កត្តាសំខាន់ៗចំនួន ៦ ដែលបានជួយមនុស្សជោគជ័យមួយចំនួនក្នុងការសម្រេចគោលដៅ

មនុស្សភាគច្រើនដែលចង់ទទួលបានជោគជ័យគិតថា ភាពជោគជ័យ គឺកើតឡើងដោយចៃដន្យ។ តាមរយៈការគិតបែបនេះ បានបណ្តាលឱ្យពួកគេបាត់បង់នូវទំនាក់ទំនងដែលមាននៅក្នុងភាពជាក់ស្ដែងដែលតម្រូវអោយពួកគេមានស្ថិរភាពបុគ្គល និងការតស៊ូដើម្បីសម្រេចគោលដៅដោយជោគជ័យ។ លើសពីនេះ មនុស្សគ្រប់រូបតែងតែចង់បានជោគជ័យនៅក្នុងក្នុងជីវិត ប៉ុន្តែមិនមែនមនុស្សគ្រប់រូប សុទ្ឋតែអាចសម្រេចបាននូវគោលបំណងរបស់ពួកគេនោះទេ។ តាមកាសិក្សាស្រាវជ្រាវបានលើកឡើងថា នៅលើពិភពលោកនេះបុគ្គលដែលទទួលបាននូវភាពជោគជ័យមានតែ ៥% ទៅ​ ១០% តែប៉ុណ្ណោះដែលបានសម្រេចគោលបំណងរបស់ពួកគេ។ ដូច្នេះ តើមានកត្តាអ្វីខ្លះដែលបណ្តាលអោយមនុស្សទាំងនោះទទួលបានជោគជ័យនៅក្នុងជីវិតរបស់ពួកគេ? 

១. ធ្វើអ្វីដែលពួកគេមានចំណងចំណូលចិត្ត

មនុស្សជោគជ័យគ្រប់រូបសុទ្ធតែឈ្លក់វង្វេងនឹងជំនាញរបស់ខ្លួន ជាពិសេសវិស័យ ឬទេពកោសល្យរបស់ពួកគេ។ ពួកគេមិនបង្កើតអ្វីដែលសាមញ្ញដោយសារតែលុយនោះទេ។ ផ្ទុយទៅវិញពួកគេធ្វើកិច្ចការទាំងនោះដោយសារតែសេចក្ដីស្រឡាញ់ដែលពួកគេមានចំពោះវា។ ការអនុវត្តបែបនេះ បានធ្វើឱ្យបុគ្គលជោគជ័យទាំងនោះអាចប្រាកដថា ការផ្តោតលើសកម្មភាពដែលល្អបំផុតចំពោះខ្លួន គឺជាទម្លាប់ប្រចាំថ្ងៃដែលជំរុញឱ្យពួកគេឆ្ពោះទៅរកភាពជោគជ័យនៅក្នុងដំណើរការណាមួយ។

២. មានគោលដៅច្បាស់លាស់

អ្នកដែលទទួលបានជោគជ័យភាគច្រើនដឹងពីកន្លែងដែលពួកគេចង់ទៅ និងពួកគេអ្វីដែលចង់ធ្វើ ហើយពួកគេផ្តោតខ្លាំងទៅលើរឿងនេះ។ ពួកគេមិនសូវលេងសើច ឬព្យាយាមដេញចាប់រឿងជាច្រើនក្នុងពេលតែមួយនោះទេ។ ជាទូទៅ ពួកគេតែងតែសិក្សាស្វែងយល់នូវអ្វីដែលពួកគេចង់ធ្វើ និងផ្ដោតលើគោលដៅណាមួយដែលពួកគេដឹងច្បាស់ថានឹងអាចសំរេចបានក្នុងរយៈពេលជាក់ស្តែងណាមួយ។ វិធីសាស្រ្តនេះបានលើកទឹកចិត្តពួកគេឱ្យបង្កើតភាពតានតឹងដែលជាផ្នែកមួយជំរុញឱ្យឈានទៅដល់គោលដៅដែលខ្លួនចង់បានកាន់តែមានប្រសិទ្ធិភាព។

