វិធីគិតតាមមធ្យោបាយអ្នកដើម្បីឆ្ពោះទៅរកជីវិតកាន់តែប្រសើរ

ខ្ញុំចង់ចែករំឡែកជាមួយអ្នកអំពីការផ្លាស់ប្តូរផ្នត់គំនិតដ៏សាមញ្ញមួយ ដែលអ្នកអាចប្រើឥឡូវនេះ ដើម្បីផ្លាស់ប្តូរទិសដៅនៅក្នុងជីវិតរបស់អ្នក។ អ្វីដែលអ្នកនឹងអាន គឺសាមញ្ញ។ នោះហើយជាមូលហេតុដែលវាដំណើរការ។ ដូច្នេះប្រសិនបើអ្នកមានឆន្ទៈបោះចោលដំណោះស្រាយដែលច្របូកច្របល់ ហើយជំនួសឱ្យលទ្ធផលដោយផ្ទាល់ សូមអាន ៣ ចំណុចសំខាន់ៗដូចខាងក្រោម៖

១. ចូរគូររូបភាពដ៏ល្អប្រពៃរបស់អ្នក (Paint Your Perfect Picture)

មនុស្សជាច្រើនមិនអាចឆ្លើយនឹងសំណួរងាយស្រួលមួយនេះបានទេថា តើអនាគតដ៏ល្អប្រពៃរបស់អ្នកមានរូបរាងបែបណា? បើនិយាយបែបម្យ៉ាងទៀតមានន័យថា ពួកគេមិនដឹងថាត្រូវទៅណា នៅពេលដែលទូកក្តោងចាកចេញពីកំពង់ផែ?

តាមពិត ជីវិត គឺដូចជាវាយោសមុទ្រដ៏គួរឲ្យភ័យខ្លាចអញ្ចឹងៈ វាមានកម្លាំងខ្លាំង ពេលខ្លះគ្រោះថ្នាក់ និងមិនអាចទស្សន៍ទាយបាន។ បុគ្គលដែលមានផែនការជីវិតច្បាស់លាស់ អាចទាញយកប្រយោជន៍ពីវាយោសមុទ្រដ៏មហិមា ដើម្បីសម្រេចគោលដៅរបស់ខ្លួន។ អ្នកដែលគ្មានគោលដៅ ក្លាយជាអ្នករងគ្រោះនៃការបក់ទៅបក់មកនៃវាយោសមុទ្រ។

២. ចូររៀបចំគោលដៅរបស់អ្នកជាយុទ្ធសាស្រ្ត (Plan Your Destination Strategically)

វាត្រូវការច្រើនជាងក្តីប្រាថ្នាក្នុងការធ្វើដំណើរតាមទូកក្តោងនៅលើផ្ទៃសមុទ្រៈ អ្នកត្រូវការផែនទី ចំណេះដឹងអំពីទឹកសមុទ្រ ភាពស្ទាត់ជំនាញអំពីទូកក្តោង និង (បើអាចរកបាន) អ្នកកាន់ចង្កូតទូកដែលមានបទពិសោធន៍។

វាងាយស្រួលទេ ដែលទូកនឹងត្រូវលិចប្រសិនបើអ្នកខ្វះអ្វីមួយដែលបានរៀបរាប់ខាងលើ។ ស្តាប់ទៅហាក់មិនសូវជឿ ប៉ុន្តែបុគ្គលដែលធ្លាប់ភ្លក្សរសជាតិបរាជ័យទាំងឡាយតែងទទួលស្គាល់បទពិសោធន៍ទាំងនេះ។ គេមានគោលដៅល្អ តែគេបដិសេធក្នុងការប្រើប្រាស់ផែនទី និងរៀបចំផែនការមុនពេលចេញដំណើរ។ គេពុំមានចំណេះដឹង ឬបទពិសោធន៍ដែលគេអាចពឹងពាក់បាន ហើយជាពិសេសគេពុំព្រមស្វែងរកជំនួយពិគ្រោះយោបល់ពីអ្នកផ្សេងដែលមានបទពិសោធន៍ក្នុងរឿងទាំងនេះ។

ចូររៀនអំពីការរៀបយុទ្ធសាស្រ្ត មុននឹងចាកចេញដំណើរទៅរកគោលដៅជីវិតរបស់អ្នក។ តើអ្នកបានត្រៀមខ្លួនសម្រាប់ចេញទូកក្តោងពីកំពង់ផែ ទៅរកផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយហើយឬនៅ? បើបានត្រៀមហើយ ចូរចេញដំណើរទៅ។

៣. គ្រោះថ្នាក់ដែលនៅជាមួយនឹងជោគជ័យ (The Inherent Dangers of Success)

នៅពេលដែលអ្នកកំពុងស្ថិតនៅលើទូកក្តោងមួយកណ្តាលសមុទ្រ អ្នកនឹងដឹងថាឈើមួយដុំ និងក្តោងមួយដែលអ្នកកំពុងនៅជាមួយ វាតូចប៉ុណ្ណាបើធៀបទៅនឹងផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយ និងវាយោសមុទ្របោកបក់ដ៏មហិមា។

ក៏ប៉ុន្តែ វាមិនគ្រាន់តែជារឿងដែលអាចធ្វើបានទេ ថែមទាំងជារឿងធម្មតាទៀតផង ក្នុងការធ្វើដំណើរជាមួយទូកក្តោងទៅកណ្តាលសមុទ្រ ហើយត្រលប់មកវិញដោយសុវត្ថិភាព។ ហេតុអ្វីបានជាអាចធ្វើបាន? ចំលើយគឺងាយស្រួលៈ គឺនៅពេលដែលអ្នកកាន់ចង្កូតទូកដឹងច្បាស់ថាគាត់ទៅទីណា និងចេះពីរបៀបប្រើទូក ពេលនោះវាយោសមុទ្រដ៏គួរឲ្យព្រឺខ្លាចនឹងក្លាយជាឧបករណ៍ដ៏សំខាន់របស់អ្នកកាន់ចង្កូតទូក ដើម្បីរុញគាត់ឲ្យដល់គោលដៅ។

សម្រួលពី៖ Success


អត្ថបទទាក់ទង

ចូរប្រកាន់យកអត្តចរិតទាំង ១០ នេះជំនួសឲ្យការរអ៊ូរទាំ

 

Leave a Reply