ការសម្រេចចិត្តសំខាន់ៗចំនួន ៥ ដែលគួរតែបង្កើតឱ្យមានក្នុងជីវិតប្រចាំថ្ងៃ ដើម្បីរុញច្រានអាជីពឱ្យឡើងកាន់តែខ្ពស់
តើលោកអ្នកចង់រៀបចំលាបថ្នាំពណ៌ពងមាន់ ឬពណ៌ផ្កាឈូកក្នុងបន្ទប់គេង? តើលោកអ្នកចង់ទទួលទានកាហ្វេប្រភេទណា? តើលោកអ្នកគួរតែជិះរថយន្តផ្ទាល់ខ្លួន ឬប្រើប្រាស់មធ្យោបាយសាធារណៈដើម្បីទៅធ្វើការ? ការសម្រេចចិត្ត មាននៅគ្រប់កន្លែង នៅគ្រប់ពេលទាំងអស់ដែលលោកអ្នកដឹងខ្លួន។
ការសម្រេចចិត្ត គឺជាការសម្រេចយកតាមគោលបំណងណាមួយ ល្បិចណាមួយ និងមធ្យោបាយណាមួយជាកំណត់ ដើម្បីឈានទៅសម្រេចគោលដៅណាមួយនោះ មានន័យថា ក្នុងចំណោមបុព្វហេតុទាំងឡាយដែលមាននៅក្នុងខ្លួនរបស់មនុស្ស គឺជាបុព្វហេតុតែមួយប៉ុណ្ណោះដែលសំខាន់បំផុត និងដើរតួនាទីជាអ្នកកំណត់។
ជីវិតនេះជាប្រស្នានៃការសម្រេចចិត្តនៅគ្រប់ស្ថានភាព ហើយអ្នកខ្លះនិយាយថាមនុស្សដែលពូកែសម្រេចចិត្តអាចប្រើប្រាស់ពេលវេលាឱ្យមានប្រយោជន៍បំផុត។ ទោះជាយ៉ាងណាង មានតែមនុស្សជោគជ័យពិតប្រាកដទេដែលដឹងថាមនុស្សអាចកែប្រែ និងធ្វើជាម្ចាស់នៃជោគជ័យវាសនាតាមរយៈការសម្រេចចិត្ត។
តើការសម្រេចចិត្តបែបណាខ្លះដែលអាចជួយលោកអ្នកឱ្យមាអាជីពជោគជ័យ? ខាងក្រោមនេះ ជាការសម្រេចចិត្តដ៏សំខាន់ដែលគួរតែបង្កើតឱ្យមានក្នុងជីវិតប្រចាំថ្ងៃ ដើម្បីរុញច្រានអាជីពឱ្យឡើងកាន់តែខ្ពស់៖
១. បង្កើតគំនិតវិជ្ជមានរាល់ថ្ងៃ
មនុស្សយើងទាំងអស់សុទ្ធតែធ្លាប់ប្រឈមនឹងបរាជ័យ ឬយ៉ាងហោចណាស់ក៏ឧបសគ្គដែរនៅក្នុងអាជីព។ មេរៀនសំខាន់បំផុតដែលត្រូវទទួលយកពីឧបសគ្គទាំងនោះ គឺមិនត្រូវមានគំនិតទុទិដ្ឋិយមអំពីអ្វីដែលលោកអ្នកអាចសម្រេចបាន។ គំនិតវិជ្ជមាន បានជួយមនុស្សជាច្រើននាក់ឱ្យឡើងដល់ចំណុចខ្ពស់ក្នុងអាជីព ហើយតាមរយៈការសម្រេចចិត្តច្បាស់លាស់ដើម្បីលុបបំបាត់គំនិតអវិជ្ជមានគ្រប់ប្រភេទចេញពីចិត្ត លោកអ្នកអាចមើលឃើញពន្លឺកាន់តែច្រើនក្នុងជីវិត។
លោកអ្នកនឹងឃើញថារឿងរ៉ាវជោគជ័យជាច្រើនពឹងអាស្រ័យលើការជម្នះ និងប្រឈមចំពោះឧបសគ្គ។ កិច្ចការវៃឆ្លាតបំផុតមួយដែលលោកអ្នកអាចធ្វើបាន គឺត្រូវជម្រុះគំនិតអវិជ្ជមានទាំងអស់ដែលសង្ស័យចំពោះសមត្ថភាពរបស់លោកអ្នក។
២. សរសេរគោលដៅទាំងអស់លើក្រដាស
ជារឿងពិតណាស់ដែលលោកអ្នកត្រូវមានគោលដៅសម្រាប់អាជីព ប៉ុន្តែការត្រឹមតែមានគោលដៅ ហើយបណ្តោយឱ្យវាអណ្តែតចុះឡើងក្នុងចិត្តនោះ មិនទាន់គ្រប់គ្រាន់ទេ។ ហេតុដូច្នេះហើយបានជាលោកអ្នកត្រូវមានបញ្ជីគោលដៅនៅក្រដាសដែលលោកអ្នកអាចមើលឃើញច្បាស់គ្រប់ពេល។
