សម្រង់សម្តី​ដ៏មានន័យ​ទាក់ទង​នឹង​ជំនាញ​ ៧ យ៉ាង ដែល​​និស្សិត​​ត្រូវ​ការ​សម្រាប់អនាគត​របស់​ពួ​គេ

នៅ​ក្នុង​យុគសម័យ​ព័ត៌មាន​វិទ្យា​នា​សតវត្ស​​ទី ២១ នេះ មាន​ចំណេះ​ដឹង​ និងជំនាញ​ជា​ច្រើន​ដែល​សិស្ស​និស្សិត​​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ និងទន្ទេញ​រាប់​សិប​ឆ្នាំ​ដើម្បី​អាច​ក្លាយ​ទៅ​ជា​មនុស្ស​ពូកែ​ ឬប៉ិន​ប្រសព្វ​នៅ​ក្នុង​ការ​ដឹកនាំ​ជីវិត​ខ្លួន​ឯង​ ដឹកនាំ​​គ្រួសារ​​ និង​សហគមន៍ និង​ដឹក​នាំ​សង្គម​ជាតិ​ ក៏ដូជជាពិភព​លោក​ទាំង​មូល។ ចំណេះ​​ និងជំនាញ​រាប់​រយ​ពាន់​ទាំង​នោះ​ ខ្លះ​មាន​ប្រយោជន៍ ខ្លះ​លែង​មាន​ប្រយោជន៍ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជាច្រើន​នៅ​ក្នុង​សង្គម​មនុស្ស ។ ចំណេះ​វិជ្ជា​ខ្លះ​ត្រូវ​បាន​កត់ត្រា​ទុក​នៅ​ក្នុង​គម្ពីរ ឬ​សៀវភៅ​រាប់​លាន​ក្បាល សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​រៀនសូត្រ​ និង​បន្ត​អនុវត្ត​បន្ត​ទៀត។ ​​ចំណេះ​វិជ្ជា​ខ្លះ​មិន​ត្រូវ​បាន​មនុស្ស​កត់ត្រា​ទុក​ក្នុង​សៀវភៅ​ទេ​ ប៉ុន្តែ​ត្រូវ​បាន​មនុស្ស​មួយ​ចំនួន​រក្សា​ទុក​ក្នុង​ខួរក្បាល​ក្រោម​រូបភាព​ជា​ការ​ចងចាំ​ និងបញ្ជូន​បន្ត​ទៅ​មនុស្ស​ជំនាន់​ក្រោយ​ដោយ​ការ​បង្រៀន​ដោយ​ផ្ទាល់​មាត់។ អ្នកអប់រំ​សម័យ​ទំនើប​ដូច​ជា​លោក ថូនី​ វ៉ែគន័រ (Tony Wagner) បាន​ចំណាយ​ពេល​ច្រើន​ឆ្នាំ​ដើម្បី​​សិក្សាស្រាជ្រាវ​​រក​មើល​ថា​​តើ​មាន​ចំណេះ​វិជ្ជា ឬជំនាញ​ប៉ុន្មាន​ប្រភេទ​ដែល​សិស្ស​និស្សិត​ចាំបាច់​ត្រូវ​តែ​​រៀនចេះ​នៅ​ពេល​បញ្ចប់​ការសិក្សា​ថ្នាក់​វិទ្យាល័យ​ ឬ​មហាវិទ្យាល័យ​ និងចេះ​ទៅ​ប្រកប​ការងារ​តាម​ស្ថាប័ន​រដ្ឋាភិបាល អង្គការ​មិន​រក​កម្រៃ ឬ​ក្រុមហ៊ុន​ជំនួញ​ទាំង​ឡាយ។ ​លោក​ថូនី​ វ៉ែគន័រ​ បាន​រក​ឃើញ​ថា មាន​តែ​ជំនាញ​ចំនួន ៧ ប្រភេទ​ប៉ុណ្ណោះ​ដែល​ផ្តល់​ប្រយោជន៍​ជា​សំខាន់​ដល់​សិស្ស​និស្សិត​ទាំង​ឡាយ។ ដូច្នេះ​សូម​អ្នក​អាន​បន្ត​អាន​ និង​សិក្សា​​ជំនាញ​ទាំង​នោះ​​ដោយ​យក​ចិត្ត​ទុកដាក់​ ព្រម​ទាំង​យក​​ជំនាញ​ទាំង​នោះ​ទៅ​អនុវត្ត​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​​ឲ្យ​បាន​ជា​ប្រយោជន៍​ជា​ភិយ្យោភាព។ 

