ចូរប្រកាន់យកអត្តចរិតទាំង ១០ នេះជំនួសឲ្យការរអ៊ូរទាំ

ភាពខុសគ្នាមួយចំនួន បានខណ្ឌចែកបុគ្គលជោគជ័យ និងបុគ្គលបានត្រឹមតែស្រមៃដាច់ពីគ្នា។ តើភាពខុសគ្នាទាំងនោះជាអ្វី?

អត្តចរិត ៖ បុគ្គលជោគជ័យមានអត្តចរិត “វាអាចធ្វើបាន” (can-do attitude) ដែលញែកគេចេញឆ្ងាយពីបុគ្គលដែលបានត្រឹមតែស្រមៃ។ បុគ្គលជោគជ័យ ប្រឹងប្រែងដាច់ខាតដើម្បីជោគជ័យ បើទោះបីជួបប្រទះឧបសគ្គបែបណាក៏ដោយ ក៏គេមានឆន្ទៈដាក់ការប្រឹងប្រែង និងយល់ព្រមបង់តម្លៃខ្ពស់សម្រាប់ភាពជោគជ័យដែរ។

ខាងក្រោមនេះជាអត្តចរិតចំនួន ១០ របស់បុគ្គលជោគជ័យ ៖

១. បោះបង់ចោលអត្តចរិត “ខ្ញុំមិនអាចជួយបាន” (Disown Your Helplessness)

បុគ្គលជោគជ័យ តែងតែតាមប្រមាញ់រកដំណោះស្រាយ ហើយគេក៏រកឃើញគំនិតច្នៃប្រតិដ្ឋចំពោះដំណោះស្រាយ ដែលអ្នកផ្សេងបដិសេធក្នុងការសាកល្បងតាមរក។ គេបដិសេធមិនប្រើពាក្យ “ខ្ញុំមិនអាចជួយបាន” ចំពោះតម្រូវការចាំបាច់នោះទេ។

២. បណ្តុះការពេញចិត្ត (Nurture Your Passion)

បុគ្គលជោគជ័យធន់ទៅនឹងសម្ពាធការងារដ៏ច្រើន។ គេស្រឡាញ់ពេញចិត្តនឹងការងាររបស់គេ ដោយសារគេដឹងអំពីរបៀបបញ្ឆេះអារម្មណ៍ពេញចិត្តរបស់គេ។ ជាទូទៅ ក្នុងការប្រកួតប្រជែងពានរង្វាន់ មិនមែនបុគ្គលដែលមានប្រាជ្ញាឈ្លាសវៃខ្ពស់ ឬក៏បុគ្គលដែលមានលទ្ធភាពច្រើនជាមួយទ្រព្យធន ឬឋានៈទេ ប៉ុន្តែគឺបុគ្គលដែលពេញចិត្តខ្លាំងនឹងកិច្ចការរបស់គេទេ ដែលភាគច្រើនជាអ្នកទទួលពានរង្វាន់។

៣. មិនដំអក់រង់ចាំ តែចាប់ផ្តើមធ្វើ (Quit Stewing and Start Doing)

បុគ្គលជោគជ័យចូលចិត្តធ្វើសកម្មភាព។ នៅពេលដែលអ្នកផ្សេងស្ទាក់ស្ទើររង់ចាំដោយការបារម្ភ ការភ័យខ្លាច និងភាពថប់អារម្មណ៍ បុគ្គលជោគជ័យមានសេចក្តីក្លាហាន និងចិត្តអំណត់រុញស្ថានការណ៍ឲ្យទៅមុខជានិច្ច។ ស្ថានការណ៍ល្អឥតខ្ចោះ ដែលអ្វីៗវាច្បាស់លាស់ ហើយគ្មានហានិភ័យនឹងពុំកើតឡើងសោះឡើយ ហេតុអ្វីអ្នកត្រូវរង់ចាំស្ថានការណ៍បែបនោះ?

៤. ស្វែងយល់ពីអ្នកដទៃ (Put On Another’s Pair of Shoes)

បុគ្គលជោគជ័យចូលចិត្តយល់ពីទឹកចិត្តអ្នកដទៃ។ គេតែងព្យាយាមស្វែងយល់អំពីការលំបាករបស់អ្នកដទៃ ការសម្លឹងមើលរបស់អ្នកដទៃ ដើម្បីធ្វើសេចក្តីសម្រេចចិត្តឲ្យបានល្អប្រសើរ។

៥. ឈានមួយជំហានថែមទៀត (Walk the Second Mile)

