ទោះបីអ្នកជាបុគ្គលិកគេក៏ដោយ បើអ្នកមានសញ្ញា​ ១១យ៉ាងនេះ បញ្ជាក់ថាអ្នកជាបុគ្គលឆ្នើម

ពាក្យថាបុគ្គលឆ្នើម មិនមែនសំដៅតែទៅលើភាពជោគជ័យ អ្នកមានលុយ មានក្រុមហ៊ុនច្រើន ជាថៅកែ មានអ្នកនៅក្រោមបង្គាប់ច្រើននោះទេ។ យើងជាបុគ្គលិកគេ ក៏អាចក្លាយជាបុគ្គលឆ្នើមបានដែរ ឱ្យ​តែយើង​ខិតខំប្រឹងប្រែងក្នុងផ្លូវល្អ ធ្វើឱ្យក្រុមហ៊ុនរីកចម្រើន ការងាររលូនទៅមុខ ហើយប្រសិនបើ​យើង​ពិតជាមានបំណងចង់ជោគជ័យពិតប្រាកដនោះ ចូរកុំដាក់ដែនកំណត់ឱ្យខ្លួនឯង។ ខាងក្រោម​នេះ ជាសញ្ញា​សំខាន់ៗ ១១យ៉ាង បញ្ជាក់ថាអ្នកជាបុគ្គលឆ្នើម ទោះបីអ្នកជាបុគ្គលិកគេក៏ដោយ ៖

១. ​អ្នកជា​បុគ្គលិក​មាន​មនសិការ

យោងតាម​របាយការណ៍ Business Insider ចេញផ្សាយ​កាលពីមុន​បានឱ្យ​ដឹង​ថា ទម្លាប់​ល្អ គឺ​ពិតជា​ប្រសើរ​ណាស់ ប៉ុន្តែ​វា​នឹង​មិន​តែងតែ​ធ្វើ​ឱ្យ​អ្នក​លេចធ្លោ​នៅ​កន្លែង​ការងារ​នោះ​ទេ​។ បុគ្គលិក​ណា​ដែល​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​ហាក់ដូចជា​មាន​មនសិការ​ក្នុង​ការងារ គឺ​គេ​កំណត់សម្គាល់​ដោយ​ការ​ប្រឹងប្រែង​ធ្វើការ ការ​ព្យាយាម សណ្តាប់ធ្នាប់ និង​តែងតែ​ប្រឹងប្រែង​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ។ ចូរមក​កន្លែង​ការងារ​ជា​រៀងរាល់ថ្ងៃ​ជាមួយនឹង​ភាព​សុទិដ្ឋិនិយម និង​ចិត្តគំនិត​ប្រកបដោយ​មនសិការ នោះវានឹង​ធ្វើ​ឱ្យ​អ្នក​ក្លាយជា​បុគ្គលិក​គំរូ។

២. ជា​បុគ្គលិក​ដែល​អាច​ជឿ​ទុកចិត្ត​បាន

អ្នក​មិនមែន​ជា​បុគ្គលិក​ហួងហែង​ពេក​។ នៅ​ពេល​ដែល​អ្នក​ទទួលយក​ការងារ​អ្វីមួយ ហើយ​អ្នក​អាច​ធ្វើ​វា​បាន​ទាន់​ពេលវេលា​នោះ​ចៅហ្វាយនាយ​របស់​អ្នក​នឹង​មាន​ទំនុកចិត្ត​លើ​អ្នក​។ អ្នកជា​បុគ្គលិក​ដែល​អាច​ពឹងពាក់​បាន និង​គួរ​ឱ្យ​ទុកចិត្ត​ក្នុង​ការ​ធ្វើការ​ងារ​លើ​គម្រោង​សំខាន់​ៗ។

៣. ភាព​ស្មោះត្រង់

ចៅហ្វាយនាយ​ល្អ​ តែងតែ​ស្រឡាញ់​ចូល​ចិត្ត​សុចរិត​ភាព​របស់​បុគ្គលិក​គ្រប់​រូប។ អ្នកជា​បុគ្គលិក​មួយ​រូប​ដែល​ស្មោះត្រង់​ជាមួយ​ចៅហ្វាយនាយ និង​មិត្ត​រួមការ​ងារ​របស់​អ្នក។ រាល់ពេល​អ្នក​និយាយ​អ្វីមួយ អ្នក​តែងតែ​និយាយ​ពាក្យពិត និង​ឥត​លាក់លៀម។ ជា​ពិសេសនោះ អ្នក​មិន​បន្ទាបខ្លួន​ដោយ​ប្រើ​ពាក្យអសុរស​ដើម្បី​បាន​មុខមាត់​នោះ​ទេ។

