ពាក្យសាមញ្ញប្រកបដោយអំណាច ចំនួន៤ ដែលអាចធ្វើឲ្យជីវិតអ្នកមានតម្លៃ

យើងប្រាកដជាធ្លាប់ឮហើយពាក្យថា សាច់ដុំដែលមិនបានហាត់ពត់លត់ដំ ជាសាច់ដុំមិនលូតលាស់។ បញ្ហាប្រឈមដ៏ធំបំផុតនៅក្នុងជីវិតយើង គឺការក្លាយខ្លួនទៅជាមនុស្សបែបណាដែលយើងអាចទៅរួច។ នោះហើយជាមូលហេតុដែលលោក ជីម រ៉ូន (Jim Rohn) តែងនិយាយជាញឹកញាប់ថា “អ្នកអាចមានកាន់តែច្រើន ព្រោះអ្នកអាចក្លាយជាមនុស្សលើសពីពេលបច្ចុប្បន្ននេះទៅទៀត ហើយលុះត្រាតែអ្នកផ្លាស់ប្តូររបៀបរស់នៅរបស់អ្នក អ្នកនឹងមានអ្វីដែលអ្នកមានជានិច្ច” ។ ហើយគាត់និយាយត្រូវ។ អ្នកដឹងថាវាល្អប៉ុណ្ណាក្នុងការបង្កើនសក្តានុពលផ្ទាល់ខ្លួនរបស់អ្នក និងពង្រីកខ្លួនអ្នកដល់កម្រិតកំពូល។ នៅក្នុងការដកស្រង់ចេញពីបទបង្ហាញរបស់លោក Jim Rohn នាឆ្នាំ ២០០១ ដល់មនុស្សរាប់ពាន់នាក់ គាត់បានចែករំលែកនូវពាក្យ ៤ឃ្លា ប្រកបដោយអំណាច ដែលអាចធ្វើឲ្យជីវិតមានតម្លៃ៖

១. ជីវិតនឹងមានតម្លៃបើអ្នករៀន (Life is Worthwhile if You Learn)

អ្នកត្រូវរៀនរស់ បន្ទាប់មកទៀតរៀនដើម្បីជោគជ័យ។ អ្វីដែលអ្នកមិនដឹងនឹងបង្កការលំបាកដល់អ្នក។ អ្នកត្រូវតែរៀនពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នក – វិជ្ជមាន ឬអវិជ្ជមាន។ យើងរៀនធ្វើអ្វីមួយបានត្រឹមត្រូវ ដោយសារយើងធ្លាប់ធ្វើកំហុសក្នុងរឿងនោះ។ ហើយយើងក៏រៀនពីបទពិសោធន៍អ្នកដទៃផងដែរ។ កំហុសឆ្គងរបស់អ្នកដទៃវាមានតម្លៃសម្រាប់យើង ដោយសារយើងដឹងនូវអ្វីដែលមិនគួរធ្វើ ដោយពុំចាំបាច់ឆ្លងកាត់ការឈឺចាប់ដោយសាកល្បងធ្វើរឿងនោះ។យើងរៀននូវអ្វីដែលយើងមើលឃើញ ចូរមើលរឿងរាវទាំងឡាយដោយយកចិត្តទុកដាក់។ យើងរៀននូវអ្វីដែលយើងស្តាប់ឮ ចូរក្លាយជាអ្នកស្តាប់ដ៏ល្អ។ យើងរៀនចេញពីការអាន ចូរចំណាយពេលអានសៀវភៅ។ យើងអាចរៀនចេញពីការបង្រៀន ចម្រៀង ការទេសនា ឬ តាមរយៈការជជែកពិភាក្សាជាមួយអ្នកដទៃ។ ចូរយកចិត្តទុកដាក់ចំពោះការរៀនសូត្រ។

“ការសិក្សារៀនសូត្រ គឺជាការចាប់ផ្តើមបង្កើនទ្រព្យធនសម្បត្តិ ការសិក្សារៀនសូត្រ គឺជាការចាប់ផ្តើមធ្វើឲ្យសុខភាពរឹងមាំ ការស្រាវជ្រាវ និងការសិក្សារៀនសូត្រ គឺជាកន្លែងដែលដំណើរការនៃរឿងដ៏ល្អអស្ចារ្យអស់ ចាប់ផ្តើមឡើង។”

២. ជីវិតនឹងមានតម្លៃបើអ្នកសាកល្បង (Life is Worthwhile if You Try)