បុគ្គលជោគជ័យបំពេញភារកិច្ចលើសពីការរំពឹងទុក។ នៅពេលដែលអ្នកផ្សេងបំពេញការងារតាមការរំពឹងទុកធម្មតា បុគ្គលដែលមានលក្ខណៈសម្បត្តិ “វាអាចធ្វើបាន” មិនពេញចិត្តនឹងលទ្ធផលធម្មតាទេ គេចូលចិត្តសម្រេចលទ្ធផលដែលនឹកស្មានមិនដល់។ គេតែងដាក់ការរំពឹងទុកសម្រាប់ខ្លួនគេខ្ពស់ជាងអ្នកផ្សេងគិត ឬស្ថានការណ៍កំណត់។

៦. ធ្វើដំណើររហូតដល់គោលដៅ (Follow Through to the End)

បុគ្គលដែលមានទឹកចិត្ត “វាអាចធ្វើបាន” មិនគ្រាន់តែជាអ្នកផ្តួចផ្តើមទេ តែដាក់កាតព្វកិច្ចក្នុងការបញ្ចប់កិច្ចការរបស់ខ្លួន។ គេជាអ្នកចាប់ផ្តើមដោយខ្លួនឯង ហើយពុះពារដើម្បីសម្រេចបេសកកម្ម​របស់គេ។

៧. ត្រៀមស្នែងសម្រាប់ជល់ (Take the Bully by the Horns)

បុគ្គលដែលមានបុគ្គលិកលក្ខណៈ “វាអាចធ្វើបាន” មិនភ័យខ្លាចសោះឡើយចំពោះឧបសគ្គ ហើយតែងឈ្មុសឈ្មុលស្វែងរកដំណោះស្រាយ។ ការខំប្រឹងប្រែងរបស់គេទាក់ទាញការចាប់អារម្មណ៍ពីអ្នកដទៃ ដោយសារឃើញគេប្រយុទ្ធនឹងបញ្ហាផ្ទាល់ដោយមោះមុត​ និងមានប្រសិទ្ធភាព។ គេមិនចូលចិត្តរង់ចាំទេ គេចូលចិត្តផ្តួចផ្តើមគំនិតក្នុងការដោះស្រាយ។

៨. នៅឆ្ងាយពីរង្វង់នៃការត្អូញត្អែរ (Enter No Whining Zone)

បុគ្គលជោគជ័យតែងចៀសវាងការត្អូញត្អែរ ឬរអ៊ូរទាំ។ គេយល់ដឹងអំពីភាពឥតប្រយោជន៍នៃរឿងទាំងនេះ ហើយមិនបណ្តែតបណ្តោយឲ្យគំនិត និងមាត់របស់គេផ្តេកផ្តួលទៅលើសកម្មភាពអត់បានការទាំងនេះទេ។

៩ . ធ្វើដំណើរជាមួយខ្សែទឹកហូរ (Go with the Flow)

បុគ្គលជោគជ័យចេះសម្របជាមួយការផ្លាស់ប្តូរ។ គេមិនបណ្តោយខ្លួនគេឲ្យជាប់គាំង ឬបញ្ឈប់ដំណើរដោយសារផ្លូវវៀច ឬផ្លូវខូចឡើយ គេព្រមទទួលយកការបត់បែន ជាមួយទឹកចិត្តពោរពេញដោយក្តីសង្ឃឹមសម្រាប់អនាគត។

១០. ចូររង់ចាំទទួលលទ្ធផលចេញពីការប្តេជ្ញាចិត្តរបស់អ្នក (Expect a Return as a Result of Your Commitment)

ប្រសិនបើអ្នកមានការប្តេជ្ញាចិត្តខ្ពស់ ជាមួយអត្តចរិត “វាអាចធ្វើបាន” សូមរង់ចាំទទួលលទ្ធផលចុះ។ ការប្តេជ្ញាចិត្តជាមួយភាពពេញចិត្តខ្ពស់វាមានឥទ្ធិពលដូចជាជំងឺឆ្លងអញ្ចឹង វានឹងធ្វើឲ្យអ្នកផ្សេងបានដឹងឮ ហើយធនធាននឹងហូរមកតាមការប្រឹងប្រែងរបស់អ្នក។ អ្នកដឹកនាំដែលមានភាពពេញចិត្ត​ និងការប្តេជ្ញាចិត្តខ្ពស់នឹងទទួលលទ្ធផល និងឱកាសបើកចំហ ដោយសារគេនឹងមានមន្តទាក់ទាញចំណាប់អារម្មណ៍ និងធនធានពីអ្នកដទៃ។


អត្ថបទទាក់ទង

៦ ចំណុចសំខាន់ៗ ដើម្បីបញ្ជាក់ពីគុណតម្លៃរបស់អ្នក

Leave a Reply