យ៉ាងណាមិញ នៅ​ក្នុង​ស្ថាប័ន​មួយ​ដែល​ប្រកបដោយ​បរិយាកាស​វប្បធម៌​ចម្រុះ​នោះ ភាព​ស្មោះត្រង់​ប្រហែលជា​ត្រូវ​បាន​គេ​មើល​រំលង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ភាព​ស្មោះត្រង់​អាច​នឹង​ធ្វើ​ឱ្យ​អ្នក​ជួប​ហានិភ័យ​ទៀត​ផង។ ផ្ទុយ​ទៅ​វិញ ប្រសិនបើ​អ្នកជា​បុគ្គលិក​ក្នុង​ស្ថាប័ន​ស្តង់ដា​មួយ​ជាមួយនឹង​បរិយាកាស​ល្អ​ប្រកបដោយ​វិជ្ជាជីវៈ​នោះ ភាព​ស្មោះត្រង់​របស់​អ្នក​នឹង​ត្រូវ​បាន​តបស្នង​វិញ​ជាក់​ជា​មិន​ខាន។

៤. អ្នក​ចុះសម្រុង​ល្អជា​មួយ​មិត្ត​រួមការ​ងារ

អ្នក​មិន​ត្រឹមតែ​ជា​បុគ្គលិក​រួសរាយ​រាក់ទាក់​ក្នុង​ការិយាល័យ​មួយ​រូប​ប៉ុណ្ណោះ​ទេ តែ​អ្នកជា​បុគ្គលិក​ឆ្នើម​ក្នុង​ក្រុម ឬ​ផ្នែក​របស់​អ្នកផង​ដែរ​។ ជាង​នេះ​ទៀត យើង​អាច​និយាយ​បាន​ថា អ្នក​ពិតជា​បុគ្គលិក​ដ៏​ល្អ ដែល​អាច​សម្រប​ខ្លួន​ទៅ​តាម​បរិយាកាស​ការងារ​ក្នុង​ស្ថាប័ន​របស់​អ្នក​បាន។

៥. អ្នកជា​បុគ្គលិក​ចេះ​អភិវឌ្ឍន៍​ខ្លួន

ចំពោះ​បុគ្គលិក​មួយ​ចំនួន​តែងតែ​អាត្មា​និយម​គិត​ថា មិន​ចាំបាច់​ផ្លាស់​ប្តូរ និង​ទទួលយក​បទ​ពិសោធន៍​ថ្មី​ៗ​នោះ​ទេ ដោយ​គ្រាន់តែ​ធ្វើ​ការងារ​របស់​ខ្លួន​ឱ្យ​បាន​លទ្ធផល​ល្អ គឺ​គ្រប់គ្រាន់​ហើយ​។ យ៉ាងណាមិញ ក្នុង​នាម​ជា​បុគ្គលិក​ល្អ​មួយ​រូប គឺ​មិន​ដែល​បញ្ឈប់​ខ្លួនឯង​ឡើយ។ ពួក​គេ​តែងតែ​រិះរក​មេរៀន​ថ្មី​ៗ​បន្ថែម​ដើម្បី​ទទួលយក​នូវ​បទ​ពិសោធន៍ និង​វិធីសាស្ត្រ ថ្មី​ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ឱ្យ​ក្លាយជា​បុគ្គលិក​ឆ្នើម។ ម្យ៉ាងទៀត ពួក​គេ​តែងតែ​ព្យាយាម​រក​ធ្វើ​អ្វី​ៗ​ដែល​ថ្មី និង​ធ្វើ​ឱ្យ​ខ្លួន​គេ​ផ្ទាល់​រវល់​ជាមួយ​ការងារ ជា​ជាង​សម្រាកលំហែ​ឥតប្រយោជន៍។

៦. អ្នកជា​បុគ្គលិក​គោរព​តាម​គោលការណ៍​ស្ថាប័ន​បាន​ល្អ

នៅ​សហរដ្ឋអាមេរិក ពុំ​មាន​បុគ្គលិក​ណា​ម្នាក់​គោរព​តាម​គោលការណ៍​ក្រុមហ៊ុន​បាន ​១០០% នោះ​ទេ។ ការ​សម្រប​ខ្លួន​ទៅ​តាម​បរិយាកាស​ការងារ គឺជា​ផ្នែក​មួយ​នៃ​ភាព​ជោគជ័យ​ក្នុង​ការងារ​របស់​អ្នក។ ម្យ៉ាងទៀត ប្រសិនបើ​អ្នកជា​បុគ្គលិក​មួយ​រូប​ក្នុង​ចំណោម​មិត្ត​រួមការ​ងារ​ដទៃ​ទៀត ដែល​អាច​ជម្នះ​ស្ថានភាព​លំបាក​ក្នុង​ការងារ​បាន​នោះ វា​ក៏​ជា​សញ្ញា​បង្ហាញ​ពី​ភាព​ជោគជ័យ​ផង​ដែរ។

៧. ​ជា​បុគ្គលិក​ប្រកាន់ខ្ជាប់​នូវ​ទំនួល​ខុស​ត្រូវ

ប្រសិនបើ​អ្នកបម្រើ​ការងារ​ក្នុង​ស្ថាប័ន​មួយ​ដែល​មិន​មាន​សុចរិត​ភាព​ក្នុង​ការងារ​ទេ​នោះ ទំនួល​ខុស​ត្រូវ​ក៏​ប្រហែល​នឹង​ប្រែ​ក្លាយទៅជា​គុណវិបត្តិ។ ប៉ុន្តែ​ប្រសិនបើ​អ្នកមាន​ចៅហ្វាយនាយ​ល្អ​ប្រកបដោយ​វិជ្ជាជីវៈ​នោះ ការ​ប្រកាន់ខ្ជាប់​នូវ​ភាព​ទទួលខុសត្រូវ​ចំពោះ​ការងារ​ប្រាកដជា​តបស្នង​មក​វិញ​យ៉ាង​គាប់ប្រសើរ។

