របៀបដោះស្រាយជាមួយនឹងរឿងដែលកើតឡើងដោយមិនបានរំពឹងទុក

នៅក្នុងជីវិតយើង ស្ថានការណ៍ទាំងឡាយដែលមិនបានរំពឹងទុក តែងកើតឡើងជាច្រើនបន្តបន្ទាប់ ហើយក៏ប៉ះពាល់ដល់ការរស់នៅរបស់យើងផងដែរ។ រឿងខ្លះកើតឡើងបង្កឲ្យយើងមានការផ្លាស់ប្តូរលូតលាស់រីកចម្រើនទៅមុខ រឿងខ្លះទៀតកើតឡើងដោយប្តូរស្ថានភាពរបស់យើងដែលយើងមិនអាចទ្រាំទ្រ និងទប់ទល់បាន។

មនុស្សគ្រប់គ្នាសុទ្ធតែធ្លាប់ជួបប្រទះនូវស្ថានភាពផ្លាស់ប្តូរទាំងនេះ។ នៅពេលព្យុះនៃការផ្លាស់ប្តូរ​មកដល់ អ្នកខ្លះនៅអាចគ្រប់គ្រងដំណើរជីវិតឆ្ពោះទៅរកគោលដៅដែលគេចង់បាន អ្នកខ្លះទៀតក៏បណ្តោយខ្លួនតាមទិសនៃខ្យល់ដែលបក់។ តើភាពខុសគ្នានេះកើតឡើងដោយសារអ្វី? វាកើតឡើងដោយសារការសម្រេចចិត្តរបស់អ្នកក្នុងការរៀបចំក្តោងនាវាជីវិតរបស់អ្នក នៅពេលខ្យល់ប្តូរទិសមកដល់ម្តងៗ។ និយាយឲ្យចំ គឺនៅពេលណាបញ្ហាកើតឡើងក្នុងជីវិត តើអ្នកសម្រេចឆ្លើយតបបែបណាទៅនឹងបញ្ហានោះ។ ការសម្រេចចិត្តរបស់អ្នកនឹងកំណត់ដំណើរជីវិតរបស់អ្នក បន្ទាប់ពីស្ថានការណ៍ទាំងឡាយកើតឡើង។

រឿងរ៉ាវទាំងឡាយដែលយើងមិនចង់បាន តែងកើតឡើងមកលើយើង។ យើងជួបប្រទះនូវការខកចិត្ត ជួបប្រទះបញ្ហាប្រឈម ជួបវិបត្តិ។ ពេលខ្លះ បើទោះបីយើងមានផែនការល្អ និងខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ ប៉ុន្តែលទ្ធផលចេញមក គឺខុសពីការរំពឹងទុក ហើយបែរជាត្រលប់ថយក្រោយហួសពីការនឹកស្មាន។ រឿងរ៉ាវបែបនេះមិនមែនកើតឡើងចំពោះតែអ្នកក្រីក្រ អ្នកមិនចេះដឹង ឬអ្នកអស់សង្ឃឹមនោះទេ។ អ្នកមាន និងអ្នកក្រ អាចជួបបញ្ហាបែកបាក់គ្រួសារដូចគ្នា។ អ្នកមាន និងអ្នកក្រ អាចជួបនឹងបញ្ហាប្រឈមនៃវិបត្តិហិរញ្ញវត្ថុ និងជំងឺធ្លាក់ទឹកចិត្តដូចគ្នា។ នៅក្នុងការសន្និដ្ឋានចុងក្រោយ រឿងរ៉ាវទាំងឡាយដែលកើតឡើងមិនមែនជាអ្នកកំណត់ជោគវាសនារបស់យើងទេ តែការសម្រេចចិត្តរបស់យើងទៅនឹងរឿងដែលកើតឡើងទៅវិញទេ ដែលជាអ្នកកំណត់ដំណើរជីវិតរបស់យើងបន្តទៀត។ ទិសខ្យល់ រេទៅណា មិនមែនជាកត្តាកំណត់ទិសដៅរបស់នាវានោះទេ តែការចេះរៀបចំក្តោងនាវាទៅវិញទេ ដែលនឹងកំណត់ទិសដៅនៃការធ្វើដំណើរបន្តរបស់នាវា។