១. ការ​គិត​ពិចារណា​ហ្មត់ចត់ និងការ​ដោះស្រាយ​បញ្ញា (CRITICAL THINKING AND PROBLEM SOLVING)

សម្តី​របស់​អ្នក​ស្រី អែល​ឡឹន កុមាតា (Ellen Kumata) ជា​ទីប្រឹក្សា​របស់​ក្រុមហ៊ុន Fortune 200 ៖ “គំនិត​ដែល​ជឿថា​អ្នក​ដឹកនាំ​កំពូល​របស់​ក្រុមហ៊ុន​មួយ​មាន​គ្រប់​ចម្លើយ​ និង អាច​ដោះ​ស្រាយ​បញ្ហា​ផ្សេងៗ​ដោយ​ខ្លួន​គេ​ គឺ​ជា​គំនិត​ហួស​សម័យ​ទៅ​ហើយ ។ មនុស្ស​ដែល​ធ្វើការកៀកកិត​​ស្និទ្ធ​នឹង​ការងារ​របស់​គាត់​ត្រូវ​តែ​មាន​ជំនាញ​ផ្នែក​វិភាគ​យ៉ាង​ល្អល្អះ​ ។ អ្នក​ត្រូវ​តែ​​ល្អិត​ហ្មត់ចត់ ឧទាហរណ៍​ ការ​ធ្វើ​តេស្ត​ពិសោធ​មើល​ការដៅស្មាន​របស់​អ្នក មិន​ត្រូវ​ទទួល​យក​អ្វីៗ​ដូច​ដែល​គេ​បាន​ប្រគល់​មក​ឲ្យ​អ្នក​នោះ​ឡើយ មិន​ត្រូវ​ចូល​ធ្វើ​ការងារ​ដោយ​យក​គំនិត​របស់​ខ្លួន​ទៅ​ជាមួយ​ថា​អ្នក​កំពុង​ព្យាយាម​បញ្ជាក់អះអាង​ថា​ជា​មនុស្ស​ពូកែ​ឡើយ​​​” ។

២. សហប្រតិបត្តិការ​ឆ្លង​បណ្តាញ​ និង​ការ​ដឹកនាំ​ដោយ​ប្រើ​ឥទ្ធិពល (COLLABORATION ACROSS NETWORKS AND LEADING BY INFLUENCE)

សម្តី​របស់​លោក​ ម៉ាក ឆែន្ត​ល័រ (Mark Chandler) ជា​អនុប្រធាន​និង​ជា​មេធាវី​របស់​ក្រុមហ៊ុន​ Cisco ៖ “បញ្ហា​ចម្បង​បំផុត​ដែល​យើង​មាន​នៅ​ក្នុង​ក្រុមហ៊ុន​ទាំង​មូល​គឺ​ការ​រក​បាន​មនុស្ស​ដែល​មាន​សមត្ថភាព​អាច​សម្តែង​ភាពដឹកនាំ​ឆ្លង​បណ្តាញ (គ្រប់​វិស័យ) ។ ភាសា​ដែល​យើង​និយាយ​ដដែលៗ (មន្ត) នោះ​គឺ​ថា​ អ្នក​​ត្រូវ​ដឹកនាំ​ដោយ​ប្រើ​ឥទ្ធិពល ជាជាង​ការ​ប្រើ​​សិទ្ធិអំណាច។”

