ចិត្តត្រជាក់

យើង​ម្នាក់​ៗ​សុទ្ធ​តែ​ធ្លាប់​ជួប​រឿង​មិន​ល្អ​ចៀស​មិន​ផុត រឿង​ដែល​កើត​ឡើង​​ ក៏​មិនមែន​សុទ្ធ​តែ​ជា​​បញ្ហាដូច​យើង​គិត​ដែរ។ ​ផ្ទុយមក​​វិញ​ ការ​ឆ្លើយ​តប ទាំង​កាយវិការ និង​អារម្មណ៍​របស់​យើង​ឯណេះ​ទេ ទើប​ជា​បញ្ហា។ អ្នក​ឯកទេស​​វិទ្យាសាស្ត្រនៅ​អាម៉េរិក លោក Albert Ellis លើក​ឡើង​ថា ហេតុ​ការណ៍​ណា​មួយបាន​កើត​ឡើង អាច​កំណត់​បាន​តាម​ការ​គិត​ និង​កាយវិការ​យើង ដើម្បីឆ្លើយ​តបទៅ​វិញ។ បើ​យើង​គិត​វិជ្ជមាន​ឲ្យ​បាន​ច្រើន អា​រម្មណ៍​​ក៏​ល្អ​ទៅ​តាម​នឹង​ដែរ។

មនុស្ស​យើង​ម្នាក់ៗ ត្រូវ​ការ​សភាព​ត្រជាក់​ចិត្ត​ ចង់​បាន​នូវ​សេចក្ដី​ស្ងប់​ចិត្ត ហើយ​គិត​ធ្វើ​យ៉ាង​ណាឲ្យ​ខ្លួន​បាន​សប្បាយចិត្តជារៀងរាល់ថ្ងៃ។ បុគ្គល​ខ្លះ​គិត​ដូច្នេះ​ហើយ​ ក៏​ទៅ​ដើរ​លេង​តាម​ឆ្នេរ​សមុទ្រ​ខ្លះ ព្រៃភ្នំខ្លះ ទៅកាន់​ប្រាសាទ​បុរាណ​ខ្លះ ទៅកាន់ឧទ្យាន​ផ្កាតូចធំខ្លះ ទៅកាន់ស្រុកជិត​ឆ្ងាយ​​ខ្លះ ទៅ​មើល​ល្បែង​របាំ​ច្រៀងរាំខ្លះ ស្ដាប់​តន្ត្រីខ្លះ ជិះយានជំនិះ​តាមដងវិថី​តូចធំ​ខ្លះ ​ទៅកាន់​ទីផ្សារ​លក់​ទំនិញ​ខ្លះ ​រហូត​ដល់ហ៊ាន​បរិភោគ​ទឹកស្រវឹងទៀត​​ផង ពោលគឺ​ដើម្បី​ឲ្យ​ខ្លួន​បាន​សប្បាយ បានត្រជាក់ចិត្ត ​រួច​ផុត​អំពី​គំនរ​ភ្លើង​គឺ​សេចក្ដី​ទុក្ខសោក ប៉ុន្តែ​ការ​ដើរ​ទស្សនា​ទាំង​អស់​នេះ​មិន​អាច​បាន​ធូរ​ស្រាល​អំពី​សេចក្ដី​ទុក្ខ​សោក​បាន​ឡើយ ឬ​បើ​បានធូរ​ស្រាល​ខ្លះ​នោះ​ក៏​បាន​បន្តិចបន្តួច​ប៉ុណ្ណោះ​ ប្រៀប​ដូច​ជា​ថ្នាំ​ស្ពឹក​ដែល​គេ​ចាក់​ដើម្បី​កុំ​ឲ្យ​ឈឺ​ក្នុងរយៈ​ពេល​ខ្លី គឺ ​១ម៉ោង ២ម៉ោង​ ឬ ១ថ្ងៃ​ប៉ុណ្ណោះ ដូច្នេះ​ការ​ដើរ​គ្រប់​ទីកន្លែង​មិនមែន​ជា​ដំណោះ​ស្រាយ​ធ្វើ​ឲ្យ​ធូរ​ស្រាល​បានត្រជាក់​ចិត្ត​ដូច​ជា​ការ​ធ្វើ​ទាន​ រក្សា​សីល ​ចម្រើន​មេត្តា​ចិត្ត ​ព្រោះ​ការ​រក្សា​សីល​ជាដើមទើប​អាច​រំលត់​នូវ​សភាព​ក្ដៅ​ក្រហាយ​ក្នុង​ចិត្ត​បាន គប្បី​ជ្រាប​ថា​សេចក្ដី​សុខមិនមែន​នៅ​ឆ្ងាយ​អំពី​ក្នុង​ចិត្ត​របស់​ខ្លួន​ទេ ហើយ​សេចក្ដី​ទុក្ខ ក៏​នៅ​ក្នុង​ចិត្ត​ដែរ ដូច្នេះ​ការ​ត្រាច់​ទៅ​កាន់​ទីឆ្ងាយៗ ក៏​មាន​ចិត្ត​រួម​ដំណើរ​ទៅជាមួយ​ដែរ ដូច្នេះ​សេចក្ដី​ទុក្ខ​ក៏​វា​មាន​នៅ​ក្នុង ទី​នោះ​បើ​មាន​បញ្ញា​នោះ​ឯង​ក៏​រំលត់​នូវ​សេចក្ដី​ទុក្ខ​នោះ​បាន។

  • មិនត្រជាក់ទេ បើ​នៅ​តែ​មាន​គំនិត​ខូច
  • មិនត្រជាក់ទេ បើ​នៅ​តែ​មាន​គំនិត​យល់​ខុស
  • មិនត្រជាក់ទេ បើ​នៅ​តែ​ច្រណែន​អ្នក​ដទៃ
  • មិនត្រជាក់ទេ បើ​នៅ​តែ​ទ្រុស្ដ​សីល
  • មិនត្រជាក់ទេ បើ​មិន​មាន​បញ្ញា
  • មិនត្រជាក់ទេ បើ​នៅ​តែ​ឱប​ភ្លើង
  • មិនត្រជាក់​ទេ បើ​នៅ​តែ​ប្រកាន់
  • មិនត្រជាក់​ទេ បើនៅតែ​ជាប់ជំពាក់
  • មិនត្រជាក់ទេ បើ​នៅ​តែ​ខឹង​ក្រោធ​ច្រើន

រាល់​បញ្ហា​​កើត​ឡើង​ តែង​តែ​នាំមក​នូវ​ផល​វិជ្ជមាន និង​អវិជ្ជមាន អាស្រ័យ​លើ​​ការគិតរបស់​យើងផ្ទាល់។ ​គួរ​តែ​ធ្វើ​ចិត្ដ​ស្ងប់​ឲ្យ​បាន​ច្រើន​បំផុត និង​គិត​បែប​វិជ្ជមាន ហើយ​ជឿ​ជាក់​ថា​ ​រឿង​មិន​ល្អ​កើត​ឡើងថ្ងៃ​នេះ នឹង​ក្លាយ​ទៅ​ជា​រឿងល្អនៅ​ថ្ងៃ​ស្អែក។

ពុំមានសេចក្ដី​សុខ​ដទៃ ក្រៅអំពី​សេចក្ដី​ស្ងប់​ឡើយ។

ដកស្រង់ចេញពីសៀវភៅ មេត្តាចិត្ត


អត្ថបទទាក់ទង

ហេតុនៃការយល់ត្រូវ

 

Leave a Reply

Your email address will not be published. Required fields are marked *