ដំបូន្មានសំខាន់ៗ ចំនួន៥ ដែលអាចធ្វើឲ្យអាជីពរបស់អ្នកទទួលបានជោគជ័យ

បច្ចុប្បន្ន ទីផ្សារការងារ ពិតជាមានការប្រកួតប្រជែងយ៉ាងខ្លាំង ដែលយើងអាចនិយាយបានថា វាពិតជាចង្អៀតណាស់សម្រាប់បុគ្គលមួយចំនួន។ តែផ្ទុយទៅវិញ វាក៏មានភាពទូលាយផងដែរ សម្រាប់បុគ្គល ដែលមានសក្តានុពល ប្រកបដោយចំណេះដឹង ជំនាញ និងបទពិសោធន៍។ នេះក៏ព្រោះតែពួកគេយល់ និងដឹងពីវិធីដើម្បីទទួលបានឱកាសជោគជ័យក្នុងកិច្ចការងាររបស់ខ្លួន។ យ៉ាងណាមិញ មាន​មេរៀន​មួយ​ចំនួន​ដែល​អ្នក​គួរ​សិក្សា​រៀនសូត្រដើម្បី​ស្វែង​យល់​បន្ថែម​ថា តើ​អ្នក​គួរ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ឲ្យ​អាជីព​ការងារទទួលបាន​ជោគជ័យ? ខាងក្រោមនេះ គឺជាដំបូន្មានសំខាន់ៗ ចំនួន៤ ដែលអាចធ្វើឲ្យអាជីពរបស់អ្នកទទួលបានជោគជ័យ៖

១. មនុស្ស​គ្រប់គ្នា​អាច​ជា​គ្រូ​របស់​អ្នក

ការ​ស្វែងរក​បុគ្គល​ណា​ម្នាក់​មក​ជួយ​បង្ហាត់បង្រៀន ឬ​បង្ហាញ​ផ្លូវដល់​​អ្នក​នៅ​ពេល​អ្នក​​ជួប​ឧបសគ្គ និង​បញ្ហា​ស្មុគស្មាញ​ជា​ច្រើន​​​នៅ​ក្នុង​អាជីព​​ការងារ​របស់​អ្នក គឺ​ជា​កូនសោ​មួយ​ធ្វើ​ឲ្យ​អ្នក​ជោគជ័យ​បាន។ យ៉ាងណាមិញ ដើម្បី​ដោះស្រាយ​បញ្ហា​​នេះ អ្នក​មិន​ចាំបាច់​ទាល់តែ​រក​អ្នក​​ដែល​មាន​ជំនាញ​ខ្លាំង​ពូកែ ចៅហ្វាយ​របស់​អ្នក ​ឬ​អ្នក​រួម​ការងារ​ដែល​មាន​តំណែង​​​ល្អ​ជាង​អ្នក​នោះ​ទេ។ តាម​ការ​ពិតទៅ​ ​បុគ្គល​ណា​ក៏ដោយ​ដែល​មាន​ជំនាញ​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​​អ្នក​ចង់​រៀន​សូត្រ​តាម​ ក៏​អាច​ចាត់ទុក​ថា ជា​អ្នក​ដែល​​អ្នក​អាច​យក​មក​ធ្វើ​ជា​គ្រូ​របស់​អ្នក​​បាន​ដែរ។

២. បង្កើត​គុណតម្លៃ​អាជីព​ការងារ​មួយ​ជា​របស់​អ្នក​

នៅ​ក្នុង​អាជីព​ការងារ អ្នក​​ត្រូវ​បើក​ចិត្ត​ឲ្យ​បានទូលាយ​ ដើម្បី​រៀនសូត្រ​ពី​អ្នកដទៃ​បាន។ ប៉ុន្តែ​អ្នក​​មិន​ត្រូវ​ចម្លង​គ្រប់​​អ្វីៗ​​គ្រប់បែបយ៉ាង​ពី​អ្នក​ទាំង​នោះ​ឡើយ។ អ្នក​ត្រូវចេះ​​បង្កើត​គុណតម្លៃ​មួយ​ជា​របស់​អ្នក ហើយ​ស្រង់យក​អ្វី​ដែល​ជា​ចំណុច​ល្អ​របស់​បុគ្គល​ទាំង​នោះ ​​មក​បំពេញ​បន្ថែម​ចំណុច​ខ្វះខាត​ក្នុង​អាជីព​ការងារ​របស់​អ្នក។ សូមកុំ​អង្គុយ​រង់ចាំ​តែ​គេ​ប្រាប់ថាត្រូវអញ្ចេះធ្វើអញ្ចុះ តែអ្នកត្រូវ​សិក្សា​ស្រាវជ្រាវ រៀនសូត្រ​បន្ថែម និង​មាន​បែបផែន​វិន័យ​ ហ្វឹកហាត់​ជំនាញ​ការងារ​មួយឲ្យបានច្បាស់លាស់​សម្រាប់​ខ្លួន​ឯង​​។

