ការពិត ៧យ៉ាង អំពីជីវិតដែលខ្ញុំគួរដឹងជាយូរមកហើយ

 គឺជាវាគ្មិនបំផុសគំនិត និងជាគ្រូបង្វិកពង្រឹងអំណាច និងអាជីពស្រ្តី បានលើកឡើងអំពីបទពិសោធន៍លើប្រធានបទ “ការពិត ៧ចំណុច អំពីជីវិតដែលខ្ញុំគួរដឹងជាយូរមកហើយ” ដែលអ្នកអាចសិក្សាដើម្បីអភិវឌ្ឍខ្លួន ដូចខាងក្រោម៖

យើងចូលចិត្តនិយាយអំពីការស្វែងរកអំណាចពិតប្រាកដនៅក្នុងខ្លួនយើង ការបង្កើតភាពជឿជាក់លើខ្លួនឯង និងការលើកតម្កើងការគោរពខ្លួនឯង។ បើទោះបី ពាក្យ​ “ជឿជាក់លើខ្លួនឯង” និង “គោរពខ្លួនឯង” ដែលជាការសំដែងអារម្មណ៍លើខ្លួនឯង ស្តាប់ទៅប្រហាក់ប្រហែលគ្នាក៏ដោយ ក៏ពាក្យទាំង២នេះមានន័យ និងគោលគំនិតផ្សេងគ្នាច្រើន។

ការគោរពខ្លួនឯង” សំដៅលើថា តើយើងមានអារម្មណ៍ចំពោះខ្លួនឯងយ៉ាងម៉េច៖ តើយើងចូលចិត្ត ឬ ស្រឡាញ់ខ្លួនឯងច្រើនប៉ុណ្ណា វាគឺជារូបភាពដែលយើងមានចំពោះខ្លួនឯង ជាវិជ្ជមាន ឬអវិជ្ជមាន។ ការយល់ឃើញចំពោះខ្លួនឯងនេះ កើតឡើងតាមរយៈបទពិសោធន៍ផ្ទាល់ខ្លួន បរិស្ថានដែលយើងធំធាត់ឡើង តាមរយៈឥទ្ធិពលពីសមាជិកគ្រួសារ សាលារៀន និងសហគមន៍ដែលយើងរស់នៅ។ ចំណែកឯ “ការជឿជាក់លើខ្លួនឯង” សំដៅលើថា តើយើងមានអារម្មណ៍យ៉ាងណាទៅលើ សមត្ថភាព របស់យើងក្នុងការធ្វើរឿងអ្វីមួយ ឬដោះស្រាយបញ្ហាផ្សេងៗ។ គួរឲ្យសោកស្តាយ ភាគច្រើនគេបង្រៀនយើងតាំងពីក្មេង ឲ្យយកចិត្តទុកដាក់ទៅលើចំណុចខ្សោយ ជាជាងចំណុចខ្លាំងរបស់យើង។ ហើយជាពិសេស គេបង្រៀនយើងឲ្យខំប្រឹងកែចំណុចខ្សោយទាំងនេះ ដើម្បីឲ្យយើងមានភាពខ្លាំងឡើង។

ជាឧទាហរណ៍ ក្នុងប្រទេសរ៉ូម៉ានី មាតុភូមិកំណើតរបស់ខ្ញុំ ដែលដូចនៅក្នុងប្រទេសដទៃជាច្រើនទៀតដែរ ប្រព័ន្ធនៃការបង្រៀនក្នុងសាលាគឺផ្តោតការយកចិត្តទុកដាក់លើការប្រជែងគ្នាយកលេខរៀងល្អប្រសើរនៅក្នុងថ្នាក់ ជាជាងឲ្យសិស្សស្វែងរកទេពកោសល្យនិងចំណុចខ្លាំងពិសេសរៀងៗខ្លួន។ ខ្ញុំនៅចាំបានថា ខ្ញុំត្រូវចំណាយពេលជាមធ្យម ១០ម៉ោង ក្នុង១ថ្ងៃ ដើម្បីសិក្សានិងធ្វើកិច្ចកាផ្ទះបន្ថែមទៀត។ ខ្ញុំពុំមានពេលសម្រាប់លេងនិងសម្រាកលំហែទេ។ លោកគ្រូអ្នកគ្រូនិងឪពុកម្តាយតែងប្រៀបធៀបជាមួយសិស្ស ឬក្មេងដទៃទៀត ហើយចំណុចខ្លាំងពិសេសនៃសិស្សនីមួយៗមិនត្រូវបានលើកទឹកចិត្តទេ។

