រឿងទាំង៥យ៉ាង ដែលបុគ្គលជោគជ័យតែងប្តេជ្ញាអនុវត្ត

នៅពេលអ្នកសាកល្បងសម្រេចគោលដៅអ្វីមួយ ចូរចំណាយពេលរៀនសូត្រពីបុគ្គលដែលធ្លាប់ទទួលជោគជ័យក្នុងរឿងដែលអ្នកចង់ធ្វើ ពីព្រោះពេលខ្លះជារឿងល្អដែរ ដើម្បីចំណេញពេលវេលា ក្នុងការរៀនសូត្រពីបទពិសោធន៍របស់អ្នកដទៃ ជាជាងការសាកល្បងខ្លួនឯងទាំងស្រុង។

ក្នុងរយៈពេល២ឆ្នាំមកហើយ ខ្ញុំតែងរៀនសូត្រពីមនុស្សដែលមានជោគជ័យក្នុងជំនាញរបស់គេ ដែលជាចំណែកនៃការសន្សំចំណេះរបស់ខ្ញុំ។ ខ្ញុំបានសម្ភាសន៍សហគ្រិនជាង១០០នាក់ តាមជំនាញរបស់ពួកគេ ហើយខ្ញុំផ្តោតសំណួររបស់ខ្ញុំទៅលើគន្លឹះនៃភាពជោគជ័យ។

ខ្ញុំទទួលបានចម្លើយដែលគួរឲ្យចាប់អារម្មណ៍ជាច្រើន ហើយខ្ញុំអាចសង្ខេបចេញជាគោលការណ៍មួយចំនួនដែលជាចំណុចសំខាន់ៗ ធ្វើឲ្យសហគ្រិនទាំងនោះជោគជ័យតាមក្តីស្រមៃរបស់ពួកគេ។ ដំបូន្មានរបស់ពួកគេវាអាចប្រើបានទូលំទូលាយ ហើយវាមានសារប្រយោជន៍មិនត្រឹមតែសម្រាប់ការងារធុរកិច្ចទេ តែអាចប្រើសម្រាប់ទូទៅក្នុងការសម្រេចគោលដៅអ្វីមួយបាន។

ខាងក្រោមនេះជាសេចក្តីសង្ខេបនៃរឿងទាំង៥ ដែលបុគ្គលជោគជ័យបេ្តជ្ញាចិត្តអនុវត្តក្នុងការសម្រេចក្តីស្រមៃរបស់គេ បើទោះបីស្ថានការណ៍និងពេលវេលាប្រែប្រួលក៏ដោយ។

១. មានភាពស្វិតស្វាញ

សុភាសិតបុរាណជប៉ុនមួយនិយាយថា “បើដួល៧ដង ត្រូវក្រោកឲ្យបាន៨ដង”។ ភាពបរាជ័យ ឧបសគ្គ និងការធ្លាក់ថយក្រោយ គឺជារឿងតែងកើតឡើងនៅក្នុងដំណើរទៅសម្រេចអ្វីមួយដែលមានអត្ថន័យធំធេង។ តាមពិត គឺបញ្ហាប្រឈមទាំងនោះហើយ ដែលពង្រឹងអ្នក និងរុញអ្នកឲ្យទៅមុខ។ ភាពបរាជ័យប្រាប់អ្នកថាអ្វីដែលដំណើរការល្អ អ្វីដែលមិនអាចទៅរួច ដូចនេះហើយ អ្នកអាចសម្រប ឬធ្វើការផ្លាស់ប្តូរវិធីសាស្រ្តរបស់អ្នក។

