គោលគំនិតសំខាន់ៗចំនួន ៧ របស់ជនជាតិជប៉ុនដើម្បីសុខុមាលភាព និងភាពរីកចម្រើន

ជនជាតិជប៉ុន ត្រូវបានគេស្គាល់ថាជាពូជសាសន៍មួយដែលប្រកបដោយវិន័យខ្ពស់ ទាំងការរស់នៅ និងការបំពេញការងារ ពោលគឺសុទ្ធសឹងតែត្រូវបានយកជាគំរូសម្រាប់ប្រទេសដទៃទៀត។ តើជនជាតិជប៉ុនមានគោលគំនិតសំខាន់ៗអ្វីខ្លះទើបបានជាពិភពលោកមានការស្ងើចសសើរ និងឱ្យតម្លៃខ្ពស់យ៉ាងដូច្នេះ?

១. Ikigai (生き甲斐)

នៅប្រទេសជប៉ុនមានទស្សនៈមួយ ហៅថា Ikigai (អ៊ិឃីហ្គាយ) ដែលបកប្រែមកថា “ហេតុផលសម្រាប់ការរស់នៅប្រចាំថ្ងៃ” ។ វាជាអ្វីមួយ ដែលជំរុញឱ្យបុគ្គលនីមួយៗមានហេតុផល និងកម្លាំងចិត្តក្នុងការក្រោកឡើងពីដំណេកជារៀងរាល់ព្រឹក ដើម្បីប្រកបរបរ និងរស់រានមានជីវិត។ ពោលវាគឺជាការស្វែងរកឱ្យឃើញនូវគោលបំណងពិតប្រាកដនៃជីវិតរបស់ខ្លួន។ អ្នកត្រូវចេះជ្រើសរើសអ្វីមួយដែលសមស្របនឹងភាពខ្លាំង ចំណង់ចំណូលចិត្ត និងសេចក្តីត្រូវការរបស់ពិភពលោក។

២. Kaizen (改善)

បន្តស្វែងរកភាពប្រសើរឡើងនៅគ្រប់ផ្នែកនៃជីវិតរបស់អ្នក ដែលសំដៅដល់ការអភិវឌ្ឍខ្លួនឯងជាប្រចាំ។ សូម្បីតែការផ្លាស់ប្តូរតិចតួច ក៏អាចជួយបង្កើននិងបង្កើតឥទ្ធិពលធំនៅពេលណាមួយដែរ។

Kaizen (ខៃហ្សុិន) គឺជាវិធីសាស្ត្រ និងជាទស្សនៈក្នុងការអភិវឌ្ឍខ្លួន និងសមត្ថភាពដ៏ល្បីល្បាញ និងពេញនិយមមួយរបស់ជនជាតិជប៉ុន ដែលវាត្រូវបានមនុស្សសម័យថ្មីនេះ កំពុងតែអនុវត្ត និងបានអនុវត្តវារួចមកហើយ។ Kaizen មកពីពាក្យថា Kai (改) ប្រែថា ផ្លាស់ប្តូរ (Change) + Zen (善) ប្រែថា ល្អ ឬ ប្រសើរឡើង (Good/Better)។ យើងអាចសំយោគអត្ថន័យវាបានថា Kai-Zen សំដៅដល់ការអភិវឌ្ឍខ្លួន និងសមត្ថភាព ឬគុណតម្លៃការងារអ្វីមួយដោយវិជ្ជមាន និងជាបន្តបន្ទាប់ជានិច្ច ដែលជាភាសាអង់គ្លេសហៅថា Continuous Improvement  Kaizen ក៏ត្រូវបានគេបំប្លែងទៅជាទស្សនៈល្អៗក្នុងការបញ្រ្ជាបផ្នត់គំនិត និងរបៀបរបបក្នុងជីវភាពរស់នៅរបស់ប្រជាជនជប៉ុនម្នាក់ៗ មិនថាក្នុងបរិយាកាសកន្លែងការងារ ឬការសិក្សារៀនសូត្រនោះទេ។ 

៣. Shu-Ha-Ri (守破離)

វាគឺជាវិធីនៃការរៀនសូត្រនិងបច្ចេកទេសបង្រៀនមួយដែរ។ ការទទួលបានចំណេះដឹងមាន៣ដំណាក់កាល៖