ពេលបញ្ចប់ការសិក្សានៅសាលារៀន ខ្ញុំមានបញ្ហាប្រឈមយ៉ាងខ្លាំងទាក់ទងនឹង “ការគោរពខ្លួនឯង” ក្នុងរយៈពេលជាច្រើនឆ្នាំ។ ជាក្មេងស្រីជំទង់ម្នាក់ ខ្ញុំមើលមិនឃើញខ្លួនឯងថា ស្រស់ស្អាត ឈ្លាសវៃ និងល្អគ្រប់គ្រាន់ទេ។ ខ្ញុំបានប្រឹងប្រែងយ៉ាងខ្លាំងជាបន្តបន្ទាប់ ដើម្បីក្លាយខ្លួនជាមនុស្សល្អឥតខ្ចោះ ដែលធ្វើឲ្យខ្ញុំកាន់តែបាត់បង់ភាពជឿជាក់លើខ្លួនឯង ដោយសារខ្ញុំមិនអាចជាបុគ្គលល្អឥតខ្ចោះបាន។

ហើយរឿងមួយទៀតដែលខ្ញុំយល់ខុស គឺការខំប្រឹងក្លាយខ្លួនជាមនុស្សដ៏ល្អអស្ចារ្យក្នុងការផ្តល់ឲ្យអ្នកដទៃ គឺការប្រគល់ការយកចិត្តទុកដាក់របស់ខ្ញុំ ពេលវេលាខ្ញុំ និងថាមពលរបស់ខ្ញុំឲ្យទៅគេ។ ការយកចិត្តទុកដាក់លើគោលបំណងនិងតម្រូវការខ្លួនឯងជាបថម ត្រូវបានយល់ខុសថា ជារឿងមិនល្អ ជារឿងអាត្មានិយម។ ខ្ញុំព្យាយាមយ៉ាងខ្លាំងដើម្បីក្លាយខ្លួនជាមិត្តដ៏ល្អប្រសើរ កូនស្រីដ៏ល្អប្រសើរ និងបុគ្គលដ៏ល្អប្រសើរ។ ខ្ញុំចង់បំពេញចិត្តគេគ្រប់គ្នា ដើម្បីឲ្យគេចូលចិត្តខ្ញុំ។ ខ្ញុំត្រូវការការផ្តល់តម្លៃពីអ្នកដទៃ។ ការនេះធ្វើឲ្យខ្ញុំបាត់បង់ការគោរពនិងឲ្យតម្លៃខ្លួនឯង។      

គតិបណ្ឌិតមួយនិយាយថា “យើងអាចផ្លាស់ប្តូរនូវរឿងទាំងឡាយណាដែលយើងដឹង ដែលយើងទទួលស្គាល់ថាវាពិតប៉ុណ្ណោះ។” ដូច្នេះហើយ បន្ទាប់ពីខ្ញុំប្រឈមនឹងការពិត ហើយទទួលស្គាល់ថា ខ្ញុំមានបញ្ហានៃការមិនគោរពខ្លួនឯង ឲ្យតម្លៃខ្លួនឯងទាប ទើបខ្ញុំអាចចាប់ផ្តើមធ្វើការផ្លាស់ប្តូរការគិតរបស់ខ្ញុំ និងទង្វើរបស់ខ្ញុំ។

ខ្ញុំចាប់ផ្តើមបង្កើតបញ្ជីរាយរឿងទាំងឡាយដែលខ្ញុំចូលចិត្តអំពីខ្លួនឯង ហើយសន្យាចំពោះខ្លួនឯងក្នុងការបង្កើតរឿងល្អៗដែលជាទីពេញចិត្តចំពោះខ្លួនឯង គោរពខ្លួនឯង ផ្តល់តម្លៃដល់ខ្លួនឯង ជារៀងរាល់ថ្ងៃ។ ខ្ញុំក្រលេកមើលទៅក្រោយឡើងវិញ ដោយយកចិត្តទុកដាក់ទៅលើសមិទ្ធផលទាំងឡាយដែលសម្រេចបាន ចេញពីការខំប្រឹងប្រែងបំពេញការងារ។ ខ្ញុំរាប់បញ្ចូលក្នុងបញ្ជីអំពីទេពកោសល្យនិងសមត្ថភាពទាំងឡាយជាទីមោទនភាព ផ្តល់គុណសម្បត្តិដល់ខ្លួនឯងចំពោះសមិទ្ធផលតូចៗទាំងឡាយដែលសម្រេចប្រចាំថ្ងៃ។ វាមិនចាំបាច់ទាល់តែរឿងធំអស្ចារ្យ ដូចជាការស្រោចស្រង់ជីវិតមនុស្សដែលលង់ទឹកទេ។ ការដែលអាចមានសមត្ថភាពចំអិនម្ហូបដ៏ឆ្ងាញ់មួយមុខក៏រាប់បញ្ចូលបានដែរ ហើយបន្ទាប់មកអ្នកនឹងដឹងថា បញ្ជីរឿងដែលអ្នកពេញចិត្តនឹងខ្លួនឯងកើនឡើងជាប្រចាំគួរឲ្យមោទនៈ។

