រឿងផ្ទាល់ខ្លួន ចំនួន៥ ដែលមិនគួរចែករំលែកច្រើនពេកនោះទេ

ជាមនុស្ស បើទោះជាយ៉ាងណាក៏ដោយ គឺដឹងតែមានទំនាក់ទំនងរវាងមនុស្សនឹងមនុស្សហើយ បើទោះអ្នកនោះមានមិត្តភក្តិតិចយ៉ាងណាក៏ដោយ ក៏នៅមានមនុស្សមួយរង្វង់តូចសម្រាប់ឱ្យគេរាប់អានដែរ។

ពេលរាប់អានមនុស្ស យើងចូលចិត្តចែករំលែករឿងរបស់យើង មិនថាជារឿងសប្បាយចិត្ត ឬរឿងទុក្ខសោកនោះទេ។ ការចែករំលែកនេះធ្វើឡើងដើម្បីកុំឱ្យខ្លួនឯងមានអារម្មណ៍ថាឯកា ធ្វើឱ្យខ្លួនឯងមានអារម្មណ៍ថាមានអ្នកខ្វល់ មានអ្នកស្ដាប់ មានអ្នកស្រឡាញ់ និងមានអ្នកលួងលោម។

ពេលដែលយើងយល់ថាអ្នកដែលយើងប្រាប់ជាមិត្តភក្តិល្អបំផុត ជាមិត្តភក្តិដ៏គួរទុកចិត្តបំផុត ពេលនោះហើយ រឿងរបស់យើងនឹងហូរតាមរយៈមាត់យើង ចូលត្រចៀកគេដូចទឹកបាក់ទំនប់ទប់មិនជាប់ឃាត់មិនបាន។

ប៉ុន្តែនរណាទៅដឹងទៅថាកម្រិតដែលយើងមើលឃើញគេច្បាស់នោះកម្រិតណា ថ្ងៃក្រោយយើងអាចនឹងខកចិត្តវិញ ខកចិត្តព្រោះតែគេបានប្រើព័ត៌មានដែលគេទទួលបានពីយើងមកប្រឆាំងយើង ឬចែករំលែកបន្តទៀតទាំងដែលរឿងទាំងនោះជារឿងផ្ទាល់ខ្លួនរបស់យើងនោះ។

មិត្តភក្តិមិនមែនថាមិនឱ្យទុកចិត្តគ្នា ប៉ុន្តែរឿងផ្ទាល់ខ្លួនត្រូវចាត់ទុកជារឿងផ្ទាល់ខ្លួន កុំព្យាយាមចែករំលែកច្រើនពេក ក្រែងមានបញ្ហាថ្ងៃក្រោយ។

ខាងក្រោមនេះជារឿងផ្ទាល់ខ្លួន ចំនួន៥ ដែលមិនគួរចែករំលែកច្រើនពេកនោះទេ៖

១. ជីវិតឯកជន

មានផ្នែកខ្លះនៃជីវិតត្រូវដឹងតែយើងខ្លួនឯងម្នាក់បានហើយ ដោយមិនចាំបាច់សោះឡើយបើកទូលាយឱ្យគេដឹង។ មិត្តភក្តិជិតស្និតពិតណាស់ថា ហៅគេឱ្យជួយ ប្រាប់រឿងគេខ្លះ ប៉ុន្តែត្រូវស្គាល់ព្រំដែននៃរឿងដែលត្រូវប្រាប់ទៅគេវិញផង។ ត្រូវចាំថាជីវិតអ្នកជាកម្មសិទ្ធរបស់ខ្លួនអ្នកតែម្នាក់គត់។

២. ចំណុចខ្សោយ

មនុស្សអាក្រក់នឹងប្រើចំណុចខ្សោយរបស់អ្នក មកជាន់អ្នក។ ប្រយ័ត្នឱ្យមែនទែនចំពោះមនុស្សដែលអ្នកនឹងចែករំលែករឿងសម្ងាត់នោះ មិនមែនគ្រប់មនុស្សដែលអ្នកដើរជាមួយ សុទ្ធតែជាចង់ធ្វើជាមិត្តភក្តិដ៏ល្អរបស់អ្នកទេ។