៣. ការខិតខំបំពេញកិច្ចការ

ដើម្បីទទួលបានជោគជ័យអ្នកគួរតែផ្ដោតលើអ្វីដែលជាការជម្រុញទឹកចិត្តអ្នកឱ្យសម្រេចបាននូវលទ្ធផលដែលអ្នកចង់បាន ហើយនោះប្រាកដណាស់គឺអ្នកមិនអាចគេចផុតពីការខិតខំបានទេ។ ម្យ៉ាងវិញទៀតអ្នកត្រូវតែមានភាពអត់ធ្មត់ មានវិន័យ និងឆន្ទៈខ្ពស់នៅក្នុងការខិតខំដើម្បីសម្របខ្លួនទៅនឹងពេលវេលា ឬកិច្ចការលំបាក នឹងនាំអ្នកឆ្ពោះទៅកាន់កន្លែងជាច្រើនដែលអ្នកមិនអាចទៅដល់។

៤. ចាត់វិធានការហើយមិនពន្យារពេលឡើយ

បើសិនជាអ្នករវល់តែសុបិន្ត ហើយមិនចាប់ផ្ដើមចាត់វិធាន ឬប្រតិបត្តិកិច្ចការ នោះវានឹងមិនអាចនាំអ្នកសម្រេចគោលដៅបានទេ។ មនុស្សជោគជ័យច្រើនតែស្ទាត់ជំនាញក្នុងការធ្វើសកម្មភាព និងស្ទើរតែអាចគ្រប់គ្រងគ្រប់ស្ថានភាពទាំងអស់។  ពួកគេបំពេញភារកិច្ចទាំងនោះយ៉ាងអង់អាចទោះបីជាពួកគេមានអារម្មណ៍ថាមិនទាន់ត្រៀមខ្លួន ឬបានត្រៀមខ្លួនរួចរាល់ហើយក៏ដោយ។

៥. ការអានច្រើន

មិនមែនគ្រប់គ្នាដែលអានច្រើនសុទ្ធតែជាអ្នកដឹកនាំទេ ប៉ុន្តែអ្នកដឹកនាំទាំងអស់សុទ្ធតែជាអ្នកអាន។ អ្នកនឹងមិនអាចសម្រេចគោលដៅរបស់អ្នកបានទេ ប្រសិនជាអ្នកមិនបានរៀន ឬចំណាយពេលសិក្សាទៅលើអ្វីមួយ។ មនុស្សជោគជ័យពង្រីកការយល់ដឹងរបស់ពួកគេតាមរយៈទំលាប់នៃការអាននេះ។ ម្យ៉ាងវិញទៀត តាមរយៈការរៀនសូត្របែបនេះបានធ្វើអោយពួកគេដឹងពីសារៈសំខាន់នៃចំណេះដឹងដែលបុគ្គលជោគជ័យជាច្រើនបានចែករំលែកបទពិសោធន៍។

៦. ការប្រថុយ

ហេតុអ្វីតែត្រូវប្រថុយ? ជាការពិតណាស់ មនុស្សជោគជ័យនឹងប្រថុយជោគជ័យ ជាជាងលាក់បាំងចេតនា ឬមហិច្ឆតារបស់ពួកគេនៅក្នុងក្ដីសុបិន្ដ។ ហើយជាក់ស្ដែងយើងបានដឹងហើយថា មនុស្សជោគជ័យគឺសុទ្ធតែធ្លាប់ឆ្លងកាត់ភាពបរាជ័យ។ ពួកគេមិនប្រកាន់ទេ ដោយសារតែពួកគេនឹងទទួលបានបទពិសោធន៍ល្អៗដែលកើតមាននៅក្នុងដំណើរទាំងនោះ។ មិនតែប៉ុណ្ណោះ ពួកគេសុទ្ធតែបានត្រៀមចិត្តរួចជាមុនទៅហើយថា រាល់ប្រតិបត្តិការទាំងអស់អាចនាំគេទៅរកការបរាជ័យ។ ពួកគេគិតថែមទៀតថា វាមើលទៅហាក់បីដូចជាកំសាកពេកហើយ បើសិនជាមិនទទួលយកហានិភ័យអ្វីទាំងអស់។

ជារួមមកវិញ ភាពជោគជ័យ ច្រើនតែកើតចេញមកពីទម្លាប់ដែលយើងបានអនុវត្តជាប្រចាំ ជាពិសេស គឺ ៦ ចំណុចសំខាន់ៗខាងលើនេះ ជាជាងឱកាសដែលយើងអង្គុយរង់ចាំឱ្យវាមកដល់។

សម្រួលពី៖ Lifehack

Leave a Reply

Your email address will not be published. Required fields are marked *