ទម្លាប់សំខាន់ៗ ចំនួន៥ ដែលធ្វើឲ្យការងារបស់អ្នកមានលទ្ឋផលល្អ

មនុស្សយើងគ្រប់​ៗគ្នា​សុទ្ធ​តែ​មាន​ពេល​ ២៤ម៉ោង ​ដូច​គ្នា ប៉ុន្តែ​អ្នក​ខ្លះ​ក្នុង​ពេល​មួយ​ថ្ងៃ​ពេញ​នេះ គេធ្វើ​ការបានជា​ច្រើនមុខដោយ​មាន​លទ្ធផល​ល្អ ឯ​អ្នក​ខ្លះ​ទៀត​ធ្វើ​ការមិន​ទាន់​ហើយ​មួយ​មុខ​ផង ឬក៏អ្នក​ខ្លះទៀតវិញ ​ធ្វើការ​បាន​ច្រើន ​ប៉ុន្តែ​មិន​មាន​លទ្ធផល​អ្វីធំដុំអ្វីនោះទេ ចំណែកឯ​អ្នកខ្លះផ្សេងទៀត ធ្វើ​ការងារ​តិច ហើយ​ទទួល​បាន​លទ្ធផល​ផ្លែផ្កាស្របតាម​តម្រូវ​ចិត្តគេជាដើម។ ដូច្នេះ តើ​មាន​កត្តាអ្វីខ្លះដែល​ធ្វើឱ្យ​មនុស្ស​ជោគជ័យ​ ធ្វើការងារ​របស់​គេ​បាន​ទទួល​លទ្ធផល​ជាទីប្រសើរគាប់​ចិត្ត​នោះ?

មាន​កត្តា​ជាច្រើនដែល​ចូលរួម​ចំណែក​ក្នុង​ដំណើរការធ្វើការធ្វើងារ​របស់​យើង ដែល​មាន​ដូចជា​មានឆ្លាតវៃផ្នែកបញ្ញា (IQ) មនុស្ស​ជុំវិញខ្លួន របស់របរ​ប្រើប្រាស់​សម្រាប់​បំពេញការងារ ខួរក្បាល​ពីធម្មជាតិ​របស់​យើង​ជាដើម។ ប៉ុន្តែ​នៅ​ក្នុង​កត្តាទាំងនេះ​ វា​ពិបាក​សម្រាប់​យើង​ក្នុងការ​កែប្រែ​ ដូច្នេះតើ​មាន​អ្វីផ្សេងទៀត​មិន​ដែល​ចូល​រួម​ចំណែក​ធ្វើ​ឱ្យ​ការបំពេញការងារ​ និង​ផលិត​ភាព​របស់​ការងារ?

ដំបូង​ឡើយ ​អ្នក​ត្រូវដឹងថា​មុខ​ដំណែង ឬមុខរបរ​​ និងប្រសិទ្ធិភាព​ការងារ​របស់អ្នកសព្វ​ថ្ងៃ​ ជា​ផលិត​ផល​ដែលកើត​ឡើង​ចេញពី​របៀប​នៃ​ការធ្វើការ​ពីមុនៗមក​របស់អ្នក ហើយអ្វីដែល​អ្នក​ធ្វើពីមុនៗមក​នោះ ភាគច្រើន​ត្រូវ​បាន​គ្រប់​គ្រង​ដោយ “ទម្លាប់”​

សៀវភៅ ទម្លាប់ (HABIT) គោលការណ៌ដែលអ្នកគួរអនុវត្តក្នុងជីវិតប្រចាំថ្ងៃ

ទម្លាប់ ​គ្រប់​គ្រងស្ទើរ​តែ​គ្រប់​សកម្មភាព​ដែល​អ្នក​ធ្វើ​ប្រចាំថ្ងៃ​ ទាំងដែល​អ្នក​ដឹងខ្លួន​ និងមិនដឹង​ខ្លួន។ អ្នក​អាច​សាក​ររកនឹក​គិត​ពីរឿង​ដែលអ្នក​បាន​ធ្វើ​ប៉ុន្មាន​សប្ដាហ៍ចុង​ក្រោយ​នេះ​សាក​មើល​ទៅ អ្នក​ប្រាកដជា​រក​ឃើញ​នូវ​រឿង​ដដែលៗ​ដែល​អ្នក​ធ្វើ​ បើទោះជា​ដឹង​ខ្លួន និង​មិនដឹង​ខ្លួន ធ្វើ​ដោយ​ប៉ង​ទុកជា​មុន ឬ​ដោយចៃ​ដន្យ​ក៏ដោយ។

ហេតុ​នេះ ​អ្វីដែលយើង​គួរ​ពិនិត្យ​នោះ​ គឺទម្លាប់​នេះឯង​ ដោយ​ទុក​រឿង​ IQ និងរឿងលក្ខណៈ​ពិសេសពីកំណើត​​មួយឡែកសិន។ អញ្ចឹង ​តើ​មាន​ទម្លាប់​អីខ្លះដែលមនុស្សជោគជ័យ​គេ​ធ្វើ​នោះ?