ប៉ុន្តែ ជាទូទៅ ភាពបរាជ័យធ្វើឲ្យមនុស្សភ័យខ្លាច ហើយលែងហ៊ានសាកល្បងតទៅទៀត។ សម្រាប់មនុស្សមួយចំនួន នៅពេលគេដើរទៅប៉ះនឹងទ្វារដែលបិទជិត គេក៏បោះបង់ក្តីស្រមៃរបស់គេចោលទៅ។ បុគ្គលជោគជ័យប្តេជ្ញាចិត្តដោយមិនបោះបង់ក្តីស្រមៃទេ មិនថាគេត្រូវដួលប៉ុន្មានដងឡើយ។

ការស្រាវជ្រាវពិសោធន៍ជាច្រើនបានគាំទ្រសារៈសំខាន់នៃភាពស្វិតស្វាញ ចំពោះការធ្វើដំណើរទៅរកភាពជោគជ័យ។ នៅក្នុងសៀវភៅដែលលក់ដាច់បំផុតមួយ តាមការចុះផ្សាយរបស់កាសែត New York Times ដែលមានចំណងជើងថា “ចិត្តមោះមុត” អ្នកនិពន្ធ Angela Duckworth បានបង្ហាញប្រភពជាច្រើនដែលជម្រុញឲ្យចិត្តមុតស្រួច អាចយកឈ្នះលើឧបសគ្គទាំងឡាយបាន ដើម្បីសម្រេចគោលដៅ៖“ចិត្តមោះមុតអាស្រ័យលើប្រភេទនៃក្តីសង្ឃឹម។ វាជាប់ទាក់ទងនឹងការរង់ចាំថាការប្រឹងប្រែងរបស់យើងនឹងបង្កឲ្យមានភាពប្រសើរឡើងនៅពេលអនាគត។ ហើយវាមានភាពខុសគ្នានូវឃ្លាថា ខ្ញុំមានអារម្មណ៍ថាថ្ងៃស្អែកនឹងប្រសើរឡើង” និងខ្ញុំនឹងប្រឹងប្រែងឲ្យថ្ងៃស្អែកមានភាពប្រសើរឡើង។ ក្តីសង្ឈឹមដែលបុគ្គលមានចិត្តមុះមុតមានមិនមែនជារឿងរង់ចាំព្រេងវាសនាទេ តែជាការប្រឹងប្រែងដើម្បីសម្រេចអ្វីមួយឲ្យបាន។”

ចូរស្វែងរកគោលដៅជីវិតអ្វីមួយឲ្យឃើញជាបឋម រួចហើយធ្វើដំណើរសំដៅទៅរកគោលដៅនោះ ដោយមានការតាំងក្នុងចិត្តថា ខ្ញុំមិនបោះបង់ទេ ដរាបណាខ្ញុំមិនទាន់ជោគជ័យ។

២. រាប់អានជាមួយបុគ្គលជោគជ័យ

កំហុសដ៏ធំមួយដែលមនុស្សទាំងឡាយធ្លាប់ធ្វើ គឺការធ្វើដំណើរតែម្នាក់ឯងក្នុងការសម្រេចគោលដៅ និងក្នុងការប្រឈមនឹងបញ្ហាណាមួយ។ អ្នកនឹងអាចធ្វើដំណើរបានវែងឆ្ងាយ សម្រេចកិច្ចការធំ នៅពេលអ្នកមានអ្នករួមដំណើរដែលល្អសមស្រប។ ការសិក្សាស្រាវជ្រាវបានបញ្ជាក់រឿងនេះ។