៣. រឿងលុយកាក់

សារធាតុរបស់មនុស្សមួយចំនួន មិនសូវចង់ឱ្យអ្នកឡើងខ្ពស់ទេ គេចង់ឱ្យអ្នកនៅអែបៗជាមួយគេ ឬដើរតាមគេ ហើយសម្រាប់សម័យនេះលុយកាក់ជាឧបករណ៍មួយវាស់កម្រិតរបស់មនុស្ស។

បើបើកទូលាយរឿងលុយកាក់ឱ្យគេដឹងច្រើនពេក អ្នកខ្លះគេច្រណែន គេនឹងប្រឹងទាញអ្នកទម្លាក់មកវិញ ហើយម្យ៉ាងវិញទៀតការបើកបង្ហាញរឿងលុយកាក់នេះអាចឱ្យភាគីម្ខាងទៀតគាត់មានអារម្មណ៍មិនល្អចំពោះខ្លួនឯងទៅវិញថែមទៀត។

៤. បញ្ហាស្នេហា

ស្រឡាញ់គ្នាសប្បាយអរតែពីរអ្នក ដល់មានរឿងរត់រកគេ?

ស្ដាប់ទៅមិនសូវទំនងទេ ប៉ុន្តែមនុស្សភាគច្រើនចូលចិត្តមកពិភាក្សាជាមួយគេនៅពេលមានបញ្ហាស្នេហា។ គ្រាន់តែដឹងថារឿងដែលត្រូវធ្វើពិតប្រាកដ គឺនិយាយប្រឈមមុខជាមួយនឹងដៃគូរ មិនមែនអង្គុយរអ៊ូរដាក់មុខមិត្តភក្តិនោះទេ។

ពិតណាស់ថាសុំយោបល់គេខ្លះមិនអីនោះទេ ប៉ុន្តែក្នុងទំនាក់ទំនងស្នេហា មនុស្សដែលសំខាន់បំផុតមិនមែនអ្នកក្រៅទេ គឺដៃគូរទាំងពីរនាក់និយាយគ្នាឱ្យច្បាស់លាស់។

អ្នកអាចសុំជំនួយពីគេបានក្នុងករណីមានអំពើហិង្សារកើតឡើងទាំងផ្លូវចិត្ត និងផ្លូវកាយ ហើយបើរឿងនោះកើតឡើងមែនកុំស្ទាក់ស្ទើរនឹងរកជំនួយភ្លាមៗ។

៥. បញ្ហាគ្រួសារ

ពេលចែករំលែកបញ្ហាគ្រួសារជាមួយនឹងមនុស្សខុស ធ្វើឱ្យយើងទទួលបានសភាពមួយដែលខ្មែរយើងនិយមនិយាយថា “ហែកទ្រូង ឱ្យក្អែកចឹក”។

រឿងក្នុងគ្រួសារអ្នក ឱ្យវាស្ថិតក្នុងគ្រួសារអ្នកបានហើយ កុំចែករំលែកទៅក្រៅ មិនមានផលអ្វីល្អត្រឡប់មកវិញនោះទេ ម៉្យាងវិញទៀត មិនមានមនុស្សច្រើនទេ ចង់ស្ដាប់បញ្ហារបស់គ្រួសារអ្នកនោះ។

នេះគ្រាន់តែជារឿងខ្លះៗ ដែលអ្នកទាំងអស់គ្នាគួរពិចារណាឡើងវិញ មុននឹងចែករំលែកទៅមនុស្សដែលអ្នកគិតថា ជាមិត្តភក្តិជិតស្និតបំផុតនោះ។

ជាយូរមកហើយ គេចូលចិត្តបង្រៀនឱ្យយើងចេះពិភាក្សាជាមួយមិត្តភក្តិនូវរឿងផ្ទាល់ខ្លួន ប៉ុន្តែជាលទ្ធផលវាមិនដូចក្នុងសៀវភៅ ហើយក៏មិនដូចក្នុងខ្សែភាពយន្តដែរ មានមនុស្សមិនតិចទេត្រូវបានគេលួចចាក់ពីក្រោយខ្នងក្រោមឈ្មោះថា កល្យាណមិត្ត។


អត្ថបទទាក់ទង

គន្លឹះសំខាន់ៗ ចំនួន៤ ដើម្បីកំណត់គោលដៅជីវិត

 

Leave a Reply