ដំណោះស្រាយចំនួន ៩ ដើម្បីពង្រឹងសមត្ថភាពក្នុងអាជីពរបស់អ្នក

ការបង្កើតគោលដៅ ព្រមទាំងការកត់ត្រានូវរឿងដែលអ្នកចង់សម្រេច ពិតជាមានសារៈសំខាន់ណាស់ចំពោះបុគ្គលិកទាំងអស់។ នៅក្នុងដំណាច់ខែ ឬឆ្នាំ គឺជាពេលដែលត្រូវរំឮកអំពីគោលដៅ និងបំណងរបស់អ្នកឡើងវិញ។ វាក៏ជាពេលដែលអ្នកត្រូវគិតពិចារណាឡើងវិញថា អ្នកបានស្ថិតនៅក្នុងដំណាក់កាលណានៃជីវិត ហើយវានឹងឆ្លុះបញ្ចាំងអំពីភាពជោគជ័យ និងបរាជ័យរបស់អ្នកផងដែរ។ សូមអបអរសាទរនូវជ័យជំនះរបស់អ្នក ហើយត្រូវខិតខំប្រឹងប្រែងធ្វើការ ដើម្បីចៀសវាងភាពបរាជ័យ។ ជាមួយបំណងក្នុងការអភិវឌ្ឍខ្លួន ដើម្បីពង្រឹងសមត្ថភាពក្នុងអាជីពរបស់អ្នក ខាងក្រោមនេះជាការប្រមូលផ្ដុំនូវដំណោះស្រាយទាំង ៩ សម្រាប់អ្នក៖

១. ការប្រាស្រ័យទាក់ទង

កង្វះនូវការប្រាស្រ័យទាក់ទងល្អ ត្រូវបានចាត់ទុកជាកត្តាមួយដ៏ចម្បងដែលនាំឲ្យមានជម្លោះឥតបានការក្នុងក្រុម។ វាអាចធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពការងាររបស់បុគ្គលិកម្នាក់ៗ ជាពិសេសនៅពេលដែលអ្នកធ្វើការជាក្រុម។ នៅពេលដែលតម្រូវឲ្យមានការបង្កើតក្រុម និងរក្សាទំនាក់ទំនងល្អនៅក្នុងក្រុម ជាដំបូង អ្នកត្រូវគិតឲ្យបានវែងឆ្ងាយ ដើម្បីចៀសសវាងជម្លោះផ្សេងៗ ហើយមធ្យោបាយដ៏ល្អតែមួយនោះ គឺការបង្កើននូវការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកឲ្យបានល្អ។ ប្រសិនបើអ្នកមានការភ័ន្តច្រឡំ និងយល់ច្រឡំនៅពេលបំពេញការងារ ត្រូវធ្វើឲ្យប្រាកដថា អ្នកដើរទៅនិយាយដោះស្រាយជាមួយពួកគេដោយផ្ទាល់។

២. ការបង្កើនបណ្តាញទំនាក់ទំនង

ប្រសិនបើអ្នកមានគម្រោងក្នុងការអភិវឌ្ឍអាជីពការងាររបស់អ្នក រឿងដែលអ្នកត្រូវធ្វើមុនគេនោះ គឺត្រូវបង្កើនទំនាក់ទនងឲ្យបានកាន់តែច្រើនឡើង។ ការបង្កើតទំនាក់ទំនងធ្វើឲ្យអ្នកមានគេស្គាល់ច្រើន ក៏ដូចជាធ្វើឲ្យអ្នកមានឱកាសជួបអ្នកធ្វើជំនួញ និងអ្នកគ្រប់គ្រងធំៗនៅក្នុងស្ថាប័នផ្សេងៗថែមទៀតផង។

៣. ទៅដល់ការិយាល័យឲ្យបានលឿន

តើការធ្វើបែបនេះ ដើម្បីតែផ្គាប់ចិត្តចៅហ្វាយនាយរបស់យើងដែរឬទេ? ខាងក្រោមនេះជាផលប្រយោជន៍នៃការទៅការិយាល័យមុនគេ៖