ការរក្សាសៀវភៅកំណត់ហេតុដែលមានទាំងបញ្ជីគោលដៅអាជីពទាំងអស់ និងគោលដបំណងរបស់លោកអ្នកទាំងរយៈពេលខ្លី និងរយៈពេលវែង ជាទម្លាប់ដែលមានប្រយោជន៍ណាស់។ លោកអ្នកត្រូវបង្កើតគោលដៅទាំងរយៈពេលខ្លី និងវែងដើម្បីអាចសំយោគនៅពេលចាំបាច់។ ការកត់ត្រាគំនិត នឹងធ្វើឱ្យលោកអ្នកគិតបានច្បាស់លាស់ទាំងស្ថានភាពបច្ចុប្បន្ន និងផ្លូវដែលត្រូវដើរ។
៣. អភិវឌ្ឍជំនាញទូទៅផ្ទាល់ខ្លួន
ទោះជាលោកអ្នករៀនតែងនិពន្ធ ឬរៀនជំនាញអ្វីថ្មីក៏ដោយ ក៏លោកអ្នកគួរតែតាំងចិត្តអភិវឌ្ឍជំនាញទៅតាមពេលវេលាដែលវិវត្តជានិច្ចដែរ។ ការអភិវឌ្ឍជំនាញផ្តល់ប្រយោជន៍ច្រើន ហើយនៅពេលត្រូវផ្លាស់ប្តូរការងារ ឬមុខតំណែង លោកអ្នកអាចប្រើប្រាស់ជំនាញថ្មីៗ និងជំនាញកម្រិតខ្ពស់នេះបានយ៉ាងមានប្រសិទ្ធភាព។ លោកអ្នកអាចប្រើប្រាស់ជំនាញពីមុនមកបានគ្រប់ពេល។ ក្នុងពេលដែលយើងកំពុងតែធ្វើដំណើរកាន់តែលឿនជាមួយនឹងពិភពនៃបច្ចេកវិទ្យានេះ វិធីសាស្រ្តដែលមានប្រសិទ្ធភាពបំផុត គឺត្រូវបត់បែនខ្លួនឱ្យបានទាន់ពេល។
៤. សម្រិតសម្រាំងជំនាញសរសេរ
ទោះជាលោកអ្នកធ្វើការក្នុងឧស្សាហកម្មអ្វីក៏ដោយ ក៏ការសរសេរបានច្បាស់លាស់នៅតែមានសារៈសំខាន់ក្នុងទំនាក់ទំនងជានិច្ច។ រឿងកាន់តែល្អទៀតនោះ គឺបច្ចេកវិទ្យាបាននាំមកនូវឧបករណ៍ និងភាពងាយស្រួលជាច្រើនដើម្បីជួយលោកអ្នកឱ្យអភិវឌ្ឍជំនាញសរសេរបានកាន់តែមានប្រសិទ្ធភាព។ បើលោកអ្នកត្រូវការកែតម្រូវអត្ថបទ ឬអ៊ីម៉ែលផ្លូវការ លោកអ្នកអាចប្រើប្រាស់ឧបករណ៍លើអ៊ីនធើណេតដើម្បីជួយបាន។ លោកអ្នកក៏អាចប្រើប្រាស់ឧបករណ៍ និងកម្មវិធីលើអ៊ីនធើណេតដើម្បីរៀនសរសេរឱ្យកាន់តែប្រសើរថែមទៀតដែរ និងជៀសផុតពីកំហុសងាយៗទូទៅ។
៥. ពិចារណាថ្ងៃនីមួយៗ
នៅពេលលោកអ្នកធ្វើការ វេលាហាក់ដូចជាប្រព្រឹត្តទៅក្នុងរបៀបមិនច្បាស់លាស់ទេ គឺបន្សល់ទុកត្រឹមតែសម្ពាធអារម្មណ៍ប៉ុណ្ណោះ។ ការសម្រេចចិត្តកំណត់ពេលវេលាសម្រាប់ខ្លួនឯង ជារឿងសំខាន់បំផុតដើម្បីអភិវឌ្ឍខ្លួន។ សូមចាត់ទុកថ្ងៃនីមួយៗជាមេរៀន នោះលោកអ្នកនឹងទទួលបានចំណេះដឹងរាប់មិនអស់ពីពេលវេលា និងបទពិសោធរាល់ថ្ងៃ។ មធ្យោបាយល្អបំផុតដើម្បីធ្វើបែបនេះបាន គឺការរក្សាសៀវភៅកំណត់ហេតុផ្ទាល់ខ្លួន ប៉ុន្តែបើលោកអ្នកមិនមានអារម្មណ៍ចង់សរសេរអ្វីនៅចុងបញ្ចប់នៃថ្ងៃនីមួយៗ លោកអ្នកក៏អាចកំណត់ដើម្បីសកម្មភាពកម្សាន្តផ្ទាល់ខ្លួន ឬពិចារណាតែក្នុងចិត្តក៏បានដែរ។
ប្រភព៖ Addicted2success
អត្ថបទទាក់ទង
មធ្យោបាយចំនួន ៥ ដើម្បីផ្លាស់ប្ដូរខ្លួនជាមនុស្សឱនដាក់គ្រាប់ អ្នកផងស្រលាញ់តែមិនមើលងាយ