លោកបណ្ឌិត Daniel Chambliss សាស្រ្តាចារ្យសង្គមវិទ្យានៅវិទ្យាស្ថាន Hamilton នៃទីក្រុង New York បានចំណាយពេលជាច្រើនឆ្នាំសិក្សាស្រាវជ្រាវស្វែងយល់ អំពីភាពខ្លាំងអស្ចារ្យរបស់កីឡាហែលទឹកអូឡាំពិក។ ការសង្កេតរបស់គាត់មួយគឺថា កីឡាករដែលសម្រេចលទ្ធផលអស្ចារ្យ តែងរាប់អានជាមួយបុគ្គលដែលជួយជម្រុញគេឲ្យឡើងកាន់តែខ្ពស់។ គាត់មានប្រសាសន៍ថា៖ “វីធីដ៏ប្រពៃមួយដែលជួយអ្នកឲ្យក្លាយជាអ្នកហែលទឹកដ៏ពូកែអស្ចារ្យ គឺការចូលរួមជាមួយក្រុមដែលល្អអស្ចារ្យ”។ គាត់បន្តទៀតថា ការចូលរួមក្នុងក្រុមដ៏ពូកែអស្ចារ្យនឹងរុញអ្នកឲ្យខំដូចគេ ឲ្យសម្រេចតាមស្តង់ដារ (Standard) ខ្ពស់របស់ក្រុម ហើយរឿងទាំងនេះនឹងធ្វើឲ្យសមត្ថភាពរបស់អ្នកប្រសើរឡើង។

ចូររាប់អានជាមួយមនុស្សដែលអាចជួយអ្នកឲ្យឡើងខ្ពស់ដល់សក្តានុពលរបស់អ្នក។ សម្រាប់មនុស្សមួយចំនួន គេអាចស្វែងរកគ្រូបង្វឹក ឬគ្រូជំនួយ។ សម្រាប់អ្នកខ្លះទៀត គេអាចចូលរួមជាមួយក្រុមខ្លាំងណាមួយ ឬក៏ស្វែងរកដែគូដែលមានគោលដៅស្រដៀងគ្នា។ ចូរចំណាយពេលស្វែងរកមនុស្សដ៏ល្អត្រឹមត្រូវ ដើម្បីរាប់អាន ពីព្រោះគេនឹងជួយអ្នកឲ្យឡើងកាន់តែខ្ពស់។

៣. ធ្វើសកម្មភាព

មនុស្សជាច្រើនប្រាថ្នាចង់ជោគជ័យ ប៉ុន្តែគេមិនធ្វើសកម្មភាពដើម្បីបង្កើតវាទេ។ បើអ្នកចង់ជោគជ័យ អ្នកត្រូវធ្វើសកម្មភាពឲ្យបានជាប់លាប់។  ចូរធ្វើសកម្មភាពពេលអ្នកមានកម្លាំងចិត្ត ហើយបន្តធ្វើសកម្មភាព ពេលអ្នកខ្សោយកម្លាំងចិត្ត ហើយនៅទ្រាំបន្តធ្វើសកម្មភាព បើទោះបីមិនទាន់ឃើញមានការវិវត្តទៅមុខគួរឲ្យចាប់អារម្មណ៍ក៏ដោយ ហើយបន្តធ្វើតទៅទៀត បើទោះបីវាជួបការលំបាកក៏ដោយ។ 

Gary Vaynerchuk គឺជាឈ្មោះមួយដែលគេស្គាល់នៅក្នុងពិភពធុរកិច្ច ហើយគាត់ធ្លាប់រំឭកជាញយៗថា គាត់ចាប់ផ្តើមពីសូន្យ។ គាត់បានផ្តល់គុណសម្បត្តិនៃជោគជ័យរបស់គាត់ទៅលើគោលការណ៍ថា៖