  • ជៀសវាងការស្ទះចរាចរណ៍
  • ទទួលបានការហៅទូរស័ព្ទពីអតិថិជនដែលមានឥទ្ធិពល
  • បរិយាកាសស្ងប់ស្ងាត់ នឹងធ្វើឲ្យអ្នកមានអារម្មណ៍ល្អក្នុងការបំពេញការងាររបស់អ្នកនៅពេលព្រឹកព្រលឹម
  • ចៅហ្វាយនាយ ចូលចិត្តឃើញបុគ្គលិករបស់គាត់ មកធ្វើការពីព្រលឹម។

៤. រៀនសង្កេត ស្វែងយល់ និងត្រួតពិនិត្យ

វាពិតជាចាំបាច់ណាស់ ការរៀន មិនមែនជាការដែលគ្រាន់តែរៀន ហើយទទួលសញ្ញាប័ត្រនោះឡើយ។ ដូចដែលយើងបានរំឮកខាងលើ ការរៀន គឺធំធេងជាងអ្វីដែលអ្នកអាចមើលឃើញក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកទៅទៀត ហើយការរៀនមិនកំណត់តែលើមុខវិជ្ជាណាមួយឡើយ។ ត្រូវចាប់ផ្ដើមក្នុងការអាន ទោះបីវាជាឯកសារតារាសាស្ត្រ នយោបាយ ចិត្តវិទ្យា ឬក៏សេដ្ឋកិច្ចក៏ដោយ។ ការដែលមានចំណេះដឹងទូលំទូលាយក្នុងមុខវិជ្ជាផ្សេងៗនៃជីវិត អាចជួយអ្នកឲ្យក្លាយជាបុគ្គលិកលេចធ្លោ ព្រមទាំងជាអ្នកដឹកនាំដ៏ល្អជាមួយនឹងចំណេះដឹងខ្ពង់ខ្ពស់ផងដែរ។

៥. បង្ហាញនូវទេពកោសល្យរបស់អ្នក

នៅពេលចាប់ផ្ដើមខែថ្មី ឬឆ្នាំថ្មី វាគឺជាពេលដ៏ល្អបំផុតក្នុងការលើកទឹកចិត្តខ្លួនឯងឲ្យខិតខំអស់ពីសមត្ថភាព រួមទាំងការបង្ហាញនូវទេពកោសល្យរបស់អ្នកទាំងអស់ផងដែរ។ ចូរកុំភ័យខ្លាច ក្នុងការចូលរួមក្នុងសកម្មភាពផ្សេងៗនៅក្នុងក្រុមហ៊ុនរបស់អ្នក បើទោះបីជាវាទាក់ទង ឬមិនទាក់ទងនឹងមុខជំនួញក៏ដោយ។ និយោជកគ្រប់រូប តែងតែពេញចិត្តពេលដែលបុគ្គលិករបស់ពួកគេចូលរួមក្នុងសកម្មភាពផ្សេងៗនៅក្នុងក្រុមហ៊ុន។

៦. បញ្ចេញគំនិតរបស់អ្នក

បុគ្គលិកភាគច្រើននៅក្នុងប្រទេសកម្ពុជាយើង ភ័យខ្លាចចំពោះការបញ្ចេញនូវគំនិត និងយោបល់របស់ពួកគេចេញមកដោយភ័យខ្លាចត្រូវគេបដិសេធ។ ហើយវាពិតជាកំហុសមួយដ៏ធ្ងន់ធ្ងរបំផុត ដែលពួកយើងត្រូវតែជៀសវាង។ បើសិនជាអ្នកមិនពេញចិត្តជាមួយនឹងការសម្រេចចិត្ត ឬក៏គំនិតរបស់ក្រុមហ៊ុនក្នុងការដោះស្រាយបញ្ហា អ្នកត្រូវតែបញ្ចេញយោបល់របស់អ្នក ដើម្បីឲ្យពួកគេដឹងថា អ្នកគិតអំពីអ្វី។