៣. ធ្វើ​ឲ្យ​បាន​ច្រើន​ជាង​​អ្វី​ដែល​ចៅហ្វាយ​របស់​អ្នក​បាន​​ប្រាប់

នៅ​ពេល​​ចៅហ្វាយ ឬ​​មេ​របស់​អ្នក​ដាក់​ការងារ​អ្វី​មួយ​ឲ្យ​អ្នក​ធ្វើ អ្នក​មិន​មែន​ធ្វើ​ត្រឹម​តែ​​អ្វី​ដែល​ជា​ការ​​បង្គាប់បញ្ជា​​​នៅ​ក្នុង​កម្រិត​ណា​មួយ​​នោះទេ។ ​ត្រូវ​ចាំ​ថា អ្នក​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ច្រើន​ជាង​អ្វី​ដែល​​​ចៅហ្វាយ​នាយរបស់​អ្នក​បាន​​​ប្រាប់ ហើយ​ក៏កុំ​ធ្វើការងារនោះ​លំៗ​ឲ្យ​រួច​តែ​ពី​ដៃ ពោល​គឺ​ត្រូវ​ធ្វើ​ឲ្យ​បាន​​កាន់តែ​ច្រើន​កាន់តែ​​ល្អ​​ មាន​ភាព​ហ្មត់ចត់ និង​យកចិត្ត​ទុកដាក់​បំផុត។ នៅ​ពេល​អ្នក​ធ្វើ​បាន​ច្រើន​លើស​​ពី​អ្វី​ដែល​ជា​ការ​រំពឹង​ទុករបស់ចៅហ្វាយអ្នក​​ នោះនឹង​ធ្វើ​ឲ្យគាត់​​មើល​​ឃើញថា អ្នក​ជា​បុគ្គលិក​គួរ​ឲ្យ​ទុកចិត្ត ​អាច​ដើរ​បាន​វែងឆ្ងាយ ​មាន​ការ​​ទទួល​ខុសត្រូវ និង​អាច​រ៉ាប់រង​លើ​គម្រោង​ធំៗ​សម្រាប់​​អនាគត​របស់​ក្រុមហ៊ុន។

៤. សួរ​ខ្លួន​ឯង​ថា តើ​អ្នក​អាច​​ធ្វើ​ឲ្យ​អាជីព​​ការងារ​របស់​អ្នក​បាន​ល្អ​ប្រសើរ​ឡើង​ដោយ​របៀបណា? 

ចំណុច​មួយ​ដែល​អាច​ធ្វើ​ឲ្យ​​អាជីព​ការងារ​របស់​អ្នក​មាន​ការ​វិវត្ត​ទៅ​មុខ​ជា​លំដាប់ គឺ​នៅ​ពេល​អ្នក​ដឹង​ពី​គន្លឹះ​​ដែល​ត្រូវ​ធ្វើ​ឲ្យ​វា​កាន់តែ​ប្រសើរ​ឡើង។ ជំហាន​ដំបូង​ដែល​អ្នក​ត្រូវ​ដឹង​នោះ​គឺ​​អ្នក​ត្រូវ​បង្កើត​ទំនុកចិត្ត​ជា​មុន​សិន និង​ដឹង​​ពី​អ្វី​ដែល​ជា​ចំណុច​ខ្សោយ​របស់​អ្នក។ អ្នក​ត្រូវ​សួរ​ខ្លួន​ឯង​ថា តើ​អ្នក​​ត្រូវ​​ធ្វើ​អ្វី? តើ​​​អ្នក​បាន​បង្កើត​កំហុស​អ្វី? ប្រសិន​បើ​ការងារ​បច្ចុប្បន្ន​របស់​អ្នក​មិន​មាន​តម្លៃ​អ្វី​ដែល​ធ្វើ​ឲ្យ​អនាគត​អាជីព​ការងារ​របស់​អ្នក​រីកចម្រើន​ទេ​នោះ អ្នក​ត្រូវ​ផ្លាស់ប្ដូរ​រក​កន្លែង​ថ្មី​ដែល​​មាន​ឱកាស​​ល្អ​ច្រើន​ជាង​នេះ​។