ខ្ញុំក៏ចង់ស្វែងរកនិងដឹងពីខ្លួនឯងផងដែរ ហេតុនេះហើយទើបខ្ញុំធ្វើការវាយតម្លៃខ្លួនឯង តាមរយៈកម្មវិធី STRENGTHSFINDER និង MBTI។ ខ្ញុំបានរកឃើញថា ខ្ញុំគឺជាមនុស្ស ឆាប់យល់ចិត្តអ្នកដទៃ មានវិចារណញាណ (ឆាប់ដឹងហេតុការណ៍) មានមហិច្ឆតា ច្បាស់លាស់ យកចិត្តទុកដាក់ ប្រឹងប្រែងធ្វើការ និងបេ្តជ្ញាចិត្តខ្ពស់។ ខ្ញុំមានទេពកោសល្យមួយដែលពូកែធ្វើការជាមួយមនុស្សទាំងឡាយ និងមានសមត្ថភាពសម្គាល់ចំណុចខ្លាំងរបស់អ្នកដទៃ។

តាមរយៈការប្រតិបត្តិបែបនេះជាបន្តបន្ទាប់ ការជឿជាក់លើខ្លួនឯង លើសមត្ថភាពផ្ទាល់ខ្លួនក្នុងការធ្វើរឿងល្អៗចេះតែកើនឡើងជាលំដាប់។ ខ្ញុំចាប់ផ្តើមមើលឃើញខ្លួនឯងក្នុងផ្លូវមួយដ៏ថ្មីស្រឡាង។ ហើយការគោរពខ្លួនឯង ស្រឡាញ់ខ្លួនឯង ពេញចិត្តនឹងខ្លួនឯង ក៏ចេះតែមានភាពប្រសើរឡើងជាបន្តបន្ទាប់។

សព្វថ្ងៃ ខ្ញុំមើលមកខ្លួនឯងដោយការពេញចិត្ត។ ខ្ញុំបានរៀនអំពីការស្រឡាញ់ខ្លួនឯង ដោយទទួលយកនូវភាពខ្វះខាត និងភាពមិនល្អឥតខ្ចោះមួយចំនួន។ ខ្ញុំដឹងពីចំណុចខ្លាំងនិងទេពកោសល្យរបស់ខ្ញុំ ក៏ដូចជាការមើលឃើញនូវទេពកោសល្យរបស់អ្នកដទៃ។

ការបង្កើន “ការគោរពខ្លួនឯង” ក្នុងផ្លូវវិជ្ជមានដោយមិនមើលស្រាលអ្នកដទៃ និងការបង្កើន “ភាពជឿជាក់” លើសមត្ថភាពខ្លួនឯង ដោយចេះសម្រេចជ្រើសរើសនូវអ្វីដែលត្រឹមត្រូវនិងមានប្រយោជន៍ វាជាកិច្ចការត្រូវធ្វើនៅខាងក្នុងខ្លួនយើង ហើយវាជាដំណើរអភិវឌ្ឍខ្លួនដ៏ល្អប្រពៃមួយ។ ខ្ញុំបានទទួលនូវថាមពលចេញពីក្នុងខ្លួនដ៏ខ្លាំងខ្លា តាមរយៈដំណើរការនេះ។ ហើយខាងក្រោមនេះជាអ្វីដែលខ្ញុំចង់ចែករំលែកនូវការពិតនៃជីវិតទាំងឡាយដែលខ្ញុំបានដឹង៖

១. ការស្រឡាញ់ខ្លួនឯងដោយពេញលេញទាំងចិត្ត កាយ និងស្មារតី មិនមែនជារឿងអាត្មានិយមទេ តែជារឿងចាំបាច់សម្រាប់ជីវិតមួយដែលល្អប្រសើរ