៣. ភាព​រហ័សរហួន និងលទ្ធភាពបត់បែន (AGILITY AND ADAPTABILITY)

សម្តី​របស់​លោក​ ខ្លេ ផាកឃ័រ (Clay Parker) ជា​ប្រធាន​ផ្នែក​គ្រប់គ្រង​សារធាតុគីមី​នៃ​ក្រុមហ៊ុន BOC Edwards ៖ “ខ្ញុំ​បាន​មក​ធ្វើការងារ​ទី​នេះ​អស់​រយៈពេល ៤ ឆ្នាំ​​ ហើយ​​រៀងរាល់​ឆ្នាំ​យើង​​បាន​​កែប្រែ​ជា​មូលដ្ឋាន​នូវ​របៀបចាត់ការ​របស់​ក្រុមហ៊ុន​ ព្រោះ​តែ​ការប្រែប្រួល​​ឥតឈប់ឈរ​នៃ​វិធី​ធ្វើ​ជំនួញ។ ខ្ញុំ​អាច​ធានា​អះអាង​ថា​ ការងារ​ដែល​ខ្ញុំ​ត្រូវ​ជួល​បុគ្គល​ណា​ម្នាក់​ឲ្យ​មក​ធ្វើ​នោះ​​នឹង​ត្រូវ​តែ​ផ្លាស់​ប្តូរ​ដែរ ឬ​ក៏​អាច​ថា ការងារ​នោះ​ឈប់​​មាន​ទៀត​ហើយ​នៅ​ពេល​អនាគត ដូច្នេះ​នេះ​ហើយ​ជា​ហេតុផល​បញ្ជាក់​ថា​ លទ្ធភាព​បត់បែន និងជំនាញ​ខាង​ការ​រៀនសូត្រ​វិជ្ជា​ថ្មីៗ​ទៀត​​មាន​សារៈ​សំខាន់​ជាង​ជំនាញ​បច្ចេកទេស​ទាំង​ឡាយ។”

៤. គំនិត​ផ្តួចផ្តើម និងសហគ្រិនភាព (INITIATIVE AND ENTREPRENEURSHIP)

សម្តី​របស់​លោក ម៉ាក មែដដក្ស (Mark Maddox) ជា​ប្រធានគ្រប់គ្រង​ផ្នែក​ធនធាន​មនុស្ស​នៃ​ក្រុមហ៊ុន Unilever Foods North America​ ៖ “សម្រាប់​បុគ្គលិក​ផ្នែក​ផលិតកម្ម​និង​​ច្នៃម៉ូត (ជា​បុគ្គលិក​ធ្វើការ​យក​ប្រាក់​ម៉ោង) យើង​ត្រូវ​ការ​មនុស្ស​ដែល​ចេះ​ដឹកនាំ​ខ្លួនឯង​ឲ្យ​​អាច​ធ្វើការងារ​សម្រេច​តាម​គោលដៅ ពោល​គឺ​ពួក​គេ​ជា​មនុស្ស​ដែល​អាច​រកឃើញ​ដំណោះស្រាយ​​​ប្រកប​ដោយ​ភាព​ច្នៃប្រតិដ្ឋ​ចំពោះ​បញ្ហា​ផ្សេងៗ​ដែល​ពិបាក​ដោះស្រាយ​និង​ទាមទារការតស៊ូ​ដើម្បី​សម្រេច។​”

៥. ទំនាក់ទំនង​ដោយ​ការ​និយាយ​ និង​ការសរសេរ​ប្រកប​ដោយ​ប្រសិទ្ធភាព (EFFECTIVE ORAL AND WRITTEN COMMUNICATION)

