កំហុស​ទូទៅ​ចំនួន ៦ ក្នុង​អាជីពដែលអ្នកគួរចៀសឲ្យផុត

កំហុស (នាមសព្ទ) សេចក្តីខុស។ កំហុសមានពីរ៖

១. កំហុសកើតចេញពីចេតនាអាក្រក់ ដូចជា កាប់សម្លាប់ លួច ឆក់ប្លន់ បោកប្រាស ជាដើម ទាំងនេះជាកំហុសដែលត្រូវវៀរចាក។

២. កំហុសកើតចេញពីចេតនាល្អ ដូចជា៖

  • ពេលសិក្សារៀនសូត្រ ធ្វើលំហាត់ មានការភ្លាំងភ្លាត់
  • ពេលរៀនជិះកង់ តែងភ្លាត់ដួលជាញឹកញាប់
  • ពេលដកពិសោធន៍ការងារ តែងតែមានកង្វះខាតអ្វីម្យ៉ាង
  • ពេលរៀននិយាយភាសាអ្វីមួយ តែងខុសវេយ្យាករណ៍ ឬឃ្លោងឃ្លាដ៏ច្រើន ជាដើម។

កំហុសទីពីរនេះ អ្នកត្រូវតែក្លាហានហ៊ានធ្វើនិងហ៊ានទទួល ទើបធ្វើឲ្យអ្នករីកចម្រើន។

មនុស្ស​ម្នា​ក់ៗ​មិន​ដូចគ្នា​ទេ​ ប៉ុន្តែ​កំហុស​ដែល​មនុស្ស​ធ្វើ​មិនសូវ​ខុសគ្នា​ប៉ុន្មាន​ទេ​។ លោកអ្នក​ប្រហែល​ធ្លាប់​គិត​អំពី​កិច្ចការ​ដែល​លោកអ្នក​គួរតែ​ធ្វើ​ដើម្បី​អភិវឌ្ឍ​អាជីព​ឱ្យ​កាន់តែ​ប្រសើរ​។ ប៉ុន្តែ​ក្នុង​ពេល​ជាមួយគ្នា​ រឿង​សំខាន់​មួយទៀត​ដែល​ត្រូវ​ពិចារណា​គឺ​រឿង​ដែល​លោកអ្នក​មិន​គួរ​ធ្វើ​។

មនុស្សយើង​ទាំងអស់​សុទ្ធតែ​បង្កើត​កំហុស​នៅក្នុង​ការងារ​ក្នុង​ពេលណា​មួយ​មិនខាន​។ ទោះជាយ៉ាងណា​ ការបង្កើត​កំហុស​ដដែល​ៗនឹង​ធ្វើ​ឱ្យ​លោកអ្នក​បាត់បង់​គុណភាព​នៃ​ការ​រីករាយ​ចំពោះ​ការងារ​និង​ជីវិត​ទាំងមូល​។ ដំណឹងល្អ​គឺថា​ ភាគច្រើន​នៃ​កំហុស​ដដែល​ៗទាំងនេះ​ងាយ​នឹង​ជៀស​ផុត​ណាស់​។ ខាងក្រោម​នេះ​ ជា​កំហុស​ទូទៅ​ក្នុង​អាជីព ​និង​របៀប​ដែល​លោកអ្នក​អាច​ជៀសវាង​បាន​៖

១. ខ្លាច​ការបង្កើត​បណ្តាញ​ទំនាក់ទំនង​

ការ​រីកចម្រើន​ក្នុង​អាជីព​ស្ថិតនៅ​លើ​មនុស្ស​ណាខ្លះ​ដែល​លោកអ្នក​ស្គាល់​។ ដូច្នេះហើយ​ ហេតុអ្វីបានជា​មនុស្ស​ធ្វើការ​វិជ្ជាជីវៈ​ជាច្រើន​ឈប់​បង្កើត​បណ្តាញ​ទំនាក់ទំនង​? មនុស្ស​ធ្វើការ​វិជ្ជាជីវៈ​ជាច្រើន​បោះបង់​ការបង្កើត​បណ្តាញ​ទំនាក់ទំនង​ក្រោយពេល​គេ​សម្គាល់​ឃើញថា​គ្មាន​បាន​ទទួល​ប្រយោជន៍​ភ្លាម​ៗពី​ទំនាក់ទំនង​។ ទោះជាយ៉ាងណា​ បើ​គ្មាន​ទំនាក់ទំនង​ទេ​ មាន​មនុស្ស​តិច​នាក់​ណាស់​ដែល​គិតដល់​លោកអ្នក​នៅពេល​ឱកាស​កើតឡើង​។ បន្តិច​ម្តង​ៗ ឱកាស​នឹង​រីក​ស្ងួត​។ ទោះជា​យ៉ាង​លោកអ្នក​ដើរ​ដល់​ចំណុច​ណា​នៃ​អាជីព​ក៏ដោយ​ ក៏​លោកអ្នក​គួរតែ​បន្ត​ស្វែងរក​និង​រក្សា​ទំនាក់ទំនង​វិជ្ជាជីវៈ​ជានិច្ច​ដែរ​។