៨. អ្នក​អាច​ដឹកនាំ​អ្នក​ដទៃ

ប្រសិនបើ​អ្នក​ដទៃ​ពឹងពាក់​អ្នក​ឱ្យ​ជួយ​បង្ហាញផ្លូវ​ធ្វើ​អ្វីមួយ​នោះ អ្នក​អាច​មាន​ទំនុកចិត្ត​ថា ពួក​គេ​បានឃើញ​ពី​សមត្ថភាព​របស់​អ្នក​រួច​មក​ហើយ​ថា ជា​បុគ្គលិក​ឆ្នើម។ អ្នក​មិន​ត្រឹមតែ​ជា​បុគ្គលិក​មាន​លទ្ធភាព​ក្នុង​ការ​បំពេញការងារ​របស់​អ្នក​ប៉ុណ្ណោះ​ទេ អ្នក​ថែម​ទាំង​អាច​ជួយ​អ្នក​ដទៃ​ឱ្យ​ជោគជ័យ​ផង​ដែរ។

៩. ជា​បុគ្គលិក​សកម្ម

អ្នក​មិនមែន​ជា​បុគ្គលិក​អង្គុយ​រង់ចាំ​ទាល់តែ​គេ​ប្រាប់​ឱ្យធ្វើ​នោះ​ទេ។ សិក្សា​ពី​បញ្ហា​ផ្សេង​ៗ ដែល​កើត​មាន និង​រិះរក​ដំណោះស្រាយ​ដោយ​ខ្លួនឯង។ សកម្មភាព​ទាំងនេះ​នឹង​អាច​ឱ្យ​អ្នក​អភិវឌ្ឍន៍​ខ្លួនឯង​បាន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

១០. ហ៊ាន​លើក​ឡើង​គ្រប់​បញ្ហា

បុគ្គលិក​ដែល​និយាយ​អ្វី​ៗ​ប្រកបដោយ​ប្រសិទ្ធភាព គឺជា​បុគ្គលិក​ដែល​ចៅហ្វាយនាយ​ចង់បាន។ អ្នក​មិនមែន​ជា​បុគ្គលិក​មិន​ចេះ​មាត់ក​នោះ​ទេ តែ​អ្នកជា​បុគ្គលិក​សម្តែង​ចេញពី​ខ្លួនឯង​ច្បាស់លាស់។ នេះ​គឺជា​កត្តា​សំខាន់​ណាស់។

១១. ​ជា​បុគ្គលិក​ដែល​តែងតែ​បង្ហើយ​កិច្ចការ​

មហិច្ឆតា និង​ក្តី​ប្រាថ្នា នឹង​មិន​ទទួល​បាន​ផល​អ្វី​ឡើយ ប្រសិនបើ​អ្នក​មិន​ព្យាយាម​ធ្វើ​។ អ្នក​ប្រហែលជា​បុគ្គលិក​មួយ​រូប​សម្បូរ​ទៅ​ដោយ​គំនិត​យោបល់ និង​ផែនការ​ផ្សេង​ៗ ប៉ុន្តែ​ប្រសិនបើ​អ្នក​មិន​បាន​បង្ហើយ​គម្រោង​ណាមួយ​ឱ្យ​ចប់​សព្វគ្រប់​ទេ​នោះ អ្នក​នឹង​មិនមែន​ជា​បុគ្គលិក​ឆ្នើម​ឡើយ។ ពិត​ណាស់ ប្រធាន​គ្រប់គ្រង​តែងតែ​ចូល​ចិត្ត​បុគ្គលិក​ណា​ចេះ​លើក​ឡើង​នូវ​អ្វី​ដែល​ពួក​គេ​ចង់​ធ្វើ ហើយ​បន្ទាប់​មក ពិតជា​អាច​ធ្វើ​វា​បាន។

ជារួម បើអ្នកមានសញ្ញា​ដែលបានរៀបរាប់ខាងលើនេះ នោះបញ្ជាក់ថាអ្នកជាបុគ្គលឆ្នើមហើយ។ យ៉ាងណាមិញ អ្នក​ត្រូវ​តែ​ផ្តល់​តម្លៃ​ឱ្យ​ខ្លួនឯង​ជាមួយនឹង​ការ​ប្រឹងប្រែង​ធ្វើការងារជាប់ជាប្រចាំ និងបន្តសិក្សារៀនសូត្រពេញមួយជីវិត (Life Long Learning) ។


អត្ថបទទាក់ទង

សញ្ញាសំខាន់ៗ ចំនួន៨ ដែលប្រាប់អ្នកថាអ្នកជាបុគ្គលិកមានឥទ្ធិពលនៅកន្លែងធ្វើការ

 

Leave a Reply