៥. កុំ​និយាយ​​រឿង​មិន​ល្អ​​អំពីចៅហ្វាយ​របស់​អ្នក​

ទោះបីជា​អ្នក​មិន​ទទួល​បាន​ការ​ពេញចិត្ត​ពេញ​ថ្លើម​ពី​ចៅហ្វាយ​របស់​អ្នក​ក៏ដោយ​  អ្នក​ក៏មិន​គួរ​ព្យាយាម​និយាយ​​ដើម​ក្រោយ​ខ្នង ឬលាតត្រដាង​ចំណុច​អវិជ្ជមាន​​ចៅហ្វាយ​របស់​អ្នក​នោះ​ឡើយ។ សម្រាប់​អ្នក បើ​ទោះ​បី​ជា​ចៅហ្វាយ​របស់​អ្នក​ជា​មនុស្ស​​មិន​ល្អ​ក្តី ការ​វាយប្រហារ​​ពី​ក្រោយ​ខ្នង សម្ដី​អុចអាល បន្ថោកបង្អាប់ មិនបាន​បង្ហាញ​ថា អ្នក​ជា​មនុស្ស​មាន​វិជ្ជាជីវៈ​នោះ​ទេ។ ដើម្បី​អនាគត​អាជីព​ការងារ​​វែងឆ្ងាយ ទង្វើ​បែប​នេះ​ គឺ​ជា​ទង្វើ​សម្រាប់​អ្នក​ចាញ់​តែប៉ុណ្ណោះ។ សូម​ចាំ​ថា អ្នក​​​ធ្វើ​ការ​ជា​មួយ​ចៅហ្វាយ​របស់​អ្នក ​គឺ​ដើម្បី​ការងារ និង​សម្ព័ន្ធភាព មិន​មែន​​ដើម្បី​បង្កើត​សត្រូវ​​ជាមួយ​គ្នា​នោះ​ទេ។

សរុបមក ការមាន​ការងារ​ល្អ មាន​តំណែង​ខ្ពស់ បាន​ប្រាក់​ខែ​ច្រើន ទទួល​​បាន​ការ​កោតសរសើរ​ឲ្យ​តម្លៃ​ពី​មនុស្ស​ជុំវិញ​ខ្លួន​… ។ល។ គឺ​ជា​ក្តី​សុបិនមួយ​នៅ​ពេល​អ្នក​ចេញ​ទៅ​ធ្វើ​ការងារ​​​ឲ្យ​​ក្រុមហ៊ុន​មួយ។ ទោះជា​បែប​នេះ​ក្តី ​មុន​នឹង​​ទទួល​បាន​លទ្ធផល​ទាំង​នេះ អ្នក​ត្រូវ​ហែល​ឆ្លងកាត់​ឧបសគ្គ​ជា​ច្រើន​រាប់​មិន​អស់។ អ្នក​ត្រូវ​ផ្លាស់ប្ដូរ​ពី​​ក្រុមហ៊ុន​មួយ​ទៅ​ក្រុមហ៊ុន​មួយ និង​ឆ្លងកាត់​​​ពី​​តំណែង​មួយ​ទៅ​តំណែង​មួយ​ទៀត។ ដូច្នេះអ្នកគួរតែសាកល្បងនូវដំបូន្មានខាងលើនេះ ដើម្បីឲ្យអាជីពការងាររបស់អ្នកទទួលបានជោគជ័យ។


អត្ថបទទាក់ទង

ទម្លាប់សំខាន់ៗ ចំនួន៥ ដែលធ្វើឲ្យការងារបស់អ្នកមានលទ្ឋផលល្អ

 

Leave a Reply