វិធីសាស្រ្តចំនួន ៥ សម្រាប់ពិចារណា ដើម្បីសុំឡើងប្រាក់ខែបាន

ជាទូទៅ បុគ្គលិក​គ្រប់​រូប ​តែង​ប្រាថ្នា​ចង់​បាន​ប្រាក់​ខែ​ខ្ពស់ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​របស់​ខ្លួន។ យ៉ាង​ណា​ក៏ដោយ ក្រុមហ៊ុន-សហគ្រាសនីមួយៗ មានការដំឡើងប្រាក់ខែតាមគោលការណ៍ផ្សេងៗគ្នា ក្រុមហ៊ុនខ្លះក៏មិនមានការដំឡើប្រាក់ខែដល់បុគ្គលិកផងដែរ លុះត្រាតែមានករណីពិសេសណាមួយ។ជាមួយគ្នានេះដែរ ក៏មានបុគ្គលិកខ្លះចង់បានការដំឡើងប្រាក់ខែឲ្យបានលឿនផងដែរ។ តើអ្នកធ្លាប់គិតទេថា​​អ្នកមានតួនាទី និងបានចូលរួមជួយដល់កន្លែងធ្វើការរបស់អ្នកបានកម្រិតណា? ​តើអ្នកស័ក្តសមនឹងទទួលបានការដំឡើងតំណែង និងប្រាក់ខែដែរឬទេ? ជាការល្អណាស់ដែលថៅកែ ឬចៅហ្វាយនាយកត់សម្គាល់អំពីការខិតខំប្រឹងប្រែងរបស់អ្នកហើយដំឡើងប្រាក់ខែឲ្យអ្នកដោយអ្នកមិនបាច់សុំឡើងនោះ។

ភាគច្រើននៃកន្លែងធ្វើការ បើអ្នកមិនសុំឡើងប្រាក់ខែទេ នោះអ្នកមុខជានៅតែបានប្រាក់ខែដដែលហើយ។អ៊ីចឹងតើធ្វើដូចម្ដេចដើម្បីសុំឡើងប្រាក់ខែបាន?​ ខាង​ក្រោម​នេះជាវិធីសាស្រ្តមួយចំនួន ​ដែល​ធ្វើ​ឲ្យ​បុគ្គលិក​អាច​សុំ​តំឡើង​ប្រាក់ខែ​យ៉ាង​មាន​ប្រសិទ្ធ​ភាព​បំផុត៖

១. មើលលើពេលវេលាសមរម្យ

ជាទូទៅ ដើម្បីសុំដំឡើងប្រាក់ខែឲ្យមានប្រសិទ្ធភាពអ្នកចាំបាច់ត្រូវមើលលើពេលវេលាមួយឲ្យបានសមរម្យដើម្បីស្នើសុំដល់ថៅកែឬចៅហ្វាយនាយរបស់អ្នកឲ្យពួគាត់យល់ព្រម។

អ្នកមិនត្រូវសុំពេលណាដែលពួកគាត់កំពុងតែមានភាពតានតឹងឬអារម្មណ៍មិនល្អនោះទេ។ មួយវិញទៀតនៅពេលដែលក្រុមហ៊ុនមានដំណើការមិនល្អ ក៏ជាពេលដែលមិនគួរសុំឡើងប្រាក់ខែផងដែរ។

ពេលសមស្របបំផុតដែលត្រូវសុំឡើងប្រាក់ខែគឺក្រោយពេលដែលអ្នកធ្វើកិច្ចការណាមួយបានសម្រេចជោគជ័យឲ្យក្រុមហ៊ុនឬកន្លែងការងាររបស់អ្នក។

២.ទាញយកចំណុចជោគជ័យសំខាន់ៗមកនិយាយ

អ្វីដែលអ្នកអាចយកមកនិយាយដើម្បីសុំដំឡើងប្រាក់ខែបានគឺភាពជោគជ័យដែលមិនត្រឹមតែនៅក្នុងការងាររបស់អ្នកទេតែវាជារឿងដែលអ្នកអាចធ្វើបានលើសពីការងារដែលក្រុមហ៊ុនរំពឹងទុក។ អ្នកត្រូវលើកយកអ្វីដែលអ្នកបានធ្វើក្នុងមុខនាទីរបស់អ្នកបានសម្រេចជោគជ័យនិងទំនួលខុសត្រូវរបស់អ្នកលើការងារដែលអ្នកបានធ្វើនិងជួយដល់ក្រុមហ៊ុន។