១. ដឹង​ពីភាពពិសេស​​នៅក្នុង​​ការងារ

ការដែល​ចង់​សម្រេច​គោលដៅតែម្យ៉ាង​ វាមិន​ទាន់​គ្រប់​គ្រាន់ទេ អ្នក​ចាំបាច់ត្រូវ​​ផ្ដល់​ហេតុ​ផល​ដ៏មានអត្ថ​ន័យជាងនេះទៅទៀត​ចំពោះ​ការងារដែល​អ្នកធ្វើ។ ឧទាហរណ៍ថា ​អ្នក​ចង់​ធ្វើ​ការងារមួយដោយសារតែ​ការងារនោះ​វាពេញនិយម ឬក៏ជាអ្វីដែល​អ្នក​តែ​ងស្រម៉ៃ​ តែ​អ្នកក៏គួរ​គិត​ឱ្យ​លើស​ពីនេះ​ដែរ​ថា ការងារនោះ​នឹង​អាច​ផ្លាស់​ប្ដូរ​ខ្លួនអ្នក គ្រួសារ ឬក៏អាច​ដល់​សង្គមដោយ​របៀបណាខ្លះ។ ការដែលធ្វើ​បែបនេះនឹង​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍ចង់ធ្វើ​ការ​ងារ​របស់​អ្នកកាន់តែ​ខ្លាំង​។

២. ភាព​ច្បាស់​លាស់​

រឿង​ទីមួយដែល​ត្រូវ​តែមាន​នោះ គឺភាពច្បាស់​លាស់។ គោលបំណង ឬគោលដៅ​ និង​ជំហាន​ដើម្បើទៅដល់​គោលដៅទាំង​នោះ​ ត្រូវ​តែ​កំណត់​ឱ្យបានច្បាស់លាស់។ វា​មិន​មែនជារឿង​ងាយ​ស្រួលនោះទេ ដោយសារតែ​វាពិបាក​ណាស់​ក្នុង​ការដែលមាន​រូបភាពច្បាស់​លាស់​មួយថា​ ទីណា​ដែល​អ្នក​ចង់​ទៅ ឬមនុស្ស​បែប​ណា​ដែល​អ្នក​ចង់​ក្លាយ​ទៅជា។ ប៉ុន្តែ​នេះ​ជា​ទម្លាប់​មួយ​ដែល​ផ្តល់​​​ផល​ឱ្យ​អ្នក​ជាទីគាប់​ចិត្ត​​ដែល​អ្នកគួរ​តែមាន​ ព្រោះប្រសិន​បើអ្នក​ដឹង​ច្បាស់​ថា​អ្នកចង់​បាន​អ្វី ហើយ​អ្នក​ជឿលើ​ខ្លួន​ឯង​នោះ ដូច្នេះ​អ្នកដើរ​បាន​ពាក់​កណ្ដាល​ផ្លូវ​ហើយ។ គំនិត​ថ្មីៗល្អៗ​នឹង​ចាប់​ផ្ដើម​លេចចេញជា​រូបរាង​ឡើងមក ឧបសគ្គតាម​ផ្លូវ​ចាប់​ផ្តើម​បាត់​ទៅបន្តិចម្តងៗ។

៣. បង្កើន​ផលិតភាព​ការងារ

អ្នក​ប្រាកដជាធ្លាប់​មានអារម្មណ៍ថា​រវល់​ខ្លាំងណាស់​ ការងារគរដូចភ្នំ និង​មិនទាន់​បានធ្វើរឿងអីហើយមួយ​សោះ។ នេះជាសញ្ញាច្បាស់លាស់មួយ​ប្រាប់​ថា អ្នកមិនមាន​តុល្យភាពនៃ​កម្លាំងដែល​អ្នក​ខំធ្វើ និងលទ្ធផល​ដែល​អ្នកទទួលបាន។ អ្វីដែលអ្នកត្រូវធ្វើនោះ គឺរៀន​បែង​ចែកការងារដែលសំខាន់ ចេញពីការងារដែលអត់​បាន​ការ។ ធ្វើដូចនេះ កម្លាំង​ដែលអ្នក​ប្រឹង​នឹង​បាន​ប្រយោជន៍ទៅលើ​ការងារ​អ្វីដែលមាន​សារៈ​សំខាន់​ពិត​ប្រាកដ។ គោលការណ៍ដែលមាន​ប្រយោជន៍​ និង​ល្បីល្បាញមួយ​ គឺគោលការណ៍ Pareto ដែល​ត្រូវ​បាន​គេស្គាល់​ថាច្បាប់ ៨០លើ​២០ ដោយ​ច្បាប់​នោះ​គឺថា ៨០% នៃ​លទ្ធផល​ដែលយើង​ទទួល​បាន​កើត​ចេញ​ពី ២០% ​នៃ​ការងារដែល​យើង​ធ្វើ។ អ្វីដែល​អ្នក​ត្រូវ​ធ្វើ​នោះ​ គឺ​កំណត់​ថាការងារ​​ ២០% នោះអីគេខ្លះដែលផ្លល់​ឱ្យអ្នក​វិញនូវ​លទ្ធផល​ដែល​អ្នក​រំពឹង​ចង់បាន​នោះ។

តើអ្វីជាច្បាប់ Pareto 80/20 ?