ដើម្បីស្រឡាញ់អ្នកដទៃ អ្នកត្រូវរក្សាកែវទឹករបស់អ្នកឲ្យពេញជាប្រចាំ ព្រោះអ្នកមិនអាចចែករំលែកទឹកដល់អ្នកដទៃ នៅពេលដែលក្នុងកែវរបស់អ្នកគ្មានទឹកនោះទេ។

២. ភាពល្អឥតខ្ចោះ គឺជារឿងប្រលោមលោកបែបប្រឌិត

ខ្ញុំអរគុណចំពោះកំហុសឆ្គងទាំងឡាយដែលកើតឡើង ពីព្រោះវាជាការប្រទានពររបស់ព្រះដោយប្រយោល ដើម្បីធ្វើឲ្យខ្ញុំវៀងវៃនិងខ្លាំងជាងមុន។ លោក John Maxwell បានសរសេរសៀវភៅមួយដែលមានចំណងជើងថា “ពេលខ្លះអ្នកឈ្នះ ពេលខ្លះអ្នករៀន”។ ពាក្យថាចាញ់ គឺគ្មានទេ លើកលែងតែអ្នកយល់ឃើញបែបនោះប៉ុណ្ណោះ។ ខ្ញុំឈប់ដាក់សម្ពាធលើខ្លួនឯង ដោយប្រឹងឲ្យអ្វីៗល្អឥតខ្ចោះ ប៉ុន្តែខ្ញុំប្រឹងប្រែងធ្វើអ្វីៗឲ្យល្អមែនទែន។

៣. ខ្ញុំមិនមែនជាជនរងគ្រោះនោះទេ

អតីតកាលរបស់ខ្ញុំមិនកំណត់អនាគតរបស់ខ្ញុំទេ ហើយភាពខ្វះខាតរបស់ខ្ញុំពីអតីតកាលមិនឆ្លុះបញ្ចាំងថា ខ្ញុំជាមនុស្សបែបណានៅពេលបច្ចុប្បន្នទេ។ ការបន្ទាសអ្នកដទៃចំពោះជោគវាសនារបស់ខ្ញុំ ពេលវេលារបស់ខ្ញុំ ស្ថានការណ៍ហិរញ្ញវត្ថុរបស់ខ្ញុំ និងទំនាក់ទំនងប្រេះឆារបស់ខ្ញុំ ជារឿងមិនត្រឹមត្រូវទេ ពីព្រោះថា អ្វីៗកើតឡើងទាក់ទងនឹងការសម្រេចចិត្តរបស់ខ្ញុំ។ គ្មាននរណាមួយអាចធ្វើឲ្យខ្ញុំឈឺចាប់ ឬខូចចិត្តដោយគ្មានការយល់ស្របពីខ្ញុំទេ។ ខ្ញុំជាអ្នកទទួលខុសត្រូវលើសកម្មភាពរបស់ខ្ញុំ ហើយអនាគតរបស់ខ្ញុំគឺជាលទ្ធផលនៃការសម្រេចចិត្តរបស់ខ្ញុំថ្ងៃនេះ។ ចាប់ពីថ្ងែនេះទៅ ខ្ញុំឈប់បន្ទោសអតីតកាល ឬអ្នកដទៃហើយ។ ខ្ញុំដឹងថាខ្ញុំមានសេរីភាពសម្រេចលើអ្វីៗគ្រប់យ៉ាងចំពោះជោគវាសនារបស់ខ្ញុំ។

៤. ការខ្វល់នឹងអ្នកដទៃគិតយ៉ាងណាពីអ្នក គឺជាការចំណាយពេលអត់ប្រយោជន៍     

ខ្ញុំមិនអាចបំពេញចិត្តមនុស្សគ្រប់រូបបានទេ បើទោះបីខ្ញុំខំប្រឹងបែបណាក៍ដោយ។ អ្វីដែលអ្នកផ្សេងគិតអំពីខ្ញុំ តាមកញ្ចក់វែនតារបស់គេ ការគិតរបស់គេ គឺមិនមែនជារឿងរបស់ខ្ញុំទេ។ ខ្ញុំបញ្ឈប់ការយកចិត្តអ្នកផ្សេងដោយទន្ទឹងរង់ចាំថាគេនឹងចូលចិត្តខ្ញុំ។ ភាពរីករាយរបស់ខ្ញុំ គឺខ្ញុំជាអ្នកទទួលខុសត្រូវ ហើយរឿងផ្សេងទៀតគ្រាន់តែជាការបំពេញបន្ថែមប៉ុណ្ណោះ។