២. បោះបង់ចោល​ការរៀនសូត្រ​

ដូចគ្នានឹង​អ្នកមាន​វិជ្ជាជីវៈ​ជាច្រើន​ដែល​បោះបង់ចោល​ការបង្កើត​បណ្តាញ​ទំនាក់ទំនង​ មនុស្សជា​ច្រើន​ខ្ជិល​រៀន​អំពី​ការ​អភិវឌ្ឍ​អាជីព​របស់​ខ្លួនឯង​។ គឺ​ពេល​ដែល​លោកអ្នក​ឈប់​រៀន​នេះ​ហើយដែល​លោកអ្នក​ចាប់ផ្តើម​ធ្វើ​ឱ្យ​គាំងដំណើរ​រីកចម្រើន​ក្នុង​អាជីព​។ បើ​លោកអ្នក​ឈប់​រៀន​យូរ​ទៅ​ លោកអ្នក​នឹង​ក្លាយទៅជា​មនុស្ស​ដែល​ដើរ​លែង​ទាន់សម័យ​កាលដែល​ផ្លាស់​ប្តូរ​ជានិច្ច​។ បង្កើត​គំនិត​ចង់​ចេះ​ចង់​ដឹងរឿង​គ្រប់យ៉ាង​ជុំវិញ​ខ្លួន​ ហើយ​បន្ត​រៀន​អំពី​វិស័យ​ការងារ​របស់​លោកអ្នក​គ្រប់ពេល​។  ​

៣. បង្កើត​កំហុស​ដដែល​ៗ

នៅក្នុង​កម្រិត​មួយ​ កំហុស​ជា​រឿង​ដែល​ជៀស​មិន​រួច​។ មនុស្ស​តិច​នាក់​ណាស់​ដែល​ឈាន​ទៅដល់​កម្រិត​វិជ្ជាជីវៈ​កាន់តែ​ខ្ពស់​ដោយ​មិនបាន​បង្កើត​កំហុស​។ ការបង្កើត​កំហុស​ក្នុង​ដំណើរ​រីកចម្រើន​មិនមែន​ជា​រឿង​អាក្រក់​ទេ​ បើ​លោកអ្នក​អាច​រៀន​ពី​កំហុស​របស់​ខ្លួនឯង​។ បើ​លោកអ្នក​មិន​រៀន​ពី​កំហុស​របស់​ខ្លួនឯង​ទេ​ ជីវិត​អាជីព​របស់​លោកអ្នក​នឹង​មិន​អាច​រីកចម្រើន​បានទេ​ ហើយ​លោកអ្នក​នឹង​បង្កើត​កំហុស​ដដែល​ៗ។ តើ​លោកអ្នក​អាច​ជៀស​ផុត​ពី​បញ្ហា​នេះ​បាន​ដោយ​របៀបណា​? គឺ​រៀន​ពី​កំហុស​របស់​ខ្លួនឯង​។ បើ​លោកអ្នក​អាច​ទទួលស្គាល់​កំហុស​ហើយ​ សូម​រៀន​ពី​កំហុស​នោះ​ផង​ ហើយ​ជៀសវាង​នៅពេលអនាគត។

៤. មិន​សុំ​ប្រាក់ខែ​ឱ្យ​ច្រើន​ដូច​ការ​ចង់បាន​

លោកអ្នក​ប្រហែល​ពិបាក​និយាយ​សុំ​ប្រាក់ខែ​ក្នុង​កម្រិត​ដែល​សមនឹង​តម្លៃ​ពលកម្ម​ឬជំនាញ​របស់​លោកអ្នក​ណាស់​។ មនុស្សជា​ច្រើន​បង្ខំចិត្ត​ទទួលយក​ប្រាក់ខែ​ដែល​ទាប​ជាង​សមត្ថភាព​របស់​ខ្លួនឯង​ ដោយ​រំពឹង​ថា​ថ្ងៃណាមួយ​នឹង​មានការ​មើលឃើញ​ហើយ​ទទួល​បានការ​តម្លើង​យ៉ាង​សក្តិ​សម​។ ទោះជាយ៉ាងណា​ នេះ​ជា​កំហុស​ដ៏​ធំ​មួយ​ដែល​លោកអ្នក​មិន​គួរ​បណ្តោយ​ឱ្យ​កើតឡើង​ទេ​។ បើ​លោកអ្នក​ទទួល​បាន​ប្រាក់ខែ​មិន​សក្តិ​សម​ លោកអ្នក​នឹង​បាក់ទឹកចិត្ត​មិន​ចង់​ធ្វើការ​ឱ្យ​អស់ពី​សមត្ថភាព​ទេ​។