  • ស៊ូ (Shu)៖ រៀនមូលដ្ឋានគ្រឹះដោយទទួលយកចំណេះដឹងតាមរយៈការរៀនពីគ្រូឬសាលា។ ការរៀនឬធ្វើតាមការណែនាំរបស់ចៅហ្វាយឬអ្នកគ្រប់គ្រងនៅកន្លែងធ្វើការ ក៏ស្ថិតក្នុងដំណាក់កាលនេះដែរ។
  • ហា (Ha)៖ ចាប់ផ្តើមពិសោធលើអ្វីដែលបានរៀន ដោយយកចំណេះដឹងទៅអនុវត្ត(សកម្មភាព)។
  • រី (Ri)៖ ផ្តោតលើការច្នៃប្រឌិតនិងសមត្ថភាពក្នុងការអនុវត្តអ្វីដែលបានរៀនទៅក្នុងស្ថានភាពផ្សេងៗគ្នា។ ដំណាក់កាលនេះ គឺចេះយកគំនិតឬចំណេះដឹងទៅបង្កើតជាគំនិតថ្មីៗនិងវិធីដោះស្រាយផ្សេងៗទៀត ដើម្បីប្រើក្នុងស្ថានភាពខុសគ្នា។

៤. Shikata ga nai (仕方がない)

វាគឺជាការបោះបង់អ្វីដែលអ្នកមិនអាចផ្លាស់ប្តូរបាន។ ទទួលស្គាល់ថា មានរឿងមួយចំនួនដែលស្ថិតនៅក្រៅការគ្រប់គ្រងរបស់យើង(មិនអាចគ្រប់គ្រងបាន)។ ដូចនេះ សូមអនុញ្ញាតឱ្យរឿងទាំងនោះទៅ ហើយយើងគួរតែផ្តោតលើអ្វីដែលយើងអាចគ្រប់គ្រងនិងផ្លាស់ប្តូរបានវិញ។

៥. Wabi-sabi (侘寂)

វាគឺជាការស្វែងរកភាពរីករាយក្នុងភាពមិនល្អឥតខ្ចោះ។ យើងត្រូវទទួលស្គាល់ថា គ្មានអ្វីនៅក្នុងជីវិតដែលល្អឥតខ្ចោះនោះទេ រួមទាំងខ្លួនយើងនិងអ្នកដទៃផងដែរ។ ជំនួសឱ្យការខិតខំដើម្បីកសាងភាពឥតខ្ចោះ យើងគួរស្វែងរកភាពរីករាយនៅក្នុងភាពមិនល្អឥតខ្ចោះ ដែលអាចធ្វើឱ្យជីវិតរបស់យើងមានភាពខុសប្លែកពីគេ។

៦. Gaman (我慢)

វាគឺជាការរក្សាភាពថ្លៃថ្នូរនិងអត់ធ្មត់របស់អ្នកក្នុងពេលវេលាដ៏លំបាក។ បង្ហាញភាពចាស់ទុំខាងផ្លូវអារម្មណ៍និងការគ្រប់គ្រងខ្លួនឯង ទោះបីខ្លួនកំពុងប្រឈមមុខនឹងបញ្ហាក៏ដោយ។ ត្រូវចាំថា អ្នកត្រូវតែចេះអត់ធ្មត់ តស៊ូពុះពារ និងយល់បំផុត។ 

៧. Oubaitori (桜梅桃李)

កុំប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ។ មនុស្សគ្រប់រូបមានបន្ទាត់ពេលវេលាខុសៗគ្នានិងផ្លូវរៀងៗខ្លួន។ វាមានសារៈសំខាន់ណាស់ក្នុងការផ្តោតលើវឌ្ឍនភាពផ្ទាល់ខ្លួនឯង ជាជាងការព្យាយាមវាស់វែងខ្លួនឯងជាមួយនឹងអ្នកដទៃ។


អត្ថបទទាក់ទង

តើអ្វីជាឥរិយាបថសម្តែងការងារតាមបែប ហូ-រែន-សូ របស់ជនជាតិជប៉ុន?

 

Leave a Reply

Your email address will not be published. Required fields are marked *