៥. និយាយថាទេ ចំពោះរឿងទាំងឡាយដែលខុសនឹងគោលដៅរបស់អ្នក គឺជាការប្រតិបត្តិនៃយកចិត្តទុកដាក់លើខ្លួនឯង

ប្រសិនបើអ្នកមានអារម្មណ៍ថា អ្នកគួរធ្វើរឿងនេះដោយសារអ្នកផ្សេង​ អ្នកមិនត្រូវធ្វើវាទេ។ ខ្ញុំធ្វើនូវរឿងអ្វីដែលស្របនឹងគោលដៅ ឬកាតព្វកិច្ចរបស់ខ្ញុំ។ ទង្វើរបស់ខ្ញុំត្រូវស្របនឹងចំណង់របស់ខ្ញុំ មិនមែនដោយសារអ្នកដទៃបង្ខំទេ។ ខ្ញុំតែងជ្រើសរើសថាតើខ្ញុំគួរចំណាយពេលជាមួយនរណា។ ពេលវេលារបស់ខ្ញុំជាចំណែកនៃជីវិតរបស់ខ្ញុំ វាមិនអាចត្រលប់ក្រោយវិញទេ។

៦. ជីវិតរបស់ខ្ញុំវាមិនចាំបាច់ជាការប្រយុទ្ធតតាំង ឬមួយប្រកួតប្រជែងស្លាប់រស់ទេ

ខ្ញុំបញ្ឈប់ប្រកួតប្រជែង ឬប្រៀបធៀបជាមួយអ្នកដទៃ។ ជំនួសមកវិញ ខ្ញុំយកចិត្តទុកដាក់គិតអំពីគោលដៅជីវិតខ្ញុំ ហើយខ្ញុំរីករាយឃើញអ្នកដទៃជោគជ័យ។ ខ្ញុំសម្រេចជ្រើសរើសផ្លូវនៃក្តីស្រឡាញ់ មិនមែនផ្លូវនៃសេចក្តីភ័យខ្លាចទេ ហើយខ្ញុំជឿជាក់លើភាពសម្បូរឥតខ្វះនៃចក្រវាល។ ខ្ញុំរស់នៅក្នុងចក្រវាលមួយដែលពោរពេញដោយស្មារតីចេះជួយគ្នា ហើយអ្វីៗវាមានគ្រប់គ្រាន់សម្រាប់គ្រប់គ្នា។

៧. ការរស់នៅក្នុងភាពត្រឹមត្រូវ គឺជាការជ្រើសរើសរបស់យើង

ខ្ញុំជ្រើសរើសដោយដឹងថាខ្ញុំជានរណា ហើយខ្ញុំជឿជាក់លើគុណតម្លៃអ្វី។ វាជាសិទ្ធិពីកំណើតរបស់ខ្ញុំក្នុងការរស់នៅដោយរីករាយ ហើយខ្ញុំសម្រេចជ្រើសរើសជីវិតមួយដែលមិនសោកស្តាយរឿងអតីតកាល និងមិនភ័យខ្លាចរឿងអនាគតដែលអាចនឹងកើតឡើង។ ខ្ញុំក្លាយជាមនុស្សបែបណា ដោយសារការសម្រេចចិត្តរបស់ខ្ញុំ ហើយជីវិតខ្ញុំមិនមែនរស់ត្រឹមកំដរផែនដីទេ គឺរស់ដើម្បីអត្ថន័យអ្វីមួយ។

ខ្ញុំបានយល់ច្បាស់អំពីច្បាប់ធម្មជាតិមួយថា យើងទទួលបានអ្វីៗមិនមែនដោយសារគ្រាន់តែយើងប្រាថ្នាចង់បានទេ តែដោយសារយើងគិត យកចិត្តទុកដាក់ និងធ្វើការដោយជឿជាក់ដើម្បីទទួលវា។ ដូច្នេះហើយ ការជឿជាក់លើខ្លួនឯង ឲ្យតម្លៃខ្លួនឯង គោរពខ្លួនឯង នឹងផ្តល់ដល់អ្នកនូវអ្វីៗដែលមានតម្លៃនិងមានប្រយោជន៍សម្រាប់ជីវិតអ្នក។

ប្រែសម្រួលពី៖ Success, “7 Life Truths I Wish I Knew Sooner”


អត្ថបទទាក់ទង

រឿង ១០យ៉ាង ដែលបុគ្គលជោគជ័យមិនប្រព្រឹត្តម្តងទៀត

Leave a Reply

Your email address will not be published. Required fields are marked *