ជីវិតអ្នកមិនអាចមានតម្លៃដោយគ្រាន់តែរៀនទេ អ្នកត្រូវចាប់ផ្តើមធ្វើអ្វីមួយដែលអ្នកអាចធ្វើបាន។ សាកល្បងអ្វីមួយផ្សេងពីមុន សាកល្បងឲ្យវិវត្តទៅមុខជាបន្តបន្ទាប់។ វាមិនមានន័យថា អ្នកអាចធ្វើអ្វីគ្រប់យ៉ាងបានទេ ប៉ុន្តែអ្នកអាចធ្វើរឿងជាច្រើនបាន បើអ្នកសាកល្បង។

តើអ្នកគួរសាកល្បងរយៈពេលប៉ុន្មាន? ចូរសាកល្បងធ្វើអ្វីមួយ ហើយប្រឹងឲ្យអស់លទ្ធភាព។

៣. ជីវិតនឹងមានតម្លៃបើអ្នកស្វិតស្វាញ (Life is Worthwhile If You Stay)

អ្នកត្រូវនៅស្វិតស្វាញក្រាញននាល ចាប់តាំងពីរដូវដាំដុះ រហូតដល់រដូវប្រមូលផល។ តើមានន័យថាម៉េច? នៅពេលអ្នកដាក់ចិត្តធ្វើអ្វីមួយ ចូរធ្វើវាឲ្យចប់ចុងចប់ដើម។ ពេលខ្លះគ្រោះកាចអាចមកដល់ ហើយបំផ្លាញអ្វីទាំងអស់ ពេលនោះយើងអាចបញ្ឈប់វាបាន តែកុំឈប់ពាក់កណ្តាលទីដោយគ្រាន់តែមានបញ្ហាប្រឈមតិច ឬច្រើន។ ចូរមានភាពស្វិតស្វាញធ្វើអ្វីមួយឲ្យដល់ទីបញ្ចប់ នៅពេលអ្នកសម្រេចចិត្តធ្វើអ្វីមួយ។ មនុស្សមួយចំនួនចាប់ផ្តើមពេលរដូវសាបព្រោះ ហើយបោះបង់មុនរដូវច្រូតកាត់មកដល់។ អ្នកមិនចាំបាច់ស្ថិតនៅជារៀងរហូតទេ ប៉ុន្តែត្រូវមានភាពស្វិតស្វាញសម្រាប់កាលកំណត់ល្អមួយ។

៤. ជីវិតនឹងមានតម្លៃបើអ្នកយកចិត្តទុកដាក់ (Life is Worthwhile if You Care)

ធ្វើអ្វីមួយដោយយកចិត្តទុកដាក់ អ្នកនឹងទទួលបានលទ្ធផល។ បើអ្នកយកចិត្តទុកដាក់ខ្ពស់ អ្នកនឹងទទួលផលជាទីគាប់ចិត្ត។ ចូរយកចិត្តទុកដាក់ឲ្យគ្រប់គ្រាន់ ដើម្បីបង្កើតការផ្លាស់ប្តូរ។ ចូរយកចិត្តទុកដាក់ឲ្យគ្រប់គ្រាន់ ដើម្បីបណ្តុះមនុស្សល្អៗ។ ចូរយកចិត្តទុកដាក់ឲ្យគ្រប់គ្រាន់ ដើម្បីចាប់ផ្តើមអាជីវកម្មជោគជ័យ។ ចូរយកចិត្តទុកដាក់ឲ្យគ្រប់គ្រាន់ ដើម្បីក្លាយជាអ្នកផលិតដ៏ពូកែ។ ចូរយកចិត្តទុកដាក់ឲ្យគ្រប់គ្រាន់ ដើម្បីបំបែកឯកគ្តកម្ម។ ចូរយកចិត្តទុកដាក់ឲ្យគ្រប់គ្រាន់ ដើម្បីទទួលបានជ័យជំនះ។

“បើអ្នកយកចិត្តទុកដាក់កាន់តែច្រើន អ្នកនឹងកាន់តែខ្លាំង”

សម្រួលចេញពី៖ Jim Rohn, Success, “4 Powerful Little Words That Make Life Worthwhile”


អត្ថបទទាក់ទង

ចំណុចសំខាន់ៗ ចំនួន៨ ដែលអ្នកអាចយកទៅអនុវត្ត ដើម្បីបង្កើនគុណតម្លៃក្នុងខ្លួនអ្នក

 

Leave a Reply