៣. ស្គាល់ពីតម្លៃរបស់អ្នកនៅក្នុងក្រុមហ៊ុន

អ្នកត្រូវដឹងពីតម្លៃរបស់អ្នកនៅក្នុងក្រុមហ៊ុននោះ បើអ្នកដឹងពីតម្លៃរបស់អ្នកហើយអ្នកត្រូវហ៊ានសាកល្បងសួរថៅកែរបស់អ្នកអំពីប្រាក់ខែដែលត្រូវដំឡើង និងសាកល្បងសួរព័ត៌មានពីបុគ្គលិកដទៃដែលមានការងារប្រហាក់ប្រហែលគ្នានិងតួនាទីប្រហែលគ្នាថាតើប្រាក់ខែដែលទទួលបានស័ក្តសមនឹងការងារនោះអត់។បន្ទាប់មកអ្នកនឹងដឹងថាតើអ្នកត្រូវទទួលបានប្រាក់ខែប៉ុន្មានទើបសមនឹងសមត្ថភាពរបស់អ្នក។

៤. គិតថាហេតុអ្វីបានជាគេត្រូវឡើងប្រាក់ខែឲ្យអ្នក

មុននឹងសុំឡើងប្រាក់ខែអ្នកគប្បីត្រូវដឹងពីអ្វីដែលអ្នកអាចធ្វើបានសម្រាប់ក្រុមហ៊ុនតើអ្នកបានជួយអ្វីខ្លះជួយឲ្យក្រុមហ៊ុនរីកចម្រើន? ត្រូវលើកយកចំណុចល្អៗដែលអ្នកសម្រេចបាន និងមានផលប្រយោជន៏ដល់កន្លែងធ្វើការដែលធ្វើឲ្យកន្លែងការងារមានភាពរីកចម្រើន។ទោះបីជាពេលនេះក្រុមហ៊ុនមិនទាន់ដំឡើងឲ្យអ្នកក៍ដោយ ក៏ពួកគាត់កត់សម្គាល់វាសម្រាប់អ្នកនៅពេលវេលាសមរម្យណាមួយដែលក្រុមហ៊ុនមានដំណើរការប្រសើរឡើង។

៥. របៀបនៃការនិយាយ

របៀបនៃការនិយាយ និងធ្វើសកម្មភាពពេលសន្ទនា គឺសំខាន់ខ្លាំងណាស់ទាំងសម្លេង និងកាយវិការ។

  • ភាពជឿជាក់៖ អ្នកត្រូវមានភាពជឿជាក់និងទំនុកចិត្តលើខ្លួនឯងឲ្យបានច្បាស់លាស់បើអ្នកមិនមានភាពច្បាសលាស់ទេសួរថាតើគេដំឡើងប្រាក់ខែឲ្យអ្នកបានយ៉ាងម៉េច?
  • បង្ហាញការគោរព៖ អ្នកត្រូវបង្ហាញការគោរពនិងឲ្យតម្លៃរបស់អ្នកចំពោះក្រុមហ៊ុនដែលអ្នកកំពុងធ្វើការព្រោះវាអាចជួយឲ្យអ្នកចរចាររឿងឡើងប្រាក់ខែបាន។
  • បង្ហាញពីគម្រោងទៅអនាគត៖ប្រាប់ពីគម្រោងអនាគតរបស់អ្នកដែលអាចជួយឲ្យក្រុមហ៊ុនរីកចម្រើននិងប្រាក់ខែរំពឹងទុករបស់អ្នក។

អត្ថបទទាក់ទង

ហេតុអ្វីបានជាអ្នកត្រូវមានគ្រូបង្វិកដើម្បីជួយជ្រោមជ្រែងក្នុងការសម្រេចគោលដៅ?

 

 

Leave a Reply

Your email address will not be published. Required fields are marked *