
រំលាយរំលូត អាក្រក់តែគូទ អួតល្អតែមាត់
មានគេឃើញច្បាស់ ម្នះរឹងហ៊ានស្បថ ទោសនេះនឹងភ្លាត់
  ធ្លាក់ទៅអវចី ។  
ចោរកាចល្ងង់ខ្លៅ ប្រាជ្ញប្រាមប្រដៅ ហៅបារាជិកស្រី
មេបាគេកាច់ ស្លាប់ពីរស្លាប់បី រំលូតកូនខ្ចី
  ស្មើរំលាយព្រះ ។  
មានកាលមានក្ស័យ ខ្វិនជើងខ្វិនដៃ កខ្វេះកខ្វាស
ខ្វាក់ភ្នែកអន្ធការ អនិច្ចារូបណាស់ អាក្រក់កេរ្ដិ៍ខ្មាស
  តកូនតចៅ ។  
២២០ – អសោចសុសសាយ សុសសព្វដល់ម្ដាយ ដល់ពូជពង្សផៅ
ស្លាប់ទៅរងទុក្ខ នរកឋានក្រៅ គេស្រុះទឹកក្ដៅ
  ស្លាប់ទៅរស់ទៀត ។  
ស៊ីខ្ទះឈាមឯង ព្រះអង្គសំដែង ថាម៉ឺនសែនជាតិ
ឡើងមកជាប្រេត ហេតុកម្មមិនឃ្លាត អត់ឃ្លាតគ្មានញាតិ
  ហែកកូនឯងស៊ី ។  
ព្រះពុទ្ធលែងប្រោស ធម៌លែងសន្ដោស សោយទុក្ខវក់វី
ហេតុចិត្ដឫ្យា មិច្ឆាទិដ្ឋី កើតជាជ្រូកញី
  គេគ្រៀវគេចាក់ ។  
អសង្ខេយ្យឆ្នាំ ហេតុផលសេសកម្ម កើតជាមនុស្សខ្វាក់
មនុស្សខ្វិនទ្រែមទ្រម ជាគមជាគាក់ ខ្ទើយឆ្កួតអបលក្ខណ៍
  ជាអ្នកឥតប្ដី ។  
បើម្ដាយជួយព្រួត ជួយនាំរំលូត រំលាយកូនខ្ចី
នរកប្រេតព្រមគ្នា មិនឃើញរស្មី ត្បិតចិត្ដតិរ្ថិយ
  ទាំងម្ដាយទាំងកូន ។  
២២៥ – ហេតុនេះគួរខ្លាច ធម្មតាចោរកាច មិនដែលស្ងាត់សូន្យ
អសោចកេរ្ដិ៍ឈ្មោះ ទាំងអស់បងប្អូន មេបាតាដូន
  កាត់កាលលែងរាប់ ។  
គួរប្រុងអិរិយា កើតទាន់សាសនា ហៅមហាមានភ័ព្វ
ទាំងស្រីទាំងប្រុស កុំបីឲ្យធ្លាប់ គួរខំរៀនផ្គាប់
  បរលោកលោកិយ ។  
ឯខុសនឹងគាប់ បើនឹងរៀបរាប់ រាល់រូបប្រុសស្រី
គាប់ខុសនៅចិត្ដ ខុសគាប់នៅស្ដី គំរប់ជាបី
  ខុសត្រូវនៅកាយ ។  
កូនប្រុងប្រព្រឹត្ដ ការកេរ្ដិ៍ឲ្យជិត គំនិតឲ្យឆ្ងាយ
កើតមកជាខ្មែរ កុំប្រែក្លែងក្លាយ ធម្មតាសប្បាយ
  វាតែងឲ្យទុក្ខ ។  
ឲ្យទោសឲ្យទែង ទាស់តែម្នាក់ឯង ដល់ម្ដាយឪពុក
រីឯរឿងទោស មានតែពីរមុខ មួយនៅនរក
  មួយនាលោកិយ ។  
២៣០ – លោភោទោសោ កើតពីមោហោ រាល់រូបប្រុសស្រី
គួរកាន់មេត្ដា កតញ្ញូខន្ដី នេះជាបាលី
  ទៅកាន់បរលោក ។  
ពាក្យពិតប្រដៅ ឲ្យអស់កូនចៅ ប្រព្រឹត្ដរៀនយក
កូនណាមិនរៀន កូននឹងមារយាទថោក នឹងធ្លាក់ជ្រុលជ្រក
  ក្នុងចតុបារាយ ។  
ធំស្រេចនៅស្លូត សុខខ្លួនរហូត ដរាបវែងឆ្ងាយ
ខន្ដីអំណត់ សង្កត់ក្នុងកាយ ជាតិជនទាំងឡាយ
  កំរកាន់បាន ។  
ចេះហើយមិនដឹង ចិត្ដនៅម្នះរឹង ប្រឹងរកកម្មដ្ឋាន
រកធម៌មិនយល់ ខ្ជិលខ្វល់ឈប់ខាន បន្ទោសបុរាណ
  ថាគ្មាននិស្ស័យ ។  
រីបាបនិងបុណ្យ មានចិត្ដជាមុន មាត់ជាបច្ច័យ
នាំចុះនាំឡើង ពីជើងពីដៃ សន្សំសព្វថ្ងៃ
  ឈ្មោះហៅសំណាង ។  
២៣៥ – កើតក្នុងលោកិយ រាល់រូបប្រុសស្រី មានចិត្ដមានអាង
កុសលអកុសល ប្រទាញសងខាង រូបនៅតេងតាង
  តែងតាមទៅមក ។  
មគ្គផលសីលទាន បើល្ងង់ឲ្យរៀន បើគ្មានឲ្យរក
យល់ល្អសាងស្អាត សង្វាតជ្រៀតជ្រក ជ្រើសរើសរៀនរក
  រក្សារូបកាយ ។  
នេះជាហៅច្បាប់ ជាទីសណ្ដាប់ សណ្ដានទាំងឡាយ
កូនចៅប្រុសស្រី កុំបីនឿយណាយ សង្ខេបបរិយាយ
  និដ្ឋិតំចែងចប់ ។  
អ្នកព្រះភិរម្យ អាចារ្យង៉ុយខ្ញុំ បង្គំម្រាមដប់
លើសលស់ឆ្គាំឆ្គង រំលងពុំគាប់ ពុំគួរសមសព្វ
  សុសសាយសេចក្ដី ។  
កាយកម្មវចីកម្ម ឈ្មោះច្បាប់បណ្ដាំ កូនចៅប្រុសស្រី
ជាបរមត្ថក្រៅ មិនហៅបាលី បរលោកលោកិយ
  ទាំងពីរកន្លែង ។  
២៤០ – បើលោកឯណា ចេះចាំធម៌អាថិ ប្រាកដជាក់ស្ដែង
ឃើញខុសត្រង់ណា កុំថាជាល្បែង ដ្បិតពាក្យខ្ញុំតែង
  ឲ្យក្មេងវាភ័យ ។  
មិនមែនភរភូត កុំថាខ្ញុំអួត ប្រាជ្ញាខ្ញុំវៃ
ឃើញមនុស្សវង្វេង ខ្ញុំតែងច្បាប់ថ្មី អស់អាថិសេចក្ដី
  អេវំចប់ហោង ។  

អត្ថបទទាក់ទង

កូនអើយឪពុកសូមផ្ដាំ

 

Leave a Reply

Your email address will not be published. Required fields are marked *