៥. ធ្វើការ​ហួសពេល​កំណត់​

អ្នកនិពន្ធDouglas​ Adam​ ធ្លាប់​និយាយ​ថា​ «ខ្ញុំ​ចូលចិត្ត​ពេលកំណត់​ណាស់​។ ហើយ​ខ្ញុំ​ចូលចិត្ត​ស្តាប់​សំឡេង​ហោះ​រំលង​នៃ​ពេលកំណត់​នោះ​។» បើ​ទោះជា​លោកអ្នក​អាច​ភ្ជាប់​ទំនាក់ទំនង​ទៅ​នឹង​បទពិសោធន៍​បែបនេះ​ ក៏​លោកអ្នក​ដឹង​ដែរ​ថា​លោកអ្នក​កំពុងតែ​បណ្តោយ​ឱ្យ​ឱកាស​រំលង​ទៅ​ដែរ​។ ការ​ធ្វើខ្លួន​ឱ្យ​គេ​ទុកចិត្ត​បាន​ក៏​មាន​សារៈសំខាន់​ដូច​គុណភាព​នៃ​ការងារ​ដែល​លោកអ្នក​ធ្វើ​ដែរ​។ បើ​លោកអ្នក​ធ្វើការ​មិនទាន់ពេល​កំណត់​ញឹកញាប់​ លោកអ្នក​នឹង​បង្កើត​កេរ្តិ៍ឈ្មោះ​មិនល្អ​ទេ​ ហើយ​កេរ្តិ៍ឈ្មោះ​អាក្រក់​គ្មាន​ជួយ​អ្វី​បាន​ក្នុង​ការ​អភិវឌ្ឍ​អាជីព​របស់​លោកអ្នក​ទេ​។ ដើម្បី​ជៀសវាង​កំហុស​បែបនេះ​ លោកអ្នក​ត្រូវ​មាន​ទាំង​ភាព​ស្មោះត្រង់​និង​ភាព​ក្លាហាន​ពេល​ទទួលយក​គម្រោង​អ្វីមួយ​មក​ធ្វើ​។ កុំ​ត្រឹមតែ​ធ្វើជា​មនុស្ស​ព្រម​ទទួលយក​កិច្ចការ​គ្រប់បែបយ៉ាង​ដែល​លើស​ពី​សមត្ថភាព​។

៦. ធ្វើការ​គ្រប់ពេល​

មនុស្សជា​ច្រើន​មាន​បញ្ហា​ភ័ន្តច្រឡំ​ថា​ការ​ធ្វើ​កិច្ចការ​ច្រើន​នាំ​ឱ្យ​អ្នកដទៃ​មើលឃើញ​ថា​ជា​មនុស្ស​មាន​ផលិតភាព​ខ្ពស់​ ហើយ​ការ​យកពេល​សម្រាក​ពី​ការងារ​ជា​សញ្ញា​នៃ​ភាព​ទន់ខ្សោយ​។ បើ​លោកអ្នក​ធ្វើការ​ច្រើនពេក​ លោកអ្នក​នឹង​បាក់កម្លាំង​នៅពេល​ណាមួយ​។ ការងារ​ដែល​លោកអ្នក​ធ្វើ​ក៏​គ្មាន​ប្រសិទ្ធភាព​ ហើយ​លោកអ្នក​ក៏​គ្មាន​តុល្យភាព​ល្អ​រវាង​ការងារ​និង​ជីវិត​ទេ​។ ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​ លោកអ្នក​ត្រូវ​ចេះ​កំណត់ពេល​សម្រាក​ជាអាទិភាព​មួយ​។


អត្ថបទទាក់ទង

​វិធីសាស្រ្តសាមញ្ញចំនួន ៥ ​ដែល​លោកអ្នក​អាច​រៀន​ពី​កំហុស​ និង​បរាជ័យ​ដើម្បី​ក្រោក​ដើរ​លើ​ផ្លូវ​ទៅ​រក​ជោគជ័យ

Leave a Reply

Your email address will not be published.