សម្តី​របស់​អ្នក​ស្រី អែន្នម៉ារី នៀល (Annmarie Neal) អនុប្រធាន​​ផ្នែក​គ្រប់គ្រង​ទេពកោសល្យ​នៃ​ក្រុមហ៊ុន​ Cisco Systems ៖ “ជំនាញ​ដ៏​ធំ​បំផុត​ដែល​មនុស្ស​​ជា​ច្រើន​ខ្វះខាត​នោះ​ គឺលទ្ធភាព​ដើម្បី​ទាក់ទង​គ្នា ទាំង​ខាង​ការបង្ហាញ​​គំនិត​ដោយ​ការ​សរសេរ ​និង​ដោយ​ការ​និយាយ។ នោះ​គឺ​ជា​បញ្ហា​ដ៏​ធំ​មួយ​របស់​យើង។”

៦. ការ​ទាញ​យក​​ និង​ការ​វិភាគ​ព័ត៌មាន (ACCESSING AND ANALYZING INFORMATION)

សម្តី​របស់​លោក ម៉ៃឃ៍ សាំម័រស៍ (Mike Summers)​ ជា​អនុប្រធាន​ផ្នែក​គ្រប់គ្រង​ទេពកោសល្យ​ពិភពលោក​របស់ក្រុមហ៊ុន​ Dell ៖ “​សព្វថ្ងៃ​មាន​ព័ត៌មាន​ច្រើន​លើសលប់ ហើយ​នោះ​ប្រហែល​ជា​ព័ត៌មាន​ដ៏​ច្រើន​សន្ធឹក​ពេក​​ ហើយ​ប្រសិន​បើ​មនុស្ស​ជាច្រើន​មិន​បាន​ត្រៀម​ខ្លួន​ដើម្បី​យក​ព័ត៌មាន​ទាំង​នោះ​មក​រៀនចំ​ដាក់​តាម​លំដាប់លំដោយ​ឲ្យ​មាន​ប្រយោជន៍​ទេ វា​ស្ទើរតែ​​បង្កឲ្យ​មនុស្ស​ទាំង​នោះ​គាំង​ស្ទះ​មិន​អាច​បោះជំហាន​​ដើរ​ទៅ​មុខ​មិន​រួច។​”

៧. ការ​ចង់ដឹង​ និងការ​ស្រមើស្រមៃ (CURIOSITY AND IMAGINATION)

សម្តី​របស់​លោក ម៉ៃឃឹល យុង (Michael Jung) ទីប្រឹក្សា​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន McKinsey and Company ៖ “គំនិត​ចាស់​គំរិល​របស់​ពួក​យើង​ គឺ​ថាការងារ​ទាំងឡាយ​ត្រូវ​បាន​កំណត់​ច្បាស់​លាស់​ដោយ​និយោជក (អ្នក​ជួល​បុគ្គលិក) ហើយ​ចំណែក​ឯ​បុគ្គលិក​វិញ​ ត្រូវ​តែ​ធ្វើការងារ​អ្វី​ក៏​ដោយ​ដែល​និយោជក​ដាក់​ឲ្យ​ធ្វើ… ប៉ុន្តែតាម​ការ​ពិត អ្នក​​មាន​បំណង​ចង់​ឲ្យ​បុគ្គលិក​រក​ឃើញ​ការបកស្រាយ​មួយ​ដែល​អ្នក​ចូលចិត្ត ពោល​គឺ​បុគ្គលិក​នាំ​យក​គំនិត​ផ្ទាល់​ខ្លួន​​ថ្មី​ៗ​មក​បញ្ចូល​បន្ថែម​ដល់​កន្លែង​ធ្វើការងារ នោះ​គឺ​ជា​ធាតុ​ច្នៃ​ប្រតិដ្ឋ​​ដ៏​សំខាន់។​”


អត្ថបទទាក់ទង

ជំនាញសំខាន់ៗចំនួន ៤ ដែលមនុស្សគ្រប់រូបត្រូវមាន

 

Leave a Reply

Your email address will not be published. Required fields are marked *