នៅពេលស្ថានភាពទាំងឡាយផ្លាស់ប្តូរ យើងក៏ត្រូវតែផ្លាស់ប្តូរដែរ។ យើងត្រូវតែមានភាពស្វិតស្វាញហ៊ានប្រឈមមុខរឿងរ៉ាវផ្សេងៗ ហើយខំប្រឹងសម្របក្តោងនាវារបស់យើងឲ្យស៊ីសង្វាក់ជាមួយនឹងទិសរបស់ខ្យល់ដែលបក់ ដើម្បីឲ្យនាវារបស់យើងធ្វើដំណើរបន្តទៅគោលដៅដែលយើងចង់ទៅ។ ការចេះរៀបចំចាត់ចែង និងសម្របក្តោងនាវា សំដៅដល់របៀបគិត និងការឆ្លើយតបរបស់យើងទៅនឹងបញ្ហាប្រឈមដែលកើតឡើង គឺជាកត្តាកំណត់ដ៏ចម្បង ដែលធ្វើឲ្យជីវិតយើងជោគជ័យ ឬបរាជ័យ រីករាយ ឬកើតទុក្ខ។ ដូច្នេះ បញ្ហាកើតឡើងនៅក្នុងជីវិតយើងមិនទាន់ធ្វើឲ្យយើងខ្លាំងទេ តែការសម្រេចឆ្លើយតបរបស់យើងទេ ទើបជាកត្តាកំណត់ជោគវាសនារបស់យើង។ នៅពេលយើងចាប់ផ្តើមទទួលស្គាល់រឿងនេះ ទើបយើងដឹងថា បញ្ហាចម្បងនៅក្នុងជីវិតរបស់យើង គឺការគិត និងការឆ្លើយតបរបស់យើងទៅនឹងបញ្ហាទាំងឡាយដែលកើតឡើងមកលើយើង។

ការរៀនអំពីការរៀបចំ និងសម្របក្តោងសំពៅទៅនឹងទិសខ្យល់ដែលតែងផ្លាស់ប្តូរ ទាមទារឲ្យមានការអភិវឌ្ឍខ្លួន ក្នុងការទទួលយករឿងរ៉ាវទាំងឡាយដែលកើតឡើងខុសពីការរំពឹងទុករបស់យើង ហើយខិតខំឆ្លើយតបជាមួយការសម្រេចចិត្តប្រឈមនឹងបញ្ហាជាមួយភាពពត់ពេន ដើម្បីរក្សាដំណើររបស់យើងទៅរកគោលដៅដែលបានកំណត់ទុក។ ការនេះទាមទារនូវការបង្កើតទស្សនវិទ្យាផ្ទាល់ខ្លួនដ៏មោះមុតមួយ ក្នុងការឆ្លើយតបទៅនឹងរឿងរ៉ាវទាំងឡាយដែលកើតឡើង តាមមាគ៌ា និងគោលការណ៍គិត និងសម្រេចចិត្តក្នុងផ្លូវវិជ្ជមាន ប្រកបដោយក្តីសង្ឃឹម។

ប្រសិនបើអ្នកអាចធ្វើការអភិវឌ្ឍខ្លួនឲ្យមានសមត្ថភាពឆ្លើយតបទៅនឹងរឿងរ៉ាវទាំងឡាយដែលកើតឡើងលើអ្នក ដំណើរជីវិតរបស់អ្នកនឹងជួបនូវភាពជោគជ័យ រីករាយក្នុងរឿងហិរញ្ញវត្ថុ ការរស់នៅដោយថ្លៃថ្នូរ និងទំនាក់ទំនងប្រកបដោយសុភមង្គល។

សម្រួលចេញពី៖ Success, “How to deal with the unexpected”


អត្ថបទទាក់ទង

រឿង ១០យ៉ាង ដែលបុគ្គលជោគជ័យមិនប្រព្រឹត្តម្តងទៀត

One thought on “របៀបដោះស្រាយជាមួយនឹងរឿងដែលកើតឡើងដោយមិនបានរំពឹងទុក

Leave a Reply