ការគិតសំខាន់ៗចំនួន ៤ ដែលយើងគ្រប់គ្នាត្រូវដឹង

យោង​តាម​វចនានុក្រម​សម្តេច​សង្ឃ ជួន ណាត “គិត” មាន​ថ្នាក់​ពាក្យ​ជា​កិរិយាស័ព្ទ​ហើយ​មាន​ន័យ​ថា នឹក រឭក នឹក​ដល់ ត្រិះរិះ ពិចារណា។ ផល​នៃ​ការ​គិត​គឺ “គំនិត” ។ ឧទាហរណ៍ គិត​ហើយ​សឹម​ធ្វើ។ ពាក្យ​បី​ខាង​ដើម ​គឺ “នឹក រឭក នឹកដល់” ទាមទារ​ឱ្យ​យើង​ប្រើប្រាស់​ខួរ​ក្បាល​ ដើម្បី​ទាញ​យក​ព័ត៌មាន​ចាស់ៗ​ដែល​យើង​បាន​ទទួល​តាមរយៈ​បញ្ជា​ប្រសាទ​របស់​យើង​ម្នាក់ៗ។

ការ​គិត​អាច​បង្កើត​នូវ​សេចក្ដី​ស្រឡាញ់ ទឹក​ចិត្ត​សប្បាយ​រីក​រាយ​ ការ​គុំគួន ការ​ខូច​ចិត្ត ។ល។ នៅ​ពេល​ដែល​យើង​គ្រប់គ្រង​អារម្មណ​របស់​យើង​បាន​ល្អ​ហើយ ចិត្ត​យើង​មាន​ភាព​ស្ងប់ស្ងាត់​ ស្រស់ស្រាយ ភ្លឺ​ថ្លា និង​សុទិដ្ឋិនិយម។ មាន​ពុទ្ធភាសិត​មួយ​ល្បះ​ពោលថា “ចិត្ត​ដែល​គេ​ទូន្មាន​ ឬ​គ្រប់​គ្រង​បាន​ល្អ​ហើយ រមែង​នាំ​មក​នូវ​សេចក្ដី​សុខ។”

ក្នុង​មួយ​ថ្ងៃៗ គេ​អាច​ប៉ាន់ប្រមាណ​ឃើញ​ថា មនុស្ស​ម្នាក់​បាន​ប្រើប្រាស់​ការ​គិត​ប្រមាណ​ពី ៣០.០០០ ទៅ ៥០.០០០ គំនិត​ផ្សេងៗ​គ្នា។ យើង​អាច​ចែក​ការ​គិត​ទាំង​អស់​ជា​ ៤ ​ប្រភេទ​សំខាន់ៗ​គឺ៖

១. ការ​គិត​ដែល​មាន​ប្រយោជន៍

វាជា​គំនិត​ទាំង​ឡាយ​ដែល​មាន​ភាពជាក់លាក់ ពុំ​ស្រមើស្រមៃ​ដែល​បង្កើត​បាន​ជា​ផែន​ការ​សម្រាប់​ខ្លួន​ក្នុង​ដំណើរ​ជីវិត​ ដូច​ជា​ការ​សិក្សា ការ​ប្រកប​មុខ​របរ​ចិញ្ចឹមជីវិត ការ​ផ្ដួច​ផ្ដើម​គំនិត​ជួយ​ដល់​អ្នក​ដទៃ ។ល។

២. ការ​គិត​ឥត​ប្រយោជន៍

វាគឺ​ជា​ការ​ប្រើ​គំនិត​ដែល​មានលក្ខណៈ​ខ្ជះខ្ជាយ​ឥត​ប្រយោជន៍​ពីរឿង​អតីតកាល ឬ​អនាគតដែល​ពុំ​ជាក់លាក់ រួម​ទាំង​គំនិត​មន្ទិល​សង្ស័យ​ផ្សេងៗ ដោយ​បង្កើត​អារម្មណ៍​រវើរវាយ​ដែល​មិន​ពិត រួម​នឹង​ការ​ព្រួយ​បារម្ភ​អំពី​អ្វី​ដែល​មិន​ចាំ​បាច់។

៣. ការ​គិត​ប្រកប​ដោយ​ទស្សនវិជ្ជមាន

វាគឺ​ជា​អារម្មណ៍ដែល​នាំ​មក​នូវ​ផល​ប្រយោជន៍​ចំពោះ​ខ្លួន​ឯង និង​អ្នក​ដទៃ ហើយ​បង្កើត​បាន​នូវ​ភាព​ស្ងប់ស្ងាត់​ក្នុង​អារម្មណ៍ សុទិដ្ឋិនិយម ការ​អធ្យាស្រ័យ និង​សេចក្ដីសង្ឃឹម។ ការ​គិត​ប្រកប​ដោយ​ទស្សនវិជ្ជមាន គឺ​ជា​ថាមពល​ដ៏​មហិមា​បង្កើត​ឲ្យ​មានកម្លាំង​ចិត្ត​អាច​ឲ្យ​យើងគ្រប់គ្រង​អារម្មណ៍ បង្កើត​បាន​នូវ​ភាព​សប្បាយ​រីករាយ​ក្នុង​ចិត្ត ក្នុង​ដំណើរ​ជីវិត​ដ៏​វែង​ឆ្ងាយ។

៤. ការ​គិត​ប្រកប​ដោយ​ទស្សន​អវិជ្ជមាន

វាគឺ​ជា​គំនិត​អវិជ្ជមាន​ទាំង​ឡាយ​ដែល​គិត​ឡើង​ហើយ ធ្វើ​ឲ្យ​អន្តរាយ​ដល់​ខ្លួនឯង ​ឬ​អ្នក​ដទៃ។ ការ​ក្រោធ​ខឹង ការ​គុំ​គួន ការ​ស្អប់​ខ្ពើម ការ​ថ្នាំងថ្នាក់​ចិត្ត គំនិត​ប្រកាន់​ឬ​រើសអើង ( ជាតិសាសន៍ ក្រុម ពួក ) ការ​ច្រណែន​និន្នា រួម​នឹង​គំនិត​អវិជ្ជមាន​ផ្សេង​ទៀត គឺ​សុទ្ធ​តែ​ធ្វើ​ឲ្យ​ចិត្ត​របស់​យើង​កក្រើក​រញ្ជួយ ល្អក់​កករ​គ្មាន​ភាព​សុខសាន្ត​ក្នុង​អារម្មណ៍។


អត្ថបទទាក់ទង

​រឿង​ ៥ ​យ៉ាង​ដែល​មនុស្សយើងម្នាក់ៗត្រូវ​ធ្វើ​ជា​ប្រចាំថ្ងៃ​ ដើម្បីជីវិតកាន់តែប្រសើរ

Leave a Reply

Your email address will not be published.