៤. មិន​ខ្លាច​នឹង​ប្រថុយ

អ្នក​ជោគជ័យ​ភាគច្រើន ​គេ​មិន​សូវជា​ខ្លាច​នឹងការ​ប្រថុយ​ប្រថាន ​ដើម្បី​ភាពជោគជ័យ​នៃ​ការងារ​របស់​គេ​នោះទេ ហើយ​ម៉្យាងទៀត ​ពួកគេ​បើ​កទូលាយ​ចំពោះមហិច្ចតា​របស់​ពួកគេ។ ពួកគេដឹង​ថា​ការដែល​ទទួល​បាន​ជោគជ័យ​ទៅលើ​ការ​ងារ​ធំដុំ​មួយ ​មាន​ជាប់ពាក់​ព័ន្ធ​ជាមួយ​នឹង​គ្រោះថ្នាក់ ការប្រថុយ​ប្រថាន​ខ្ពស់​ ប៉ុន្តែ​ពួកគេ​បានរៀនពីរបៀប​ប្រឈមមុខនឹង​ភាព​ភ័យ​ខ្លាច​ និង​ការដែល​គេចេញទៅធ្វើ។ ការដែល​ហ៊ាន​ប្រថុយ​ប្រថាន​ប្រកបដោយភាពឈ្លាសវៃ​ ក៏ដូចជា​ជំនាញដ៏ទៃ​ដែរ វានឹង​កាន់តែ​ងាយស្រួល​ជាង​មុន បើអ្នក​ធ្វើ​កាន់តែ​ច្រើនជាង​មុន​ ហេតុនេះ​អ្វីដែល​អ្នក​ត្រូវ​ធ្វើ​ គឺចាប់​ផ្ដើមឈាន​ជើង​ធ្វើ​តែម្ដង។ អ្វីដែលអ្នក​ជោគជ័យ​មើល​ឃើញនោះ​ គឺឧបសគ្គ​ជា​​ឱកាស​ក្នុង​ការ​អភិវឌ្ឍខ្លួន។

៥. ធ្វើ​លំហាត់​ប្រាណ

អ្នក​ជំនួញ CEO ឬ​ក៏អ្នក​និពន្ធ​ភាគច្រើន ​តែង​មាន​កម្លាំង​កំហែង​ទាំង​ចិត្ត​ទាំង​កាយ​ធ្វើ​ការងារ​បាន​ពេញមួយ​ថ្ងៃ​។ ជាមួយ​គ្នា​នេះផង​ដែរ ​បើ​អ្នក​ចង់​បាន​នូវការផ្ដោត​អារម្មណ៍លើ​ការងារ​បាន​ល្អ និងការពារ​ IQ របស់​អ្នក​មិន​ឱ្យ​ថយ​ចុះតាម​អាយុនោះ ការហាត់​ប្រាណជា​រឿង​ដ៏ល្អ​បំផុត​ដែលអ្នក​គួរ​គិត​ពិចារណា​ធ្វើ។ ជាទូទៅ ​ចាប់​ពីពាក់កណ្ដាល​វ័យ​កំឡុង​​២០ឆ្នាំទៅ IQ នឹង​ចាប់​ផ្ដើម​ថយ​ចុះ ហេតុនេះដើម្បី​ទប់ទល់​នឹង​រឿង​នេះ អ្នកគួរ​តែ​ហាត់​ប្រាណ​ជា​ប្រចាំ។ អ្នក​វិទ្យាសាស្ត្រ​ខាង​កោសិកាប្រសាទ​ក៏បាន​រកឃើញ​ផងដែរ​ថា​ ការដែល​ហាត់​ប្រាណជា​ប្រចាំ ធ្វើ​ឱ្យ​មាន​ការកើនឡើង​នៃការផលិត​កោសិការ​ប្រសាទ​ថ្មី នៅផ្នែក​ខួរក្បាល​ដែល​ទាក់ទង​ទៅនឹង​ការសិក្សា និង​ការចង​ចាំ។ ការហាត់​ប្រាណ​ នឹង​ជួយ​ឱ្យ​អារម្មណ៍របស់​អ្នក​ល្អ ​បន្ថយ​នូវ​កម្រិត​អរម៉ូន​ករទីសូល​ដែលធ្វើ​ឱ្យកាត់​បន្ថយ​ការស្ត្រេស ជាហេតុជម្រុញឱ្យ​ការងារ​របស់​អ្នក​កាន់​តែ​ប្រសើរ​ជាងមុន។


អត្ថបទទាក់ទង

ពាក្យសាមញ្ញប្រកបដោយអំណាច ចំនួន៤ ដែលអាចធ្វើឲ្យជីវិតអ្នកមានតម្លៃ

 

One thought on “ទម្លាប់សំខាន់ៗ ចំនួន៥ ដែលធ្វើឲ្យការងារបស់អ្នកមានលទ្ឋផលល្អ

Leave a Reply