៧. បំពានច្បាប់

តើវាជារឿងខុសច្បាប់ដែរឬទេ? ប្រាកដណាស់ វាប្រាកដហើយ! និយាយអំពីករណីល្មើសច្បាប់ មិនមែនបានន័យថាលុបចោលច្បាប់ និងបទបញ្ជារបស់ក្រុមហ៊ុនឡើយ។ វាគឺជាការគិតឲ្យបានវែងឆ្ងាយ! ចូរបញ្ឈប់ការវិនិច្ឆ័យតាមទម្លាប់របស់អ្នក ហើយស្វែងរកអ្វីដែលនៅពីក្រោយការពិតនោះ។ បុគ្គលិកភាគច្រើន តែងតែខ្ជិលច្រអូសក្នុងការស្វែងយល់អំពីអ្វីដែលនៅជុំវិញខ្លួនពួកគេ រួមទាំងការប្រើប្រាស់នូវរាល់ធនធានដែលបានផ្ដល់ឲ្យពួកគេឲ្យមានប្រយោជន៍ផងដែរ។ ហេតុដូច្នេះហើយ អ្នកត្រូវធ្វើជាបុគ្គលិកមួយរូបដែលសកម្ម មានគំនិតច្នៃប្រតិដ្ឋ ព្រមទាំងជាបុគ្គលិកគំរូផងដែរ។

៨. បែងចែកពេលវេលាឲ្យបានច្បាស់លាស់សម្រាប់គ្រួសារ និងការងារ

ជារឿយៗ នៅក្នុងផ្លូវឆ្ពោះទៅកាន់ភាពជោគជ័យ ពួកយើងតែងតែភ្លេចអំពីគ្រួសារ មិត្តភក្តិរបស់ពួកយើង រួមទាំងមនុស្សដែលយើងស្រលាញ់ផងដែរ។ ដូច្នេះហើយ ចូរយកឱកាសនេះ ដើម្បីពង្រឹងទំនាក់ទំនងជាមួយមិត្តភក្តិ និងគ្រួសាររបស់អ្នក ស្របគ្នានេះ អ្នកក៏ត្រូវតែខិតខំធ្វើការរបស់អ្នកផងដែរ។ ការបែងចែកពេលវេលាឲ្យបានច្បាស់លាស់សម្រាប់ជីវិតការងាររបស់អ្នក និងជីវិតផ្ទាល់ខ្លួនរបស់អ្នក គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីឲ្យអ្នកមានទទួលបានសុភមង្គលក្នុងជីវិត។

៩. ឈប់ត្អូញត្អែរ!

ការធ្វើការចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៥ល្ងាច គឺពិតជាហត់នឿយណាស់ ជាពិសេសជាមួយនឹងការងារដ៏ច្រើនលើសលប់ដែលអ្នកត្រូវធ្វើមុនពេលចេញទៅផ្ទះ។ រឿងនេះបានធ្វើឲ្យបុគ្គលិកភាគច្រើនតែងតែត្អូញត្អែរ បើទោះបីជារឿងតូចតាចក៏ដោយ។ ប្រសិនបើអ្នកធ្វើរឿងទាំងនេះ ដើម្បីកាត់បន្ថយភាពតានតឹងនោះ អ្នកត្រូវដឹងថា ការត្អូញត្អែរនោះ មិនអាចជួយអ្វីបាននោះទេ។ ផ្ទុយទៅវិញ អ្នកនឹងត្រូវបានចាត់ទុកជាមនុស្សមិនល្អទៅវិញ។


អត្ថបទទាក់ទង

មធ្យោបាយចំនួន ៦​ ដើម្បីដោះស្រាយបញ្ហា​ផលិត​ភាព​ការងារ​របស់​អ្នក

 

Leave a Reply

Your email address will not be published. Required fields are marked *