“ខ្ញុំធ្លាប់ឮគេនិយាយញឹកញាប់ថា៖ ‘តើធ្វើយ៉ាងម៉េច ដើម្បីឲ្យកាសែត New York Times ចុះផ្សាយពីខ្ញុំ?’ ឬមួយក៏ឃ្លាថា ‘តើខ្ញុំអាចជួបនាយកកាសែតនោះយ៉ាងម៉េចទៅ?’ រួចហើយខ្ញុំក៏ឆ្លើយតបទៅវិញថា ‘បានមួយវាប្រសើរជាងអត់…’។ គោលទស្សនៈ បានមួយវាប្រសើរជាងអត់ គឺជាការបញ្ជាក់អំពីសារៈសំខាន់នៃការធ្វើសកម្មភាព។ សេចក្តីអំណត់និងការប្តេជ្ញាចិត្តវាសំខាន់ណាស់ ដែលអាចឲ្យយើងធ្វើការសម្ភាសន៍ ៥០០ដង ការហៅទូរស័ព្ទ និងការប្រជុំតាមតុកាហ្វេជាច្រើនដង បើទោះបីមិនទាន់បានទទួលលទ្ធផលអ្វីក៏ដោយ។ ខ្ញុំចង់មានន័យថា ខ្ញុំបានធ្វើការបង្ហាញតាម ទូរទស្សន៍ ទស្សនាវដ្តី កាសែត ស្ទើររាល់ថ្ងៃ ក្នុងរយៈពេល១ឆ្នាំ ហើយគ្មាននរណាម្នាក់ចាប់អារម្មណ៍នឹងរឿងនេះទេ រហូតដល់ក្រោយមក រឿងដែលបានផ្សព្វផ្សាយនេះបានក្លាយជារឿងទាក់ទាញបំផុតមួយសម្រាប់មហាជន។”

ចូរត្រៀមខ្លួនក្នុងការធ្វើសកម្មភាពឲ្យបានច្រើន បើទោះបីជាវាមិនផ្តល់ផលភ្លាមៗក៍ដោយ ហើយដល់ពេលណាមួយ ផ្លែផ្កានៃសកម្មភាពទាំងនោះនឹងរត់រកអ្នក។

៤.  ដឹងពីខ្លួនឯង

អ្នកត្រូវតែដឹងអំពីចំណុចខ្លាំងរបស់អ្នក ព្រមទាំងរបៀបបង្កើនចំណុចខ្លាំងនោះ ដើម្បីរុញអ្នកឲ្យឡើងខ្ពស់ឈោងចាប់គោលដៅរបស់អ្នក។ ជាមួយគ្នាដែរ អ្នកត្រូវដឹងអំពីចំណុចខ្សោយរបស់អ្នក ដើម្បីអ្នកអាចរៀបចំចាត់ចែងជំនួស ឬបំពេញបន្ថែមចំណុចទាំងនេះយ៉ាងម៉េច។ អ្នកច្នៃម៉ូត Tina Lobondi បាននិយាយថា នាងចាប់អារម្មណ៍យកចិត្តទុកដាក់លើគំនិតច្នៃប្រឌិតរបស់នាង ជាជាងការគិតរឿងបញ្ហាហិរញ្ញវត្ថុ។ ក៏ប៉ុន្តែ ដើម្បីពង្រីកកេរិ៍្តឈ្មោះផលិតផលរបស់នាង នាងចាប់ផ្តើមដឹងថា វាត្រូវការគិតរឿងហិរញ្ញវត្ថុ និងការពង្រីកទីផ្សារដើម្បីលក់ឲ្យបានច្រើនជាងមុន បើទោះបីនាងមិនចូលចិត្តរឿងទាំង២នេះក៏ដោយ។ នាងក៏សម្រេចចិត្តស្វែងរកជំនួយ ហើយវាធ្វើឲ្យការរកស៊ីរបស់នាងឡើងខ្ពស់មួយកម្រិតទៀត។ ចូរធ្វើការវាស់ស្ទង់សមត្ថភាព និងជំនាញរបស់អ្នកដោយស្មោះត្រង់ រួចហើយរៀបផែនការបង្កើនសមត្ថភាព ឬស្វែងរកជំនួយបំពេញបន្ថែម។ ចូរចងចាំថា អ្នកមិនអាចធ្វើអ្វីមួយឲ្យល្អប្រសើរ លើរឿងដែលអ្នកមិនពូកែទេ។

៥. ប្រឹងរៀនជាបន្តបន្ទាប់

អ្នកមិនដឹងនូវអ្វីដែលអ្នកមិនដឹង។ រឿងនេះច្រើនកើតឡើងនៅពេលអ្នកមិនទាន់ធ្វើអ្វីមួយ។ ប៉ុន្តែនៅពេលអ្នកចាប់ផ្តើមធ្វើអ្វីមួយ អ្នកនឹងទទួលការយល់ដឹងអំពីរឿងនោះបន្តិចម្តងៗ ហើយអ្នកអាចបង្កើនចំណេះដឹង​ ឬជំនាញរបស់អ្នក។

ពេលខ្លះ វាក៏អាចជាការរៀននូវអ្វីដែលចេញក្រៅពីជំនាញរបស់អ្នក។ លោកបណ្ឌិត Marc Smith ជាគ្រូពេទ្យសត្វដ៏ជំនាញម្នាក់ និងជាស្ថាបនិក ក្រុមហ៊ុន PetTao ដែលជាក្រុមហ៊ុនផលិតចំណីសត្វទូទៅ។ គាត់បាននិយាយថា៖ ខ្ញុំបានយល់ដឹងថា ខ្ញុំត្រូវក្លាយជានិស្សិតម្តងទៀត ដើម្បីខ្ញុំអាចលូតលាស់បាន ដោយមានប្រសាសន៍យ៉ាងដូច្នេះថា៖ ខ្ញុំអាចជាគ្រូពេទ្យសត្វដ៏ពូកែជាងគេនៅក្នុងលោក ខ្ញុំអាចមានសញ្ញាប័ត្ររាប់រយ ក៏ប៉ុន្តែ បើអ្នកផងទាំងឡាយមិនស្គាល់ខ្ញុំទេ រឿងទាំងនេះវាគ្មានន័យទេ។ ហេតុដូច្នេះហើយ ទើបខ្ញុំចាប់យកគំនិតថា​ ខ្ញុំត្រូវរៀនដើម្បីក្លាយខ្លួនជាអ្នកទីផ្សារមួយដ៏ពូកែ។ វាមិនមែនគ្រាន់តែសម្រាប់ធុរកិច្ចរបស់ខ្ញុំទេ តែជាពិសេសដើម្បីអាចជួយអ្នកដទៃ និងសត្វឆ្កែជាទីស្រឡាញ់ដែលគេចិញ្ចឹមបានកាន់តែច្រើន។

សូមកុំបញ្ឈប់ការរៀនសូត្រ។ ចូរកំណត់ថា តើជំនាញអ្វីដែលអ្នកត្រូវការ ដើម្បីជួយអ្នកឡើងទៅលើមួយកម្រិតទៀត ក្នុងដំណើរជីវិតរបស់អ្នក។

បុគ្គលជោគជ័យទាំងឡាយបានយល់ដឹងថា ដើម្បីទៅដល់គោលដៅរបស់គេ គេត្រូវតែឆ្លងកាត់ការសាកល្បង និងកំហុសឆ្គងទាំងឡាយ។ ការពិសោធន៍បែបវិទ្យាសាស្រ្តក៏បានបញ្ជាក់រឿងនេះដែរ។ ដូច្នេះ ចាប់ពីពេលនេះ ចូរអ្នកចាប់យកគោលការណ៍ទាំង៥នេះ ដើម្បីធ្វើដំណើរទៅរកជោគជ័យដែលអ្នកប្រាថ្នាចង់បាន។

ប្រភព៖ Success Magazine


អត្ថបទទាក់ទង

លក្ខណៈពិសេសៗ ចំនួន៤ ដែលអ្នកអាចរៀនត្រាប់តាមសត្វឥន្រ្ទី ដើម្បីសម្រេចគោលដៅក្នុងជីវិត

One thought on “រឿងទាំង៥យ៉ាង ដែលបុគ្គលជោគជ័យតែងប្តេជ្ញាអនុវត្ត

Leave a Reply